ភ្នំពេញ — នៅពេលលោក ចាន់ ស៊ី ដែលកាលនោះជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានស្លាប់កាលពីចុងឆ្នាំ១៩៨៤ លោក សាយ ភូថង សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍កម្ពុជា បានឧទ្ទេសនាមលោក ហ៊ុន សែន ទៅស្នងតំណែង។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីវ័យ ៣២ ឆ្នាំ។ តាំងពីពេលនោះមក លោកស្ថិតក្នុងតំណែងដឹកនាំប្រទេសកម្ពុជារហូតមកអស់៣៦ឆ្នាំមកហើយ។
បច្ចុប្បន្ននេះជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេលើពិភពលោក លោក ហ៊ុន សែន អាយុ៦៨ឆ្នាំ និងជាប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបានអ្នកវិភាគមើលឃើញថាកំពុងពិចារណាលើ«ជម្រើសនៃច្រកចេញ»ប្រកបដោយសុវត្ថិភាពសម្រាប់ឥទ្ធិពលនិងកេរដំណែលនយោបាយរបស់លោក។
លោក Harish Chandra Mehta ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា«បុរសខ្លាំងហ៊ុនសែន៖ ឆាកជីវិតដ៏អស្ចារ្យពីជីវិតក្មេងវត្តមកជានាយករដ្ឋមន្ត្រីកម្ពុជា» បានជួបលោក ហ៊ុន សែន ដំបូងកាលពីឆ្នាំ១៩៩១។ លោកគិតថាកលយុទ្ធដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែដដែល។
វិធីសាស្ត្រនៃការកាន់តំណែងបានយូររបស់លោក ហ៊ុន សែន គឺតាមការដាក់ពង្រាយបណ្ដាញខ្សែរយៈអ្នកស្មោះស្ម័គ្រនឹងលោកតាមជួរបក្ស ជួររាជការ និងជួរកងកម្លាំងប្រដាប់អាវុធ។នេះបើយោងតាមលោក Harish Chandra Mehta ដែលប្រាប់ VOA តាមសារអ៊ីមែល។
«លោក [ហ៊ុន សែន] ថាធ្វើដូច្នេះ នឹងបង្កើតជាការលំបាកជាខ្លាំងសម្រាប់គូប្រជែងរបស់លោកក្នុងការផាត់លោកចេញពីអំណាច ពីព្រោះលោករៀបជើងព្រួលជាស្រេចនៃខ្សែបណ្ដាញទាំងនេះ»។
ប្រវត្តិវិទូរូបនេះអះអាងថាក្នុងរយៈពេល ៣៦ ឆ្នាំនៃការស្ថិតក្នុងអំណាច លោក ហ៊ុន សែន រក្សាឥទ្ធិពលនិងរបៀបដឹកនាំទាំងក្នុងជួរបក្ស និងនៅថ្នាក់ជាតិ។
«គណបក្សប្រជាជនរក្សាបានវិន័យរបៀបរៀបរយ ហើយបក្សបានទទួលយកមគ្គុទេសក៍ភាពរបស់លោក ហ៊ុន សែន ឱ្យដឹកនាំ។ បើលោក ហ៊ុន សែន ដឹកនាំសេដ្ឋកិច្ចមិនបានល្អ ក្រុមឆ្មាំចាស់នៅគណបក្សនឹងទម្លាក់លោក តែបើលោកដឹកនាំសេដ្ឋកិច្ចបានល្អ ហេតុអ្វីត្រូវរំខានលោក?»។
លោកសាស្ត្រាចារ្យ David P. Chandler ប្រវត្តិវិទូកម្ពុជាបានកត់សម្គាល់យល់ស្របថា អំណាចលោក ហ៊ុន សែន នៅខួប ៣៦ ឆ្នាំនៃការកាន់តំណែងនេះពិតជាពុំមានការគំរាមកំហែងពីកម្លាំងខាងក្នុងនិងកម្លាំងខាងក្រៅណាមួយឡើយ។
