ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍ព្រៃឈើសម្តែងកង្វល់បញ្ហាដីព្រៃ


សហគមន៍ព្រៃឈើនៅក្នុងខេត្តចំនួន៦ទូទាំងប្រទេសកម្ពុជាបានមកប្រមូលផ្តុំ
គ្នានៅក្នុងខេត្ត ពោធិសាត់នៅថ្ងៃព្រហស្បន៍នេះ ដើម្បីសម្តែងកង្វល់របស់ខ្លួន
និងស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនានាជួយដោះស្រាយបញ្ហាដីព្រៃរវាង
សហគមន៍ព្រៃឈើរបស់ពួកគេជាមួយក្រុមហ៊ុនឯកជនដែលទទួលបានដីព្រៃ
សម្បទានពីរាជរដ្ឋាភិបាល។

តំណាងសហគមន៍ព្រៃឈើចំនួន៨០មកពីខេត្តកំពង់ឆ្នាំង ពោធិសាត់ កំពង់ធំ
ក្រចេះស្ទឹងត្រែងនិងឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បន៏នេះបានសម្តែងក្តីព្រួយ
បារម្ភអំពីបញ្ហាទំនាស់ព្រំដីដែលត្រួតលើគ្នា រវាងដីព្រៃសហគមន៍របស់ពួកគេ
និងដីព្រៃសម្បទានរបស់ក្រុមហ៊ុនឯកជន។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងនៅក្នុងខេត្តពោធិសាត់នេះដោយអង្គ
ការអុកស្វាមអង់គ្លេសតំណាងសហគមន៍ព្រៃឈើមកពីខេត្តកំពង់ធំ លោកអុច
ចៅបានសម្តែងក្តីព្រួយបារម្ភរបស់សហគមន៍លោកចំពោះការត្រួតជាន់គ្នារវាង
ដីព្រៃសហគមន៍ និងដីព្រៃសម្បទានរបស់ក្រុមហ៊ុនឯកជនយ៉ាងដូច្នេះថា៖

“សមាជិកយើងខ្ញុំ នៅមានការព្រួយបារម្ភ ខ្លាចបាត់បង់ដីព្រៃសហគមន៍អូបុស្ស
លាវយើងខ្ញុំនេះ”។

លោក គឹម សេង តំណាងសហគមន៍ព្រៃឈើចំនួន១១នៅក្នុងខេត្តកំពង់ឆ្នាំង
និងពោធិសាត់ បានមានប្រសាសន៍ផងដែរថា សហគមន៍ព្រៃឈើរបស់លោក
ក៏កំពុងប្រឈមមុខនឹងការកាប់រានឈូសឆាយ ដោយសារដីព្រៃសហគមន៍
របស់លោកនេះត្រួតជាន់លើព្រំប្រទល់ដីព្រៃរបស់ក្រុមហ៊ុនឯកជន ដែលទទួល
បានសម្បទានពីរាជរដ្ឋាភិបាល។

“សហគមន៍មានឆន្ទះស្រឡាញ់ធនធានធម្មជាតិនិងចូលរួមទប់ស្កាត់និងការ
ពារបទល្មើសព្រៃឈើ ដែលបានកើតឡើងកន្លងមកតែក៏មានសហគមន៍មួយ
ចំនួនគាត់អស់ទឹកចិត្តដោយសារផ្ទៃដី ដែលគាត់បម្រុងនឹងដាក់ពាក្យសុំបង្កើត
សហគមន៍គឺស្ថិតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនភាពពីម៉ិច និងក្រុមហ៊ុន
រតនាវិសាល" ។

បញ្ហាព្រំដីត្រួតជាន់គ្នានេះ បានបណ្តាលឲ្យកើតជាជំលោះដីធ្លីដ៏ក្តៅគគុកមួយ
នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងករណីភាគច្រើនក្រុមហ៊ុនឯកជនដែលទទួល
បានដីសម្បទានសេដ្ឋកិច្ចនិងព្រៃសម្បទានពីរដ្ឋាភិបាលត្រូវអង្គការសង្គមស៊ីវិល
និងអង្គការក្រៅរដ្ឋាភិបាលរិះគន់ថា ជាអ្នកឈូសឆាយរំលោភលើដីព្រៃរបស់
ប្រជាពលរដ្ឋ។

ទោះជាយ៉ាងនេះក្តី លោក សោម សុខុន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍រតនាវិសាល
បានមានប្រសាសន៍ថា គឺប្រជាពលរដ្ឋទេដែលជាអ្នកចូលកាប់រានដីព្រៃសម្ប-
ទានរបស់ក្រុមហ៊ុននោះ។

“ប្រជាពលរដ្ឋមួយចំនួន គាត់រុករានលើដីក្រុមហ៊ុនខ្ញុំអស់មួយចំនួនធំ ហើយ
យើងខ្ញុំឈូសបាន ប៉ុន្មាននៅប៉ុណ្ណឹង ប៉ុន្តែទោះយ៉ាងណាក្រុមហ៊ុនក៏នៅតែ
ទទួលខុសត្រូវជាមួយរដ្ឋាភិបាលនូវដីចំនួន៣៦៨២ ហិកតាដែរ” ។

លោកឡាវ សេដ្ឋាផល ប្រធានស្តីទីនៃការិយាល័យរដ្ឋបាលព្រៃឈើបានមាន
ប្រសាសន៍ថា ការគ្រប់គ្រងព្រៃឈើបានដោះស្រាយជាមួយក្រុមហ៊ុន ដែល
ទទួលបានព្រៃសម្បទាននិងដីសម្បទានសេដ្ឋកិច្ចមួយចំនួនហើយ។

“កន្លងមកដែលយើងធ្លាប់បានចរចាក្រៅផ្លូវការមួយចំនួនហ្នឹង គឺថាពាក់ព័ន្ធ
នឹងអ្នកណាបង្កើតមុនដីសម្បទានសេដ្ឋកិច្ចបង្កើតមុនឬសហគមន៍បង្កើតមុន
ប៉ុន្តែជាទូទៅបើសហគមន៍ព្រៃឈើបង្កើតមុន ប្រកាសដីសម្បទាននេះចេញ
អាហ្នឹងយើងអាចសុំត្រឡប់មកវិញបាន”។

ទោះជាយ៉ាងនេះក្តី លោកហ្វ្រង់ស៊ីស ពីរេស្ស ប្រធានអង្គការអុកស្វាមអង់គ្លេស
ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា នៅមានសហគមន៍ព្រៃឈើរាប់
រយទៀតនៅទូទាំងប្រទេសកម្ពុជាដែលកំពុងប្រឈមមុខនឹងបញ្ហាព្រំប្រទល់
ដីត្រួតគ្នាជាមួយក្រុមហ៊ុនឯកជនដែលទទួលបានសម្បទានពីរដ្ឋាភិបាល
នោះ។

ដូច្នេះលោកបានបន្ថែមដោយជឿជាក់ថា រដ្ឋាភិបាលនឹងបង្កើនល្បឿននៃការ
ដោះស្រាយបញ្ហានេះដើម្បីឲ្យប្រជាសហគមន៍ព្រៃឈើអាចគ្រប់គ្រង និងអាច
រស់នៅអាស្រ័យផលនៃព្រៃឈើរបស់ ពួកបាន៕ ចប់

XS
SM
MD
LG