ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Amnesty International:  កុំឲ្យរុះផ្ទះពលរដ្ឋដោយបង្ខំ


មួយថ្ងៃមុនឱសានវាទ ដែលតម្រូវឲ្យប្រជាពលរដ្ឋក្រុម៧៨ សង្កាត់ទន្លបាសាក់
ខណ្ឌចំការមនរុះរើផ្ទះសម្បែងនោះ អង្គការលើកលែងទោសអន្តរជាតិ បាន
សម្តែងការព្រួយបារម្ភផែនការនេះអាចបង្កឲ្យមានអំពើហឹង្សា និងមនុស្សធម៌
ដូចការបណ្តេញប្រជាពលរដ្ឋសំបុកចាប កាក អំពៅ ភូមិ១៥ ជាដើម។ អង្គការ
នេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ ជាបន្ទាន់នូវឱសានវាទបង្ខំប្រជា
ពលរដ្ឋក្រីក្រក្រុម៧៨ដែលនៅសល់រុះរើផ្ទះសម្បែងរបស់ខ្លួន។ អង្គការនេះបាន
ទទួលព័ត៌មានថា សាលាក្រុងត្រៀម កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ៧០០
នាក់សម្រាប់អនុវត្តឱសានវាទនេះ។

លោកអ៊ុច សុខុន អធិការប៉ូលិសខណ្ឌចំការមន សុំឲ្យសួរទៅថ្នាក់លើរបស់
លោក។ “បងទាក់ទងទៅលោកស្នងការណាបង ព្រោះអាហ្នឹងការងារបក្រុង។​
ខាងក្រុងអ្នកធ្វើណាបង”។

ក៏ប៉ុន្តែលោក ម៉ាន់ ឈឿន អភិបាលរងរាជធានីភំ្នពេញបានអះអាងថា នឹងមិន
មានការរុះរើផ្ទះដោយបង្ខំទេពីព្រោះពលរដ្ឋក្រុម៧៨ស្ទើរតែគ្រប់គ្រួសារបាន
ស្ម័គ្រចិត្តទទួលយកគោលនយោបាយដែលមានបួនជម្រើសគឺ៨ពាន់ដុល្លារ
៥ពាន់ដុល្លារ និងដីមួយកន្លែង ឬផ្ទះនៅត្រពាំងអញ្ចាញ ក្រៅរាជធានីភ្នំពេញ។

“និយាយដេញមិនត្រូវទេ ព្រោះឥឡូវស្ម័គ្រយកអស់ហើយ មានរឿងអីដេញ
ទៀត? ឥឡូវនេះនេះនៅជុំវិញខ្ញុំ។ នេះនៅពេញទីនេះ។ បាទ ជម្រាបដោយ
ត្រង់ទៅមានអ្នកទៅចាក់ក្រឡេកច្រើនថាដីឡើងថ្លៃអីអញ្ចឹងទៅ”។

អង្គការលើកលែងទោសអន្តរជាតិអះអាងថា ក្នុងជំនួបពិភាក្សាអំពីសំណង
សាលាក្រុងមិនអនុញ្ញាតិឲ្យភាគីប្រជាពលរដ្ឋក្រុម៧៨ចេញយោបល់ទេ ក៏ប៉ុន្តែ
លោកអភិបាលរងបានបដិសេធការអះអាងនេះ។

“ជជែកគ្នាឈ្លោះគ្មាពេញទីហ្នឹង។ ប្រជាធិបតេយ្យនោះវា លើសណាណីទៅ
ហើយ។ ឥឡូវនេះបងប្អូនគាត់មកតស៊ូគ្នាជជែកគ្នាឆ្អែតឆ្អន់ទៅហើយ។ឥឡូវ
នេះបងប្អូនគាត់សុខចិត្តយក៨ពាន់ដុល្លារទៅរកផ្ទះខ្លួនឯង។ ខ្ញុំមិនទាន់សរុប
ទេប៉ុន្តែមើលទៅដូចសឹងតែទាំងអស់ទៅហើយ ”។

លោកលឹម សម្បួរ អ្នកតំណាងសហគមន៍ក្រុម៧៨បាននិយាយថាប្រជាជន
ស្ទើរតែទាំងអស់ត្រូវបង្ខំចិត្តទទួលយកសំណងដ៏ស្តួចស្តើងនេះ ពីព្រោះគ្មាន
ជម្រើសហើយទាល់ច្រក។

លោកនិយាយថា ក្នុងការចរចាទាមទារសំណងសាលាក្រុងមិនស្តាប់មតិប្រជា
ពលរដ្ឋទេ។

“ទៅប្រជុំជាមួយគេ គេអត់ឲ្យនិយាយដែរហ្នឹងបងអើយ។ គេនិយាយតែគេ។
យើងនិយាយគេថា គេដឹងហើយៗ។ វាចប់ត្រឹមប៉ុនហ្នឹង”។

លោកនិយាយថា លោកក៏ដូចប្រជាជនភាគច្រើន ត្រូវតែស្ម័គ្រចិត្តដោយបង្ខំ
ព្រមទទួកយកសំណងពីព្រោះអ្នកតំណាងភាគច្រើនត្រូវអាជ្ញាធរទិញទឹកចិត្ត
បានយូរហើយ។ លោកនិយាយថា នៅសល់តែប្រហែល៧ ឬ៦គ្រួសារប៉ុណ្ណោះ
ដែលមិនទទួលយកសំណងនេះ។

