ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍ព្រៃឈើនៅកម្ពុជា រង់ចាំសិទ្ធិរបស់ខ្លួន


សហគមន៍ព្រៃឈើរាប់រយនៅក្នុងប្រទេសកម្ពុជាពុំទាន់ទទួលបានសិទ្ធិស្រប
ច្បាប់ក្នុងការគ្រប់គ្រងព្រៃសហគមន៍របស់ពួកគេនៅឡើយដោយសារដំណើរ
ការនៃការផ្តល់សិទ្ធិនេះមានលក្ខណៈយឹតយ៉ាវពេក។ ការយឹតយ៉ាវនេះត្រូវបាន
អាជ្ញាធរជំនាញពន្យល់ថា បណ្តាលមកបញ្ហាត្រួតជាន់គ្នាជាមួយព្រំប្រទល់ដី
ព្រៃសម្បទានរបស់ក្រុមហ៊ុនឯកជន។

ជ័រឈើ ផ្តៅនិងជាពិសេសទឹកឃ្មុំ គឺសុទ្ធសឹងតែជារបស់មានតំលៃសំរាប់ប្រជា
សហគមន៍ព្រៃឈើនៅភូមិបង្គងឃ្មុំ ក្នុងស្រុកក្រគរ នៃខេត្តពោធិសាត់នេះ។
ជារៀងរាល់ថ្ងៃ ប្រជាជននៅក្នុងសហគមន៍ព្រៃឈើនេះត្រូវពឹងផ្អែកទៅលើ
អំណោយផលពីធម្មជាតិទាំងនេះដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។
ប៉ុន្តែប្រធានគណៈកម្មការសហគមន៍ព្រៃឈើភូមិបង្គងឃ្មុំ លោកតន់ សារឹម
មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាសហគមន៍របស់លោកមានការព្រួយ
បារម្ភខ្លាំងណាស់ចំពោះស្ថេរភាពនៃព្រៃសហគមន៍នេះ ដោយសារតែសហ-
គមន៍ព្រៃឈើរបស់លោកពុំទាន់ទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់
និងគ្រប់គ្រងព្រៃសហគមន៍នេះនៅឡើយ។

“សហគមន៍ខ្ញុំបានកើតឡើងតាំងពីឆ្នាំ១៩៩៩ម្លេះ មកដល់បច្ចុប្បន្ន ខ្ញុំមិនទាន់
ទទួលបានកិច្ចព្រមព្រៀងពីក្រសួងទេ ពីព្រោះថាជំហាននៃកិច្ចព្រមព្រៀងហ្នឹង វានៅមានដំណាក់កាលច្រើនណាស់ ទំរាំនឹងដល់កិច្ចព្រមព្រៀងហ្នឹងការធ្វើ
ហ្នឹងវាយូរមិនដឹងចំណាយអស់ថវិកាប៉ុន្មានទេរាល់តែឆ្នាំ” ។

ថ្លែងនៅឯកិច្ចប្រជុំមួយរបស់បណ្តាញសហគមន៍ព្រៃឈើដែលរៀបចំឡើង
ដោយអង្គការ អុកស្វាម អង់គ្លេស នៅក្នុងខេត្តពោធិសាត់ កាលពីចុងខែ
កក្កដានេះលោក គង់ វុទ្ធី ប្រធានសហគមន៍ព្រៃឈើបុរីអូស្វាយក្នុងខេត្តស្ទឹង
ត្រែង ក៏បានមានប្រសាសន៍ដែរថា សហគមន៍ព្រៃឈើរបស់លោកដែលបាន
បង្កើតឡើង នៅឆ្នាំ២០០២នោះក៏ពុំទាន់មានសិទ្ធិគ្រប់គ្រងព្រៃសហគមន៍
ដោយពេញច្បាប់ដែរ។

លោកបន្ថែមថា ការដែលពុំទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងព្រៃ
សហគមន៍នេះ បានធ្វើឲ្យសហគមន៍របស់លោកជួបប្រទះនូវបញ្ហាជាច្រើន
ដូចជាអំពើអាណាធិបតេយ្យព្រៃឈើនិងបទល្មើសព្រៃឈើផ្សេងៗជាដើម។

“បើយើងអត់មានព្រៃគ្រប់គ្រងដោយសហគមន៍ វានឹងមានបញ្ហាសំខាន់យើង
ផ្តោតទៅលើប្រជាសហគមន៍របស់យើងមួយចំនួនដែលគាត់ពឹងពាក់អាស្រ័យ
ទៅលើការរកអនុផលព្រៃឈើ។ បើយើងអត់មានសហគមន៍ព្រៃឈើទេ មាន
ន័យថា ការរុករកអនុផលព្រៃឈើ វាទៅជាអាណាធិបតេយ្យបើសិនជាយើង
បានការគ្រប់គ្រងទៅ យើងនឹងធ្វើការប្រើប្រាស់ ថែរក្សាវាឲ្យមាននិរន្តរភាព
សំរាប់កូនចៅយើងជំនាន់ក្រោយ”។

សហគមន៍ព្រៃឈើគឺសំដៅដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៃព្រៃ
ឈើនៅតាមតំបន់ព្រៃឈើនានានៅក្នុងប្រទេសកម្ពុជា។ សហគមន៍ព្រៃឈើ
នេះត្រូវបានរៀបចំបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ក្នុងគោលដៅរក្សានិង
ការពារព្រៃឈើឲ្យនៅគង់វង្សបន្ទាប់ពីមានការកាប់បំផ្លាញព្រៃឈើយ៉ាងអាណា-
ធិបតេយ្យដែលធ្វើឲ្យព្រៃឈើកម្ពុជាដែលគ្រប់ដណ្តប់លើផ្ទៃដីជាង៧០% ស្ទើរ
តែហិនហោចអស់ទៅហើយនោះ។

សព្វថ្ងៃ មានសហគមន៍ព្រៃឈើចំនួន៣៧៧ ហើយនៅក្នុងប្រទេសកម្ពុជាដោយ
គ្រប់ដណ្តប់លើផ្ទៃដីព្រៃសរុបជិត ៣៥ម៉ឺនហិកតា នេះបើយោងតាមស្ថិតិរបស់
រដ្ឋបាលព្រៃឈើ គិតមកត្រឹមពាក់កណ្តាល ឆ្នាំ២០០៩នេះ។

ផ្អែកតាមច្បាប់ស្តីពីព្រៃឈើ សហគមន៍ព្រៃឈើអាចប្រើប្រាស់ព្រៃសហគមន៍
របស់ពួកគេ ដើម្បីទាញយកផល និងអនុផលព្រៃឈើផ្សេងៗបានក្នុងរយៈ
ពេល១៥ឆ្នាំ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងពីរដ្ឋបាលព្រៃឈើក្នុងការគ្រប់
គ្រងព្រៃសហគមន៍នោះ។

ប៉ុន្តែបច្ចុប្បន្នសហគមន៍ព្រៃឈើដែលទទួលបានកិច្ចព្រមព្រៀងនេះគឺមាន
ចំនួនត្រឹមតែ៥៩សហគមន៍ប៉ុណ្ណោះក្នុងចំណោមសហគមន៍ព្រៃឈើទាំង
ជាង៣០០នៅទូទាំងប្រទេសនោះ ។ នេះបើយោងតាមការិយាល័យរដ្ឋបាល
ព្រៃឈើ។

លោកហ្វ្រង់ស៊ីស ពេរេស្ស ប្រធានអង្គការអុកស្វាមអង់គ្លេសប្រចាំប្រទេស
កម្ពុជាបានមានប្រសាសន៍ថា នៅមានសហគមន៍ព្រៃឈើជាច្រើនទៀត
ដែលកំពុងជួបប្រទះនូវការលំបាកក្នុងការទទួលបានសិទ្ធិគ្រប់គ្រងព្រៃ
សហគមន៍នេះ ដោយសារតែដំណើរការនៃការទទួលស្គាល់សហគមន៍
ព្រៃឈើនៅមានភាពយឹតយ៉ាវនិងស្មុគស្មាញ។

“ពាក្យស្នើសុំរបស់សហគមន៍ព្រៃឈើជាច្រើន ចំនួនដល់ទៅរាប់រយកំពុង
ទើរនៅត្រឹមការិយាល័យនានារបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រមទាំងនៅ
តាមការិយាល័យរដ្ឋបាលព្រៃឈើនៅឡើយ”។

លោកឡាវ សេដ្ឋាផល ប្រធានស្តីទីនៃការិយាល័យរដ្ឋបាលព្រៃឈើបាន
មានប្រសាសន៍ថា ភាពយឹតយ៉ាវក្នុងការចុះកិច្ចព្រមព្រៀងព្រៃសហគមន៍
ជាមួយសហគមន៍ព្រៃឈើនេះ គឺដោយសារព្រៃសហគមន៍ខ្លះមានព្រំ
ប្រទល់ត្រួតស៊ីគ្នាជាមួយព្រៃសម្បទាន និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុម
ហ៊ុនឯកជន។

“មូលហេតុនៃការយឹតយ៉ាវនេះគឺដោយសារយើងមានការផ្ទៀងផ្ទាត់ទៅលើ
ចំណុចនិយាមការមួយចំនួនទៀតដែលមូលដ្ឋានបានផ្ញើរទៅនោះគឺមានការ
ខុស នេះជាចំណុចយឺតយ៉ាវ ប៉ុន្តែជាជំហររបស់រដ្ឋបាលព្រៃឈើ ក៏ដូចជា
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នឹងខិតខំជំរុញកិច្ចការនេះឲ្យបាន
លឿនបំផុតតាមដែលអាចធ្វើទៅបាន”។

ទោះជាយ៉ាងនេះក្តី លោកតន់ សារឹម ប្រធានគណៈកម្មការសហគមន៍ព្រៃ
ឈើភូមិបង្គងឃ្មុំ ក្នុងខេត្តពោធិសាត់នេះ បានមានប្រសាសន៍ថា អាជ្ញាធរ
ពាក់ព័ន្ធគួរតែពន្លឿនដំណើរការនៃការផ្តល់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង
ព្រៃសហគមន៍នេះដើម្បីឲ្យសហគមន៍ព្រៃឈើរបស់លោកអាចរក្សា ការពារ
និងទាញយកផល និង អនុផលពីព្រៃសហគមន៍របស់ពួកគេនោះប្រកប
ដោយនិរន្តរភាពបាន៕ ចប់

XS
SM
MD
LG