ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកឆាង យុ​​មាន​​បំណង​​​រក​​យុត្តិធម៌​​តាំងពី​​លោក​ចាប់​ផ្តើម​​​បើក​មជ្ឈមណ្ឌល​​ឯកសារ​ខ្មែរក្រហម​​​​


នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​
នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​

នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​លោក​ឆាំង ​យុ ​បាន​ប្រាប់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​មាន​បំណង​តាំង​ពី​ដើម​រៀង​មក ​ចង់​ឃើញ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​នាំ​ខ្លួន​យក​មក​កាត់ទោស។

លោក​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សវនាការ​សំណុំរឿង​០០២​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មេធាវី​អន្តរ​ជាតិ​របស់​នួន ​ជា ​លោក​ជេពសឺ ផូវ​(Japser Pauw)។​ លោក​ឆាំង ​យុ​បាន​បញ្ជាក់​ថា​ បំណង​នេះ​គឺ​ជា​ក្តីសង្ឃឹម​របស់​លោក។

«ខ្ញុំ​មិន​ដែល​អស់​ក្តីសង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​នឹង​មាន​តុលាការ​នេះ ​ដើម្បី​យក​មេ​ដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​ទេ។ ​អញ្ចឹង​តាំង​ពី​ដំបូង​ឡើយ ​គឺ​ខ្ញុំ​គិត​អីញ្ចឹង។​ ហើយ​ខ្ញុំ​ដឹង​ខ្លួន​ឯង​ហើយ​ថា​ ខ្ញុំ​មិនមែន​ជា​តុលាការ ​មិនមែន​ជា​ចៅក្រម ​មិនមែន​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់។ ​អញ្ចឹង​ហើយ ​ខ្ញុំ​បាន​កម្រិត​តួនាទី​របស់​ខ្ញុំ​ត្រឹម​តែ​ដើរ​ប្រមែល​ប្រមូល​ឯកសារ ​ដើម្បី​ឲ្យ​សាធារណជន ​ឲ្យ​តុលាការ​មួយ​នេះ ​ធ្វើ​ការ​វិនិច្ឆ័យ​ទោស។​ ខ្ញុំ​ចង់​ឲ្យ​មាន​តុលាការ​នេះ​នៅ​ស្រុក​ខ្មែរ ​ដើម្បី​វិនិច្ឆ័យ​ទោស​ជន​ណា​មួយ​ ដែល​ទទួល​ខុស​ត្រូវ​ពី​ការ​កាប់​សម្លាប់​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ»។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​បាន​បញ្ជាក់​ច្បាស់ៗ ​នឹង​ត្រង់ៗ​ ដល់​មេធាវី​អន្តរជាតិ​របស់​នួន​ ជា​ ថា​លោក​ធ្លាប់​បាន​និយាយ​ និង​សរសេរ​ជា​អត្ថបទ​គឺ​ចង់​ឲ្យ​អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​រូប​នេះ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស។

សេចក្តីអះអាង​របស់​លោក​ឆាំង​ យុ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​អង្គជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បន្ត​ស្តាប់​សក្ខីកម្ម​របស់​លោក​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ ដើម្បី​បញ្ជាក់​ទៅ​លើ​យថាភាព​នៃ​ឯកសារ ​ឬ​ភាព​ជាក់​ច្បាស់​អាច​ទុក​ចិត្ត​បាន​នៃ​ឯកសារ​ ដែល​មជ្ឈមណ្ឌល​របស់​លោក​បាន​ផ្តល់​ជូន​សាលាក្តី​ខ្មែរក្រហម។

ឯកសារនេះ​ត្រូវ​សាលាក្តី​ខ្មែរក្រហម​យក​ទៅ​ប្រើប្រាស់​ជា​ភស្តុតាង​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ​នួន ​ជា ​អៀង ​សារី ​ខៀវ ​សំផន ​និង​អៀង ​ធីរិទ្ធ ​នៅ​ក្នុង​សំណុំរឿង​០០២​នេះ។​ ក៏ប៉ុន្តែ​ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​បាន​តវ៉ា​ទៅ​លើ​យថាភាព​នៃ​ឯកសារ​រាប់រយ​ពី​មជ្ឈមណ្ឌល​នេះ។

ដោយឡែក ​អៀង ​ធីរិទ្ធ​កំពុង​តែ​ឋិត​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​ការ​កាត់ទោស​នៅ​ក្នុង​ពេល​នេះ​ ដោយសារ​តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

សហ​មេធាវី​អន្តរជាតិ​របស់​នួន​ ជា ​លោក​ជេពសឺ ផូវ​(Japser Pauw)​បាន​ដេញ​ដោល​លោក​ឆាំង ​យុ យ៉ាង​ខ្លាំងក្លា​អំ​ពី​ចេតនា​របស់​លោក​ដែល​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ និង​ផ្តន្ទាទោស​ទៅ​លើ​កូន​ក្តី​របស់​ខ្លួន ​ក៏ប៉ុន្តែ​ត្រូវ​សហ​ព្រះ​រាជ​អាជ្ញារង​ធ្វើ​ការ​ជំទាស់​ជា​ច្រើន​លើក​ច្រើនសារ​ ដោយ​សំអាង​ថា​ នេះ​គឺ​ជា​សំណួរ​ចាក​ប្រធាន។

យ៉ាងណា​ក៏ដោយ​ លោក​ឆាំង ​យុ​បាន​ទទួល​ស្គាល់​ថា ​លោក​បាន​ចងក្រង​ឯកសារ​ មាន​បញ្ជី​ឈ្មោះ​មេដឹកនាំ ​និង​កម្មាភិបាល​ខ្មែរក្រហម​សរុប​ប្រមាណ​ជា​២០​នាក់​ ដែល​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សហមេធាវី​អន្តរជាតិ​របស់​នួន ​ជា ​លោក​ឆាំង ​យុ​បញ្ជាក់​ថា​ ការ​រៀបចំ​ចងក្រង​ឯកសារ​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​លោក​គឺ​លោក​ចង់​ដឹង​ពី​ខ្សែ​សង្វាក់​នៃ​ការ​សម្លាប់​មនុស្ស ​ដែល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​បាន​ឋិត​នៅ​ក្នុង​អាថ៌កំបាំង។

«ពីព្រោះ​យើង​ចង់​ដឹង​ថា ​តើ​អ្នក​ណា​សម្លាប់​ប្រជាជន​ខ្មែរ​ពីរ​លាន​នាក់។​ នៅ​ក្នុងការ​សម្ភាស៍​របស់​យើង ​មាន​មនុស្ស​ប្រហែល​ជា​រាប់ពាន់​នាក់។ ​គ្មាន​នរណា​ម្នាក់​សោះ​ឆ្លើយ​ថា​ បាន​សម្លាប់​មនុស្ស។​ អញ្ចឹង​យើង​ចង់​ដឹង! ​បាទ ​យើង​ចង់​ដឹង​ថា​ ប្រវត្តិសាស្ត្រ​ អ្នក​ណា​បាន​ធ្វើ​អំពើ​ទាំង​អស់​នេះ»។

លោក​ឆាំង ​យុ​នឹង​ត្រូវ​ចូល​ខ្លួន​មក​ផ្តល់​សក្ខីកម្ម​នៅ​អង្គជំនុំជម្រះ​សាលា​ដំបូង​ជា​ថ្មី​ម្តង​ទៀត​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG