ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃ១៧​សីហា សាលាឧទ្ធរណ៍​បើក សវនាការសំណុំរឿង​សម្លាប់ ជា វិជ្ជា


សាលាឧទ្ធរណ៍នៃប្រទេសកម្ពុជាគ្រោងនឹងបើកសវនាការនៅថ្ងៃទី១៧ខែសីហា
ខាងមុខនេះ លើសំណុំរឿងសម្លាប់អតីតប្រធានសហជីពកម្មករ ជា វិជ្ជា។ នេះ
បើយោងតាមការបញ្ជាក់កាលពីថ្ងៃអង្គារពីជនជាប់ចោទ មេធាវី និងក្រុមអ្នក
តាមដានករណីឃាតកម្មដ៏ចម្រូងចម្រាសនិងមានការសង្ស័យច្រើននេះ។

លោកសុខ សំអឿន ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទពីររូបក្នុង
ករណីសម្លាប់មេសហជីពដ៏ល្បីល្បាញ ជា វិជ្ជាបានប្រាប់វីអូអេ ផ្នែកខេមរ
ភាសាតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ថា លោកបានទទួលដីកាកោះកាលពីចុង
សប្តាហ៍មុន ដោយតម្រូវឱ្យលោកត្រូវចូលរួមក្នុងការកាត់ក្តីនោះសារឡើង
វិញនៅថ្ងៃទី ១៧ ខែសីហាខាងមុខនេះ។

ចំណែកជនជាប់ចោទម្នាក់ទៀត ឈ្មោះ ប៊ន សំណាង បានប្រាប់វីអូអេដែរថា
លោកពុំទាន់បានទទួលដីការកោះហៅជាផ្លូវការទេ ប៉ុន្តែបានដឹងអំពីពេល
វេលានៃការកាត់ក្តីនៅសាលាឧទ្ធរណ៍តាមរយៈមេធាវី។

ប៊ន សំណាងបានបញ្ជាក់ថា "ខ្ញុំឥតបានទទួលផង ប៉ុន្តែខ្ញុំបានដឹងព័ត៌មាន
ពីមេធាវីរបស់ខ្ញុំ។ មេធាវីគាត់ឱ្យដំណឹងខ្ញុំ។ ខ្ញុំដឹងតាំងពីមួយខែមុននោះ
ប៉ុន្តែខ្ញុំឥតបានទទួលដីកាមេធាវីគាត់ថាឥតមានដីកាទេ"។

លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានឃាតករបាញ់សម្លាប់ទាំងព្រឹកព្រលឹមនៅថ្ងៃទី២២ ខែមករាឆ្នាំ២០០៤
ពេលកំពុងអង្គុយអានកាសែតជាមួយមិត្តភក្តិនៅតូបលក់កាសែតខាងលិចវត្ត
លង្កា ។ មិនយូរប៉ុន្មានក្រោយពីការបាញ់សម្លាប់នោះប៉ូលីសបានចាប់ជន
សង្ស័យពីររូប គឺឈ្មោះប៊ន សំណាង និងសុខ សំអឿនដោយចោទថា ពួក
គេ គឺជាឃាតករ ហើយត្រូវតុលាការកាត់ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗម្ភៃឆ្នាំ។
ប៉ុន្តែអ្នកទាំងពីរត្រូវបានមជ្ឈដ្ឋានទូទៅនិងអង្គការសង្គមស៊ីវិលចាត់ថា ជាឃាត
ករសិប្បនិមិត្ត។ អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
កាលពីខែមករាឆ្នាំនេះ បន្ទាប់ពីជាប់ឃុំឃាំងអស់ជិតប្រាំឆ្នាំ ហើយតុលាការ
កំពូលបានបង្គាប់ឱ្យសាលាឧទ្ធរណ៍បើកសវនាការពិនិត្យករណីនេះសារជាថ្មី។

លោកចៅក្រមជួន ស៊ុនឡេង ប្រធានអង្គចៅក្រមជំនុំជម្រះរឿងក្តីប៊ន សំណាង
និងសុខ សំអឿន នៅថ្ងៃខាងមុខនេះបានប្រាប់ថា លោកពុំចាំច្បាស់អំពីកាល
បរិចេ្ឆទត្រូវធ្វើសវនាការនេះទេ។

លោកបានបញ្ជាក់ថា៖ “ខ្ញុំមិនចាំដែរ ចាំមើលទៅក្រឡាបញ្ជី។ ចាំបន្តិចទៀតគេ
កោះហើយ”។

ប៉ុន្តែលោកបានឆ្លើយទាំងស្រពិចស្រពិលនៅពេលវីអូអេបានបញ្ជាក់សួរតាមថ្ងៃ
ដែលមេធាវីរបស់ជនជាប់ចោទបានប្រាប់។

"បាទ ប្រហែលថ្ងៃហ្នឹងដឹង ចាំមើលសិនណា៎”។

លោកសុខ សំអឿនបាននិយាយថា លោកសង្ឃឹមថា ក្រោយពីពេលសវនាការ
នៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ លោកនឹងទទួលបាននូវយុតិ្តធម៌គឺសេរីភាព
ពេញលេញ មិនមានឈ្មោះថា អ្នកនៅក្រៅឃុំបណ្តោះអាសន្នទៀតទេ ប៉ុន្តែបាន
បញ្ជាក់ពីអារម្មណ៍ច្របូកច្របល់របស់លោកក្នុងការទន្ទឹងរង់ចាំយុត្តិធម៌នេះថា៖

“ពេលដែលទទួលបានសំបុត្រ ដំបូងមានអារម្មណ៍សប្បាយរីករាយ ក្រោយមក
មានអារម្មណ៍តប់ប្រមល់ ដូចជាមានការធុញទ្រាន់ ដំបូងឃើញមកអញ្ចឹងទៅ
ឃើញថា សប្បាយ ឃើញថា ឱកាសជិតនឹងផ្តល់យុត្តិធម៌ឱ្យខ្ញុំក្នុងពេលឆាប់ៗ
នេះណា៎។ ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំសង្ឃឹមជាប់ជានិច្ច”។

ដូចគ្នានេះដែល ប៊ន សំណាងបានបញ្ជាក់ថា លោកទន្ទឹងរង់ចាំនឹងចូលជម្រះ
នូវក្តីសៅហ្មងទាំងអស់ដែលបានកើតមាននៅចំពោះរូបលោក ៖ “ខ្ញុំចង់ឱ្យ
បញ្ចប់ឆាប់ៗ ព្រោះខ្ញុំជាមនុស្សបរិសុទ្ធ ខ្ញុំឥតបានធ្វើអីទេ អញ្ចឹងខ្ញុំចាំទន្ទឹង
មើលតុលាការ លោកនឹងសម្រេចឱ្យបានចប់សព្វគ្រប់ដែរ ព្រោះថា ខ្ញុំរាល់
ថ្ងៃនេះ ខ្ញុំមានឈ្មោះថា នៅក្រៅឃុំទេ ខ្ញុំថាឥតទាន់បានចប់នៅឡើយទេ។
អញ្ចឹងខ្ញុំទន្ទឹងណាស់ ទន្ទឹងចាំថ្ងៃហ្នឹងណាស់ បាទ ហើយខ្ញុំនឹងរីករាយចូល
រួមក្នុងអង្គសវនាការហ្នឹងបាទ”។

មិនដូចជាជនជាប់ចោទទាំងពីរទេ លោកជា មុន្នី ប្អូនប្រុសបង្កើតរបស់លោក
ជា វិជ្ជាដែលបានធ្វើជាប្រធានសហជីពក្រោយពីមរណភាពបងប្រុសរបស់
លោកបានសម្តែងការភ្ញាក់ផ្អើលនៅពេលដែលសម្លេងសហរដ្ឋអាមេរិកបាន
សាកសួរតាមទូរស័ព្ទអំពីសវនាការកាត់ទោសនៅពេលខាងមុខនេះដោយ
លោកនិយាយថា លោកនៅពុំទាន់ទទួលការជូនដំណឹងនៅឡើយ ហើយ
ពុំបានដឹងទាល់តែសោះពីគម្រោងសវនាការនេះ។

"ខ្ញុំឥតទាន់ដឹងទេបាទ ខ្ញុំឥតទាន់បានដឹងទាល់តែសោះ ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំ
គិតថាវានៅឆ្ងាយពីប្រព័ន្ធយុត្តិធម៌ ជាពិសេសប្រព័ន្ធតុលាការហ្នឹងតែម្តង គឺ
យើងខ្ញុំ ត្រូវបានគេរើសអើងគេមិនសូវឱ្យដឹងឱ្យអីទេ រឿងមួយចំនួនគឺគេ
ឥតឱ្យដឹងតែម្តង"។

លោក ជា មុន្នី បានស្នើឡើងថាប្រសិនបើមានសវនាការកាត់ក្តី នេះលោកនឹង
ស្នើតាមរយៈមេធាវីរបស់លោកឱ្យអញ្ជើញលោក ហេង ពៅ អតីតស្នងការក្រុង
ភ្នំពេញនៅពេលដែលការធ្វើឃាតលោក ជា វិជ្ជា បានកើតមានឡើង ឱ្យចូល
ខ្លួនមកធ្វើជាសាក្សី ព្រោះអតីតស្នងការរូបនេះអាចមានការចូលរួមពាក់ព័ន្ធ
ដោយផ្ទាល់។

