ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​គួរ​ជំរុញ​សមាជិក​របស់​ខ្លួន​ឲ្យ​ផ្តល់​សច្ចាប័ន​លើ​លក្ខខន្តិកៈ​ក្រុង​រ៉ូម


មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ានជួប​ប្រជុំ​កាលពី​ខែមេសា ២០១២ នៅ​ទីក្រុង​ភ្នំពេញ កម្ពុជា។
មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ានជួប​ប្រជុំ​កាលពី​ខែមេសា ២០១២ នៅ​ទីក្រុង​ភ្នំពេញ កម្ពុជា។

អង្គការ​ក្រៅរដ្ឋាភិបាល​នាំមុខ​មួយ​នៅកម្ពុជានៅ​ថ្ងៃ​ចន្ទ​នេះ បានអំពាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​សម្រប​សម្រួល​ដល់​បណ្តា​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ឲ្យ​ផ្តល់​សច្ចាប័ន​លើ​លក្ខខន្តិកៈ​ក្រុងរ៉ូម។ លក្ខន្តិកៈ​ក្រុងរ៉ូម គឺជា​សន្ធិសញ្ញា​មួយ​សម្រាប់​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ។

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់។ ជា​គោលការណ៍​តុលាការ​នេះ​អាច​ធ្វើការ​ស៊ើបអង្កេត និង​ចោទប្រកាន់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បា​ប្រព្រឹតិ្ត​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ផ្តល់​សច្ចា​ប័ន ដូចជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន ក្នុងពេល​ដែល​រដ្ឋភាគី​មិនមាន​សមត្ថភាព ឬ មិនមាន​ចេតនា​ធ្វើការ​ស៊ើបអង្កេត ឬ​ចោទប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។

នៅ​ក្នុងសេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បន្ទាប់​ពី​សិក្ខាសាលា​មួយ​រយៈពេល​មួយ​ព្រឹក​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​រំលឹក​ខួប​លើក​ទី​១០​ឆ្នាំ​នៃ​ការបង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​ថា អាដហុក បាន​ទាញ​ហេតុផល​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេណ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអគ្នេយ៍ (អាស៊ាន) និង​ជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខខន្តិកៈ​ក្រុង​រ៉ូម គួរជំរុញ​ឲ្យ​ប្រទេស​សមាជិក​ក្នុង​សមាគម​នេះ ឲ្យ​ផ្តល់​សច្ចាប័ន​ដល់​លក្ខខន្តិកៈ​នេះ។

លោក​ធន់ សារ៉ាយ ប្រធានអង្គការ​អាដហុក មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា ការចូល​ជា​សមាជិកភាព​របស់​តុលាការ​ព្រហ្មទណ្ឌ័​អន្ដរជាតិ​នឹង​ជួយ​តម្រង់​ផ្លូវ​មេដឹកនាំ​របស់​ប្រទេស​និមួយ​ៗ​មិន​ឲ្យ​ប្រើអំណាច​របស់​ខ្លួន​ខុស​គោលការណ៍​ច្បាប់។

«ICC មាន​ចេញ​ដីកា​ឃាត់ខ្លួន ចាប់ខ្លួន​ទៅ​ដល់​ប្រធានាធិបតី​កំពុង​កាន់​អំណាច​ យ៉ាងហោច​ណាស់​ក៏​បញ្ជាក់​ថា​អ្នកឯង​កំពុង​កាន់អំណាច​ពិត​ថា​អ្នកឯង​មិន​អាច​ធ្វើអ្វី​ស្រេច​តែ​ចិត្ត​ទេ។ ដូច្នេះ​គឺជា​ការ​គំរាម​មួយ​ទៅ​ដល់​ស្មារតី​របស់​អ្នក​ដឹកនាំ​កំពុងកាន់​អំណាច​ថា អ្នកឯង​កុំអាង​ខ្លួន​មាន​អំណាច ហើយ​ចង់​ធ្វើ​អី​ស្រេច​តែ​ចិត្ត។ នេះ​ជា​សារ​មួយ​សំខាន់​ណាស់ ដែល​ICC ហ៊ាន​ចេញ​ដីកា​ចាប់ខ្លួន​ប្រធានាធិបតី​កំពុង​កាន់​អំណាច​បែប​នេះ»។

បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​ពីរ​ប៉ុណ្ណោះ ក្នុង​សមាគម​អាស៊ាន​ដែល​មាន​ដប់​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​គាំទ្រ​ដល់​ការបង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ហ៊្វីលីពីន។ ដោយឡែក​មាន​ប្រទេស​ហត្ថលេខី​លើ​សច្ចាប័ន​នេះ​ សរុប​ចំនួន​១២១ ប្រទេស​ក្នុង​ពិភពលោក។

លោក​អេនឌ្រូ ខេលី (Andrew Cayley) សហព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​បាន លុះណា​តែ​រដ្ឋ​និមួយៗ​ផ្តល់​សច្ចាប័ន និង​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​បាន។

«កម្ពុជា​អាច​មាន​ឥទ្ធិពល​ខ្លាំង ក្នុង​បញ្ហា​នេះ​ក្នុង​ការ​និយាយ​និង​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​អាស៊ាន ដែល​នៅ​សេសសល់​ពីព្រោះ​ទី១ កម្ពុជា​គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​មុន​គេ និង​ទី២​កម្ពុជា​មាន​បទពិសោធន៍​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ហើយ​ខ្ញុំ​គិត​ថា កម្ពុជា​អាច​ធ្វើកិច្ចការ​ល្អ​ជា​ច្រើន​ក្នុង​បញ្ហា​នេះ»។

លោក អ៊ីស្សាម មូសារ (Isham Mousar) ទីប្រឹក្សា​អមស្ថានទូត​បារាំង​ផ្នែក​នីតិសាស្ដ្រ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រទេស​សមាជិក​អាស៊ាន​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​គ្រប់គ្នា​អាច​ជា​ការងាយស្រួល​ដល់​ការ​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ក្នុង​ការគេច​ពី​ការតាមចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ័​នេះ។

«មានន័យថា​បើ​សិន​ជា​មាន​ឧទាហរណ៍ លោក​ណាមួយ​ ឬក៏​ លោកស្រី​ណាមួយ​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដែល​នៅ​ក្នុង​កត្តិការ​នៅ​ក្នុង​របស់​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​ឆ្លងដែន​ពី​ខ្មែរ​ ប្រទេស​ផ្សេង​អាស៊ាន​មាន​តែ​ពីរ​ប្រទេស អញ្ចឹង​គាត់​អាច​ទៅ​ប្រទេស​ផ្សេង​ៗ នៅ​ក្នុង​អាស៊ាន​យ៉ាង​សេរី ពីព្រោះ​ប្រទេស​ផ្សេងៗ ឥតបាន​ជា​សមាជិក​ព្រហ្មទណ្ឌ​អន្តរជាតិ។ អញ្ចឹង​អាច​បដិសេធ​នឹង​សំណូមពរ​សហប្រតិបត្តិការ​របស់​សហព្រហ្មទណ្ឌ​អន្តរជាតិ​បាន»។

ទោះយ៉ាងណា​លោក​កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មានប្រសាសន៍​ថា ការជួយ​ជំរុញ​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការផ្តល់​ការគាំទ្រ​និង​ផ្តល់​សច្ចាប័ន​ដល់​លក្ខខន្តិកៈ ក្រុងរ៉ូម​មិនបាន​ស្ថិត​ក្នុង​របៀបវីរៈ​នៃ​កិច្ចប្រជុំ​អាស៊ាន​ទេ ហើយ​លោក​មិន​អាច​ផ្តល់​សេចក្ដីអត្ថាធិប្បាយ​បាន​ទេ។

ចិន សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ដែល​សុទ្ធសឹង​ជា​សមាជិក​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​នៅ​មិនទាន់​ចុះហត្ថលេខា​លើ​លក្ខខន្តិកៈ​ក្រុង​រ៉ូម​នៅ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG