ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកម្ពុជាពុករលួយទទួល ឥទ្ធិពលពីអ្នកមានអំណាច


តុលាការកម្ពុជាពុករលួយនិងទទួល ឥទ្ធិពលពីអ្នកមានអំណាចការស្រាវជ្រាវ
មួយបានបង្ហាញថា ប្រព័ន្ធតុលាការកម្ពុជាគ្របដណ្តប់ដោយអំពើពុករលួយ
យ៉ាងខ្លាំង ហើយអ្នកមានអំណាចមានឥទ្ធិពលខ្លាំងមកលើប្រព័ន្ធតុលាការ។

ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គឺទន់ខ្សោយ មិនឯករាជ្យ និងពោរពេញ
ដោយអំពើពុករលួយ។ នេះ គឺជាលទ្ធផលនៃការសិក្សាចុងក្រោយដែលធ្វើឡើង
ដោយក្រុមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ។ ការសិក្សានេះត្រូវបានលើកឡើង
នៅក្នុងសៀវភៅដែលមានចំណងជើងថា “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យ
ក្នុងប្រទេសកម្ពុជា” ដែលទើបចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ។

ជំពូកទី៣នៃសៀវភៅដែលមាន១០ជំពូក បោះពុម្ពជាភាសាអង់គ្លេសនេះ បាន
លើកឡើងថា អំពើពុករលួយកំពុងកើតមានយ៉ាងក្តៅគគុក នៅក្នុងប្រព័ន្ធ
តុលាការខ្មែរ ពោលគឺភាពសំខាន់ និង ភាពមិនសំខាន់របស់រឿងក្តីនីមួយៗ
អាស្រ័យទៅលើចំនួននៃទឹកប្រាក់។

ជាញឹកញាប់ ចៅក្រមជាច្រើនបានចរចាជាមួយអ្នកមកទាក់ទងតុលាការដើម្បី
រកឲ្យបាន សំណូកច្រើនបំផុត ។ មានពេលខ្លះ ចៅក្រមបានប្រើយុទ្ធសាស្ត្រ
ពន្យារពេលក្នុងការចេញសេចក្តីសម្រេចដើម្បីស្វែងរកសំណូកបន្ថែមពីអ្នក
ប្តឹង។

សៀវភៅដដែលនេះបានលើកឡើងថា កម្រិតប្រាក់ខែទាបនាំឲ្យចៅក្រម និង
មន្ត្រីតុលាការងាយនឹងទទួលយកការសម្រុះសម្រួលនិងសំណូក។ ចៅក្រម
ដែលប្រព្រឹត្តអំពើពុករលួយ និងចៅក្រមដែលគ្មានសមត្ថភាពអាចរក្សាតួនាទី
របស់ពួកគេបាន ដោយសារតែការផ្តល់ប្រាក់សំណូកច្រើនឲ្យទៅថ្នាក់លើ។
ទន្ទឹមនឹងនោះ ការជ្រើសតាំងនិងការតំលើងឋានៈ ក៏ត្រូវពឹងផ្អែកទៅលើប្រាក់
ឧបត្ថម្ភនិងសំណូកដែរ។

អំពើពុករលួយធ្វើឲ្យជនក្រីក្រដែលគ្មានប្រាក់និងគ្មានខ្នងបង្អែក ទទួលរងនូវ
ភាពអយុត្តិធម៌នៅពេលប្រឈមនឹងការតវ៉ាក្តីជាមួយនឹងក្រុមអ្នកមានទ្រព្យ
និងអ្នកមានអំណាច។

សៀវភៅស្តីពី“នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”សរសេរបន្ថែមទៀត
ថា តុលាការនៅប្រទេសកម្ពុជាបច្ចុប្បន្នមានឯករាជ្យភាពតិចតួចណាស់ពោល
គឺការជ្រៀតជ្រែកដោយស្ថាប័នកំពូល និងបុគ្គលិកមានអំណាចតែងតែកើតមាន
ក្នុងប្រព័ន្ធតុលាការខ្មែរ។ ចៅក្រមនិងព្រះរាជអាជ្ញាជាច្រើន ជាទូទៅទទួលរង
ការរំលោភពីអ្នកមានអំណាចនិងមេដឹកនាំគណបក្សនយោបាយដែលអាចដ
កពួកគេពីតំណែង ប្រសិនបើពួកគេមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់
តុលាការ។

