ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយឆ្នាំក្រោយឃាតកម្មសម្លាប់ លោកឃឹមសំបូរ សារព័ត៌មានមនសិកាខ្មែរបិទ


៣៦៥​ថ្ងៃ​ក្រោយ​ពីមាន​ឃាតកម្ម​សម្លាប់​លោក​ឃឹម ​សំបូរ​មក​នោះ​ ​សារ​ព័ត៌មាន​មនសិកាខ្មែរ​ ដែលលោក​បាន​សរសេរ​អត្ថបទ​អំពី​អំពើ​ពុករលួយ​ អយុត្តិធម៌​សង្គម​ជាដើម​ កាល​ពី​លោក​នៅ​រស់នោះ​ បានបាត់​មុខ​ពី​តូប​លក់​កាសែត​នៅ​កម្ពុជា​ តាំង​ពី​ថ្ងៃ​សុក្រ​មក។

មក​ដល់​ថ្ងៃ​នេះ​គឺ​៣៦៧​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​យ៉ាង​យឺតៗ​សម្រាប់​អ្នក​រង់ចាំ​យុត្តិធម៌​ ​ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​ឃាតករ​នៅ​ឡើយ​ផ្ទុយ​ទៅវិញ​អនាគត​សារ​ព័ត៌មាន​នេះ​ប្រហែល​ជា​ត្រូវ​អស់​ជីវិត​ទៅ​វិញ។

កាល​ពី​ថ្ងៃសៅរ៍​នេះ គឺ៣៦៥​ថ្ងៃ​ក្រោយ​ពី​មាន​ឃាតកម្ម​សម្លាប់​លោក​ឃឹម​ សំបូរ​មក​ ​ ​លោក​ដាំ សិទ្ធិ​ ចាងហ្វាង​និង​ជា​និពន្ធ​នាយក​សារ​ព័ត៌មាន​មនសិកា​ខ្មែរ​បាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ខួប​មួយ​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក​ឃឹម សំបូរ​និង​អំពី​អនាគត​សារព័ត៌មាន​របស់​លោក​ទេ។​ សូម្បី​សម្លេង​របស់​លោក​ដែល​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ ​ក៏​លោក​សុំ​មិន​ឲ្យ​ចាក់​ផ្សាយ​ដែរ។ ​លោក​និយាយ​ថា"ពីព្រោះ​ខ្ញុំ​កំពុង​ជួប​ការ​លំបាក"។

ក្រោយ​ពី​បាន​បោះ​ពុម្ព​ផ្សាយ​ជាង​១០​ឆ្នាំ​ និង​ប្រឈម​មុខ​ការ​វាយ​ប្រហារ​ក្រៅ​ច្បាប់​ផង​ និង​ក្នុង​ប្រព័ន្ធ​តុលាការ​ផង​នោះ​ ​លោក​ដាំ ​សិទ្ធិ​បាន​សរសេរ​លិខិត​អរគុណ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ធានា​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ ហើយ​លោក​បាន​សន្យា​ឈប់​ចេញ​ផ្សាយ​សារ​ព័ត៌មាន​នេះ​ទៀត។​ អ្នក​យកព័ត៌មាន​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​កាសែត​របស់​លោក​១០​ឆ្នាំ​កន្លង​មក​នេះ​ធ្លាប់​បាន​រង​របួស ​ស្លាប់​ ជាប់​ឃុំឃាំង​ជាដើម។

បច្ចុប្បន្ន​នេះ​បុគ្គលិក​ខ្លះ​របស់​សារ​ព័ត៌មាន​នេះ​បាន​បាត់បង់​ការងារ​ ​ហើយ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើការ​នៅ​សារ​ព័ត៌មាន​ផ្សេង។

លោក​វង្ស ​សុភ័ក្ស ​អតីត​អ្នក​យក​ព័ត៌មាន​នៃ​សារ​ព័ត៌មាន​មនសិកា​ខ្មែរ​ បាន​និយាយ​ថា លោក​មាន​ការ​ភិតភ័យ​ តក់​ស្លុត​យ៉ាង​ខ្លាំង​ ​ក្រោយ​ពី​មាន​ឃាតកម្មសម្លាប់​លោក​ឃឹម ​សំបូរ។​ លោក​និយាយ​ថា ​"មាន​អារម្មណ៍​ភ័យ​គ្រប់​ពេល​វេលា។ ​បើ​យើង​ភ័យ​ខ្លាំង​ពេក​ ​យើង​ធ្វើការ​អត់​កើត​ ចេះ​តែ​ទុក​ការ​ភ័យ​ព្រួយ​មួយ​ឡែក​សិន​ទៅ។​ មាន​អារម្មណ៍​តក់​ស្លុត​ពី​សន្តិសុខ​ សុវត្ថិភាព​ខ្លួន​ឯង​ដែរ​ហ្នឹង​ណា​ ​ដូចជា​ខ្លាច​ជួប​រឿង​អាក្រក់​ ដូច​បង​សំបូរ​ និង​កូន​គាត់​ដែរ​ ​ពីព្រោះសន្តិសុខ​សម្រាប់​អ្នក​កាសែត​ ​វា​ផុយ​ស្រួយ​ពេក"។

លោក​បន្ថែម​ថា​ នៅ​ពេល​ជួប​គ្នា​ ​អតីត​អ្នក​យក​ព័ត៌មាន​សម្រាប់​សារ​ព័ត៌មាន​មនសិកាខ្មែរ​ តែង​តែ​សួរ​អ្នក​រួម​វិជ្ជាវ​រក​ការងារ​នៅ​អង្គការ​ព័ត៌មាន​ផ្សេង​ទៀត។ លោក​និយាយ​ថា​ ការ​បិទ​សារ​ព័ត៌មាន​នេះ​នាំ​ឲ្យ​ប្រជាជន​បាត់​ព័ត៌មាន​មួយ​ផ្នែក​ធំ។

លោក​និយាយ​ថា ​ "ហឺ ​ចេះ​តែ​ខំ​ស្វែង​រក​ការងារ​ធ្វើ​រៀង​ខ្លួន​ទៅ​ ​ពួក​ហ្នឹង​ ​ពេល​ជួប​គ្នា។​ សោក​ស្តាយ​ដែល​ប្រជា​ពលរដ្ឋ​បាត់​ព័ត៌មាន​មួយ​ផ្នែក​ធំ​ទៅ​ណា៎។​ ធម្មតា​សង្គម​ប្រជាធិប​តេយ្យ​ត្រូវ​មាន​ការ​រិះគន់​ស្ថាបនា។​ បើ​មិន​មាន​អ្នក​រិះគន់​ស្ថាបនា​ទេ​ មិន​អាច​ធ្វើ​ឲ្យ​សង្គម​ដើរ​ទៅមុខ​រលូន​ទេ"។

ពីរ​សប្តាហ៍​មុន​លោក​ និង​កូន​ប្រុស​របស់​លោក​អាយុ​២១​ឆ្នាំ​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នោះ​ ​លោក​ឃឹម ​សំបូរ​ ដែល​ប្រើ​រហសនាម​ថា​ ​ស្រីកា​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​ដែល​ថា​ ​នៅ​ថ្ងៃ​ទី២៥ ​ខែ​មិថុនា​ មន្ត្រី​ប៉ូលិស​កំពូល​ម្នាក់​បាន​ចាញ់​ល្បែង​នៅ​កាស៊ីណូ ​Le Macau ​Casino​ and ​Hotel​ ក្នុង​ស្រុក​បាវិត​ ក្បែរ

