មានយប់ខ្លះទាហានអាវខ្មៅរបស់ក្រុមប៉ុល ពតបានតាមចាប់លោកស្រីជា ម៉ារី
ដើម្បីយកទៅធ្វើបាប។ រាល់ពេលដែលបានឃើញក្រុមនោះមកម្តងៗលោក
ស្រីព្យាយាមរត់ឱ្យបានឆ្ងាយចេញពីពួកគេ ហើយរត់ រត់យ៉ាងពេញទំហឹង គឺ
រត់ទាល់តែភ្ញាក់ពីដំណេក។
សុបិន្តអាក្រក់បែបនេះ តែងតែតាមមកលង លោកស្រី ម៉ារី អតីតជនរងគ្រោះ
ដោយរបបខ្មែរក្រហមជាប្រចាំ បើទោះបីជារបបនោះបានដួលរលំទៅអស់ជាង
៣៤ឆ្នាំក៏ដោយ ហើយបើពេលនេះ គាត់កំពុង រស់នៅក្នុងសហរដ្ឋអាមេរិក តែ
ពេលគាត់ភ្ញាក់ពីដំណេកភ្លាមៗដោយសារតែសុបិន្តអាក្រក់បែបនេះ គាត់តែង
មានអារម្មណ៍ថាគាត់កំពុងរស់នៅប្រទេសកម្ពុជានៅក្នុងចំណោមហ្វូងកងឈ្លប
ឃាតករបស់ខ្មែរក្រហម។
លោកស្រីបានមានប្រសាសន៍ថា៖"ពេលគេងខ្ញុំតែងតែឃើញពួកប៉ុល ពត ចេះ
ដេញចាប់ខ្ញុំ ហើយចេះតែរត់ រត់ៗដល់ភ្ញាក់ឡើងងាករកសម្លឹងមើលថាខ្ញុំនៅ
ឯណា? ខ្ញុំនៅប៉ុល ពត ឬខ្ញុំនៅអាមេរិក មិនដឹងថាខ្លួនឯងនៅទីណា នៅតែ
គិតថាខ្លួនឯងនៅជាមួយប៉ុល ពត។ ខ្ញុំមកដល់នេះហើយនៅតែខ្លាច"។
ឱពុករបស់លោកស្រី ម៉ារីត្រូវបានខ្មែរក្រហមសម្លាប់ដោយដុតទាំងរស់។ ម្តាយ
និងបងប្អូនស្រី-ប្រុស៧នាក់ ក៏ស្លាប់បាត់បង់ជីវិត តែក្នុងរយៈពេលមិនដល់
បួនឆ្នាំនៃការកាន់កាប់អំណាចដ៏ឃោឃៅរបស់ក្រុមប្រល័យពូជសាសន៍ខ្មែរ
ក្រហម។
នេះជាការរៀបរាប់ត្រួសៗរបស់លោកស្រី ម៉ារី ពេលដាក់ពាក្យប្តឹងទៅតុលាការ
ខ្មែរក្រហមក្នុងនាម ជាដើមបណ្តឹងរដ្ឋប្បវេណី នៅឯកម្មវិធីជួបជុំរបស់ពលរដ្ឋ
ខ្មែរ-អាមេរិកកាំងក្នុងទីក្រុងអាលីងតុន រដ្ឋVirginia កាលពីថ្ងៃអាទិត្យនេះ
ដោយមានការរៀបចំពី វិទ្យាស្ថានសម្រាប់ការអនុវត្តការស្រាវជ្រាវសង្គមនៃ
កម្ពុជា ជាមួយនឹងសមាគមខ្មែរ-អាមេរិកកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជា
ធិបតេយ្យ។
យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយលោកស្រីបណ្ឌិតនូ លក្ខិណា
សាស្រ្តាចារ្យសង្គមវិទ្យានៃសាកលវិទ្យាល័យ ក្រុងឡុងប៊ិច សុបិន្តបែបនេះតែង
តែ កើតមានជាប្រចាំទៅលើជនរងគ្រោះពីរបបខ្មែរក្រហម ហើយជាលទ្ធផល
បានបង្កឱ្យមានការមិនទុក្ខចិត្តគ្នា នៅក្នុងចំណោមសហគមន៍ខ្មែរ នៅអាមេរិក
និងកម្ពុជា។
ករណីលោកស្រី ជា ម៉ារី គឺជាឧទាហរណ៍ប្រច្រក្សមួយ។ លោកស្រីមិនជឿអ្នក
ណាទាំងអស់សូម្បីតែប្តីរបស់ខ្លួនឯង ហើយគិតថា មនុស្សទាំងអស់សុទ្ធតែ
អាក្រក់។
លោកស្រីបានបន្តថា"មីងមិនជឿទុកចិត្តគេទេ សូម្បីតែមិត្តភ័ក្រ ហើយនិយាយ
ឱ្យត្រង់សូម្បីតែប្តីខ្លួនឯងក៏ដោយ មីងតែងតែគិតថាមនុស្សទាំងអស់អាក្រក់"។
ការស្រាវជ្រាវនេះបន្តទៀតថាភាគច្រើននៃអ្នករងគ្រោះទាំងនោះពុំអាចនិយាយ
ចេញមកនូវព្រឹត្តិការណ៍អាក្រក់ទាំងអស់ប្រាប់គេឯងឱ្យបានដឹងទេ ហើយបន្ត
ការឈឺចាប់ទាំងស្ងៀមស្ងាត់។
ក៏ដូចគ្នានេះដែរ ម៉មសុធាដែលកាលជំនាន់ខ្មែរក្រហមកាន់អំណាច មានអាយុ
តែ៧ឆ្នាំប៉ុណ្ណោះត្រូវបានបង្ខំឱ្យធ្វើការធ្ងន់ធ្ងរដូចមនុស្សធំ ហើយបានឃើញនូវ
ការធ្វើទារុណកម្ម និងការកាប់សម្លាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលគាត់រស់
នៅ។ ៣៤ឆ្នាំហើយដែលសុមេធាមិនដែលបានពិភាក្សាអំពីព្រឹត្តិការណ៍នោះជា
មួយអ្នកណាឡើយ តាមរយៈវេទិការនោះគឺជាលើកទីមួយហើយដែលគាត់មាន
ឱកាសបាននិយាយរៀបរាប់ដោយចំហរអំពីព្រឹត្តិការណ៍នោះ ប៉ុន្តែព្រឹត្តិការណ៍
ព្រៃផ្សៃនោះហាក់ដូចជានៅស្រស់ៗនៅឡើយសម្រាប់គាត់។
លោក ម៉ម សុធា និយាយថា៖ "ការធ្វើទារុណកម្មគឺមានច្រើនណាស់ ទីមួយគេ
នឹងលើកជា គេហៅថា មីទីង មីទីងទៅប្រជុំ កោះហៅអ្នកភូមិ អ្នកផងមកជា
មួយទៅប្រជុំហ្នឹងគេតែងតែ រំលឹកពីអង្គការរបស់គេសំខាន់ បន្ទាប់មកគេយក
មនុស្សមកប្រឈមមុខដើម្បីជាភស្តុតាងស្អីមិនដឹងទេ កាលនោះ ខ្ញុំនៅក្មេង
ណាស់ ហើយគេចោទប្រកាន់ថា យើងជាអ្វីមួយស្រេចតែគេ ដោយឥតមាន
ភស្តុតាងបញ្ជាក់ថាយើងធ្វើអ្វីខុស គេចោទយើង អញ្ចឹងហើយគេវាយយើង
សម្លាប់យើងនៅមុខ ប្រជាពលរដ្ឋខ្មែរដូចគ្នា ដើម្បីជាគំរូ"។
ម្តាយនិងបងស្រីពីរនាក់របស់សុមេធាត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម ដោយ
សារការខ្វះខាតម្ហូបអាហារទទួលទាននិងឈឺមិនមានថ្នាំព្យាបាល។ សុមេធា
ក៏ជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្ប
វេណី តាមរយៈវិទ្យាស្ថានសម្រាប់ការអនុវត្តការស្រាវជ្រាវសង្គមនៃកម្ពុជា។
រហូតមកដល់ពេលនេះ វិទ្យាស្ថានទទួលបណ្តឹងបាន៣៥ក្នុងនេះ មានបណ្តឹង
តាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ហើយសម្រាប់ដាក់ទៅតុលាការខ្មែរក្រហម
ហើយការខិតខំកំពុងតែធ្វើជាបន្តទៀត មុននឹងកាលបរិច្ឆេទចុងក្រោយនៅខែ
មករា ឆ្នាំ២០១០។ អ្នកទីបីដែលបានដាក់ពាក្យប្តឹងក្នុងនាមជាដើមបណ្តឹងរដ្ឋ
ប្បវេណី គឺលោកស្រី នៅ សារឹម បុគ្គលិកការផ្សាយវិទ្យុសម្លេងសហរដ្ឋអាមេរិក
ដែលបានជាប់នៅមន្ទីរបឹងត្របែក របស់ពួកខ្មែរក្រហមបន្ទាប់ពីវិលត្រឡប់ពី