ចៅក្រមម្នាក់ដែលត្រូវបានសម្ភាសនៅក្នុងសៀវភៅនោះនិយាយថា បើទោះជា
ពួកគេពុំមានទទួលការគំរាមគំហែងក៏ពួកគេជាចៅក្រមត្រូវតែប្រតិបត្តិតាមអ្នក
ធ្វើអន្ដរាគម ពីព្រោះពួកគេបានដឹងទុកជាមុនពីទំហំនៃអំណាចរបស់អ្នកធ្វើ
អន្តរាគមទាំងនោះ។ ក្នុងចំណោមអ្នកត្រូវបានសម្ភាស មានការយល់ស្របជា
ទូទៅមួយថា ក្នុងរឿងក្តីនយោបាយចៅក្រមតែង ចេញដិកាតម្រូវតាមកាល
បរិច្ឆេទរបស់រដ្ឋាភិបាល។

សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ក៏បានរិះគន់ធ្ងន់ៗ
ដែរចំពោះប្រព័ន្ធច្បាប់នៅកម្ពុជា ដែលប្រឈមនឹងការខ្វះធនធានមនុស្ស ដូច
ជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ជាដើម។ មេធាវីមានការភ័យខ្លាចនិងមិន
មានបទពិសោធន៍ក្នុងការតទល់ជាមួយព្រះរាជអាជ្ញា ឬក៏ចៅក្រមក្នុងអំឡុង
ពេលកាត់ក្តីទេ ។

ជាងនេះទៅទៀត ថវិកាជាតិសម្រាប់តុលាការមានទំហំតិចតួចជាងក្រសួងនិង
ស្ថាប័ននានាយ៉ាងច្រើន ហើយជាទូទៅប្រាក់ទាំងនោះមានការយឺតយ៉ាវ និង
មិនទៀតទាត់ ។

លោក ខៀង អ៊ុន អ្នកស្រាវជ្រាវនិងជាអ្នកសរសេរអំពីប្រព័ន្ធតុលាការនៅកម្ពុជា
បានថ្លែងនៅក្នុងការសម្ពោធចេញផ្សាយសៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជា
ធិបតេយ្យនៅកម្ពុជា” នេះថា ប្រព័ន្ធតុលាការមានសារៈសំខាន់ណាស់ក្នុងការ
លើកកម្ពស់ប្រព័ន្ធច្បាប់ក្នុងការងារអភិវិឌ្ឍន៍ និងកសាងសេដ្ឋកិច្ច។ ប៉ុន្តែប្រព័ន្ធ
តុលាការនៅកម្ពុជាមិនទាន់ល្អទេ។

“ប្រសិនបើលោកអ្នកសួរប្រជាជនថាតើកម្ពុជាជារបបមានច្បាប់ត្រឹមត្រូវដែរទេ
ចម្លើយជាទូទៅគឺថា មាន។ ប៉ុន្តែប្រសិនបើលោកអ្នកសួរប្រជាជនថា តើតុលា-
ការមានច្បាប់ត្រឹមត្រូវដែរទេ តើតុលាការមានឯករាជ្យដែរទេចម្លើយច្រើនលើស
លុបគឺថា គ្មានទេ។ ជាក់ស្តែង បើមើលពីជម្លោះរវាងលោកនាយករដ្ឋមន្ត្រី និង
លោកស្រី មួរ សុខហួ លោកអ្នកនឹងឃើញពីតួនាទីនៃតុលាការនៅក្នុងប្រទេស
នេះ” ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិយាយថា ការលើក
ឡើងនៅក្នុងសៀវភៅនោះមិនបានឆ្លុះបញ្ជាំងពីធាតុពិតទាំងស្រុងក្នុងប្រព័ន្ធ
តុលាការកម្ពុជាទេ។ហើយរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់លើប្រព័ន្ធច្បាប់
និងតុលាការរបស់ខ្មែរ។

លោកជៀម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា បានទទួលស្គាល់
ថា មានអំពើពុករលួយក្នុងប្រព័ន្ធតុលាការ។ ប៉ុន្តែលោកបានស្តីបន្ទោសថា សៀវ
ភៅនោះទំនងជាមិនបានធ្វើការស្រាវជ្រាវស៊ីជម្រៅពីប្រព័ន្ធតុលាការកម្ពុជាទេ។
ម្យ៉ាងវិញទៀត ការសរសេរបែបនេះនឹងបង្អាក់ការវិនិយោគពីបរទេសពិសេស
ក្នុងពេលសេដ្ឋកិច្ចជួបវិបត្តិ។

