ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​​របស់​​អ្នក​​បឹងកក់​​ឈាន​​ដល់​​ថ្ងៃ​ទីពីរ​តែ​នៅមិន​មាន​​ចម្លើយ


ទុយោ​បូមដី​លុប​បឹងកក់​នៅ​រាជធានី​ភ្នំពេញ។
ទុយោ​បូមដី​លុប​បឹងកក់​នៅ​រាជធានី​ភ្នំពេញ។

ភ្នំពេញ៖ ប្រជាពលរដ្ឋ​នៃ​តំបន់​បឹងកក់​ក្រុង​ភ្នំពេញ ​បាន​បន្ដ​ការតវ៉ា​របស់​ខ្លួន​ចូល​ដល់​ថ្ងៃទី២​ហើយនៅថ្ងៃ​អង្គារ៍​នេះ ​ដែល​បង្ហាញអំ​ពី​ការប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការតស៊ូ​ចំពោះ​អ្វី​ដែល​ពួកគេ​អះអាងថា​ ពុំ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​ឲ្យ​បានសម​រម្យក្នុង​ការបណ្ដេញ​ពួកគេ​ចេញពី​លំនៅ​ដ្ឋាន។

ស្ថិតនៅ​ក្នុង​បរិវេណដែល​ព័ទ្ធដោយ​ខ្សែ​នីឡុង​ទំហំ​ប៉ុន​ម្រាម​ដៃ​លើ​ទីលាន​ប្រជាធិបតេយ្យឬទី​លាន​បញ្ចេញ មតិ​ក្រុម​អ្នកភូមិ​ជជែក​គ្នា​ជាក្រុមៗ ​បន្ទាប់ពី​ស្រែក​ដាក់​ឧគ្ឃោសនស័ព្ទ​លាតត្រដាងអំ​ពី​បញ្ហា​របស់​ពួកគេ​និង​ដង្ហោយ​រក​ជំនួយ​សម្រាប់​ពួកគេ។ ប៉ុន្ដែ​អ្នកស្រីលី មុំ ​អ្នក​តំណាង​មួយ​រូប​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ដែល​ប្រឈមនឹង​ការបណ្ដេញ​ចេញនេះ​ ពោលថា​ការឈរ​តវ៉ា​របស់​ពួកគាត់មិន​ត្រូវ​បាន​មន្ដ្រី​ទទួល​ខុសត្រូវ ​របស់​រដ្ឋាភិបាល​ឬ ​មន្ដ្រី​ក្រុង​ភ្នំពេញ​ស្តាប់ឮ​នោះទេ។

«តាំងពី​ថ្ងៃទី ​៣ ​ដល់ថ្ងៃទី ​៤ ​នេះ​គឺអត់​មាន​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ​តំណាងរាស្ដ្រ​ក៏​អត់មាន​បាន​ចុះ​មក​ត្រួតពិនិត្យ​ ឬ​ក៏សួរ​ពី​បញ្ហា​ពួកខ្ញុំ​ធ្វើកូដក​ម្ម​ទាមទារ​ចង់បាន​អ្វីទេ»។

នៅខាង​មុខ​ក្រុម​អ្នកតវ៉ាគឺជា​អាគារ​ធនាគារ​ដ៏ខ្ពស់​ជាងគេ​ក្នុងចំណោម​បណ្ដា​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា។​ការសាងសង់​អាគារ​ទំនើបថ្មីៗ​ទៀត​កំពុង​បន្ដ​នៅលើ​សួន​ច្បារ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ទីលាន​បញ្ចេញមតិនោះទេ។ អ្នកភូមិ​បឹងកក់​អង្គុយ​មើល​អ្នក​ដំណើរ​ឆ្លងកាត់​ទៅមក​មិនចេះដាច់​នៅលើផ្លូវ​តូច​ចង្អៀត​ដែល​រាយប៉ាយ​ដោយ​រថយន្ដ​សម្រាប់​លក់​តាម​ចិញ្ចើមផ្លូវ។ យូរៗម្ដង​ពួកគេ​អំពាវនាវ​ឲ្យ​មាន​ការគាំទ្រ​ពី​ក្រុម​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន ​ទទួល​សិទ្ធិវិនិយោគ​នៅ​តំបន់បឹងកក់​ ដែល​មាន​ទំហំ​សរុប​១៣៣​ហិកតា​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​ឲ្យទៅ​ជា​មណ្ឌល​ពាណិជ្ជកម្ម​និង​សំណង់​ទំនើប។

