ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខេត្តបន្ទាយមានជ័យឃុំឃាំង មនុស្ស២៦នាក់ក្នុងរឿងជម្លោះដីធ្លី


តុលាការខេត្តបន្ទាយមានជ័យ បានឃុំឃាំងមនុស្សចំនួន២៦នាក់ បន្ទាប់ពី
បានចោទប្រកាន់អំពីការប្រើអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរនៅក្នុងរឿងជម្លោះ
ដីធ្លីនៅខេត្តបន្ទាយមានជ័យ។

តុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរ៍នេះបានចោទប្រកាន់មនុស្សចំនួន
២៦នាក់អំពីបទគប់ទឹកអាស៊ីត និងគប់ដុំថ្មមកលើកងកម្លាំងសន្តិសុខ ដែល
បានចុះអនុវត្តសាលដីការបស់តុលាការកំពូល នៅក្នុងរឿងជម្លោះដីធ្លីមួយ
កន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត។

អ្នកភូមិទាំងនេះ ដែលបានចាញ់ក្តីនៅក្នុងជម្លោះដីធ្លីមួយកន្លែងនៅក្នុងទីក្រុង
ប៉ោយប៉ែត បានប្រឆាំងនឹងសាលដីការបស់តុលាការកំពូលដែលតម្រូវឱ្យពួក
គេចំនួន ១៥ គ្រួសារ ចាកចេញពីតំបន់ដីជម្លោះនោះ ប៉ុន្តែពួកអ្នកភូមិដែល
មិនសុខចិត្ត បានប្រើអំពើហិង្សាមកលើកងកម្លាំងសន្តិសុខកាលពីថ្ងៃសុក្រ។
លោកតន់ សីហតេជះ ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ បានថ្លែង
ប្រាប់VOAថា “ជនត្រូវចោទប្រកាន់បានដាក់ប្រដាប់បំពងសម្លេងជេរប្រមាថ
គប់ទឹកអាស៊ីតនិងគប់ដុំថ្មមកលើក្រុមអាជ្ញាធរសន្តិសុខ ហើយក្រុមអាជ្ញាធរ
សន្តិសុខមិនបានតបតនឹងអំពើហិង្សានេះទេ។ ជនប៉ុន្មាននាក់ដែលបានត្រូវ
ចាប់កាលពីថ្ងៃទី ២៤នោះ យើងបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយ
ចេតនាការញុះញុងឱ្យប្រព្រឹត្តបទល្មើសនិងការប៉ុនប៉ងមនុស្សឃាត”។

ក្រុមមន្ត្រីតុលាការ និងពន្ធនាគារ បានបញ្ចាក់ថា អ្នកភូមិទាំង ២៦នាក់នេះត្រូវ
បានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យបន្ទាប់ពីបានចោទប្រកាន់។
លោកស៊ុំ ចាន់គារ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្ស Licadho ប្រចាំ
ខេត្តបន្ទាយមានជ័យ បានរិះគន់ការចោទប្រកាន់អំពីបទល្មើសធ្ងន់ធ្ងរទាក់ទង
នឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិការគប់ទឹកអាស៊ីត និងដុំថ្មដាក់ក្រុមអាជ្ញាធរ
សន្តិសុខដែលមានកម្រិតទោសធ្ងន់ធ្ងរបំផុត ពីព្រោះអ្នកភូមិទាំងនេះមិនយល់
ពីច្បាប់ទម្លាប់។

លោកស៊ុំ ចាន់គារ បានបន្តថា តុលាការគួរតែរកបទល្មើសស្រាលៗយកមក
ចោទប្រកាន់អ្នកភូមិទាំងនេះ ក្នុងកម្រិតទោសអប្បបរិមា។

“ខ្ញុំយល់ថា ការចោទប្រកាន់បីចំណុចនេះហាក់បីដូចជាធ្ងន់ធ្ងរណាស់ដល់
ប្រជារាស្ត្រដោយសារយើងមើលឃើញថា អាជ្ញាធរគួរតែពង្រឹងច្បាប់ឱ្យប្រជា
រាស្ត្រយល់ដឹង ពីព្រោះយើងយល់ឃើញថាប្រជារាស្ត្រមិនយល់ច្បាប់នេះ
ហើយ។ ការអនុវត្តន៍ដីកា ឬអ្វីមួយដែលគាត់មិនអាចទទួលស្គាល់បាន ដោយ
មិនថា ដីកានេះមានអំណាចប៉ុនណា និងសាលក្រមមានអំណាចប៉ុនណាទេ។

លោកហម ចាន់រិទ្ធិ មេធាវីរបស់អង្គការសិទ្ធិមនុស្ស បានថ្លែងថា អង្គការសិទ្ធិ
មនុស្សLicadho នឹងព្យាយាមទាក់ទងជាមួយតុលាការ និងអាជ្ញាធរពន្ធនាគារ
ដើម្បីផ្តល់មេធាវី សម្រាប់ការពារក្តីរបស់ជនត្រូវចោទទាំងនេះ។ ជំហ៊ានដំបូង
តម្រូវការចាំបាច់របស់ជនត្រូវចោទគឺសិទ្ធិទទួលបានតំណាងផ្នែកច្បាប់ដើម្បី
ការពារក្តីរបស់ពួកគាត់នៅក្នុងតុលាការ។

លោកព្រះរាជអាជ្ញា តន់ សីហតេជះ បានបញ្ចាក់ថា បើតុលាការរកឃើញ
ទោសកំហុសរបស់ជនទាំងនោះ ដូចការចោទប្រកាន់នោះ ជនទាំងនោះនឹង
ត្រូវប្រឈមមុខ នឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ សម្រាប់បទមជ្ឈឹម
និងពី៥ ឆ្នាំ ដល់១០ ឆ្នាំ សម្រាប់បទល្មើសឧក្រិដ្ឋ។

“បើយើងរកឃើញអ្នកដែលគប់ទឹកអាស៊ីតមកលើសមត្ថកិច្ចនិងគប់ដុំថ្មបំបែក
កញ្ចក់រថយន្តបំបែកអីហ្នឹង។ អាហ្នឹងទៅតាមបទល្មើសនិមួយ បើបទឧក្រិដ្ឋ
មានទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយបើបទមជ្ឈិមធ្វើឱ្យខូច
ខាតទ្រព្យសម្បត្តិ មានទោសជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ បើតុលាការរក
ឃើញថា អ្នកទាំងអស់នោះមានកំហុស”។

បញ្ហាជម្លោះដីធ្លីនៅក្នុងតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ ធ្លាប់បាន
កើតមាន អំពើហិង្សាប្រកបដោយការបង្ហូរឈាមនៅក្នុងឆ្នាំ ២០០៥៕ ចប់

XS
SM
MD
LG