ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធនយោបាយធ្វើឱ្យគ្មានមេធាវី ការពារតំណាងរាស្រ្តគណបក្សប្រឆាំង


មុខរបរមេធាវីជាមុខរបរដែលគេចាត់នៅក្នុងវិជ្ជាជីវៈសេរីនេះបើ តាមការអះ
អាងរបស់ក្រុមមេធាវីកម្ពុជា។ នេះមានន័យថាមេធាវីមានសិទ្ធិទទួលឬមិន
ទទួលការពារក្តីឱ្យជនណាម្នាក់តាមការស្ម័គ្រចិត្ត។

ក្រុមមេធាវីដែល វីអូអេសម្លេងសហរដ្ឋអាមេរិកបានជួបសម្ភាសនាពេលថ្មីៗ
នេះបានបញ្ចេញទស្សនៈស្រដៀងគ្នា ដោយអះអាងពីសេរីភាពក្នុងការធ្វើ
តំណាងឱ្យកូនក្តី។

លោកស្រី ពឹង ធីតា ដែលបានធ្វើជាមេធាវីអស់រយៈពេលជាង១០ឆ្នាំ ដោយ
ធ្លាប់ទាំងធ្វើជាមេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានរៀបរាប់ពី
សេរីភាពនៃការងាររបស់លោកស្រីថា៖

“អត់បញ្ហាអ្វីទេ ឱ្យតែគេពឹងពាក់យើង ត្រឹមត្រូវតាមបែបបទនីតិវិធី។ យើង
ដាក់ការពារទៅ ហើយអតិថិជនណាដែលយើង គិតថា ពេញចិត្ត ការពារ
ទៅ។ បើអតិថិជនណាដែលយើងមិនពេញចិត្ត យើងកុំការពារទៅ។ នេះជា​ឆន្ទានុសិទ្ធិរបស់យើងក្នុងការសម្រេច”។

​មេធាវីទាំងអស់នៅប្រទេសកម្ពុជាមានចំនួន ៦៤៧នាក់ដែលជាសមាជិក
នៃគណៈមេធាវីកម្ពុជា។ លោកជីវ សុងហាក់ ប្រធាននៃស្ថាប័នមួយនេះ
បន្ថែមពីសេរីភាពក្នុងមុខរបរនេះថាៈ

“មេធាវីយើងមានសេរីភាពគ្រប់គ្រាន់ ព្រោះក្នុងការជ្រើសរើសអតិថិជន
ម្នាក់ៗគេអាចជ្រើសរើសតាមសិទ្ធិរបស់គេ ។ ច្បាប់អត់មានហាមឃាត់ថា
ឥឡូវអតិថិជនប្រភេទនេះអ្នកឯងត្រូវទទួលយក អតិថិជនប្រភេទនេះអ្នក
ឯងមិនត្រូវទទួលយកមិនមានចែងដូចនេះទេ។ នៅក្នុងក្រមសីលធម៌គេ
គ្រាន់តែនិយាយថា មេធាវីមានសិទ្ធិ បដិសេធក្នុងការពឹងពាក់របស់អតិថិ
ជនដែរ ប្រសិនបើគេមិនពេញចិត្តគេអាចបដិសេធដែរ”។

លោកសុង ហាក់ក៏បានអះអាងពីការនៅអព្យាក្រឹតរបស់គណមេធាវីកម្ពុជា
ពីសម្ពាធនយោបាយផ្សេងៗ។

ប៉ុន្តែលោកស្រី មួរ សុខហួសមាជិកសភា និងជាអគ្គលេខាធិការរងរបស់
គណបក្សសម រង្ស៊ី ដែលមានសញ្ជាតិខ្មែរ អាមេរិកាំងហើយបច្ចុប្បន្នកំពុង
មានរឿងក្តីក្តាំជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនពីបទបរិហារកេរ្តិ៍បាន
យល់ផ្សេងពីនេះ។ ខណៈពេល ដែលទទួលស្គាល់ថា មេធាវីនៅកម្ពុជាមាន
ជំនាញគ្រប់គ្រាន់ក្នុងការប្រកបការងាររបស់គេ លោកស្រីមួរ សុខហួយល់
ថាពួកគេកំពុងទទួលរងការគាបសង្កត់មិនប្រយោលពីក្រុមអ្នកនយោបាយ។
ប្រតិកម្មរបស់លោកស្រី បានកើតមានឡើងបន្ទាប់ពីអតីតមេធាវីរបស់គាត់
គឺលោកគង់ សំអុនបានដកខ្លួនថយបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយ
គណមេធាវីកម្ពុជា និងការដែលលោកស្រី មានបរាជ័យជាលើកទីពីរក្នុងការ
រកមេធាវីការពារក្តីលោកស្រី សម្រាប់ឡើងទៅតុលាការ ហើយចុងក្រោយ
លោកស្រី ត្រូវឡើងតុលាការការពារក្តី ដោយខ្លួនឯង។

