ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការក្រុងភ្នំពេញពិន័យលោកស្រី មួរ សុខហួរ ៤ពាន់ដុល្លារ


តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសពិន័យជាប្រាក់ប្រឆាំងនឹងតំណាងរាស្ត្រ
គណបក្សប្រឆាំងលោកស្រីមួរ សុខហួរ។ លោកស្រីបានហៅសេចក្តីសម្រេច
នេះ ថាជាអំពើអយុត្តិធម៌។

តុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យតំណាងរាស្ត្រគណបក្ស
ប្រឆាំងលោកស្រីមួរ សុខហួរ បង់ប្រាក់ពិន័យចំនួនជាង ៤.០០០ ដុល្លាសហ
រដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញទោសកំហុសអំពីការបរិហារកេរ្ត៍លោក
នាយករដ្ឋមន្ត្រីហ៊ុន សែនដែលក្រុមប្រឆាំងបានសម្តែងការព្រួយបារម្ភអំពីការ
ប្រើប្រាស់តុលាការ ដើម្បីបង្ក្រាបក្រុមរិះគន់។

តុលាការក្រុងភ្នំពេញ បានជំនុំជម្រះករណីរបស់លោកស្រីកាលពីថ្ងៃទី២៤ខែ
កក្កដា ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងប្រឆាំង នឹងលោកស្រី
មួរ សុខហួរ អំពីបទបរិហាកេរ្តិ៍រូបលោក បន្ទាប់ពីលោកស្រីមួរ សុខហួរ បាន
ប្រកាសប្តឹងប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបទបរិហារកេរ្តិ៍
រូបលោកស្រីនៅក្នុងខែមេសា។

លោកស្រីសែម សក្តិកូឡា ចៅក្រមតុលាការក្រុងភ្នំពេញ បានប្រកាសសាល
ក្រមថា តុលាការបានសម្រេចឱ្យលោកស្រី មួរ សុខហួរ បង់ពិន័យជាប្រាក់ចំនួន
៨,៥លានរៀលស្មើនិង២.១២៥ដុល្លាអាមេរិកទៅឱ្យរដ្ឋ និងបង់សំណងជម្ងឺចិត្ត
ចំនួន ៨ លានរៀល ស្មើនិង ២.០០០ ដុល្លាអាមេរិកទៅឱ្យលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន។

លោកស្រីមួរ សុខហួរបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មាននៅខាងក្រៅ
តុលាការក្រុងភ្នំពេញ បន្ទាប់ពីការប្រកាសសាលក្រមថា លោកស្រីមានការសោក
ស្តាយណាស់ចំពោះសាលក្រមនេះ ហើយថា លោកស្រីមិនអាចទទួលការកាត់
ទោសរបៀបនេះទេ។

លោកស្រីមួរ សុខហួរបានបញ្ចាក់ថា តុលាការដែលបានកាត់ក្តីរបស់លោកស្រី
នេះ មិនមែនជាតុលាការយុត្តិធម៌ និងអព្យាក្រឹត្យទាល់តែសោះ ហើយសេចក្តី
សម្រេចនេះ គឺផ្តល់អយុត្តិធម៌ណាស់សម្រាប់លោកស្រី ពីព្រោះអំណាចនយោ
បាយមកលាយឡំជាមួយច្បាប់ ហើយការសម្រេចនេះ គឺជាការបញ្ជាមកពីថ្នាក់
លើ។

“សេចក្តីសម្រេចនៃតុលាការក្រុងភ្នំពេញនៅថ្ងៃនេះ លោកស្រីចៅក្រមមិនបាន
យកសតិសម្បជញ្ញៈ ហើយគោលការណ៍ច្បាប់យកមកកាត់ខ្ញុំទេ។ ការសម្រេច
របស់តុលាការក្រុងភ្នំពេញនៅថ្ងៃនេះ ជាការសម្រេចមួយដែលខ្ញុំឃើញច្បាស់
ថា ជាការសម្រេចឈរទៅលើការបញ្ជានៃអ្នកនយោបាយ ហើយជាការសម្រេច
មួយធ្វើឱ្យយើងជាប្រជាពលរដ្ឋស្លូតត្រង់ ហើយខ្ញុំជាជនរងគ្រោះក្លាយទៅជាអ្នក
ទទួលទោស។ ខ្ញុំយល់ឃើញថាការសម្រេចនេះគឺជាការសម្រេចមួយដែលឈរ
លើគោលការណ៏នយោបាយ មិនមែនឈរលើច្បាប់ទេ” ។

លោកគី តិច មេធាវីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា តុលាការ
បានធ្វើការសម្រេចសេចក្តីត្រឹមត្រូវ និងតម្លាភាព។

“ការសម្រេចព្រឹកម៉ិញនេះខ្ញុំគិតថា តុលាការបានពិចារណាត្រឹមត្រូវ ហើយ
សម្រេចផ្តល់យុត្តិធម៌ច្បាស់លាស់។ ចំពោះខ្ញុំ ខ្ញុំយល់ថា ជាការសម្រេចត្រឹម
ត្រូវប្រកបដោយយុត្តិធម៌ ហើយជាពិសេសបញ្ចាក់ថា កម្ពុជាមានច្បាប់ និង
មានការអនុវត្តន៍ច្បាប់ត្រឹមត្រូវ” ។

លោកស្រីមួរ សុខហួរ បានបញ្ចាក់ថា លោកស្រីនឹងបន្តប្រយុទ្ធរហូតដល់
លោកស្រីទទួលបានយុត្តិធម៌ ថា តុលាការអាចផ្តល់ពន្លឺនៃយុត្តិធម៌សម្រាប់
លោកស្រីហើយថា ចៅក្រមបានផ្តល់ភាពងងឹតមកដល់លោកស្រី ។

លោកហូ វ៉ាន់ តំណាងរាស្ត្ររបស់គណបក្សសម រង្សី ដែលត្រូវបានព្យួរអភ័យ
ឯកសិទ្ធិត្រូវបានចោទប្រកាន់អំពីការញ៉ុះញ៉ង់និងការផ្សាយព័ត៌មានមិនពិត
និងប្រឈមមុខនឹងការជាប់ពន្ធនាគារ បើតុលាការរកឃើញទោសកំហុស។

លោកហង្ស ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក កំពុងជាប់ពន្ធនាគារ
១ឆ្នាំពីបទសរសេរចោទប្រកាន់រដ្ឋាភិបាលអំពីរឿងពុករលួយ៕ ចប់

XS
SM
MD
LG