Hello VOA សុខភាព៖ ជំងឺញ័រទ្រូងឬជំងឺខ្យល់ចាប់ (Heart Palpitations) គឺជាអាការៈញ័រក្នុងទ្រូងដែលបណ្តាលមកពីចង្វាក់បេះដូងដើរមិនស្មើគ្នា
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាជំងឺញ័រក្នុងទ្រូងមានពីរប្រភេទ។ ការញ័រទ្រូងដែលច្រើនតែកើតមានជាទូទៅ គឺតែងតែកើតឡើងនៅពេលមានអារម្មណ៍ខឹងសម្បារ ភ័យខ្លាច ការធ្វើលំហាត់ប្រាណ ឬក៏ទទួលទានភេសជ្ជៈមានជាតិកាហ្វេ ឬជាតិអាកុលច្រើនលើសកម្រិត។ ប៉ុន្តែ អាការៈបែបនោះអាចបាត់ទៅវិញដោយខ្លួនឯង។ អាការៈញ័រទ្រូងមួយបែបទៀត ដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនបើអាការៈបែបនោះកើតទៅលើអ្នកដែលមានជំងឺទាក់ទងនឹងបេះដូង។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅក្នុងបេះដូងមនុស្សយើងមានចរន្តខ្សែអគ្គិសនី ហើយដំណើរការរបស់ចរន្តអគ្គសនីនេះហើយ ដែលធ្វើឲ្យបេះដូងដើរមិនស្មើគ្នា ដែលបង្កឲ្យកើតមានអាការៈញ័រក្នុងទ្រូង។ លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកជំងឺមានអាការៈញ័រក្នុងទ្រូងជាប្រចាំ ចុកក្នុងទ្រូងដូចជាគេយកដុំថ្មមកសង្កត់ពីលើ ពិបាកដកដង្ហើម បែកញើស ចង់ដួលសន្លប់ នោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យ។ ទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យគឺគេត្រូវធ្វើដោយបន្តខ្សែភ្លើងដាក់ទៅម៉ាស៊ីនមួយប្រភេទ (Electrocardiogram-EKG) ដើម្បីអាចបង្ហាញពីចង្វាក់បេះដូងថាតើវាដើរស្មើឬក៏មិនស្មើ។ ប៉ុន្តែពេលខ្លះគេមិនអាចរកឃើញតាមវិធីនេះបានទេ ដោយសារតែអាការៈនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែគេអាចធ្វើតាមវិធីនេះដូចគ្នាបាន ដោយដាក់ម៉ាស៊ីននេះនៅជាប់ជាមួយអ្នកជំងឺពី២៤ម៉ោង ទៅ៤៨ម៉ោងឬយូរជាងនេះ ដើម្បីតាមដានថានៅចន្លោះពេលណាដែលបេះដូងដើរមិនស្មើគ្នា៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ កញ្ញា ២០១៧)