ប្រវត្តិវិទូជាតិអាមេរិកាំងរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកនិងខ្សែទូរស័ព្ទថា៖ «ខ្ញុំនៅតែឈ្វេងយល់ថាតំណែងនានាដែលលោក ហ៊ុន សែន កាន់កាប់ស្ថិតនៅក្រោមការគំរាមកំហែងទាបបំផុតសឹងតែគ្មានគូប្រជែងទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ... លោកទទួលបានភាពម្ចាស់ការក្ដោបក្ដាប់ប្រទេសបានទាំងស្រុង»។
លោក David P. Chandler បានបន្តថា៖ «ហើយខ្ញុំគិតថា លោក ហ៊ុន សែន នឹងបន្តកាន់អំណាចទៅមុខទៀត ដែលខ្ញុំមើលមិនឃើញមូលហេតុថា លោកមិនបន្តនោះទេ ព្រោះថាបើកាន់អំណាចទាំងអារម្មណ៍ល្អមកដល់ដំណាក់កាលនេះហើយ មិនមានមូលហេតុណាដែលថាលោកចុះខ្សោយ ឬក៏អាចត្រូវបានផ្ដួលរំលំនោះទេ។រឿងនោះមិនអាចកើតឡើងជាដាច់ខាត»។
ប្រវត្តិវិទូ David P. Chandler បានបន្តថាគោលបំណងលោក ហ៊ុន សែន គឺគាបសង្កត់បក្សជំទាស់រហូតទាល់តែលែងមានបក្សប្រឆាំងតែម្ដង។
ការលើកឡើងនេះនៅចំខួប ៣៦ ឆ្នាំនៃការកាន់អំណាច ដែលប្រធានបក្សប្រជាជនកម្ពុជារូបនេះដឹកនាំបក្សទទួលបានអាសនៈទាំងអស់ ១២៥ នៅរដ្ឋសភា ក្រោយតុលាការកំពូល ដែលដឹកនាំដោយលោកចៅក្រម ឌិត មុន្ទី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សកាន់អំណាចបានរំលាយបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
បណ្ដាសមាជិកនិងអ្នកគាំទ្របក្សសង្គ្រោះជាតិ ត្រូវប្រឈមនឹងការចាប់ចង រត់គេចទៅក្រៅប្រទេស រងបម្រាមធ្វើសកម្មភាពនយោបាយ ឬត្រូវចេញទៅបង្កើតបក្សនយោបាយតូចៗ។
លោកសាស្ត្រាចារ្យ David P. Chandler ថាការបង្ក្រាបបក្សប្រឆាំង កុំឲ្យរំខានការដឹកនាំរបស់លោក ហ៊ុន សែន គឺដើម្បីធានានូវបរិយាកាសអំណោយផលសម្រាប់បក្សកាន់អំណាចអាចធ្វើអន្តរកាលដឹកនាំ ប្រគល់ជាបន្តបន្ទាប់នូវតំណែងដល់ក្រុមសមាជិកវ័យក្មេងជំនាន់ទីពីរ និងជាវិធីសាស្ត្ររបស់លោក ហ៊ុន សែន ផងក្នុងការរកច្រកចេញ។
«លោក ហ៊ុន សែន ចង់ឱ្យប្រាកដថា ក្រុមគ្រួសាររបស់លោកមានសុវត្ថិភាពនិងនៅតែប្រកបដោយវិបុលភាព។ មិនមានអ្វីផ្សេងដែលលោកគិតគូរជាងនេះទៀតនោះទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប ឯកភាពថាបក្សត្រូវការបរិយាកាសប្រកបដោយស្ថិរភាពដើម្បីផ្ទេរអំណាចឱ្យជំនាន់ក្រោយបន្តដឹកនាំ។
លោកមានប្រសាសន៍ថា៖ «មិនមែនត្រឹមតែសុវត្ថិភាពក្នុងក្រុមគ្រួសារសម្ដេចទេ ជាអាទិភាពសម្ដេចផ្ដល់សុវត្ថិភាពទៅដល់សុវត្ថិភាពប្រជាជាតិកម្ពុជាទាំងមូល ... ខ្ញុំយល់ថាជាគោលបំណងនិងជាឧត្ដមគតិរបស់គណបក្សប្រជាជនគឺថាអ្វីៗផ្ដោតលើផលប្រយោជន៍ជាតិ និងប្រជាជន ជារួម មិនសំដៅលើក្រុមគ្រួសារអ្នកណាមួយទេ។ តែបើជាតិនិងប្រជាជនបានសេចក្ដីសុខទូទាំងប្រទេសហើយ ក្នុងនោះក៏មានក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំគណបក្សដែរ»។
