ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហានខ្មែរ៣នាក់ស្លាប់នៅខេត្ត ព្រះវិហារ បន្ទាប់ពីបានបរិភោគផ្សិតពុល


ក្រុមមន្រ្តីយោធាកម្ពុជាបានបញ្ជាក់នៅថ្ងៃចន្ទ័នេះថាយ៉ាងតិចមានកងទ័ពកម្ពុជា
ចំនួន៣រូប បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នា បន្ទាប់ពីបានបរិភោគផ្សិត
ម្យ៉ាង ដែលធ្វើឲ្យពុលនៅក្នុងម្ហូបអាហាររបស់ពួកគេកំពុងបរិភោគនោះ។ក៏ប៉ុន្តែ
គេបានអះអាងថា ទាហានកម្ពុជាពុំខ្វះខាតស្បៀងអាហារសម្រាប់បរិភោគទេ ។

កងទ័ពកម្ពុជាដែលបានស្លាប់បាត់បង់ជីវិតនោះ រួមមានលោករស់ ម៉ៅអាយុ៣០
ឆ្នាំ លោកសូ រឹម អាយុ ៣២ឆ្នាំ និងលោកស៊ឹង រឿន។ ពួកគេគឺជាទាហាននៅ
តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ ចំណែកឯលោកយឿន បេអាយុ៣០
ឆ្នាំបានរួចជីវិត ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្ត
សៀមរាប។

លោកឧត្តមសេនីយទោជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤បានបញ្ជាក់ថា ពួក
គេបានធ្លាក់ខ្លួនឈឺ ក្រោយពីបានបរិភោគផ្សិតពុលម្យ៉ាង ដែលពួកគេបានបេះ
នៅជើងភ្នំនៃប្រាសាទព្រះវិហារ យកមកធ្វើម្ហូបកាលពីចុងខែកក្កដា ។

លោក ជា ម៉ន បានបញ្ជាក់ទៀតថា ដោយសារតែពួកគេបរិភោគច្រើនលើសលប់
ពេក ទើបពុំអាចជួយសង្រ្គោះបានទាន់ពេលវេលា ។

"១យប់ ២យប់ទៅបាត់បានស្លាប់ យើងសង្រ្គោះវាចូលជោគជាំអស់ហើយវាចូល
ក្នុងបេះដូង វាចូលក្នុងអីអស់ហើយ អាផ្សិតហ្នឹង ។ បងប្អូនច្រឡំស្មានជាផ្សិត
ក្ងោក ច្រឡំផ្សិតស្អីហ្នឹង វាធ្លាប់ហូបរឿយៗ វាអត់អី ដល់អញ្ចឹង ចេះតែឃើញគេ
ហូបបាន ចេះតែហូប ។ ប៉ុន្តែអ្នកគេហូប គេស្គាល់អ្នកទៅអត់ស្គាល់ឃើញផ្សិត
ចេះតែបេះទៅណា"។

ចំណែកលោកឧត្តមសេនីយទោស្រី ឌឹក មេបញ្ជាការកងអន្តរាគមន៏លេខ៣
ប្រចាំទិសនៃប្រាសាទព្រះវិហារ បានបញ្ជាក់ថា កងទ័ពកម្ពុជាពុំខ្វះខាតស្បៀង
អាហារទេ។ លោកបានបញ្ជាក់ថា ការស្លាប់បាត់បង់ជីវិតរបស់កងទ័ពកម្ពុជា
ទាំង៣រូប បន្ទាប់ពីបានបរិភោគផ្សិតនេះរួចមកដោយសារតែពួកគេពុំស្គាល់
ផ្សិតច្បាស់លាស់ តែប៉ុណ្ណោះ។

"របបមានហើយ មានទាំងការឧបត្ថម្ភ ជាអំណោយផ្សេងៗ ដូចជារបបសម្តេច
បំប៉នទៅលើថវិកា។ យើងអត់ខ្វះទេ វាធម្មតា ទាហានយើង វាចេះតែដើរទៅ
ឃើញផ្សិតៗ គ្នាវាអត់ស្គាល់ប្រភេទផ្សិត នៅតាមព្រៃ ចេះតែដកហូប "។

លោកឧត្តមសេនីយទោ ស្រី ឌឹក បានបន្តទៀតថា យើងចង់ឲ្យទាហានទាំង
អស់មានការប្រុងប្រយត្ន័នៅពេល ដែលទទួលទានផ្សិតអ្វីមួយនោះ។ កងទ័ព
កម្ពុជា និងកងទ័ពថៃ បានប្រឈមមុខគ្នាដោយប្រដាប់អាវុធនៅតាមក្រវ៉ាត់
ព្រំដែនគោកអស់រយៈពេលជាង១ឆ្នាំមកហើយ បន្ទាប់ពីប្រាសាទព្រះវិហារ
ត្រូវបានដាក់បញ្ចូលទៅជាទ្រព្យសម្បត្តិរបស់បេតិកភណ្ឌ័ពិភពលោក ។

កងទ័ពកម្ពុជាដែលឈរជើងការពារក្រវ៉ាត់ព្រំដែនតែងតែទទួលបានអំណោយ
ជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ៕ ចប់

XS
SM
MD
LG