ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយរបស់អាមេរិកនឹងជួយកម្ពុជាដើរតាមប្រជាធិបតេយ្យ


ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជាមានការវិវត្តទៅមុខកាន់
តែល្អប្រសើរឡើង ដោយមានការបង្កើននូវជំនួយអភិវឌ្ឍន៍ច្រើនឡើងជាលំដាប់។ អ្នកតាមដានសភាពការណ៍មួយចំនួនយល់ថានេះជាការវិវត្តល្អប៉ុន្តែក៏បានស្នើឱ្យ
អាមេរិកកុំបំភ្លេចចោលនូវ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅ
កម្ពុជា។

ជំនួយអភិវឌ្ឍន៍ និងការចូលពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា
នឹងជួយឱ្យប្រទេស នេះដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិ
មនុស្សព្រមទាំងជាឱកាសមួយអាចជួយកែប្រែបាននូវសកម្មភាព អវិជ្ជមានមួយ
ចំនួន។ នេះបើយោងតាមការអះអាងរបស់មន្រ្តី និងអ្នកវិភាគនានាដែលបាន
ថ្លែងប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

ការថ្លែងនេះស្របពេលមានរបាយការណ៍មួយរបស់អង្គការOxfam America
ចេញផ្សាយកាលពីចុងខែមិថុនាស្នើសុំឱ្យសហរដ្ឋអាមេរិកបង្ហាញនូវគោល
បំណងច្បាស់លាស់ចំពោះជំនួយរបស់ខ្លួនមកប្រទេសកម្ពុជានិងធានាថា ជំនួយ
នោះលើកស្ទួយនិងគាំទ្រដល់សម្លេងរបស់ប្រជាពលរដ្ឋ។

ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជាបានប្រសើរឡើងជា
លំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសដោយមានការលើក
លែងបម្រាមសម្រាប់ប្រទេសកម្ពុជាក្នុងការទទួលបាន នូវជំនួយគ្រប់យ៉ាង
របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០០៧ និងការដកយកប្រទេសកម្ពុជាចេញពីក្រុម
ប្រទេសដែលប្រកាន់នយោបាយ និងសេដ្ឋកិច្ចតាមលទ្ធិម៉ាក្ស-លេនីនតាមរយៈ
សេចក្តីសម្រេចរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាកាលពីខែមុន។

រដ្ឋាភិបាល កម្ពុជាបានបង្ហាញនូវការយល់ឃើញជាវិជ្ជមានអំពីជំនួយរបស់
សហរដ្ឋអាមេរិកនិងការវិវត្តល្អនាពេលជាបន្តបន្ទាប់មកនេះដោយអះអាងថា
រាល់ជំនួយដែលសហរដ្ឋអាមេរិកផ្តល់មកឲ្យប្រទេសកម្ពុជា មានភាពច្បាស់
លាស់ ហើយស្របតាមគោលដៅអាទិភាពដែលរដ្ឋាភិបាលបានដាក់ចុះ ជា
ពិសេសជំនួយដែលផ្តល់ដល់ផ្នែកសង្គមកិច្ច។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជាបានបញ្ជាក់
ថា ជំនួយរបស់ សហរដ្ឋអាមេរិកបានផ្តល់ចំពេលដែលកម្ពុជាត្រូវការជាចាំ
បាច់។

“កន្លងមកជំនួយសហរដ្ឋអាមេរិកដាក់មក គឺថា ស្របតាមអ្វីដែលកម្ពុជាចង់
បានដូចជាវិស័យសុខាភិបាលដែលសហរដ្ឋអាមេរិកផ្តោតទៅលើជម្ងឺឆ្លង ការ
ថែទាំនិងគាំពារមាតាជាដើម ហើយជាពិសេសជម្ងឺផ្តាសាយឆ្លងនាពេលថ្មីៗ
នេះ កម្ពុជាយើងគឺត្រូវការជំនួយពីអង្គការនានាក៏ដូចជាប្រទេសជំនួយផ្សេងៗ
ដែរ ដើម្បីជួយហើយបញ្ហាវិស័យអប់រំក៏អញ្ចឹងដែរ ក៏ជាបញ្ហាអាទិភាពរបស់
រដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយដូចជាវិស័យមួយទៀតគឺការ
ដោះមីនគឺកម្ពុជាត្រូវការជាចាំបាច់ណាស់ ទៅលើជំនួយនៃបញ្ហានេះដើម្បី
បន្ថយពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នករងគ្រោះថ្នាក់ដោយសារគ្រាប់មីន”។