លោកស្រី បានបញ្ជាក់ថា៖“ករណីរបស់ខ្ញុំជាក់ស្តែងណាស់។ តើឱ្យមេធាវី
គាត់បំពេញតួនាទី ជាមេធាវីរបៀបណា ប្រសិនបើអារម្មណ៍របស់គាត់នៅតែ
មានការភ័យខ្លាច អារម្មណ៍នៅតែមានគិតថា អាចនឹងទៅជាការរងគ្រោះដូច
ជាមេធាវីគង់ សំអុន នោះ។ ខ្ញុំយល់ឃើញថា អាជីពមេធាវី គឺជាអាជីពមួយ
ដែលអាចរងគ្រោះ ដោយសារសម្ពាធនយោបាយ”។

លោកស្រីបានដាក់ការចោទប្រកាន់ត្រង់ៗថាគឺមានការគាបសង្កត់ផ្នែកនយោ
បាយដែលធ្វើឱ្យលោកមេធាវី គង់ សំអុនដែលធ្លាប់កាន់ក្តីរបស់លោកស្រីតាំង
ពីដំបូងទី ត្រូវបង្ខំប្តូរចិត្តលះបង់ចោលមិនការពារលោកស្រីវិញ។

ការអះអាងពីសេរីភាពក្នុងអាជីពជាមេធាវីនិងការមិនទទួលរងនូវសម្ភាធពី
ក្រុមអ្នកនយោបាយដ៏មានឥទ្ធិពលនៅប្រទេសកម្ពុជាមាននៅស្ទើរគ្រប់មេធាវី
ចំនួនប្រាំរូបដែលវីអូអេ សម្លេងសហរដ្ឋអាមេរិកបានជួបសម្ភាស។ សូម្បី
លោកមេធាវីគង់ សំអុនដែលធ្លាប់ចេញមុខការពារក្តីឱ្យលោកស្រីមួរ សុខហួ
មុនពេលដែលរូបលោកត្រូវបានជាប់ក្នុងការចោទប្រកាន់ពីគណមេធាវីពីការ
ខុសក្រមសីលធម៌ហើយអាចឈានទៅបាត់បង់អាជីពបានអះអាងពីសេរីភាព
គ្រប់គ្រាន់ក្នុងការប្រកបមុខវិជ្ជាជីវៈមេធាវី ហើយបានបញ្ជាក់ថាការសម្រេច
ឈប់ការពារក្តីឱ្យលោកស្រីមួរ សុខហួ គឺជារឿងផ្ទាល់ខ្លួន។

លោក គង់ សំអុន បាននិយាយថា៖

“ក្នុងករណីរបស់លោកជំទាវ មួរ សុខហួ និងឯកឧត្តម ហូ វ៉ាន់ ខ្ញុំបានឈប់
ការពារហើយខ្ញុំបានជូនដំណឹងទៅតុលាការហើយ។ នេះអាចថា ជារឿងផ្ទាល់
ខ្លួនទេ ពីព្រោះយើងថ្លឹងថ្លែងពីកាលៈទេសៈទៅ ហើយក៏សម្រេចថា ធ្វើបែប
ហ្នឹង។ អញ្ចឹងយើងគិតថា ជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៅចុះ”។

លោកគង់ សំអុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្តឹងពីបទបរិហារ
កេរ្តិ៍ក្នុងពេលនៅជាមេធាវីតំណាងឱ្យលោកស្រីមួរ សុខហួនិងលោកហូ វ៉ាន់
តំណាងរាស្រ្តគណបក្សសម រង្ស៊ី ប៉ុន្តែបានទំលាក់ចោលវិញបន្ទាប់ពី លោក
បានសរសេរសំបុត្រសុំទោស។ លោកគង់ សំអុនក៏ត្រូវគណមេធាវីកម្ពុជា
កំពុងពិនិត្យមើលលើករណីរំលោភ ក្រមសីលធម៌ក្នុងពេលដែលតំណាងឱ្យ
កូនក្តី ទាំងពីរដែលជាអ្នកនយោបាយទាំងពីររូបនេះ។

ជម្រើសមួយទៀតរបស់លោកស្រីមួរ សុខហួ ក្នុងការស្វែងរកការការពារផ្លូវ
ច្បាប់គឺលោក មេធាវីសុខ សំអឿ ប្រធានអង្គការក្រុមអ្នកការពារច្បាប់
កម្ពុជាប៉ុន្តែត្រូវបានខកខានទៅវិញ។

លោកសុខ សំអឿនអះអាងថា អង្គការរបស់លោកធ្វើការខាងផ្នែកការពារ
ជនក្រីក្រក្នុងបណ្តឹងបទល្មើសព្រហ្មទណ្ឌ ករណីរឿងក្តីរដ្ឋប្បវេណី ដូចជា
អាពាហ៍ពិពាហ៍ និងគ្រួសារ និងរឿងទំនាស់ដីធ្លីជាដើម ហើយលោកស្រី
មួរ សុខហួមានលក្ខណៈមិនគ្រប់គ្រាន់តាមតម្រូវការរបស់អង្គការ។