ការសិក្សានៅប្រទេសបារាំងវិញ។ លោកស្រីក៏បន្ថែមប្តឹងធ្វើជាសាក្សីដល់
សាលាក្តីនេះផងដែរ។
លោកស្រីបណ្ឌិត នូ លក្ខិណា បញ្ជាក់ថាភាគច្រើននៃពាក្យបណ្តឹងនោះគឺ
ប្រភេទជាអ្នកប្តឹង ដោយហេតុថាមានពលរដ្ឋខ្មែរ-អាមេរិកកាំងនៅព្រួយបារម្ភ
ពីសុវត្ថិភាពបងប្អូននៅប្រទេសខ្មែរខ្លាចមានការតាមយាយីធ្វើបាប ជាពិសេស
អ្នកដែលមានចំណេះដឹងតិចតួច។
លោកស្រីមានប្រសាសន៍ថា៖ "គាត់ខ្លាច ពីព្រោះគាត់ខ្លាចរដ្ឋាភិបាលមកធ្វើ
បាបគាត់ ខ្លាចរដ្ឋាភិបាលទៅជាន់សិទ្ធិគាត់ហើយទៅធ្វើបាបបងប្អូនគាត់នៅ
ស្រុកខ្មែរ ហើយខ្លាចថាគេមិនឱ្យគាត់ទៅលេងស្រុកខ្មែរ។ គាត់ខ្លាចអត់បាន
ទៅលេងស្រុកខ្មែរ សំខាន់ជាងគេ"។
ក៏មានអ្នកខ្លះព្រួយបារម្ភពីការត្រូវចំណាយប្រាក់កាសចាយវាយច្រើនសម្រាប់
តស៊ូរឿងក្តី ព្រោះការដាក់ពាក្យជាដើមបណ្តឹងរដ្ឋប្បវេណីទាមទារ ឱ្យដើមបណ្តឹង
ត្រូវធ្វើដំណើរទៅចូលរួមសវនាការដោយផ្ទាល់ ក្នុងករណីតុលាការកោះអញ្ជីញ
ព្រមទាំងត្រូវរកមេធាវីសម្រាប់បំពេញការងារនេះផងដែរ។
លោក យ័ប គឹមទុង ប្រធានសមាគមខ្មែរ-អាមេរិកកាំងដើម្បីសិទ្ធិមនុស្សនិង
លទ្ធិប្រជាធិបតេយ្យបានប្រាប់ក្រុមអ្នកចូលរួមថាប្រសិនបើអ្នកដាក់ពាក្យណា
ម្នាក់ត្រូវតុលាការកោះអញ្ជើញ ឱ្យទៅឆ្លើយនៅតុលាការ ខាងសមាគមនឹងជួយ
ស្វែងរកមូលនិធិសម្រាប់ជួយដល់ការធ្វើដំណើរនោះ។
លោកបានបញ្ជាក់ថា៖ "ខ្ញុំចង់ឃើញខ្មែរ-អាមេរកាំងឱ្យបានចូលរួមការកាត់
ទោសខ្មែរក្រហម ម៉្លោះហើយបើសិនជាខ្មែរ-អាមេរិកកាំង ជាពិសេសអ្នកនៅ
ម្តុំ វ៉ាស៊ីងតោន ឌីស៊ី ចង់ដាក់ពាក្យជាដើមបណ្តឹងរដ្ឋប្បវេណី ហើយបើសិនគេ
ហៅទៅភ្នំពេញ ដើម្បីជាសាក្សី ខ្ញុំនឹងទាក់ទងជាមួយ សមាគមយើងខ្ញុំដើម្បី
ជួយរៃលុយដើម្បីជួយបុគ្គលនោះទៅ ដើម្បីសម្រួលការធ្វើជាសាក្សីនេះ"។
លោក គឹម ទុងក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរ-អាមេរិកកាំងបន្តដាក់ពាក្យប្តឹង
បន្ថែមទៀតផងដែរ។ នាពេលបច្ចុប្បន្ននេះ តុលាការខ្មែក្រហម កំពុងដំណើរ
ការកាត់ទោស កាំង ហ្គេចអៀវ អតីតមេគុកទួលស្លែង ដែលជាសំណុំរឿង
លេខ០០១ ហើយករណីសំណុំរឿងលេខ០០២ ដែលមានជនសង្ស័យនួន ជា
ខៀវ សំផន អៀង សារី និង អៀង ធិរិទ្ធិនឹងដំណើរការនៅពេលក្រោយ ហើយ
ការប្រមូលពាក្យបណ្តឹងនៅមិនទាន់បញ្ចប់នៅឡើយទេ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងលោកស្រីសាស្រ្តាចារ្យ
នូ លក្ខិណាតាមអាសយដ្ឋានអ៊ីម៉េល asric.apa@nyu.edu៕ ចប់