“ខ្ញុំយកខ្ញុំទទួលលុយហើយ។ គេឲ្យតែ៨ពាន់ទេបងអើយ។ ខ្ញុំសុំគេថាឲ្យដីមួយ
ឡូដ៍តែដីនោះមិនដឹងអង្កាលទេ។ ស្ម័គ្រខ្ញុំអត់ស្ម័គ្រទេ។ខ្ញុំបើមានផ្ទះ នៅកន្លែង
ណានៅក៏ខ្ញុំទុកឲ្យឈូសដែរ។ មកពីខ្ញុំអស់ជម្រើសហើយ។ ខ្ញុំខ្លាច គេធ្វើដូចដី
ក្រហមផ្ទះសម្បែងអីម៉ដ្ឋអស់។ អ្នកតំណាងចាស់សាលាក្រុង ទិញបានអស់យូរ
ណាស់ហើយ នៅសល់តែខ្ញុំមួយ លឹម សម្បួរហ្នឹង”។

លោកម៉ាន់ ឈឿនអះអាងថា ផែនការព្រឹកនេះមិនមានការរុះផ្ទះប្រជាពលរដ្ឋ
ដោយបង្ខំទេ។

“ប្រហែលជាស្អែកនេះយើងនឹងសម្រួលឲ្យទៅជាការបង្ហាញនូវអ្វី ដែលជា
មនុស្សធម៌វិញយើងជួយរុះផ្ទះគាត់ ពីព្រោះឥឡូវរុះបណ្តើរៗ។មានអ្នកខ្លះថា
រុះមិន ទាន់អញ្ចឹងណាមិនមែនរុះដោយបង្ខិតបង្ខំអីទេ”។

ពីដំបូងប្រជាពលរដ្ឋក្រុម៧៨មាន១៣៤គ្រួសារ ក៏ប៉ុន្តែការប្រកាសដាក់ឱសាន
វាទជាច្រើនដងដោយសាលាក្រុងឲ្យពួកគាត់រុះផ្ទះ បានធ្វើឲ្យគ្រួសារ ដែលបាក់
ស្បាតដោយឃើញអំពើហឹង្សាបង្ខំដេញសហគមន៍កាកអំពៅ សំបុកចាប ដី
ក្រហមកន្លងមកនោះ បានបង្ខំចិត្តទទួលយកសំណងតិចតួចជាបណ្តើរៗ។
មានការ ដាក់កម្លាំងព័ទ្ធតំបន់នេះស្ទើរតែគ្រប់ពេលដែលមានការប្រកាសឲ្យ
ពួកគាត់រើ ផ្ទះ។

លោកម៉ាន់ ឈឿនមានប្រសាសន៍ថា ពលរដ្ឋទាំងនេះរស់នៅលើដីចំណីផ្លូវក្នុង
តំបន់រដ្ឋបាល ដែលចាំបាច់ត្រូវអភិវអភិវឌ្ឍន៍ធ្វើផ្លូវលូស្ពានឆ្លងទៅកោះពេជ្រ។
លោកនិយាយថាជៀសមិនរួចទេការអភិវឌ្ឍន៍អាចមានការប៉ះ ពាល់។

“ឥឡូវទីក្រុងយើងស្អាតណាស់ដោយសារការអភិវឌ្ឍន៍ ហើយពាក្យថាអភិវឌ្ឍន៍
ប៉ះហើយប៉ះបន្តិចបន្តួចចៀសមិនរួចទេ។ប៉ុន្តែសំខាន់ត្រង់ថា យើងធ្វើឬអត់?”។

លោកហ៊ុយ ឆ ជំនួយការក្រុមហ៊ុនSuor Srunដែលអភិវឌ្ឍន៍តំបន់នេះនិយាយ
ថា “ដីនេះជាដីចំណីផ្លូវរបស់ក្រុងទេបង។ អត់ពាក់ព័ន្ធក្រុមហ៊ុនSuor Srunទេ។
ក្រុមហ៊ុន Suor Srun ប្រគល់ឲ្យសាលាក្រុងធ្វើផ្លូវហ្នឹងប៉ុន្មានឆ្នាំ ហើយ ”។

លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃគណៈកម្មការអប់រំច្បាប់សម្រាប់សហគមន៍ ដែលផ្តល់មេធាវីការពារក្តីឲ្យពលរដ្ឋក្រុម៧៨នេះ និយាយថា “យ៉ាងហោច
ណាស់មកដល់ល្ងាចនេះនៅសល់ប៉ុន្មានគ្រួសារទៀតមិនទាន់ព្រមទេ។ អ្នក
ដែលព្រមធ្វើទាំងបង្ខំ។ ខ្ញុំសូមឲ្យអាជ្ញាធរកុំប្រើកម្លាំងបណ្តេញអ្នកមិនស្ម័គ្រ
ឲ្យសោះ ព្រោះពួកគាត់ជាភោគីស្របច្បាប់”។

ក្រៅពីអង្គការសិទ្ធិមនុស្សធនាគារពិភពលោកដែលបានឲ្យលុយរដ្ឋាភិបាល
ខ្ចីលុយ ក៏បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្តេញពលរដ្ឋ ដោយ
បង្ខំឲ្យចេញពីតំបន់មានជម្លោះក្នុងទីក្រុងដែរ៕ ចប់

XS
SM
MD
LG