លោក សុខ ឥសាន បន្តថា៖ «អត់មានការផ្លាស់ប្ដូរអ្វីក្រៅតែពីការដឹកនាំដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាទេ ក្នុងរយៈពេល១០ឆ្នាំ ២០ឆ្នាំ និង៣០ឆ្នាំ ទៅមុខ មិនមែនត្រឹមតែ១០ឆ្នាំទេ ព្រោះអត់មានអ្នកណាមួយមានលទ្ធភាព ឬមួយមានសមត្ថភាពក្នុងការបំផ្លាញសន្ដិភាព ស្ថិរភាពនយោបាយ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសទេ»។
លោក ហ៊ុន សែន ថាលោកនឹងលាឈប់ពីតំណែងនៅឆ្នាំ២០៣០ ហើយគណបក្សប្រជាជនកម្ពុជានឹងកាន់អំណាចរហូតដល់១០០ឆ្នាំទៀត។ លោកក៏បានលើកពីបេក្ខភាពកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថាមានសក្ដានុពលក្នុងការឡើងទៅជំនួសលោក។
លោក Harish Chandra Mehta អ្នកនិពន្ធប្រវត្តិរូបលោក ហ៊ុន សែន បានឱ្យដឹងថាប្រការសំខាន់នោះ នៅត្រង់«ត្រកូល ហ៊ុន»ទុកចិត្តលោក អូន ព័ន្ធមុនីរ័ត្ន ប៉ុនណា ក្នុងការចាត់តាំងលោកដឹកនាំប្រទេសនៅចន្លោះលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
លោកមានប្រសាសន៍ថា៖ «ក្នុងប្រការដែលល្អបំផុតនោះ គឺលោក អូន ព័ន្ធមុនីរ័ត្ន និងលោក ហ៊ុន ម៉ាណែត ត្រូវធ្វើការឱ្យស៊ីសង្វាក់គ្នា បើពុំដូច្នោះទេ វិញ្ញាសាទាំងមូលនឹងមិនទទួលបានលទ្ធផលគួរជាទីគាប់ចិត្តឡើយ»។
លោក ហ៊ុន សែន បានថ្លែងថាលោក អូន ព័ន្ធមុនីរ័ត្ន ជាជំនួយការរបស់លោក ដែលលោកបានបណ្តុះបណ្តាលយូរមកហើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស បានឱ្យដឹងថាបេក្ខភាពទាំងពីរមាន«សមត្ថភាព»ដូចគ្នាតែពួកគេត្រូវឆ្លងកាត់ការសម្រេចជ្រើសតាំងពីមហាសន្និបាតបក្សជាផ្លូវការសិន។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានលើកឡើងទៀតថាលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មិនអាចជាអ្នកទទួលតំណែងនាយករដ្ឋមន្ត្រីជំនួសលោកនោះទេ ប្រសិនបើលោកនៅកាន់អំណាចប្រមាណ១០ឆ្នាំទៀត ដែលលោកលើកហេតុផលថាអ្នកទាំងពីរនឹងមានអាយុច្រើនរួចទៅហើយ។
ប៉ុន្តែការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងរយៈពេល ៣៦ ឆ្នាំមកនេះ ក្រុមអ្នកតាមដានបានទិតៀនការខូចខាតនៃស្ថាប័នប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបង់តម្លៃក្នុងដំណាក់កាលអន្តរកាលនេះ។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការការពារសិទ្ធិមនុស្ស HumanRights Watch បានបរិយាយអំពីការ«បំផ្លិចបំផ្លាញចប់សព្វគ្រប់ជ្រុងជ្រោយ»នៃស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពសិទ្ធិមនុស្សរបស់ប្រទេសនេះ នាពេលបច្ចុប្បន្ន។
