Hello VOA សុខភាព៖ វិធីព្យាបាលជំងឺញ័រទ្រូងឬជំងឺខ្យល់ចាប់ (Heart Palpitations) ត្រូវផ្អែកលើស្ថានភាពជាក់ស្តែងនៃរោគសញ្ញារបស់ចង្វាក់បេះដូង
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អាការៈញ័រទ្រូងធម្មតាដែលតែងតែកើតឡើងដោយសារតែការទទួលទានកាហ្វេ ជាតិអាកុល ឬក៏ប្រើប្រាស់ថ្នាំផ្តាសាយនោះ គួរត្រូវកាត់បន្ថយឬត្រូវឈប់ប្រើតែម្តង នោះអាការៈញ័រនេះនឹងបាត់ទៅវិញដោយឯកឯង។ សម្រាប់អាការៈញ័រទ្រូងដែលមានលក្ខណៈធ្ងន់ធ្ងរ ដោយសារតែចង្វាក់បេះដូងដើរញាប់ខុសប្រក្រតី ហើយបង្កឲ្យមានអាការៈវិលមុខ ឬហត់ជាដើមនោះ ការព្យាបាលត្រូវធ្វើឡើងតាមកម្រិតនៃជំងឺនេះ។ អ្នកជំងឺអាចប្រើប្រាស់ថ្នាំដើម្បីបន្ថយចង្វាក់បេះដូងដើម្បីកុំឲ្យបេះដូងដើរញាប់ពេក ដូចជាថ្នាំ digitalis beta blockers ឬក៏ថ្នាំ calcium channel។ ប្រសិនបើថ្នាំទាំងនេះមិនជួយទេ គ្រូពេទ្យអាចប្រើប្រាស់ប្រដាប់ឆក់បេះដូង (Electrical Cardioversion)។ ហើយជម្រើសចុងក្រោយ គឺគ្រូពេទ្យត្រូវដុតកន្លែងបំបែកចរន្តអគ្គសនីឬAV node។ វិធីនេះអាចធ្វើឲ្យអ្នកជំងឺជាសះស្បើយបាន។ អ្វីដែលសំខាន់ អ្នកជំងឺមានអាការៈញ័រទ្រូងធ្ងន់ធ្ងរត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ដើម្បីកុំឲ្យមានឈាមកកក្នុងបេះដូង ដែលបង្កឲ្យកើតជំងឺស្ទះសសៃរឈាមក្នុងខួរក្បាលឬ Stroke។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៩ តុលា ២០១៧)