របាយការណ៍របស់អង្គការអុកស្វាម អាមេរិកាក៏បានទទួលស្គាល់នូវផលល្អ
ដែលបានមកពីជំនួយរបស់សហរដ្ឋអាមេរិកមកប្រទេសកម្ពុជាដូចជាការការ
ពារសិទ្ធិមនុស្សតាមរយៈការលើកកម្ពស់ជំនួយផ្លូវច្បាប់ការបង្កើនចំណូល
ក្នុងមុខរបររកស៊ី និងការចូលរួមសកម្មរបស់ពលរដ្ឋក្នុងការងារសហគមន៍។
ទន្ទឹមនឹងនេះ របាយការណ៍ក៏បានលើកឡើងនូវចម្ងល់នានាទាក់ទងនឹងការ
ផ្លាស់ប្តូរគោលជំហររបស់សហរដ្ឋអាមេរិកនេះនិងការព្រួយបារម្ភរបស់អង្គការ
សង្គមស៊ីវិលដែលធ្វើការលើផ្នែកពង្រឹងលទិ្ធប្រជាធិបតេយ្យនិងសិទ្ធមនុស្ស
ខ្លាចសហរដ្ឋអាមេរិកលែងចាត់បញ្ហានេះជាអាទិភាពទៀត។

នៅក្នុងបទសម្ភាសមួយជាមួយវីអូអេ សម្លេងសហរដ្ឋអាមេរិក លោកយ៉េង វីរៈ
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់របស់សហគមន៍ ដែលជាអង្គការ
មួយទទួលបាននូវជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ ប្រតិបត្តិការការងារ
បានអះអាងអំពីផលវិជ្ជមាននៃជំនួយរបស់សហរដ្ឋអាមេរិកទៅលើផ្នែកសិទ្ធិ
មនុស្សនិងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបានដាក់ការព្រួយបារម្ភអំពីអនាគតនៃ
ជំនួយលើផ្នែកនេះ៖

“អ្វីដែលយើងព្រួយបារម្ភគឺថា ជារយៈពេលវែងឆ្ងាយទៅមុខទៀត ការចាត់
អាទិភាពទៅលើជំនួយមួយចំនួនអាចនឹងធ្លាក់ ។ យើងនៅមានបញ្ហានៅ
ឡើយទាក់ទងនឹងការគោរពសិទ្ធិមនុស្ស ដំណើរការនៃការកសាងលទ្ធិប្រជា
ធិបតេយ្យនៅប្រទេសកម្ពុជាយើងនៅតែជាបញ្ហានៅឡើយ ដែលយើងគិត
ថា បញ្ហានេះនៅតែជាចំណុចអាទិភាព យើងបារម្ភថា បញ្ហាហ្នឹងក្រែង
លែងជាអាទិភាពរបស់សហរដ្ឋអាមេរិក ហើយតាមពិតទៅ យើងនៅត្រូវ
ការការគាំទ្ររបស់រដ្ឋដូចជាសហរដ្ឋអាមេរិក” ។

ជំនួយសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានចំនួនជាមធ្យម៤១.៥៥លាន
ដុល្លារក្នុងមួយឆ្នាំ នេះបើគិតពីឆ្នាំ២០០២ដល់២០០៧ ដោយផ្តោតភាគច្រើន
លើបញ្ហាសុខភាពជាពិសេសការព្យាបាលនិងទប់ស្កាត់ការរាលដាលជម្ងឺ
អេដស៍ និងមេរោគអេច្ហអាយវី ។ ភាគខ្លះនៃជំនួយទាំងនេះផ្តោតលើការ
ពង្រឹងនីតិរដ្ឋនិងសិទ្ធិមនុស្សអភិបាលកិច្ចល្អ និងសង្គមស៊ីវិល។

ប៉ុន្តែការព្រួយបារម្ភនេះ ត្រូវបានស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា
ធានាថា ការវិវត្តចុងក្រោយនេះនឹងពុំផ្លាស់ប្តូរចំពោះរបៀបធ្វើការរបស់
អាមេរិកទេ។

លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់
វីអូអេសម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា សហរដ្ឋ
អាមេរិក ធ្វើការទាំងជាមួយសង្គមស៊ីវិលនិងរដ្ឋាភិបាលដើម្បីឱ្យសម្រេចបាន
នូវគោលដៅដែលសហរដ្ឋអាមេរិកចង់បាន។

“យើងមានប្រវត្តិយូរណាស់មកហើយ ក្នុងការធ្វើការលើវិស័យ មួយចំនួន
ជាមួយរដ្ឋាភិបាលនិងសង្គមស៊ីវិល ហើយជាទូទៅយើងព្យាយាមស្វែងរក
វិធីសាស្រ្តសម្របសម្រួល ដូច្នេះហើយបានជានៅរាល់បញ្ហាទាំងអស់ដែល
យើងធ្វើ បើទោះបីជាវាជាបញ្ហាសិទ្ធិមនុស្ស ឬ នីតិរដ្ឋគឺយើងធ្វើការដោយ
មានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានិង ដៃគូរបស់យើងនៅក្នុង
ផ្នែកសង្គមស៊ីវិលនៅឯសហគមន៍ អង្គការក្រៅរដ្ឋាភិបាល” ។

ការអះអាងនេះត្រូវបានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាយល់ស្រប។

លោក ហង្ស ជួនណារ៉ុន អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បញ្ជាក់បន្ថែមថា ភាគច្រើននៃជំនួយទាំងនោះគឺសហរដ្ឋអាមេរិកផ្តល់
ដោយផ្ទាល់ទៅឱ្យសង្គមស៊ីវិលជាអ្នកយកទៅអនុវត្ត ដូច្នេះវាមិនមែនជា
ការគួរឱ្យបារម្ភចំពោះផ្នែកសង្គមស៊ីវិលទេ។

“អាមេរិកដែលមានការកែលម្អនេះ ប៉ុន្តែមិនមែនមានន័យថាទាត់ចោល
សង្គមស៊ីវិលទេ។ មានមតិចេះតែយល់ច្រឡំថានៅពេលដែលសហរដ្ឋ
អាមេរិកមានការកែលម្អជាមួយកម្ពុជានឹងឃ្លាតឆ្ងាយពីសង្គមស៊ីវិល មិន
អាចអញ្ចឹងបានទេ"។

គណបក្សប្រឆាំង នៅកម្ពុជាដែលតែងតែស្នើឱ្យប្រទេសម្ចាស់ជំនួយមាន
ការប្រយ័ត្នប្រយែងចំពោះជំនួយរបស់គេមកប្រទេសកម្ពុជាបានសម្តែង
នូវជំហរទន់ភ្លន់ក្នុងការផ្តល់ជំនួយឧបត្ថម្ភ របស់សហរដ្ឋអាមេរិក។

លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីដែលជាគណបក្សប្រឆាំងដ៏ធំ
ជាងគេបំផុតមើលឃើញថា ការដែលសហរដ្ឋអាមេរិកខិតមកកាន់តែជិត
ជាមួយរដ្ឋាភិបាលកម្ពុជាជាសញ្ញាល្អមួយសម្រាប់ប្រទេសកម្ពុជា ព្រោះវា
អាចជាឱកាសមួយដែលអាមេរិកជួយឱ្យដើរតាមផ្លូវត្រូវ។

“នយោបាយសហរដ្ឋអាមេរិក គឺទូលំទូលាយណាស់ គេជួយសង្គមស៊ីវិល
ផងហើយឥឡូវនេះ គេទៅជួយពង្រឹងការរៀបចំប្រទេសឱ្យបានល្អ បើរៀប
ចំប្រទេសមិនបានល្អគេមិនជួយទេ។ ទាល់តែគេផ្តល់ជាជំនួយ បានគេ
មានសិទ្ធិកែតម្រូវកែលម្អអ្វីដែលជាសកម្មភាពមិនត្រឹមត្រូវនៅក្នុង ជួរឬ
នៅក្បែររដ្ឋាភិបាល”។

ប្រទេសកម្ពុជានៅតែមានកេរ្តិ៍ឈ្មោះដិតដាមទៅដោយអំពីពុករលួយ ការ
រិតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និទណ្ឌភាព និងការជួញដូរមនុស្ស
និងផ្លូវភេទ។ ចប់

XS
SM
MD
LG