សាលាដំបូងខេត្តក្រចេះ បានសួរនាំសកម្មជនសិទ្ធិមនុស្សនិងបរិស្ថានចំនួន៤នាក់ នៅថ្ងៃអាទិត្យនេះ រួមទាំងលោក អ៊ូច ឡេង ផងដែរ បន្ទាប់ពីអាជ្ញាធរប៉ូលិសស្រុក សំបូរបានចាប់ឃាត់ខ្លួនពួកគេនៅពេលក្រុមសកម្មជនទាំងនេះ បានចុះឃ្លាំមើលបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ព្រៃឡង់ប៉ែកខាងកើតប្រទេស។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលបានឃ្លាំមើលដំណើរការចាប់ខ្លួននិងការសួរនាំរបស់តុលាការ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) ដែលចុះឃ្លាំមើលរឿងនេះនៅតុលាការ បានថ្លែងប្រាប់ VOA តាមទូរសព្ទថា តុលាការទើបបានបញ្ចប់ការស៊ើបសួរថ្ងៃដំបូងនៅព្រលប់ថ្ងៃអាទិត្យនេះ ទៅលើលោក អ៊ូច ឡេង និងសកម្មជនបីនាក់ទៀត។
លោក សឹង សែនករុណា ថ្លែងថា៖ «នីតិវិធីមួយថ្ងៃនេះមានការហៅសួរចុះឡើងៗរវាងអ្នកទាំងបួនហ្នឹង ហើយក្នុងការ សាកសួរចុងក្រោយគឺទៅលើរូបលោក អ៊ូច ឡេង ដែលជាសកម្មជនព្រៃឈើហ្នឹង ហើយត្រូវបានបិទបញ្ចប់ក្នុងម៉ោងម្រមាណម៉ោង៧និង៣០នាទី»។
លោកថាការសួរនាំនេះត្រូវលើកពេលទៅថ្ងៃច័ន្ទទី១៦ មីនាទៀត ហើយសកម្មជន ទាំងបួនរូបពេលនេះកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់ស្នងការប៉ូលិសខេត្តក្រចេះ ក្រោយពីការសួរនាំដោយព្រះរាជអាជ្ញាយ៉ាងតិចពីររូបនិងចៅក្រមស៊ើបសួរមួយរូបផងនោះ។
សកម្មជនទាំងបួនរូប មានលោក អ៊ូច ឡេងប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទ្ធិ មនុស្សកម្ពុជានិងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦ និងសកម្មជនបរិស្ថាន ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់៣រូបទៀតគឺលោក ខេម សុខឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ដែលគេរាយការណ៍មកថារងនូវអំពើហិង្សាពេលដែលត្រូវឃាត់ខ្លួនដោយកម្លាំងសន្តិសុខក្រុមហ៊ុន Think Biotech Com, Ltd កាលពីថ្ងៃទី១៣ មីនា ហើយក្រោយមកត្រូវឃុំខ្លួន នៅក្នុងអធិការស្រុកសំបូរ ខេត្តក្រចេះ មុនពេលបញ្ជូនទៅកាន់ស្នងការប៉ូលិសខេត្ត។
ទោះជាមិនទាន់មានការចោទប្រកាន់ពីព្រះរាជអាជ្ញាលើបទអ្វីពិតប្រាកដក៏ពិតមែនមកទល់នឹងថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាក តែទាំងលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) និង លោក ថេង សាវឿន នៃសម្ព័ន្ធសហគមន៍ កសិករកម្ពុជា បានអះអាងស្រដៀងគ្នាថា សកម្មជនព្រៃឈើនិងសិទ្ធិមនុស្ស ទាំងបួនរូបជាពិសេសលោក អ៊ូច ឡេងគឺត្រូវព្រះរាជអាជ្ញាសួរពាក់ព័ន្ធនឹងច្បាប់ប្រតិបត្តិការ អង្គការសមាគម ហើយនឹងសួរនាំអំពីបញ្ហារឿងរំលោភសិទ្ធិលំនៅដ្ឋានឬទីតាំង ឯកជន។
