ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលបានអធិបញ្ជារពីតុលាការប្រឆាំងនឹងការអនុវត្តច្បាប់មួយដែលរដ្ឋនេះទើបអនុម័តនាពេលថ្មីៗនេះ ដែលរារាំងការលក់ឬផ្ទេរដីសហព័ន្ធប្រកបដោយប្រសិទ្ធភាពនៅក្នុងរដ្ឋដែលមានផ្ទៃក្រឡាធំបំផុតទី៣នៅក្នុងប្រទេស។
ច្បាប់ដែលត្រូវបានអនុម័តកាលពីខែតុលានេះ បានផ្តល់សិទ្ធិដល់គណកម្មាធិការដីធ្លីនៅក្នុងរដ្ឋនេះក្នុងការបដិសេធការលក់ ឬជួលដីសាធារណៈរបស់សហព័ន្ធនៅក្នុងរដ្ឋនេះ។ ច្បាប់សហព័ន្ធផ្តល់សិទ្ធិអំណាចដល់ទីភ្នាក់ងារសហព័ន្ធ។
ច្បាប់នេះគឺជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ដែលក្រុមតំណាងរាស្ត្ររដ្ឋ កាលីហ្វ័រញ៉ាបានអនុម័តកាលពីឆ្នាំមុន ដើម្បីព្យាយាមរក្សាបទបញ្ញត្តិការពារបរិស្ថានរបស់សហព័ន្ធ ដែលស្ថិតក្រោមច្បាប់រដ្ឋនិងដើម្បីការពារដីសហព័ន្ធពីការលក់ឲ្យក្រុមហ៊ុនប្រេង។
នៅក្នុងពាក្យបណ្តឹងនោះ ក្រសួងយុត្តិធម៌តវ៉ាថា ច្បាប់នេះបំពានគន្ថីអំពីឧត្តមានុភាព Supremacy Clause និងគន្ថីអំពីកម្មសិទ្ធឬ Property Clause នៃរដ្ឋធម្មនុញ្ញរបស់អាមេរិក។ Supremacy Clause កំណត់ថា ច្បាប់សហព័ន្ធជាច្បាប់កំពូលរបស់ជាតិ ហើយProperty Clause ផ្តល់អំណាចដល់សភាដើម្បីដាក់កម្រិតទៅលើការលក់ដីធ្លីរបស់សហព័ន្ធ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកលោក Jeff Sessions បានថ្លែងថា ក្រសួងយុត្តិធម៌មិនមានជម្រើសអ្វីក្រៅពីប្តឹងរដ្ឋនេះ ដើម្បីធានាដល់ការគោរពច្បាប់សហព័ន្ធ។
លោក Sessions បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំសោកស្តាយដែលត្រូវដាក់ពាក្យបណ្តឹងមួយទៀតប្រឆាំងនឹងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃនេះ»។
កាលពីខែមុន ក្រសួងយុត្តិធម៌បានដាក់ពាក្យបណ្តឹងមួយដើម្បីរារាំងច្បាប់ចំនួន៣របស់រដ្ឋកាលីហ្វ័រញ៉ា ដែលបានផ្តល់ការការពារដល់ជនអន្តោប្រវេសន៍គ្មានក្រដាសស្នាម។ ក្រសួងយុត្តិធម៌បានហៅច្បាប់នេះថា ប្រាសចាកពីរដ្ឋធម្មនុញ្ញ ដោយនិយាយថា ច្បាប់នេះរារាំងប៉ូលិសសហព័ន្ធមិនឲ្យធ្វើការងាររបស់ពួកគេ។
លោក Sessions ក៏បានតវ៉ាអំពីពាក្យបណ្តឹងមួយរបស់រដ្ឋកាលីហ្វញ៉ាដែលតវ៉ាសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហព័ន្ធដើម្បីបន្ថែមសំណួរមួយអំពីសញ្ជាតិ ទៅក្នុងសំណួរពេលធ្វើជំរឿន។
លោក Sessions បានថ្លែងថា៖
«ពាក្យបណ្តឹងទាំងពីរនេះកំពុងបង្ខំឲ្យយើងចំណាយថវិកាដ៏មានតម្លៃរបស់អ្នកបង់ពន្ធនិងធនធានរបស់ក្រសួង ដើម្បីតវ៉ារឿងក្តីដែលពលរដ្ឋអាមេរិកាំងភាគច្រើនជឿថា ជារឿងសមហេតុសមផល»។
លោក Xavier Becerra រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រចាំរដ្ឋកាលីហ្វ័រញ៉ាការពារការដាក់កំហិតរបស់រដ្ឋនេះទៅលើការលក់ដីសហព័ន្ធ។
លោក Becerra បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា៖«ដីធ្លីរបស់រដ្ឋ កាលីហ្វ័រញ៉ាមិនគួរដាក់ឲ្យដេញថ្លៃ សម្រាប់អ្នកដែលដេញថ្លៃខ្ពស់បំផុតនោះទេ។ យើងតែងតែត្រៀមខ្លួនរួចរាល់ដើម្បីការពារប្រជាពលរដ្ឋ ធនធាននិងតម្លៃរបស់យើង»។
មុននឹងលោក Sessions ក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក លោកគឺជាអ្នកការពារសិទ្ធិរបស់រដ្ឋនានាដ៏សកម្មមួយរូប។ ពាក្យបណ្តឹងរបស់ក្រសួងយុត្តិធម៌ប្រឆាំងនឹងច្បាប់ការពារជនអន្តោប្រវេសន៍ ដែលត្រូវបានគាំទ្រដោយគណបក្សសាធារណរដ្ឋនោះ បានបង្កឲ្យមានការរិះគន់ថា លោក Sessions កំពុងតែធ្វើឲ្យសិទ្ធិរបស់រដ្ឋចុះអន់ខ្សោយ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា