ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការសិទ្ធិមនុស្សអាស៊ី រិះគន់ឥទ្ធិពលនយោបាយ ទៅលើប្រព័ន្ធតុលាការ


គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានរិះគន់ឥទ្ធិពលនយោបាយទៅលើប្រព័ន្ធ
តុលាការ ដើម្បីបញ្ចប់អាជីពនយោបាយរបស់លោកស្រីមួរ សុខហួរ តំណាង
រាស្ត្រគណបក្សប្រឆាំង ហើយថា លោកស្រីមានឱកាសតិចតួចណាស់ដើម្បី
ទទួលបានការជំនុំជម្រះត្រឹមត្រូវ។

គណៈកម្មាការសិទ្ធិមនុស្សអាស៊ីAHRCនៅថ្ងៃច័ន្ទនេះ បានរិះគន់ថា ប្រព័ន្ធ
តុលាការកម្ពុជាដែលបានបដិសេធសិទ្ធិមានការជំនុំជម្រះដោយយុត្តិធម៌របស់
តំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី មួរ សុខហួរនោះ គឺមានគោលដៅ
ចង់បញ្ចប់អាជីពនយោបាយរបស់លោកស្រី។

ការកត់សម្គាល់របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីនេះបានធ្វើឡើង មួយថ្ងៃ
មុនពេលសាលក្រមរបស់តុលាការដែលនឹងត្រូវប្រកាសនៅថ្ងៃ់ទី ៤ ខែ សីហា
ស្អែកនេះ។

លោកស្រីមួរ សុខហួរត្រូវបានជំនុំជម្រះនៅថ្ងៃទី២៤ ខែកក្កដា។ លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់លោកស្រី មួរ សុខហួរ ពីបទបរិហារកេរ្តិ៍
ប្រឆាំងនឹងរូបលោក បន្ទាប់ពីលោកស្រីបានប្រកាសប្តឹងលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ពីបទបរិហារកេរ្ត៏រូបលោកស្រីនៅក្នុងសន្និសីទកាសែតមួយកាលពី
ខែមេសា។

សេចក្តីថ្លែងការណ៍របស់ AHRC បានបញ្ចាក់ថា ដោយពិចារណាមើលអំពីកង្វះ
នៅក្នុងប្រព័ន្ធយុត្តិធម៌ និងផែនការដើម្បីបញ្ចប់សកម្មភាពនយោបាយរបស់
តំណាងរាស្ត្រគណបក្សប្រឆាំងនោះ គណៈកម្មការសិទ្ធិមនុស្សអាស៊ីចាត់ទុក
ថា លោកស្រី មួរ សុខហួរ ត្រូវបានបដិសេធសិទ្ធិរបស់លោកស្រីក្នុងការជំនុំ
ជម្រះឲ្យបានយុត្តិធម៌ នៅក្នុងសាលាក្តីមួយដែលឯករាជ្យ មានសមត្ថភាព និងមិនលំអៀងដែលបានបង្កើតឡើងតាមច្បាប់ដោយត្រឹមត្រូវដូចមានចែងនៅ
ក្រោមមាត្រា១៤នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយដែល
ប្រទេសកម្ពុជាជាភាគីមួយដែរនោះ។

សេចក្តីថ្លែងការណ៍នេះបានបញ្ចាក់ថា សាលក្រមណាមួយប្រឆាំងនឹងលោក
ស្រីមួរ សុខហួរ នឹងមិនធ្វើតាមអំណាចនៃច្បាប់តុលាការទេ ។ សេចក្តីថ្លែង
ការណ៏នេះ បានសរសេរចំណងជើងថា ភាពមិនស្មើគ្នាត្រូវបានគេរៀបជើង
ព្រួលទុកជាមុនប្រឆាំងនឹងការជំនុំជម្រះត្រឹមត្រូវសម្រាប់លោកស្រីមូរ សុខហួរ
តំណាងរាស្ត្រគណបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍នេះបានរៀបរាប់ថា លោកស្រី មួរ សុខហួរ មិនមានមេធាវី
ការពារក្តីនិងបានជ្រើសរើសយកសិទ្ធិមិនឆ្លើយតបនៅក្នុងសវនាការទាំងមូល។
តុលាការខ្វះឯករាជ្យភាព និងត្រូវបានអ្នកមានអំណាចប្រើប្រាសដើម្បីប្រឆាំង
នឹងក្រុមអ្នករិះគន់។ ព្រះរាជអាជ្ញា និងចៅក្រមស្ទើរតែទាំងអស់នៅតែជាប់
ទាក់ទងនឹងគណបក្សគ្រប់គ្រងអំណាចCPP ។

សមាជិកសភាបានព្យួរអភ័យឯកសិទ្ធិសភារបស់លោកស្រីមួរ សុខហួរនៅថ្ងៃ
ទី ២២ ខែ មិថុនា តាមការស្នើសុំរបស់តុលាការ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានបញ្ចាក់ថា គ្មាន
ការគោរពចំពោះគោលការណ៍នៃយុត្តិធម៌ធម្មជាតិនិងគ្មានយន្តការមិនលំអៀង
ដើម្បីពិនិត្យមើលបទចោទប្រកាន់និងបើកសវនាការករណីរបស់លោកស្រី
ទេ។

លោកខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល
បានបដិសេធថា "ការចោទប្រកាន់របស់គណៈកម្មការសិទ្ធិមនុស្សនេះមិន
សមហេតុផល។ គណៈកម្មការសិទ្ធិមនុស្សអាស៊ី មិនដែលគាំទ្ររដ្ឋាភិបាល
ទេ តែគាំទ្រគណបក្សប្រឆាំង។ តុលាការមិនទាន់ចេញសេចក្តីសម្រេចទេ។
បើគេអ្នកច្បាប់មែនទែន គេត្រូវចាំមើលថា តើសេចក្តីសម្រេចរបស់តុលាការ
នោះត្រឹមត្រូវតាមច្បាប់ឬទេ។ គណៈកម្មការសិទ្ធិមនុស្សអាស៊ីដាក់សម្ពាធ
សង្កត់ទៅលើតុលាការបាត់ទៅហើយ។ អាហ្នឹងជាការខុសឆ្គង។ រដ្ឋាភិបាល
អត់មានធ្វើអ្វីសោះ គ្រាន់តែចាត់វិធានការការពារកិត្តិយស ពេលដែលលោក
ស្រីមួរ សុខហួរ ទៅបបួលឱ្យពួកអង្គការអន្តរជាតិសរសេរសំបុត្រមកព្រមាន
លោកនាយករដ្ឋមន្ត្រីខ្មែរ"។

តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមនៅថ្ងៃអង្គារស្អែកនេះ។

លោក សុខ កល្បាណ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ បានថ្លែងនៅ
ក្នុងសវនាការថា តាមផ្លូវច្បាប់ លោកស្រី មួរ សុខហួរអាចប្រឈមមុខនឹង
ការពិន័យជាប្រាក់រហូតដល់ ១០ លានរៀល ប៉ុន្តែមិនមានទោសជាប់ពន្ធនា
គារទេ៕ ចប់

XS
SM
MD
LG