ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដើម្បី​តម្រូវ​ចិត្ត​វិនិយោគ​បរទេស


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

តំណាង​ផ្នែក​ឧស្សាហ​កម្ម​ស្វាគមន៍​ការ​សម្រេច​ចិត្ត​ថ្មី​នេះ​ ប៉ុន្តែ​ក្រុម​អ្នក​ការពារ​សិទ្ធិ​សិទ្ធិ​មនុស្ស​បាន​លើកឡើង​ពី​កង្វល់​មួយ​ចំនួន។

រដ្ឋាភិបាលកម្ពុជា​បាន​សម្រេចកាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​ប្រាំ​មួយ​ថ្ងៃ​សម្រាប់​មន្ត្រី​រាជការ ​និយោជិត ​និង​កម្មករ ​ក្នុង​ឆ្នាំ​២០២០ខាង​មុខ។ ​គោល​ដៅ​គឺ​ដើម្បី​បង្កើន​ការ​ទាក់​ទាញការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​បន្ថែម​ទៀត។​

ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លង​មកមាន​ចំនួន​២៨​ថ្ងៃ​ ដែល​ក្រុម​អ្នក​វិនិយោគ​បរទេស​តែងតែ​ត្អូញ​ត្អែរ​ថា​ ថ្ងៃ​ឈប់​សម្រាក​នេះ​មាន​ចំនួន​ច្រើន បើ​ធៀប​នឹងប្រទេស​ដទៃ​ទៀត។​ ហើយ​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ច្រើន​បែប​នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ពួក​គេ។​

​អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ ​និយោជិត​ កម្មករ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២ ​ខែ​សីហា​ បាន​សម្រេច​កាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នេះ​ពី​ចំនួន​២៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំមក​ត្រឹម​២២​ថ្ងៃ​វិញ។ ​នៅ​ក្នុង​នោះ​រដ្ឋា​ភិបាល​បាន​កាត់​បន្ថយ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ​ខ្មែរពី​បី​ថ្ងៃ​ឲ្យ​មក​នៅ​សល់​ត្រឹម​មួយ​ថ្ងៃ​វិញ។​

​អនុក្រឹត្យ​ដដែលបាន​សម្រេច​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពិធី​បុណ្យ​មាឃ​បូជា​ ទិវា​ជាតិ​នៃ​ការចង​ចាំ​២០​ឧសភា ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ​ទិវា​រំឭកខួប​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា​ ​និង​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ។​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដំឡើង​ថ្ងៃ​សម្រាក​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពី​បី​ថ្ងៃ មក​បួន​ថ្ងៃ​វិញ។​

ក្នុង​វេទិកា​រាជរដ្ឋា​ភិបាល-ផ្នែក​ឯកជន​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិនា​ឆ្នាំ​២០១៩​ នៅ​រាជធានីភ្នំពេញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនបានប្រកាស​ថា ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ​គឺ​ដើម្បី​ផ្តល់ការទាក់​ទាញដល់​អ្នក​វិនិយោគ​ពី​បរទេស។​

«មួយ​ចំនួន​គេ​ថា ​នឹង​ជា​ការ​ចំណេញ​ទៅ​ដល់​ថៅកែ។​ ក៏​ប៉ុន្តែ​ខ្ញុំ​គួរតែ​បញ្ជាក់​ប្រាប់​ថា​ តើ​គួរឲ្យ​ថៅកែ​ដក​ចេញ​ពី​កម្ពុជា ​ឬ​ក៏​យើង​គួរ​ទុក​ថៅកែ​រក​ស៊ី​ជាមួយ​យើង​ដើម្បី​យើង​ទទួល​នូវ​ប្រាក់​ចំណេញ​ជា​បន្ត?»​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​ទេ។ ​ចំណែក​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ លោក ​ហេង សួរ​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ។​

លោក ​ខេន លូ ​អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC ​សាទរ​ចំពោះ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ ​ដោយលោក​រំពឹង​ថា​ ​ការ​សម្រេច​នេះ​នឹង​ធ្វើ​ឲ្យ​និយោជក​បង្កើន​ផលិត​កម្ម​របស់​ពួកគេ។​

«ពេល​ដែល​ឈប់​សម្រាក​ច្រើន ​យើង​ថ្ងៃ​ធ្វើការ​តិច ​តិចជាង​ប្រទេស​ផ្សេងៗ​ដែល​យើង​ប្រកួតប្រជែង។​ អ៊ីចឹងយើង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ឈប់​សម្រាក​តិច​ជាង​យើង។ ឥឡូវមាន​កាត់​បន្ថយ​ប៉ុន្មាន​៧-៨​ថ្ងៃ ​យើង​អបអរ​សាទរ»។​

ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់តំណាង​ឲ្យ​ការ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា។​ កាល​ពី​ឆ្នាំ​២០១៨​ ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ​និង​ស្បែក​ជើង​កម្ពុជាមាន​ទំហំ​១០​ពាន់​លាន​ដុល្លារ​អាមេរិក។​ ​ប៉ុន្តែ​ជា​រឿយៗ​ ​ក្រុម​ថៅកែ​រោង​ចក្រ​ត្អួញ​ត្អែរ​ថា​ ​ការ​ឈប់​សម្រាក​ផ្លូវ​ការ​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​រហូត​ដល់​ប្រមាណ​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ។​ បន្ថែម​ពី​នោះ​ទៀត​ ​ការ​ធ្វើ​បាតុកម្ម​ និង​កូដកម្ម​ផ្សេងៗ​របស់​ក្រុម​កម្មករក៏​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ផលិត​កម្មក្នុង​ឧស្សាហ​កម្ម​របស់​ពួកគេ​ផង​ដែរ។​

លោក​ហ៊ុន សែន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ធុរកិច្ច​កាល​ពីដើម​ឆ្នាំ​ថា​ ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នឹង​ជួយ​ជំរុញកំណើនសេដ្ឋកិច្ចបាន​០,៥​ភាគ​រយ។​

ដូច​គ្នា​នេះ​ដែរ ​លោក​តាន់ អេលែន ​ប្រធានសភា​ពាណិជ្ជ​កម្ម​អាមេរិក​នៅ​កម្ពុជា​ លើក​ឡើង​ថា​ ​សហគមន៍​អ្នក​វិនិយោគ​អាមេរិកគាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា។ ​លោក​លើក​ឡើង​ថា​ ​ការ​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​ផ្លូវ​ការប្រចាំ​ឆ្នាំ​រហូត​ដល់​២៨​ថ្ងៃ​បូក​ ដោយ​មាន​ប្រាក់​កម្រៃ​ផង​នោះគឺ​ខុស​ពី​ទម្លាប់​ជា​អន្តរជាតិ ​និង​ប៉ះពាល់​ដល់ផលិត​ភាពរបស់​ជាតិ។​

ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​នៅ​ល្ងាច​នេះ​ ​លោក​ប្រធានសភា​ពាណិជ្ជ​កម្ម​អាមេរិក​នៅ​កម្ពុជា​យល់​ថា៖​

«តាម​រយៈ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំនេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ភាពប្រកួត​ប្រជែង​ជាង​មុន​ ដែល​នៅ​ទីបំផុតនឹងផ្តល់​អត្ថ​ប្រយោជន៍​ដល់​គ្រប់​ភាគី»។​

ទោះ​ជាយ៉ាង​ណា​ ​ លោក​ អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​ថា​ ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ​គឺ​ជា​ការ​បន្ថែម​អត្ថ​ប្រយោជន៍​សម្រាប់​និយោជក​ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ខាត​បង់​ដល់កម្មករ​និយោជិត។ ​លោក​បន្ត​ថា​ កម្មករ​នៅ​កម្ពុជា​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍ ​ស្រប​ពេល​ដែល​ប្រាក់​ឈ្នួល​ទាប​ខ្លាំង​ ​បើ​ធៀប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ។​

«កម្មករ​ម្នាក់ៗ​ បើ​យើង​គិត​មើល​៧​ថ្ងៃ ​ឬ​ក៏​៦​ថ្ងៃ​ បើ​យើង​គិត​មើល​ទៅ​គឺបើ​សិន​ជា​មួយ​ថ្ងៃ​៥​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ​គាត់​អាច​បាត់បង់​រហូត​ទៅ​២០-៣០​ដុល្លារ។ ​អ៊ីចឹងខ្ញុំគិត​ថា ​ជា​ចំនួន​មួយ​ខាត​ដែរ។​ បើ​កម្មករ​មួយ​លាន​នាក់​ ​យើង​គុណ​មើល​ទៅ​គឺជា​ចំនួន​មួយ​ច្រើន»។​

ដោយ​ឡែក ​លោក ​អំ សំអាត ​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​ទិវា​រំឭកខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣តុលា ​និង​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ ​ហាក់​កំពុង​បង្ហាញ​ថា ​កម្ពុជា​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG