ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានឹងស្នើទៅថៃពិភាក្សា ដោះស្រាយបញ្ហាព្រំដែន


លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានជម្រុញឱ្យ
គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ធ្វើការប្រជុំពិភាក្សាគ្នាឱ្យបានឆាប់រហ័ស
ដើម្បីរុករកបង្គោលសីម៉ាព្រំដែន និងបោះបង្គោលសីម៉ាព្រំដែន ដែលមាន
ជម្លោះរវាងប្រទេសទាំងពីរ។

ការកត់សម្គាល់នេះបានធ្វើឡើង មុនពេលកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះ
ដែលបានដឹកនាំដោយរដ្ឋមន្ត្រីការបរទេសខ្មែរលោកហោ ណាំហុង និងរដ្ឋមន្ត្រី
ការបរទេសថៃ លោកKasit Piromya។ លោកទាំងពីរនឹងជួបប្រជុំគ្នានៅក្នុងទី
ក្រុងបាំងកក នៅសប្តាហ៍ក្រោយនេះ ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិ
បត្តិការទ្វេភាគី ព្រមទាំងជម្រុញការដោះស្រាយបញ្ហាជម្លោះព្រំដែនដែលមាន
ការប្រឈមផ្នែកយោធា។

លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុម
អ្នករាយការណ៍ព័ត៌មាននៅក្រសួងការបរទេសថា លោកនឹងលើកសំណើសុំ
ទៅភាគីថៃ ដើម្បីអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ បើកការប្រជុំ
ពិភាក្សាលើការដោះស្រាយបញ្ហាព្រំដែន។

"នៅថ្ងៃទី ៣-៤ ខាងមុខនេះ ខ្ញុំនឹងទៅប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ
នៅក្នុងទីក្រុងបាំងកក ហើយខ្ញុំនឹងលើកបញ្ហាសុំស្នើឱ្យគណៈកម្មាធិការព្រំដែន
ជួបគ្នានៅពេលឆាប់ៗនេះ ដើម្បីដំណើរការវាស់វែងព្រំដែន។

ប្រទេសថៃបានលើកកងទ័ពច្រើនរយនាក់ចូលក្នុងតំបន់ជម្លោះនៅក្បែរប្រាសាទ
ព្រះវិហារ បន្ទាប់ពីអង្គការ UNESCO បានចុះបញ្ចីប្រាសាទព្រះវិហារចំណាស់
ជាង៩០០ ឆ្នាំរបស់ប្រទេសកម្ពុជាចូលទៅក្នុងបេតិកភ័ណ្ធពិភពលោកនៅថ្ងៃ
ទី៧ ខែកក្កដាឆ្នាំ ២០០៨។

ការចរចារវាងនាយករដ្ឋមន្ត្រី គណៈកម្មាធិការកម្ពុជា-ថៃ និងមេបញ្ជាការកង
ទ័ពនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងជាហូរហែ សំដៅដោះស្រាយបញ្ហា
ជម្លោះព្រំដែន និង កាត់បន្ថយភាពតានតឹងផ្នែកយោធា នៅតាមបណ្តោយ
ព្រំដែនក្បែរប្រាសាទព្រះវិហារហាក់បីដូចជាមិនទទួលបានលទ្ធផលជាដុំកំភួន
នៅឡើយទេ។

លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាបាន
បញ្ចាក់ថា យើងនឹងស្នើសុំដល់ភាគីថៃ ឱ្យកំណត់ពេលវេលាជាក់លាក់មួយ
ដើម្បីបើកផ្លូវឱ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីររុករកបង្គោលសីម៉ា
ព្រំដែន និងធ្វើការវាស់វែងព្រំដែន ពីព្រោះរដ្ឋសភាថៃបានអនុម័ឯកសារកំណត់
ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ។ យើងបាន
ព្រមព្រៀងគ្នាតាំងពីខែ៤ ហើយយើងត្រូវចុះទៅរុករកបង្គោលព្រំដែននិងវាស់
វែងព្រំដែននៅខែ៥ ប៉ុន្តែខែ៥ ខែ៦និងខែ៧យើងអត់បានចុះ ។ ដូច្នេះហើយ
យើងសូមឱ្យភាគីថៃបញ្ចាក់ឱ្យយើងថា ថ្ងៃណាអាចចុះបាន។យើងសុំឱ្យភាគី
ថៃបញ្ចាក់ឱ្យយើងច្បាស់ថា ថ្ងៃណាភាគីថៃអាចឯកភាពបញ្ចូនអ្នកបច្ចេកទេស
ទៅធ្វើការជាមួយយើងបាននៅលើដីជាក់ស្តែងដើម្បីរុករកបង្គោលព្រំដែននៅ
ជាំស្រងាម និងអន្លុងវែង។

ដោយសារបញ្ហាជម្លោះព្រំដែននេះ ប្រទេសកម្ពុជានិងប្រទេសថៃ បានប្រមូល
ផ្តុំកម្លាំងកងទ័ពកាន់តែច្រើនឡើងៗ និងបានវ៉ាយប្រយុទ្ធគ្នាជាបន្តបន្ទាប់ដែល
បានធ្វើមនុស្សចំនួន៧នាក់ស្លាប់នៅក្នុងប្រយុទ្ធគ្នានោះ។

បង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ មានចំនួន ៧៣បង្គោលនិង
មានបណ្តោយប្រវែង៨០៥ គីឡូម៉ែត្រ ហើយភាគីកម្ពុជានិងថៃ បានឯកភាពគ្នា
លើបង្គោលព្រំដែនចំនួនជាង ៣០ បង្គោលហើយ៕ ចប់

XS
SM
MD
LG