ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារនៅកម្ពុជាមានបញ្ហាហិរញ្ញវត្ថុ


ធនាគារមួយចំនួននៅកម្ពុជាកំពុងមានបញ្ហាការគ្រប់គ្រងហិរញ្ញវត្ថុ និងកំពុង
ត្រូវបានតាមដានយ៉ាងដិតដល់។ នេះបើយោងទៅតាមរបាយការណ៍របស់
ធនាគារជាតិដែល ទើបតែចេញផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីពេល
ថ្មីៗនេះ។

របាយការណ៍នេះធ្វើឡើងក្រោយពេលប្រព័ន្ធធនាគារនៅអាមេរិកត្រូវដួលរលំ
ដោយសារវិបត្តិឥណទាននិងបានទាញទម្លាក់សេដ្ឋកិច្ចសកលលោកឲ្យធ្លាក់
ចូលទៅក្នុង វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលលើគ្រឹះស្ថានធនាគារ និង
ហិរញ្ញវត្ថុសរុបចំនួន៥៣គ្រឹះស្ថានបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំ
ឆ្នាំ ២០០៨និងទិសដៅការងារឆ្នាំ២០០៩ថា គ្រឹះស្ថានធនាគារភាគច្រើនមាន
ស្ថានភាពហរិញ្ញវត្ថុល្អគួរឲ្យកត់សំគាល់ និងល្អប្រសើរជាងឆ្នាំ ២០០៧។ ក៏
ប៉ុន្តែមានធនាគារខ្លះពុំទាន់អនុវត្តបានពេញលេញស្របតាមផែនការអាជីវកម្ម
ដែលខ្លួនបានចេញនៅឡើយ ហើយនៅមានគ្រឹះ ស្ថានធនាគារខ្លះកំពុងមាន
ភាពទន់ខ្សោយមួយចំនួនរួមបញ្ជូលទាំងឱនភាពដើមទុន និងប្រាក់ចំណេញ
ឥណទានមានហានិភ័យធំនិងការកាន់កាប់អចលនទ្រព្យ លើសកម្រិតកំណត់
ជាដើម។

ការវាយតម្លៃរបស់ធនាគារជាតិនេះគឺផ្អែកលើការវិភាគឯកសារទាំងឡាយរបស់
ធនាគារនីមួយៗនិងការចុះត្រួតពិនិត្យ ធនាគារដល់ទីកន្លែង។

ទោះយ៉ាងណា ធនាគារជាតិមិនបានបង្ហាញអត្តសញ្ញាណធនាគារ ដែល
ប្រឈមនឹងបញ្ហាទាំងនោះទេ ប៉ុន្តែបញ្ជាក់ថាធនាគារមួយចំនួនតូចនោះមិន
ទាន់ អនុវត្តបាន ទាំងស្រុងនូវច្បាប់និងបទបញ្ញាតិ្តប្រុងប្រយ័ត្នរបស់ធនាគារ
ជាតិ។ ច្បាប់និងបទបញ្ញាតិទាំង នោះមានដូចជា ការចាត់ថ្នាក់ឥណទាន ការ
ធ្វើសំវិធានធន ឬការរៀបចំប្រាក់ គ្រោងសម្រាប់ខាតបង់ការគណនាមូលនិធិ
ផ្ទាល់សុទ្ធ និងការគណនាអនុបាតសាធនភាព ឬភាពអាចសងបំណុលបាន
ជាដើម។

លោកសួស ចំរើន សាស្ត្រាចារ្យឯកទេសធនាគារនៃសាកលវិទ្យាល័យភូមិន្ទ
និតិសាស្រ្ត និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចបាននិយាយថា ការមិនគោរពច្បាប់
ធនាគារឲ្យបានជាប់លាប់ នឹងនាំឲ្យសាមីធនាគារ​ធ្លាក់ក្នុង​ហានិភ័យ​និងអាច
ក្ស័យធន។

“ច្បាប់របស់ធនាគារជាតិ គេបង្កើតឡើងដើម្បីពង្រឹងប្រព័ន្ធធនាគារហ្នឹងឲ្យវា
ល្អប្រសើរ។ អីចឹងបើសិនក្នុងករណីធនាគារហ្នឹងគាត់មិនអនុវត្តបានខ្ជាប់ខ្ជួន
ទេអាហ្នឹង វាប្រឈមនឹងហានិភ័យហើយ។”

អ្នកជំនាញខាងធនាគារ និងហរិញ្ញវត្ថុបានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិក
ក្នុង លក្ខណៈមិនបញ្ចេញឈ្មោះថា បញ្ហាដែលធនាគារមួយចំនួនតូចនៅកម្ពុជា
កំពុងជួប ប្រទះ ជាសញ្ញាបង្ហាញថាធនាគារទាំងនោះកំពុងមានប្រព័ន្ធដំណើរ
ការមិនល្អ ហើយ អាចឈានទៅដល់ការជំរះបញ្ជីអាជីវកម្ម ប្រសិនបើធនាគារ
នោះមិនខិតខំពង្រឹងខ្លួន ឲ្យរឹងមាំទេ។

ទោះយ៉ាងណា ធនាគារជាតិបានអះអាងថា ខ្លួនបានចាត់វិធានការភ្លាមៗដើម្បី
កែតម្រូវនិងបំពេញកង្វះខាតរបស់គ្រឹះស្ថានដែលមានចំណុចទន់ខ្សោយឲ្យមាន
ដំណើរការល្អប្រសើរឡើងវិញ។