“ខ្ញុំចង់ឱ្យមេធាវីរបស់ខ្ញុំដាក់លិខិតទៅកាន់តុលាការសាលាឧទ្ធរណ៍ហ្នឹងដើម្បី
ឱ្យយកលោក ហេង ពៅ មកធ្វើជាសាក្សី ប៉ុន្តែខ្ញុំគិតថា ខ្ញុំនឹងជួបការលំបាក
មិនដឹងថា តើគេយល់ព្រមឱ្យលោកហេង ពៅឬមិនឱ្យខ្ញុំដឹងការពិតថាលោក
ហេង ពៅចង់ឆ្លើយ អំពីអ្នកដែលបាញ់និងអ្នកដែលនៅពីក្រោយខ្នង ព្រោះ
លោក ហេង ពៅក៏ជាមនុស្សម្នាក់ពាក់ព័ន្ធ ក្នុងរឿងឃាតកម្មហ្នឹងដែរ”។

លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញដែលជាអ្នកដឹកនាំប្រតិបត្តិការចាប់
ជនសង្ស័យ ប៊ន សំណាង និង សុខ សំអឿន នាពេលឥឡូវនេះកំពុងជាប់ពន្ធ
នាគារពីករណីឧក្រិដ្ឋមួយចំនួន។ លោក ហេង ពៅធ្លាប់ប្រកាសថា ជនសង្ស័យ
ទាំងពីរមិនមែនជាឃាតករពិតទេ។

លោក ជុំ សុវណ្ណាលី មេធាវី របស់ប៊ន សំណាង បានបញ្ជាក់ថាពិតចំពោះកាល
បរិច្ឆេទនៃការកាត់ទោសនេះ ហើយបានអះអាងថាលោកនឹងមិនមានគម្រោង
អញ្ជើញសាក្សីបន្ថែមទៀតទេ ព្រោះអ្វីដែលតុលាការមាន គួរតែគ្រប់គ្រាន់
សម្រាប់សម្រេចរឿងក្តីរបស់កូនក្តីលោកហើយ។

“រឿងសាក្សីបើយើងមានសាក្សីថ្មីយើងនឹងហៅដែរ ប៉ុន្តែសាក្សីចាស់គាត់បាន
ឆ្លើយអស់ហើយ ឆ្លើយតាំងពីតុលាការថ្នាក់ក្រោមមកអញ្ចឹងមិនចាំបាច់ទេ”។

ក្រុមសិទ្ធិមនុស្សដែលបានតាមដានករណីនេះតាំងពីដំបូងមកបានសម្តែងក្តី
សង្ឃឹមថាសវនាការលើកនេះគឺជាការសម្រេចមួយដែលនឹងផ្តល់យុត្តិធម៌ដល់
ជនជាប់ចោទប៊ន សំណាង និង សុខ សំអឿនហើយជាការបើកផ្លូវទៅរកមុខ
ឃាតករពិតប្រាកដ។

លោក អំ សំអាត អ្នកស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់
ថា ការសម្រេចរបស់តុលាការកំពូលកាលពីចុងឆ្នាំ២០០៨ឱ្យជនជាប់ចោទទាំង
ពីរនៅក្រៅឃុំជាសញ្ញាមួយឱ្យសាលាឧទ្ធរណ៍ធ្វើការងារនេះដោយយកចិត្តទុក
ដាក់។

"ដោយសារយើងឃើញថាតុលាការកំពូលក៏បង្ហាញនូវកង្វះខាតនិងកំហុសនីតិ
វិធីមួយចំនួនដែលបានសវនាការដោយសាលាដំបូងរាជធានី ភ្នំពេញក៏ដូចជា
សាលាឧទ្ធរណ៍កន្លងមកគឺមានកំហុសនីតិវិធី និងគ្មានភស្តុតាងគ្រប់គ្រាន់នៅ
ឡើយសម្រាប់សវនាការលើកនេះអញ្ចឹងយើងសង្ឃឹមថាសាលាឧទ្ធរណ៍លើក
នេះលោកនឹងពិចារណាដោយការវិនិច្ឆ័យខ្ពស់ ហើយនឹងធ្វើការលើកលែង
ចោទប្រកាន់អ្នកទាំងពីរឱ្យមានសេរីភាពឡើងវិញ"។

ក្រុមអ្នកច្បាបអះអាងថា ប្រសិនបើមិនមានការជំទាស់ណាទៀតទេ សវនាការ
នៅសាលាឧទ្ធរណ៍លើកនេះ គឺជាការសម្រេចចុងក្រោយលើករណីដ៏ចម្រូង
ចម្រាសនេះ៕ ចប់

XS
SM
MD
LG