លោក សំអឿនមានប្រសាសន៍ថា៖ “គាត់មានថវិកាសម្រាប់ជួលមេធាវី
ដូច្នេះគាត់អត់ចូលក្នុងក្រទេហើយទីពីរតាមដែលខ្ញុំដឹង នៅក្នុងគណបក្ស
សម រង្ស៊ីហ្នឹង មានមេធាវីដែលជាសមាជិករបស់គណបក្សសម រង្ស៊ីច្រើន
ណាស់។ គេទាំងអស់នោះ ខ្ញុំគិតថា គេអាចធ្វើការដើម្បីឧត្តមគតិគេ ឬក៏
មានប្រយោជន៍គណបក្ស ហេតុដូច្នេះបើគាត់លើកឡើងថាអត់មានមេធាវី
ការពារ វាអត់សមហេតុសមផលដែលថាគ្មានមេធាវីណាមួយហ៊ានការ
ពាររឿងគាត់”។

រឿងក្តីចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលធ្វើឡើងដោយលោកហ៊ុន សែន
នាយករដ្ឋមន្រ្តី ប្រឆាំងលោកស្រី មួរ សុខហួ គ្រោងនឹងបើកសវនាការនៅ
ថ្ងៃសុក្រទី ២៤ខែកក្កដានេះ។

លោកស្រី មួរ សុខហួបានយល់ឃើញថា វាជាការបាត់បង់នូវយុត្តិធម៌មួយ
ផ្នែកតាំងពីដំបូងទី សម្រាប់លោកស្រី ដែលមិនមានមេធាវីការពារក្តី ក្នុង
អំឡុងពេលសវនាការ ព្រោះការងារការពារតាមផ្លូវច្បាប់ទាមទារអ្នកដែល
មានជំនាញ។

លោកស្រីបាននិយាយថា៖

“ខ្ញុំអត់មានមេធាវីដោយសារស្ថានការណ៍នយោបាយនេះខ្ញុំ យល់ឃើញ
ថា ជាការរាំងស្ទះក្នុងការដែលខ្ញុំត្រូវទទួលការការពារនៅចំពោះមុខច្បាប់
ការពារនៅពេលមានសវនាការ តុលាការនេះ គឺជាការមួយមិនអាចឱ្យខ្ញុំ
ទទួលបាននូវយុតិ្តធម៌ទេ”។

លោក គង់ សំអុន អតីតមេធាវីរបស់លោកស្រីមួរ សុខហួបានបកស្រាយ
ថា តាមផ្លូវច្បាប់លោកស្រី អាចការពារខ្លួនដោយខ្លួនឯងបានដោយមិន
ចាំបាច់មានមេធាវីទេ ដោយសារតែវាមិនមែនជាបទល្មើសធ្ងន់ធ្ងរ។

លោកសំ អុនបានពន្យល់ថា៖ “ក្នុងករណីរបស់គាត់វាជារឿងមជ្ឈឹម ក្នុង
បទល្មើសមជ្ឈឹមហ្នឹង មិនចាំបាច់មានមេធាវីក៏បានដែរ ប៉ុន្តែបើបទឧក្រិដ្ឋ
បានគេត្រូវការរកមេធាវី។ បទមជ្ឈឹមជាបទមធ្យម ហើយបទលហុ ជាបទ
ស្រាលតូចតាច។ អញ្ចឹងពីបទមជ្ឈឹមមកលហុហ្នឹងមិនចាំបាច់មានមេធាវី
ក៏បានដែរ ចង់មានក៏បាន ចង់មិនមានក៏បានស្រេចលើបុគ្គល”។

លោក ហ៊ុន សែន បានប្តឹងលោកស្រី មួរ សុខហួ បន្ទាប់ពីលោកស្រីបាន
ទាមទារឱ្យលោកនាយករដ្ឋមន្ត្រីធ្វើការ សុំទោសចំពោះអត្ថាធិប្បាយ ដែល
លោកបានធ្វើនៅក្នុងវេទិកាមួយនៅខេត្តកំពត ដែលលោកស្រីយល់ថា
ប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី និងស្ត្រីខ្មែរដទៃទៀត។

គណមេធាវីកម្ពុជាដែលជាស្ថាប័នមួយផ្តល់ការទទួលស្គាល់មេធាវីនៅកម្ពុជា
និងផ្តល់ការបណ្តុះបណ្តាលដល់មេធាវីបានទទួលការរិះគន់ថា បានបន្ទន់
ទៅតាមសម្ពាធនយោបាយនៅពេលដែលមានរឿងនយោបាយធំៗកើត
ឡើង៕ ចប់

XS
SM
MD
LG