ក្នុងសិក្ខាសាលាអនឡាញមួយកាលពីថ្ងៃពុធ លោក Phil Robertson បានលើកឡើងថា៖
«លទ្ធភាពដែលថាស្ថានភាពអាចនឹងល្អប្រសើរនៅកម្ពុជា ពិតជាអាស្រ័យទៅលើថាតើអ្វីដែលសហគមន៍អន្តរជាតិនឹងធ្វើបន្ទាប់ ...សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្ហាញសាច់ដុំធ្វើសកម្មភាពឆ្លើយតបទៅនឹងទង្វើរដ្ឋាភិបាលកម្ពុជា»។
លោក Phil Robertson បន្តថា៖ «វាចាំបាច់ត្រូវមានគណនេយ្យភាពឥឡូវនេះ។ តែយើងពុំទាន់ឃើញទេ ហើយកម្ពុជាបានក្រាបខ្លួនរួចផុតពីកម្រិតនៃការចាប់ថ្នាក់ជាចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ សម្ងំធ្វើការបង្ក្រាបនេះ ដែលនេះពិតជាមិនអាចទទួលយកបានទេ»។
សមាជិកបក្សជំទាស់យល់ឃើញថា ការព្យាយាមធ្វើឱ្យបក្សជំទាស់ខ្សោយនឹងបែកខ្ញែកក៏ជាយុទ្ធសាស្ត្រមួយក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឱ្យទទួលយកអំណាចមិនអាចប្រកែកបានរបស់លោក ហ៊ុន សែន បង្កលក្ខណៈឱ្យលោកធ្វើអន្តរកាលផ្ទេរអំណាចឱ្យជំនាន់ក្រោយនៃបក្ស។
កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា មេដឹកនាំបក្សជំទាស់ និងជាអតីតមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ លើកឡើងក្នុងបណ្ដាញសង្គម Twitter ថាពីពេលនេះតទៅ បក្សកាន់អំណាចចង់ឱ្យសមាជិកបក្សជំទាស់អស់ជំនឿនឹងថ្នាក់ដឹកនាំបក្សហើយងាកទៅបង្កើតបក្សថ្មីដែលតូចនិងខ្សោយ ពុំអាចប្រជែងនឹងខ្លួនបាន។
កញ្ញាលើកឡើងថា«ឆាកល្ខោនពហុបក្ស» នឹងបន្តជាមួយនឹងជំនឿថា សមាជិកនៃសហគមន៍អន្តរជាតិម្ដងមួយៗ នឹងចាប់ផ្ដើមទទួលយក ដូចជាថ្មីៗនេះមានប្រទេសអង់គ្លេសជាដើមដែលសម្រេចផ្ដល់ការអនុគ្រោះពន្ធពេញលេញដល់កម្ពុជា ពេលខ្លួនចាកចេញពីសហភាពអឺរ៉ុបដែលបានដាក់ទណ្ឌកម្មកម្ពុជាលើប្រព័ន្ធអនុគ្រោះពន្ធ ក្រោយរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងការធ្លាក់ចុះធ្ងន់ធ្ងរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
យ៉ាងណាក៏ដោយ បើសិនជាបក្សជំទាស់ខ្លួនឯង និងសហគមន៍អន្តរជាតិ នៅបន្តមានការតាំងចិត្តខ្ពស់នឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា នោះកិច្ចខិតខំប្រឹងប្រែងរបស់បក្សកាន់អំណាចអាចនឹងមិនទទួលជោគជ័យទេ។ នេះជាការលើកឡើងបន្តរបស់កញ្ញា មនោវិទ្យា។
លោក Harish Chandra Mehta បានលើកឡើងថា អ្វីៗក៏ដោយមានការពាក់ព័ន្ធនឹងអ្វីដែលលោក ហ៊ុន សែន ចង់ឱ្យប្រវត្តិសាស្ត្រចងចាំលោក ខណៈ«កេរដំណែលរបស់លោកមានលក្ខណៈស្មុគស្មាញ» ហើយលោកចង់ក្លាយជា«មេដឹកនាំដែលឈរនៅខាងត្រូវនៃប្រវត្តិសាស្ត្រ»៕