ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេសនៅអាស៊ីអគ្នេយ៍ខ្វះកិច្ចសហ ការទល់នឹងការប្រែប្រួលអាកាសធាតុ

  • ម៉ែន គឹមសេង
  • VOA

ប្រទេសនៅអាស៊ីអគ្នេយ៍នៅមិនទាន់រៀបចំខ្លួនឱ្យត្រឹមត្រូវក្នុងការសម្របខ្លួន
ទៅតាមការប្រែប្រួលអាកាសធាតុនៅឡើយទេ។ ក្រុមអ្នកឯកទេសបរិស្ថាន
រំលឹកថា កិច្ចសហការនៅថ្នាក់តំបន់នឹងជួយឱ្យពួកគេដោះស្រាយបញ្ហានេះ
បានងាយស្រួលជាង។

ក្រុមអ្នកឯកទេសផ្នែកបរិស្ថានបានព្រមានថា ការប្រែប្រួលអាកាសធាតុអាច
នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសនានានៅតំបន់អាស៊ីអគ្នេយ៍ ហើយ
បណ្តាប្រទេសទាំងនោះនៅមិនទាន់បានត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុង
ការសម្របខ្លួន ឬកាត់បន្ថយការប្រែប្រួលនោះនៅឡើយទេ។

លោកសាស្រ្តាចារ្យ Simon Tay ប្រធានវិទ្យាស្ថានសាំងហ្គាពួរសម្រាប់កិច្ចការ
អន្តរជាតិ និង ជាអ្នកស្រាវជ្រាវនៅអង្គការ Asia Society បានប្រាប់ដល់កិច្ច
ពិភាក្សាមួយស្តីពីការប្រែប្រួលអាកាសធាតុដែលរៀបចំឡើងនៅសាកលវិទ្យា
ល័យGeorge Washington នាទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍នេះ
ថា កិច្ចសហការរបស់ប្រទេសក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាការប្រែប្រួល
អាកាសធាតុនៅមិនទាន់មាននៅឡើយបើទោះបីជាប្រទេសទាំងនេះមានភាព
ងាយរងគ្រោះក៏ដោយ។

“នៅទូទាំងបណ្តាប្រទេសនៅសមាគមបណ្តាប្រទេសអាស៊ីអគ្នេយ៍ ប្រទេស
ទាំង១០នៅមិនទាន់មានចេតនាក្នុងការគូសផែនទីកំណត់ភាពងាយរងគ្រោះ
នៅឡើយទេ ឬក៏ដាក់បញ្ចូលគ្នានូវផែនទីសម្រាប់អាស៊ីអគ្នេយ៍នៅឡើយ…
ប្រទេសទាំងអស់នៅអាស៊ីអគ្នេយ៍មានភាពងាយរងគ្រោះដូចៗគ្នា មិនគ្រាន់
តែខាងផ្នែករូបវន្តទេ គឺទាំងខាងផ្នែកសេដ្ឋកិច្ច”។

បណ្តាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអគ្នេយ៍មាន ប្រ៊ុយណេ កម្ពុជា
ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សាំងហ្គាពួរ ថៃ និងវៀតណាម
ហើយប្រទេសស្ទើរទាំងអស់មានព្រំដែនជាប់សមុទ្រ ដែលជាកត្តាមួយនាំឱ្យ
ប្រទេសទាំងនោះកាន់តែងាយរងគ្រោះពីផលប៉ះពាល់ដែលបង្ករឡើងដោយ
ការប្រែប្រួលអាកាសធាតុ។

លោកស្រី Rebecca Y. Ng មន្រ្តីកម្មវិធីនៃអង្គការសហព័ន្ធសត្វព្រៃពិភព
លោកបានថ្លែងប្រាប់ វីអូអេ សម្លេងសហរដ្ឋអាមេរិក នៅឯវេទិកាពិភាក្សា
នោះថា ដំណោះស្រាយដ៏ល្អគឺ ប្រទេសនៅក្នុងតំបន់ទាំងអស់ត្រូវធ្វើសកម្ម
ភាពឱ្យហួសពីការខិតខំតែក្នុងមូលដ្ឋានដោយត្រូវមានសហការគ្នាឱ្យបាន
ច្រើននៅថ្នាក់តំបន់។

“ការប្រែប្រួលអាកាសធាតុប៉ះពាល់នៅទូទាំងតំបន់ទាំងអស់ទោះបីជានៅ
តំបន់ឆ្នេរក៏ដោយលោកអ្នកនឹងឃើញមានការបាក់ច្រាំង ការឡើងកម្ពស់
ទឹកសមុទ្រការជន់លិច ហើយនៅលើដីគោក អាចនឹងមានភាពរាំងស្ងួត
ឬទឹកជំនន់”។

ប្រទេសកម្ពុជានៅមិនទាន់ដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិពិតប្រាកដ
ក្នុងការសម្របនិងបន្ស៊ាំ ទៅតាមការប្រែប្រួលអាកាសធាតុទេ ហើយពេល
បច្ចុប្បន្ននៅកំពុងធើ្វការសិក្សាដើម្បីវាយតម្លៃលើភាពងាយ រងគ្រោះ ដែល
មានលើវិស័យមួយចំនួនដូចជា កសិកម្ម ធនធានទឹក តំបន់ឆ្នេរ និងសុខា
ភិបាល។

លោកបណ្ឌិត ទឹន ពន្លក អ្នកសម្របសម្រួលគម្រោងរៀបចំរបាយការណ៍
ជាតិលើកទីពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួល
អាកាសធាតុដែលជាគម្រោងរបស់ក្រសួងបរិស្ថានបាននិយាយថា នៅឆ្នាំ
២០០៦ កម្ពុជាបានអនុម័តកម្មវិធីសកម្មភាពជាតិស្តីពីការបន្ស៊ាំទៅនឹងការ
ប្រែប្រួលអាកាសធាតុដែលជាការត្រៀមលក្ខណៈបឋមនៅថ្នាក់ជាតិ។ប៉ុន្តែ
លោកក៏បានអះអាងដែរថាកម្រិតនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់
កម្ពុជាមានតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសឧស្សាហកម្មធំៗ។

"តាមពិតទៅស្រុកយើងមិនមែនជាស្រុកឧស្សាហកម្មទេអញ្ចឹងការបញ្ចេញ
ឧស្ម័នផ្ទះកញ្ចក់ភាគច្រើន គឺវិស័យកសិកម្ម គឺដំណាំស្រូវ ឧស្ម័នមេតាននិង
ការប្រើប្រាស់ដី។ ក្រៅពីហ្នឹងមានក្នុងវិស័យសំណល ហើយនឹងការប្រើ
ប្រាស់ថាមពលបានន័យថា យើងប្រើប្រាស់ប្រេងឥន្ធនៈ យើងដុតទៅវា
ចេញឧស្ម័នកាបោន”។

ជាង ៨០ភាគរយនៃប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់ជនបទហើយប្រកប
របរខាងផ្នែកកសិកម្ម។ ប្រទេសកម្ពុជាសង្ឃឹមថានឹងទទួលបានលទ្ធផល
ជំហានដំបូងពីការសិក្សាវាយតម្លៃផលប៉ះពាល់លើភាពងាយរងគ្រោះនៅ
មុនដំណាច់ឆ្នាំ២០០៩នេះ ដែលនឹងជួយដល់កម្ពុជាក្នុងការពិគ្រោះរកវិធាន
ការណ៍ដោះស្រាយថ្នាក់ជាតិ៕ ចប់

XS
SM
MD
LG