វ៉ាស៊ីនតោន — គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១បន្ទាប់ពីមានការទន្ទឹងរង់ចាំជាយូរ។
សេចក្តីស្នើច្បាប់S-3052នេះត្រូវបានស្នើឡើងដោយលោក Ed Markey សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋMassachusetts កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ក្នុងគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះក៏តម្រូវឲ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណាដែលរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយការបង្កកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិកនិងមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
លោក Bob Menendez ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានក្រោយពីអនុម័តសេចក្តីស្នើច្បាប់នេះថា៖
«ខ្ញុំគិតថានេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងធំសម្បើមក្នុងការជួយពលរដ្ឋកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកសាងស្ថាប័នប្រជាធិបតេយ្យនិងស្វែងរកសន្តិភាព។ វាក៏បង្ហាញថាសហរដ្ឋអាមេរិកចូលរួមចំណែកក្នុងកិច្ចការនេះផងដែរ»។
សេចក្តីស្នើច្បាប់S-3052នេះក៏ស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមដានពិនិត្យមើលសកម្មភាពរបស់យោធាចិននៅកម្ពុជាផងដែរ ក្នុងនោះមានការសាងសង់ពង្រីកមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនិងនៅអាកាសយានដ្ឋានតារាសាគរនៅក្នុងខេត្តកោះកុង។ការណ៍នេះដោយសារអ្នកតាក់តែងច្បាប់បារម្ភថាវាអាចនឹងមានផលប៉ះពាល់ដល់ផលប្រយោជន៍សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
សេចក្តីស្នើច្បាប់នេះមានសមាជិកព្រឹទ្ធសភាដែលចូលជាសហស្ថាបនិកចំនួន១៥នាក់មកពីគណបក្សនយោបាយធំៗទាំងពីរ ដែលមានសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលជាច្រើនដូចជាលោកMarco Rubioសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនៃរដ្ឋFlorida លោកDick Durbin សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋIllinoisលោកPatrick Leahy សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋVermont លោកស្រីElizabeth Warren សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋMassachusetts និងលោកស្រីDianne Feinstein សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋCalifornia និងលោកស្រីSusan Collins សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនៃរដ្ឋMaineជាដើម។
នេះគឺជាលើកទី១ហើយក្នុងរយៈពេលជិត៥ឆ្នាំនេះគឺតាំងពីការរំលាយគណបក្សសង្គ្រោះជាតិដែលសេចក្តីស្នើច្បាប់បែបនេះត្រូវបានគណៈកម្មាធិការព្រឹទ្ធសភាយកមកពិភាក្សានិងអនុម័ត។ សេចក្តីស្នើច្បាប់ជាច្រើនកន្លងមកបាននៅគាំងត្រឹមតែគណៈកម្មាធិការទំនាក់ទំនងការបរទេសដោយគ្មានឱកាសបានយកមកពិភាក្សាឡើយបើទោះបីខាងរដ្ឋសភាបានអនុម័តហើយក៏ដោយ។ ក្នុងនោះមានច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាដែលបានស្នើឡើងដោយលោកSteve Chabotសមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋនៃរដ្ឋOhioនិងលោកAlan Lowenthalសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋCaliforniaនិងច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា(Cambodia Trade Act of 2019) ដែលស្នើឡើងដោយលោកChris Coons សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Delaware និងលោកTed Cruz សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនៃរដ្ឋ Texas។
លោក Bob Menendez សង្ឃឹមថាសេចក្តីព្រាងច្បាប់នេះនឹងអាចឆ្លងផុតព្រឹទ្ធសភា៖
«សេចក្តីសង្ឃឹមរបស់ខ្ញុំគឺយើងនឹងត្រូវឆ្លងកាត់ដំណាក់ដែលយើងហៅថាខ្សែផ្ទាល់(Hotline) គឺត្រូវមានការយល់ព្រមពីបក្សទាំងពីរហើយនៅពេលណាដែលទទួលបានការយល់ព្រមគឺអាចអនុម័តបានដោយការឯកភាពគ្នា»។
អ្នកស្រីធិត គឹមហ៊ុនប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិកនិងក្រៅប្រទេសបានមករដ្ឋធានីវ៉ាស៊ីនតោនដោយផ្ទាល់ដើម្បីតាមដានមើលការអនុម័តសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីដឹកនាំសកម្មភាពបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាអស់ជាច្រើនខែ។ អ្នកស្រីចាត់ទុកថានេះគឺជា«ជោគជ័យដ៏ធំ»សម្រាប់ពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
អ្នកស្រីធិត គឹមហ៊ុនបានថ្លែងប្រាប់វីអូអេខេមរភាសាថា៖
«មានការរំភើបចិត្តនិងសប្បាយរីករាយមែនទែន។ រំភើបនេះគឺក្នុងនាមជាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសក៏ដូចជាថ្នាក់ដឹកនាំនៅក្រៅប្រទេសទាំងអស់ដែលកំពុងតស៊ូដើម្បីលទ្ធិប្រជាធិតេយ្យ»។
អ្នកស្រីងឹម វិសិដ្ឋ ប្រធានសាខាគណបក្សសង្គ្រោះជាតិអាមេរិកប្រចាំនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានផ្តាំផ្ញើដល់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថា៖
«សូមឲ្យបងប្អូនជឿទុកចិត្តនៅលើលទ្ធិប្រជាធិបតេយ្យហើយនៅសហរដ្ឋអាមេរិកនេះបើសិនជាច្បាប់នេះគេឲ្យដំណើរការហើយគេមិនយកទៅទុកចោលទេគេនឹងជួយធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យសូមឲ្យបងប្អូនជឿទុកចិត្តហើយពួកយើងនឹងខិតខំបន្តទៅទៀត»។
រដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាង ១,៥ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួលក្រុមហ៊ុនបញ្ចុះបញ្ចូលចំនួនពីរ ដើម្បីផ្សព្វផ្សាយអំពីភាពវិជ្ជមាននៃការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងផ្លាស់ប្តូរទស្សនៈរបស់មន្ត្រីរដ្ឋាភិបាលនិងអ្នកតាក់តែងច្បាប់អាមេរិកាំង។ ក្រុមហ៊ុនទាំងពីរនោះគឺក្រុមហ៊ុន Akin Gump ដែលជាក្រុមហ៊ុនច្បាប់ដ៏ធំមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Qorvis Communications ដែលមានជំនាញខាងទំនាក់ទំនងនិងផ្សព្វផ្សាយ។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានរិះគន់ចំណាត់ការរបស់ព្រឹទ្ធសភាអាមេរិកាំងប្រាប់វីអូអេថា៖
«ខ្ញុំយល់ថាការចង់ធ្វើច្បាប់ដើម្បីដាក់ទណ្ឌកម្មមកលើកម្ពុជានិងមន្ត្រីកម្ពុជា ខ្ញុំយល់ថាកម្ពុជាអត់មានសិទ្ធិអ្វីទៅហាមឃាត់គេទេពីព្រោះគណៈកម្មការការបរទេសអាមេរិកគាត់គួរតែធ្វើការសម្រាប់អាមេរិកមិនមែនធ្វើការសម្រាប់កម្ពុជាទេ។នេះទី១។ទី២ខ្ញុំយល់ថាគាត់ធ្វើនេះវាផ្អែកទៅលើនិន្នាការនយោបាយហើយពីព្រោះបើប្រៀបធៀបពីការចោទប្រកាន់និងការជាក់ស្តែងវាអត់ដូចគ្នាទេ»។
លោកសុខ ឥសានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជាបើកទូលាយដល់ការចូលរួមសកម្មភាពនយោបាយដោយគ្មានការរារាំងទេ។ លោកថាការណ៍នេះឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនាដែលមានគណបក្សចំនួន៩ឈ្នះបានអាសនៈនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់។
លោកសុខ ឥសានក៏បានបញ្ជាក់ដែរថាបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមក៏កម្ពុជាបានបើកចំហរឲ្យដឹងដោយគ្មានការលាក់លៀមទេក្នុងការទទួលយកជំនួយពីចិនសម្រាប់អភិវឌ្ឍ៖
«ខ្ញុំយល់ថាហ្នឹងវារំលោភសិទ្ធិនិងអធិបតេយ្យភាពកម្ពុជាខ្លាំងណាស់ពីព្រោះយើងអត់ជួយហើយយើងទៅរារាំងមិនឲ្យអ្នកដទៃជួយ។ នេះបានសេចក្តីថាវាយ៉ាងម៉េចហ្នឹង? វាមានលក្ខណៈមិនល្អចំពោះកម្ពុជាដែលជាប្រទេសតូចតាចហើយទន់ខ្សោយ»។
ការវិវត្តថ្មីៗនេះដែលមានការកាត់ទោសសកម្មជនសិទ្ធិមនុស្សនិងអតីតសកម្មជននយោបាយប្រឆាំងបាននាំឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភ។ ក្នុងនោះមានសំណុំរឿង
អ្នកច្បាប់ខ្មែរអាមេរិកាំងម្នាក់និងជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យគឺកញ្ញាសេង ធារី ដែលត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី១៤ ខែមិថុនាឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទញុះញង់និងរួមគំនិតក្បត់។ ការកាត់ទោសនេះជាប់ពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ីកាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩។ អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង៤០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់និងកាត់ទោសពាក់ព័ន្ធនឹងដំណើរវិលត្រឡប់ចូលមកមាតុភូមិវិញរបស់លោក សម រង្ស៊ីផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីថ្ងៃទី១៥ខែមិថុនាបានទទូចឲ្យដោះលែងអ្នកទាំងនេះនិងបានបន្ថែមថា៖ «សកម្មភាពទាំងនេះធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យពហុបក្សនិងនីតិរដ្ឋ»។
នៅពេលដែលព្រឹទ្ធសភាអនុម័តរួចហើយ សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជានឹងត្រូវបញ្ជូនមករដ្ឋសភាដើម្បីពិនិត្យនិងអនុម័តសិនមុននឹងបញ្ជូនទៅប្រធានាធិបតីដើម្បីអនុម័តឲ្យក្លាយជាច្បាប់។
បច្ចុប្បន្ននេះ គណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏កំពុងមានក្នុងដៃនូវសេចក្តីស្នើច្បាប់មួយទៀតដែលរដ្ឋសភាបានអនុម័តរួចហើយកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១គឺច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ HR-4686ដែលមានគោលបំណងស្រដៀងគ្នានឹងសេចក្តីស្នើច្បាប់S-3052ដែរ៕