លោកស្រី Kamala Harris សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិកព្យាយាមឱ្យក្លាយជាស្ត្រីទីមួយជាប់ឆ្នោតជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្រោយលោក Joe Biden ដែលបានត្រូវសន្មតថានឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិតីខាងគណបក្សប្រជាធិបតេយ្យបានជ្រើសរើសលោកស្រីជាដៃគូរបស់លោកក្នុងការប្រកួតប្រជែងនេះ។
លោកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយលោកស្រីមកពីប្រទេសឥណ្ឌាហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយដែលក្លាយជាបេក្ខជនអនុប្រធានាធិបតីអាមេរិក។
ប្រវត្តិការងាររបស់លោកស្រី Kamala Harris អាយុ ៥៥ ឆ្នាំមានដូចជា ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្បែកខ្មៅទីមួយនៃរដ្ឋ California និងជាស្ត្រីដំបូងគេដែលបានកាន់តំណែងនេះ។ កាលពីឆ្នាំ២០១៦ លោកស្រីបានជាប់ឆ្នោតជាសមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិក តំណាងរដ្ឋ California ហើយលោកស្រីក៏ក្លាយជាស្ត្រីទីមួយមានពូជពង្សអាស៊ីខាងត្បូងដែលបានទទួលតំណែងនេះ។
លោកស្រី Kamala Harris ចង់ឲ្យលោក Biden ដែលជាអ្នកប្រជាធិបតេយ្យជាប់ឆ្នោត ជាប្រធានាធិបតី ដើម្បីកុំឱ្យលោក Trump ជាប់ឆ្នោតមួយអាណត្តិទៀត ហើយធ្វើឱ្យសមាជិកនៃគណបក្សប្រជាធិបតេយ្យកាន់កាប់តំណែងកំពូលនៅក្នុងសេតវិមានវិញ។ យុទ្ធនាការរបស់លោកស្រីបានចាប់ផ្តើមដោយមានភាពខ្លាំងក្លា ដែលមានមនុស្ស ២ ម៉ឺននាក់ចូលរួមក្នុងការជួបជុំរបស់លោកស្រីនៅក្នុងក្រុង Oakland រដ្ឋCalifornia។ កាលពីដើមខែកក្កដា ឆ្នាំ២០១៩ លោកស្រីនៅពីក្រោយតែលោក Biden នៅក្នុងការស្ទង់មតិសាធារណៈ បន្ទាប់ពីលោកស្រីបានទទួលការសរសើរនៅក្នុងការជជែកដេញដោលគ្នាមួយជាមួយបេក្ខជនច្រើននាក់ខាងគណបក្សប្រជាធិបតេយ្យ។
ក៏ប៉ុន្តែនៅច្រើនខែបន្ទាប់មក តួលេខនៃការគាំទ្រលោកស្រីក្នុងការស្ទង់មតិបានចុះថយជាលំដាប់ ហើយកាលពីដើមខែធ្នូ លោកស្រីបានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងនេះដោយនិយាយយោងដល់ការពិបាករៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី។
កាលពីខែមីនា ក្រោយពេលលោក Biden មានការគាំទ្រច្រើនជាង សមាជិកព្រឹទ្ធសភាស.រ.អ.លោក Bernie Sanders ហើយលោកបានឈ្នះនៅក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋមួយចំនួនមក លោកស្រី Harris បានផ្តល់ការគាំទ្ររបស់លោកស្រីដល់លោក Biden នៅក្នុងការប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដោយលោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំជឿ ទុកចិត្ត Joe»។
លោកស្រី Harris បាននិយាយថា៖ «អ្វីមួយក្នុងបណ្តាអ្វីៗដែលយើងត្រូវការនៅពេលនេះគឺយើងត្រូវការមេដឹកនាំម្នាក់ដែលគិតគូរដល់ប្រជារាស្ត្រនិងដែលអាចបង្រួបបង្រួមប្រជារាស្ត្របាន។ហើយខ្ញុំមានជំនឿថា Joe អាចធ្វើការនេះបាន»។
នៅក្នុងការប្រកាសថាលោកស្រី Harris ជាជម្រើសរបស់លោកក្នុងការចូលរួមជាមួយលោកក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា លោក Biden បានព៌ណនាលោកស្រីកាលពីថ្ងៃអង្គារទី១១សីហាថាជា«អ្នកប្រយុទ្ធម្នាក់គ្មានការភ័យខ្លាចសម្រាប់មនុស្សតូចតាចហើយជាអ្នករដ្ឋការម្នាក់ក្នុងបណ្តាពួកអ្នករដ្ឋការល្អប្រសើរបំផុតរបស់ប្រទេស»។
លោកស្រី Harris បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យ Howard ក្នុងរដ្ឋធានី Washington D.C. ដែលជាសាកលវិទ្យាល័យជនស្បែកខ្មៅជាប្រពៃណី។ បន្ទាប់មកលោកស្រីបានទទួលបរិញ្ញាបត្រខាងច្បាប់ពីសាកលវិទ្យាល័យរដ្ឋ California ក្នុងក្រុង Hastings នៅមុនពេលលោកស្រីទៅធ្វើការនៅឯការិយាល័យមេធាវីក្នុងស្រុក Alameda។
លោកស្រី Harris បានបម្រើការពីរអាណត្តិជាមេធាវីស្រុកនៃក្រុង San Francisco នៅមុនពេលលោកស្រីជាប់ឆ្នោតជារដ្ឋមន្ត្រីយុត្តិធម៌នៃរដ្ឋ California។
ប្រវត្តិការងារទាំងនេះរបស់លោកស្រី Harris នៅក្នុងរដ្ឋ California ជាទីដៅនៃការត្រួតពិនិត្យដោយមានការរិះគន់ថាលោកស្រីមិនបានធ្វើការកែទម្រង់ខាងព្រហ្មទណ្ឌ ហើយមិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់ដើម្បីស៊ើបអង្កេតអំពីការបាញ់ដោយពួកប៉ូលិស។
ដោយសារបញ្ហាទាំងនោះមានសារៈសំខាន់នៅក្នុងសហរដ្ឋអាមេរិក ដោយក្រុមបាតុករបានធ្វើបាតុកម្មច្រើនខែមកហើយប្រឆាំងនឹងអំពើហិង្សាដោយពួកប៉ូលិសនិងវិសមភាព លោកស្រី Harris ឋិតនៅក្នុងចំណោមពួកសមាជិកសភាសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានសេចក្តីព្រាងច្បាប់សម្រាប់ធ្វើកំណែទម្រង់ប៉ូលិសនៅទូទាំងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