ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ុល ពត ពុំមានសិទ្ធិដោះលែងអ្នកទោសគុកទួលស្លែង


ប៉ុលពតពុំមានសិទ្ធិអ្វីនៅក្នុងការដោះលែងអ្នកទោសគុកទួលស្លែងនៅក្នុង
សម័យខ្មែរក្រហមនោះទេ។ នេះបើផ្អែកតាមសំដីរបស់កាំង ហ្គិចអ៊ាវ ហៅ
ឌុចអតីតប្រធានគុកទួលស្លែងដ៏ទារុណ។

ឌុចដែលបានលើកឡើងក្នុងសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងនៃ
សាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បត្តិ៏នេះថា ប៉ុល ពត ដែលជាមេស្ថានិកនិង
ជាមេដឹកនាំកំពូលនៃរបបខ្មែរក្រហមមានសិទ្ធិត្រឹមតែបញ្ជាឲ្យមានការរក្សា
អ្នកទោសនោះទុកតែប៉ុណ្ណោះ។

"គឺមនុស្សឲ្យតែគេសម្រេចថាជាខ្មាំងហើយគេចាប់ប្រគល់មកឲ្យស២១ហើយ
គ្មានអ្នកណាមានសិទ្ធិដោះលែងទេសូម្បីតែប៉ុល ពត ខ្លួនឯងដែលជាកំពូល
អ្នកដឹកនាំខ្មែរក្រហមនោះក៏គាត់មិនទទួលស្គាល់ថា គាត់មានសិទ្ធិដោះលែង
ដែរ។ដូច្នេះសិទ្ធិប៉ុនប៉ុល ពតទទួលសិទ្ធិខ្លួនឯងត្រឹមតែមិនឲ្យសម្លាប់ឲ្យនៅ
ត្រឹមពាក់កណ្ដាលអ្នកទោសពាក់កណ្ដាលយុទ្ធជននៅមន្ទីរស២១"។

ឌុចបានថ្លែងដូច្នេះខណៈដែលការកាត់ក្ដីទៅលើសំណុំរឿងរបស់គាត់បានផ្ដោត
ទៅលើដំណើរការនៅក្នុងមន្ទីរស២១ឬគុកទួលស្លែង។

នៅក្នុងគុកដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ឌុចនេះមានអ្នកទោសយ៉ាង
តិចចំនួន១២៣៨០នាក់ត្រូវបានសម្លាប់ចោល។

ឌុចបានរំលឹកថា ខ្មែរក្រហមបានចាប់ផ្ដើមកាប់សម្លាប់ប្រជាជនខ្មែរក្រោយពីរដ្ឋ
ប្រហាររបស់លោកលន់ ណុល ខែមិនាឆ្នាំ១៩៧០។

ការកាប់សម្លាប់ធ្វើឡើងក្នុងតំបន់រំដោះរបស់ពួកខ្មែរក្រហមដើម្បីអ្វីដែលពួកខ្មែរ
ក្រហមអះអាងថា សម្រាប់ការពារតំបន់របស់ខ្លួន។ ហើយអ្នកដែលត្រូវបាន
សម្លាប់សុទ្ធតែត្រូវចោទថាជាខ្មាំងនិងពួកគេជាភ្នាក់ងារចារកម្ម។

ប៉ុន្ដែក្រោយមកការកាប់សម្លាប់បានរីករាលដាលនៅក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់
ឆ្នាំ១៩៧៩ក្នុងអំណាចរបស់ពួកខ្មែរក្រហមហើយបានបណ្ដាលឲ្យប្រជាពលរដ្ឋ
កម្ពុជាជិតពីរលាននាក់បានបាត់បង់ជីវិត។

ឌុច អាយុ៦៦ឆ្នាំ ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាមឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
ជាតិឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្មនិងមនុស្សឃាត។ នៅក្នុងការកាត់ទោសនៅ
ថ្ងៃនេះឌុចបានលើកឡើងថា ការជម្លៀសប្រជាជនកម្ពុជាចេញពីទីក្រុងភ្នំពេញ
ដោយពួកខ្មែរក្រហមកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥គឺជាការអនុវត្តន៏នៃ
គោលនយោបាយនៃការតស៊ូវណ្ណៈ៕ចប់

XS
SM
MD
LG