“សៀវភៅហ្នឹងគេសរសេរជាសិទ្ធិរបស់គេហើយ ប៉ុន្តែមុននឹងសរសេរហ្នឹងយើង
ចាំបាច់ ត្រូវសួរថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ឲ្យបានសមស្រប ពីព្រោះថា បើសិន
ជាសៀវភៅហ្នឹង គេលើក ឡើងមិនល្អពីការគ្រប់គ្រងរបស់យើងវាក៏នឹងធ្វើឲ្យប៉ះ
ពាល់ដល់ការទាក់ទាញការវិនិយោគ ភ្ញៀវបរទេសឲ្យចូលធ្វើវិនិយោគនៅកម្ពុជា
ផងដែរ” ។

ទោះយ៉ាងណា លោកចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិ
មនុស្សអាតហុក គាំទ្រការលើកឡើងនៅក្នុងសៀវភៅនោះ ដោយអះអាងថា
វាជាការស្រាវជ្រាវឯករាជ្យ និងគួរ ឲ្យជឿទុកចិត្តបាន។

“ការស្រាវជ្រាវឯករាជ្យនេះ មានលក្ខណៈប្រសើរនិងត្រឹមត្រូវច្រើន ខ្ញុំគំាទ្រ។
យើងចាត់ទុកថា ការរកឃើញត្រឹមត្រូវមើលឃើញចំចំណុចដែលរដ្ឋាភិបាល
កម្ពុជាត្រូវតែទទួលយក និងធ្វើការកែប្រែ” ។

គួរបញ្ជាក់ថា អស់រយៈពេលជាយូរឆ្នាំមកនេះ ប្រទេសផ្តល់ជំនួយជាច្រើនបាន
ផ្តល់ថវិការាប់លានដុល្លាសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការកែទម្រង់ច្បាប់
និងប្រព័ន្ធតុលាការ ក្នុងនោះមានសហរដ្ឋអាមេរិក បារំាង អូស្ត្រាលី និងជប៉ុន។
គោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការបានក្លាយជាចំណុច
ស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលខ្មែរ។ ក្រុមប្រឹក្សាកំណែទម្រង់
ច្បាប់ និងប្រព័ន្ធតុលាការបានផ្តោតលើការងាររៀបចំតាក់តែងច្បាប់សំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពចៅក្រមនិងព្រះរាជអាជ្ញា។ ប៉ុន្តែរហូតមកដល់ពេលនេះ
ការងារកំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការកម្ពុជា ហាក់ដូចជានៅស្រពិច
ស្រពិល ហើយតុលាការកម្ពុជានៅតែទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិល
និងមហាជនថាមិនមានភាពយុត្តិធម៌។

លោក Joakim Ojendal ជាសាស្ត្រាចារ្យផ្នែកសា្រវជ្រាវការអភិវឌ្ឍន៍សន្តិភាព
នៃសាកលវិទ្យាល័យ Gothennburg និងជាអ្នកនិពន្ធសៀវភៅ “នៅពីក្រោយ
លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា” ។ លោកបានព្រមានថា នៅពេល
ដែលសុក្រិតភាពនៃប្រព័ន្ធតុលាការត្រូវបានបន្តរំលោភបំពាន ហើយបានប្រែ
ក្លាយជាតុលាការដែលគ្មានប្រសិទ្ធិភាព ដោយពឹងផ្អែកលើឥទ្ធិពលនយោបាយ
និងស្ថាប័នពុករលួយផ្សេងទៀតនោះ វានឹងខារខាំងដល់ការពង្រីកលទ្ធិប្រជា
ធិបតេយ្យ និងការវិនិយោគ ហើយនឹងធ្វើឲ្យប្រជាជនអស់ជំនឿ មិនត្រឹមតែ
ទៅលើប្រព័ន្ធតុលាការប៉ុណ្ណោះទេ តែថែមទាំងស្ថាប័ននយោបាយដទៃទៀត
ដែរ៕ ចប់

XS
SM
MD
LG