ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតកុមារពេទ្យគុកទួលស្លែង: ការព្យាបាលអ្នកទោស គឺព្យាបាលរបួសដោយសារទារុណកម្ម


អតីតកុមារពេទ្យក្នុងមន្ទីរស-២១ ឬគុកទួលស្លែងអះអាងថា ការព្យាបាលអ្នក
ទោសនៅក្នុងសម័យខ្មែរក្រហម គ្មានអ្វីក្រៅពីការព្យាបាលរបួសដោយសារការ
ធ្វើទារុណកម្មនោះទេ។

"ខ្ញុំអត់ដែលបានរៀនវិជ្ជាពេទ្យទេ។ គេឲ្យខ្ញុំដើរតាមមនុស្សធំៗ មនុស្សធំៗគេ
អ្នកចេះគេគ្រាន់តែបង្ហាញថ្នាំ ឲ្យអានេះ ឲ្យអានោះ។ ថ្នាំជំនាន់នោះថ្នាំអាចម៍
ទន្សាយ"។

លោកសេក ដន អាយុ ៤៨ឆ្នាំ បានសារភាពយ៉ាងដូច្នេះប្រាប់សាលាក្ដីខ្មែរ
ក្រហមនៅក្នុងការកាត់ទោសកាំង ហ្គិចអៀវ ហៅ ឌុច អតីតប្រធានគុកទួល
ស្លែង ឬ មន្ទីរ ស-២១ នៅថ្ងៃចន្ទ័នេះ ។ សាក្សីប្រឆាំង ឌុច រូបនេះ គឺជាអតីត
កុមារាពេទ្យម្នាក់ក្នុងចំណោមកុមារពេទ្យចំនួន៤នាក់ ដែលត្រូវ ឌុចរើសយក
មកប្រើសម្រាប់ជួយព្យាបាលអ្នកទោសនៅក្នុងមន្ទីរស-២១។

សេក ដន កាលនោះមានអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ ហើយគឺជាកុមារដែល
មិនចេះអក្សរទាល់តែសោះ។
នេះបើយោងតាមអ្វីដែលគាត់និយាយប្រាប់អង្គជំនុំជម្រះសាលាដំបូងរបស់
សាលាក្ដីខ្មែរក្រហម។

អតីតកុមារពេទ្យដដែលបញ្ជាក់ថា អ្នកទោសដែលទទួលការព្យាបាលនោះ
គឺភាគច្រើនជាអ្នកទោស ដែលត្រូវពួកខ្មែរក្រហមធ្វើទារុណកម្មក្នុងពេល
សួរចម្លើយ។ ហើយថ្នាំដែលយកទៅប្រើគឺជាថ្នាំផ្សំពីឬសឈើហើយគ្មាន
ប្រសិទ្ធិភាពទេ។

"អ្នកទោសភាគច្រើនមិនសូវឈឺប៉ុន្មានទេ ដូចជារាក ដូចជាគ្រុន ឈឺក្បាល
អីច្រើនតែរបួសខ្នង បាត់ក្រចកដៃ ក្រចកជើង ច្រើនតែធ្វើទារុណកម្ម ដែល
ខ្ញុំព្យាបាលមានស្នាមជាំ ស្នាមបែក មានស្នាមឈាមគ្រប់សព្វនិយាយអត់
ចង់កើតទេ គ្រប់ប្រភេទ។ ច្រើនតែរាកឲ្យថ្នាំរាក បួសឲ្យថ្នាំបួស។ ថ្នាំនេះ
ថ្នាំអាចម៍ទន្សាយ ធ្វើនៅស្រុកខ្មែរ ។ ថ្នាំនោះមិនសូវសក្ដិសិទ្ធិទេ រហូតដល់
ខ្ញុំហូបមួយដៃក៏អត់អីដែរ កាលណាខ្ញុំឃ្លានបាយពេក"។

លោកសេក ដនបានបញ្ជាក់នៅក្នុងការកាត់ទោសឌុចជាបន្ថែមថា នៅ
ក្រោមការគ្រប់គ្រងរបស់ឌុច អ្នកទោសខ្លះមិនទាន់ត្រូវព្យាបាលរបួសជា
ផង ក៏ត្រូវគេយកទៅសម្លាប់ចោលបាត់ទៅ ហើយមួយវិញទៀត មានអ្នក
ទោសជាច្រើនរយនាក់បានឈឺស្លាប់នៅក្នុងមន្ទីរ ស-២១ បើទោះជាមាន
ក្រុមពេទ្យសម្រាប់មន្ទីរឃុំឃាំងដ៏ទារុណកម្មនេះយ៉ាងណាក៏ដោយ។ ហើយ
សាកសពអ្នកទោសត្រូវបុគ្គលិកពេទ្យយកទៅកប់នៅជិតៗផ្នែកខាងក្រៅ
នៃអគារឃុំឃាំង។

ឌុច អាយុ ៦៨ ឆ្នាំ ត្រូវកាត់ទោសចំពោះអំពើឃោរឃៅដែលសង្ស័យថា
គាត់បានបង្កឲ្យអ្នកទោសយ៉ាងតិចចំនួន១២.៣៨០នាក់ ស្លាប់ក្រោមការ
គ្រប់គ្រងរបស់គាត់។ ឌុច ទទួលស្គាល់ថា ខ្លួនបានយកក្មេងជំទង់មកប្រើ
ជាបុគ្គលិកមន្ទីរស-២១មែន។ ពួកគេត្រូវយកមកពីខេត្តកំពង់ឆ្នាំងមែន។
ក៏ប៉ុន្ដែឌុចនិយាយថា ភស្ដុតាងដែលលោកសេក ដនអតីតកុមារពេទ្យ លើក
យកមកបង្ហាញនេះ មិនទាន់ច្បាស់លាស់គួរឲ្យជឿជាក់បានឡើយ។ហើយ
ឌុចក៏បានស្នើ សុំឲ្យសហព្រះរាជអជ្ញានៃសាលាក្ដីខ្មែរក្រហមបង្ហាញបញ្ជី
បុគ្គលិកមន្ទីរស-២១ទាំងអស់ដល់ខ្លួនសម្រាប់ធ្វើការផ្ទៀងផ្ទាត់៕ចប់

XS
SM
MD
LG