ព្រំដែន​វៀតណាម ​ចាញ់​អស់ខោ​អស់អាវ។​ ក្រោយ​ពី​ចាញ់​អស់​១០​ម៉ឺន​ដុល្លារ​កាស៊ីណូ​បាន​សង​វិញ​៥​ម៉ឺន​ដុល្លារ។​ មេ​ប៉ូលិស​នេះ​បាន​លេង​អស់​៥​ម៉ឺន​នេះ​ទៀត ​ ព្រម​ទាំង​បង្ខំ​ខ្ចី​លុយ​កាស៊ីណូ​ថែម​ទៀត។​ នៅ​ពេល​បុគ្គលិក​កាស៊ីណូ​មិន​ព្រម​ឲ្យ​ខ្ចី​ ​ មេ​ប៉ូលិស​នេះ​បាន​គំរាម​ឲ្យ​កូន​ចៅ​របស់​លោក​ចាប់​ខ្លួន។

ក្រោយពី​មាន​ឃាតកម្ម​សម្លាប់​លោក​ឃឹម សំបូរ​ និង​កូន​ប្រុស​កាល​ពី​ថ្ងៃ​ទី១១​ ខែកក្កដា​ឆ្នាំ​២០០៨​មក​នោះ​ ​Reporters ​Without ​Borders ​បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឃឹម សំបូរ​ ​ពីព្រោះ​មាន​របាយ​ការណ៍​ព័ត៌មាន

សង្ស័យ​ថា​ ​អតីត​អគ្គ​ស្នង​ការ​ប៉ូលិស​ជាតិ ​លោក​ហុក ​ឡងឌី ​ប្រហែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នោះ​ ហើយ​ថា​ ​ប៉ូលិស​បិទ​បាំង​ករណី​នេះ។​ អ្នក​សារព័ត៌មាន​ខ្លះ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​ទទួល​ព័ត៌មាន​ដែល​គួរ​ទុក​ចិត្ត​បាន​ថា​ ​លោក​ហុក ​ឡងឌី ​ប្រហែល​ជាប់​ទាក់ទង​នឹង​ឃាតកម្ម​នេះ។

ភ្នាក់ងារ ​FBI​ បាន​ចុះ​ទៅ​ធ្វើការ​ជាមួយ​មន្ត្រី​កម្ពុជា​ ​ស៊ើប​អង្កេត​រឿង​នេះ​ជាង​ពីរ​សប្តាហ៍​ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​លទ្ធ​ផល​ទេ។ ​កាល​ណោះ​មាន​ការ​អំពាវ​នាវ​ឲ្យ​FBI​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​នោះ។ ​ភរិយា​របស់​លោក​ឃឹម សំបូរ​ និង​កូនៗ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ ដោយ​សារ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​អ្នក​ដែល​នៅ​រស់។

ប្រហែល​៥ខែ​ក្រោយ​មក​លោក​ហុក ឡងឌី ​អតីត​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ ​បាន​ស្លាប់​ក្នុង​ឧបត្តិ​ហេតុ​ធ្លាក់​យន្តហោះ​បណ្តាល​មក​ពី​អាកាស​ធាតុ។

លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័ក្ស ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​អះអាង​ថា​ ​ រដ្ឋា​ភិបាល​បាន​ខិតខំ​ស៊ើប​អង្កេត​ឃាតកម្ម​នេះ​ ​ហើយ​ថែម​ទាំង​សហ​ប្រតិបត្តិការជាមួយ​ FBI​ ទៀត​ផង។​ ក៏​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លទ្ធ​ផល​ស៊ើប​អង្កេត​ទេ។ ​លោក​បាន​បដិសេធ​ការ​សង្ស័យ​ដែល​ថា​ ​ ប៉ូលិល​បិទ​បាំង​សំណុំ​រឿងឃាត​កម្ម​នេះ។