«បាទលោកអ៊ូច ឡេង យើងបានជួបគាត់មួយភ្លែតដែរពេលសម្រាកបាយថ្ងៃត្រង់គឺគាត់បានប្រាប់ថាព្រះរាជអាជ្ញា បានសួរគាត់ទាក់ទងនឹងមាត្រាចំនួន២ នៃក្រម ព្រហ្មទណ្ឌ គឺ មាត្រា២៩៩ ហើយនឹងមាត្រា ៣៦០ រួមនឹងមាត្រាមួយស្តីអំពីច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ គឺពាក់ព័ន្ធទៅនឹងមាត្រា៣២ ដែលព្រះ រាជអាជ្ញាបានចោទសួរទៅលើលោក អ៊ូច ឡេង ហើយនឹងមាត្រា២៩៩នៃក្រមព្រហ្ម ទណ្ឌហ្នឹងគេនិយាយអំពីការរំលោភលើលំនៅដ្ឋានដែលនិយាយអំពីការបង្ខិតបង្ខំការប្រើហិង្សា រំលោភលើលំនៅដ្ឋានឯកជន»។
តំណាងក្រុមហ៊ុន មិនអាចទាក់បានដើម្បីសេចក្តីអាត្ថាធិប្បាយបំភ្លឺបានទេ ដោយ ទូរសព្ទរោទ៍ តែគ្មានអ្នកទទួលក៏ដូចជាព្រះរាជអាជ្ញា និង ក្រឡាបញ្ជីដែរនៅពេល VOA ព្យាយាមជាច្រើនលើក។
ដោយឡែក លោកឧត្តមសេនីយ៍ឯកឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពុំបានបញ្ជាក់អំពីរឿងចាប់ខ្លួននេះឲ្យបានច្បាស់លាស់នៅឡើយទេ ដោយគ្រាន់តែបានអះអាងមន្ត្រីនគរបាលយុត្តិធម៌កំពុងតែធ្វើការអំពីរឿងនេះ ហើយនឹងផ្តល់ព័ត៌មានជូននៅពេលក្រោយ។
ក្រុមសកម្មជននៃអង្គការ សមាគមមួយចំនួន រួមមានទាំងព្រះសង្ឃផងបានធ្វើការតវ៉ាដោយដើរជាក្បួនដង្ហែរនៅក្នុងខេត្តក្រចេះ និង នៅមុខតុលាការ ដោយសុំឲ្យមានការ ដោះលែងសកម្មជនទាំងបួនរូប នៅចំពេលដែលតុលាការកំពុងសាកសួរសកម្មជន ទាំងបួនរូបនោះ។
លោក ណៃ វង់ដា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អះអាងថាលោកបានឃ្លាំមើលអំពីរឿងតវ៉ាសុំឲ្យមានការដោះលែងសកម្មជនទាំងបួនរូប ចាប់តាំងពីការដែលស្នង ការនគរបាលខេត្តក្រចេះ បានបញ្ជូនសកម្មជនទាំងបួនមកកាន់តុលាការនៅថ្ងៃនេះ។
«ហើយយើងកំពុងតែឃ្លាំមើលដំណើរការនៃការសាកសួរហ្នឹង ហើយមានខាងសកម្ម ជនបរិស្ថាន ធនធានធម្មជាតិ ហើយនឹងមានខាងយុវជនមាតាធម្មជាតិហ្នឹង គាត់ធ្វើការដង្ហែរក្បួនជុំវិញផ្សារនិងក្រុង ខេត្តក្រចេះ»។
លោកបន្ថែមថាការតវ៉ាដែលមានមនុស្សមួយចំនួនលើកបដា ដង្ហែរក្បួនដោយអហិង្សានេះ មិនមានបញ្ហាអ្វីកើតឡើងនោះទេ។
ក្រុមសកម្មជនទាំងបួនរូប បានទទួលមេធាវីការពារក្តី ពីអង្គការលីកាដូ និងអង្គការ អាដហុក ជាតំណាងក្នុងពេលដំណើរការនីតិវិធីនៅតុលាការហើយ ដែលVOA មិន ទាន់អាចទាក់ទងបាន។
កាលពីថ្ងៃសៅរ៍ក្រុមតំណាងសង្គមស៊ីវិលឯករាជ្យចំនួន២៤ បានចេញសេចក្តីប្រកាស ព័ត៌មានរួមគ្នាមួយអំពីរឿងនេះ។
ក្រៅពីបានអំពាវនាវឲ្យមានការស៊ើបអង្កេតនិងផ្តន្ទាទោសជនប្រើអំពើហិង្សាលើ សកម្មជនព្រៃឈើទាំងនោះ ក្រុមតំណាងសង្គមស៊ីវិលឯករាជ្យទាំងនោះ ក៏បានចាត់ ទុកថាសកម្មភាពឃាត់ខ្លួននេះគឺជារូបភាពនៃការគំរាមកំហែងដល់សកម្មជនបរិស្ថាន និងព្រៃឈើ ដែលគ្រាន់តែធ្វើសកម្មភាពដោយសន្តិវិធីក្នុងការឃ្លាំមើលនិងរាយ ការណ៍អំពីសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និង តំបន់ផ្សេង ទៀតស្របតាមសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីកិច្ចគាំពារបរិស្ថាន និង គ្រប់គ្រងធម្មជាតិ ដែលបានលើកទឹកចិត្តនិងលទ្ធភាពឲ្យ សាធារណៈជនចូលរួមក្នុងកិច្ចការបរិស្ថាន និង ការពារធនធានធម្មជាតិ៕