យោងតាមច្បាប់របស់ធនាគារជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលល្មើស
នឹង ច្បាប់នឹងត្រូវដាក់ទណ្ឌកម្មដូចជា ការព្រមាន ការពិន័យជាប្រាក់ ការព្យួរ
អាជ្ញាប័ណ្ឌ និងដកអាជ្ញាប័ណ្ឌទាំងស្រុងតែម្តង។

នៅឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានជម្រះបញ្ជីធនាគារចំនួន២រួចមកហើយ
គឺធនាគារក្រៅប្រទេសទី១ និងធនាគារ វីអាយភី។ ធនាគារជាតិ បាននិយាយ
ក្នុង របាយការរណ៍របស់ខ្លួនទៀតថា ធនាគារជាតិនៅបន្តដំណើរការរៀបចំឯក
សារនិង ប្តឹងទៅតុលាការដើម្បីធ្វើការជម្រះបញ្ជីធនាគារផ្សេងទៀត។

នៅឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យធនាគារពាណិជ្ជកម្ម
ចំនួន១៤ ក្នុងនោះមានធនាគារពាណិជ្ជកម្ម៣ ត្រូវធ្វើការត្រួតពិនិត្យពិសេស
ដើម្បីតាមដាននិង វាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម។

លោក អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលត្រូវធនាគារជាតិ
ធ្វើការ ត្រួតពិនិត្យកាលពីឆ្នាំមុនបាននិយាយថា ធនាគាររបស់លោកទទួល
បានការវាយ តម្លៃ ជាវិជ្ជមាន។

“រៀងរាល់ឆ្នាំ គេមកត្រួតពិនិត្យ ហើយគេធ្វើរបាយការណ៍បញ្ជាក់ថាយើងល្អ។”

ដោយឡែក លោកPaul Freer អនុប្រធានធនាគារម៉ារ៉ូហាន់ជប៉ុនបាននិយាយ
ថា ធនាគាររបស់លោកមិនធ្លាប់ទទួលបានការត្រួតពិនិត្យណាមួយពីធនាគារ
ជាតិនោះទេ ចាប់តាំងពីបើកប្រតិបត្តិការរយៈពេល២ឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែ
លោកអះអាងថា ធនាគាររបស់លោកមិនស្ថិតក្នុងចំណោមធនាគារដែលមាន
ហានិភ័យនោះទេ។

“រហូតមកដល់ពេលនេះ យើងមិនធ្លាប់ទទួលការត្រួតពិនិត្យណាមួយទេ ។
យើងបានប្រគល់របាយការណ៍ប្រចាំថ្ងៃប្រចាំឆ្នាំ និង ប្រចាំខែដល់ធនាគារជាតិ
និងអនុវត្តតាម ច្បាប់បទបញ្ជានិងការណែនាំគ្រប់យ៉ាងរបស់ធនាគារជាតិ។
ដូច្នេះ យើងគ្មានបញ្ហា អ្វីនោះទេ។”

ទោះជាយ៉ាងណា លោក Qimiao Fan នាយកធនាគារពិភពលោកប្រចាំកម្ពុជា
បានប្រាប់VOA សម្លេងសហរដ្ឋអាមេរិក ក្នុងបទសម្ភាសផ្ទាល់ថាការចុះខ្សោយ
នៃសេដ្ឋ កិច្ចកម្ពុជាបានប៉ះពាល់ដល់ការលូតលាស់របស់វិស័យធនាគារក្នុង
ប្រទេស ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ដែលធនាគារជាតិត្រូវតាមដាន
យ៉ាងដិតដល់ចំពោះប្រតិបត្តិការរបស់ធនាគារនានាដើម្បីគេចផុតពីហានិភ័យ។

នាពេលបច្ចុប្បន្ននេះ ធនាគារពិភពលោកកំពុងផ្តល់ជំនួយផ្នែកបច្ចេកទេស
ដើម្បីសិក្សាលំអិតអំពីលទ្ធភាពបង្កើតឲ្យមានការិយាល័យព័ត៌មានឥណទាន
នៅកម្ពុជា ក្នុងពេលឆាប់ៗក្នុងគោលបំណងជួយឲ្យប្រព័ន្ធធនាគារកាត់បន្ថយ
ហានិភ័យ នៅ ក្នុងការផ្តល់ឥណទានរបស់ខ្លួន។

ធនាគារពិភពលោក កាលពីខែមីនាបានវាយតម្លៃថា មានធនាគារកម្ពុជា
យ៉ាងហោច ណាស់ពីរ មានឥណទានខកខានមិនបានសងតាមពេលវេលា
កំណត់កាន់ តែច្រើន ឡើង ដែលអាចធ្វើឲ្យធនាគារនោះមានបញ្ហាហិរញ្ញ
វត្ថុ។ ស្របពេលជាមួយគ្នានោះ មូលនិធិរូបិយវត្ថុអន្តរ ជាតិក៏បានវាយតម្លៃ
ផងដែរថា មានធនាគារខ្មែរ ៣ ឬ ៤ មានហានិភ័យខ្ពស់៕ ចប់

XS
SM
MD
LG