"មិនមែន​អញ្ចឹង​ទេ​ ​មិនមែន​អញ្ចឹង​ទេ​ ​ទោះជា​ពាក់​ព័ន្ធ​អ្នក​ណា​ក៏ដោយ​ គឺ​យើង​ដំណើរ​ការ​ទៅ​ទៀត។ ​បាទ ​ការ​ស៊ើប​អង្កេត​កំពុង​ដំណើរ​ការ​សុំ​អនុញ្ញាត​មិន​ទា​ន់អាច​ជម្រាប​ជូន​បាន​ទេ ​បាទ"។

លោក​បាន​បន្ថែម​ថា​ ការ​ស៊ើប​អង្កេត​មាន​ការ​លំបាក ​ដោយសារ​ខ្វះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​សាច់​ញាតិ ​ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ហើយ​នោះ។

"ដោយ​សារ​អវត្ត​មាន​ពី​គ្រួសារ​ យើង​គ្មាន​ការ​សហការ​ពី​គ្រួសារ​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កត​របស់​យើង​ជួប​ការ​លំបាក។​ សំណុំ​រឿង​ហ្នឹង​មិន​បិទ​ទេ។​ យើង​ដំណើរ​ការ​ទៅ​ទៀត។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​សមត្ថ​កិច្ច​យើង​នៅ​តែ​ដំណើរ​ការ​ការ​ស៊ើប​អង្កេត"។

លោក​ចាន់ សូវ៉េត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​អាដហុក​ដែល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ផ្ទាល់​នៅ​កន្លែង​តំកល់​សព ​និង​កន្លែង​ឃាតកម្ម​បាន​សម្តែង​ការ​ខកចិត្ត​ជាខ្លាំង​អំពី​និទណ្ឌ​ភាព​នៅ​កម្ពុជា​ដែល​កំពុង​កើន​ឡើង​នេះ។

"វា​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ហ្នឹង​ឆ្លុះ​បញ្ចាំង​ពី​និទណ្ឌ​ភាព​នៅ​ក្នុង​ស្រុក​យើង ជុំវិញ​បញ្ហា​បាញ់​សម្លាប់​អ្នក​កាសែត​ អ្នក​សារព័ត៌​មាន​ផ្សេងៗ។ ​ហើយ​និទណ្ឌ​ភាព​ៅក្នុង​ស្រុក​ខ្មែរ​យើង​ហ្នឹង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ចេះ​តែ​គរទៅៗ។​ យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​បញ្ហា​ហ្នឹង​ ក្រោយ​ពី​ស្លាប់​ហើយ​ស្ងាត់ៗ"។

លោក​រំឭក​ថា ​ អ្វី​ដែល​គួរ​ឲ្យ​តក់ស្លុត​នោះ​គឺ​ឃាតករ​មិន​បាន​ញញើត​អាជ្ញាធរ​ទេ។ គេ​ហ៊ាន​វិល​ត្រឡប់​ទៅ​ផ្តាច់​ជីវិត​កូន​ប្រុស​របស់​លោក​ឃឹម ​សំបូរ​ដែល​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​លើក​ទី​មួយ​នោះ។

លោក​ចាន់ ​សូវ៉េត​បន្ត​ថា​ លោក​មិន​អស់​ចិត្ត​ទេ​ ដែល​ប៉ូលិស​មិន​ទាន់​រក​ឃើញ​ឃាតករ​សម្លាប់​លោក​ឃឹម​ សំបូរ​ផង ​បែរ​ជា​សារ​ព័ត៌មាន​មនសិកា​ខ្មែរ​របស់​លោក​បាត់​មុខ​ពី​តូប​លក់​សារ​ព័ត៌មាន​ទៅ​វិញ។​ និទណ្ឌ​ភាព​ធ្ងន់ធ្ងរ​បែប​នេះ​មាន​ឥទ្ធិ​ពល​ជា​អវិជ្ជ​មាន​យ៉ាង​ខ្លាំង​ចំពោះ​សិទ្ធិ​មនុស្ស​ សេរីភាព​សារ​ព័ត៌មាន​និង​លទ្ធិ​ប្រជាធិប​តេយ្យ៕ ចប់

XS
SM
MD
LG