ប្រជាពលរដ្ឋ​ចំនួន​ជាង​៤.០០០គ្រួសារ​តម្រូវ​ឲ្យ​ចាកចេញ​ពី​តំបន់​ដែល​ពួកគេ​កំពុង​រស់នៅ​ដោយ​ផ្តល់​សំណង ​ដែល​ពួកគេ​អះអាង​ថា​មិនបាន​ធ្វើឲ្យ​សមស្រប​ទៅតាម​ទីផ្សារនោះ​ទេ។

ការតវ៉ា​នឹង​ត្រូវ​អូស​បន្លាយ​រហូតដល់​ថ្ងៃសុក្រ​សប្តាហ៍នេះ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​សមរម្យ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ក្រុមហ៊ុន​ទិញដី​របស់​ពួកគេ​នៅក្នុង​តម្លៃ​១.៥០០​ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ការ៉េ​ឬ​ក៏​ត្រូវ​ផ្តល់ ​ឲ្យ​ពួកគេ​នូវ​ដី​ទំហំ១៥ហិកតា​សម្រាប់​ចែកគ្នា​រស់នៅ​ដើម្បី​ជៀស​វាង​ការចាកចេញ​ពី​តំបន់​ជម្លោះ​នេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ខ្លួន​បាន​ដាក់​សំណើ​ដើម្បី​ជួប​ចរចា​ជាមួយ​អភិបាល​ក្រុង​ចំនួន​ប្រាំដង​តែ ​សំណើ​ទាំង​នោះ​ត្រូវបាន​បដិសេធ។ សំណើចំនួន​បួន​បាន​ដាក់​ទៅកាន់​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន ​ដើម្បី​ស្នើសុំ​អន្ដរាគមន៍​ ប៉ុន្ដែ​នៅតែ​មិនមាន​ឥទ្ធិពល​សម្រាប់​ការ​ដោះ​ស្រាយ​ណា​មួយ​នោះ​ទេ។

អ្នកស្រី លី មុំបាន​បញ្ជាក់​បន្ថែមថា៖

«ពួកខ្ញុំ​នៅតែ​មាន​ការទាមទារ​ហើយ​សុំ​យ៉ាងទទូច​ ដើម្បី​ឲ្យ​ឯកឧត្តម​ កែប ជុតិមា បើក​ការចរចាជា​មួយ​ប្រជា ពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​វិជ្ជមាន​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់»។

ទោះ​ជាយ៉ាងនេះក្ដី​ ការអស់សង្ឃឹម ​និង​ការប្ដេជ្ញាចិត្ត​នៃ​អ្នកភូមិ​ទាំងនេះ​នៅតែ​បន្ដ​ដក់ជាប់​ជាមួយ​ពួកគាត់។ ​អ្នកស្រី​ វ៉ាន់ នី ​ដែល​ផ្ទះ​របស់អ្នកស្រី​ត្រូវ​ពន្លិច​ដោយ​ល្បាប់ខ្សាច់​ ដែល​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ បូមដាក់នោះ នៅតែ​រំពឹង​ថា​ ការចរចា​ឡើងវិញ​មួយ​នឹង​អាច​ចាប់ផ្ដើម។

«ពួកខ្ញុំ​នៅតែ​តវ៉ា​ស្រែក​ទាមទារ​ទាល់តែ​មាន​សមត្ថកិច្ច​ ឬក៏​ខាង​រាជរដ្ឋាភិបាល​មក​ចរចា ផ្ដល់​ដំណោះ​ស្រាយ​ដល់​ពួកខ្ញុំ​ទើប​ពួកខ្ញុំ​ឈប់»។

ដំណាលគ្នា​នោះ​អ្នកស្រី​តុល ស្រីពៅ បាន​ព្រលយ​ពាក្យ​ថា​ក្រុមអ្នកភូមិ​នឹង​ធ្វើការក្រាញននៀល​ក្នុងការ​តស៊ូរបស់ខ្លួន។

«ពួកខ្ញុំ​មិន​ចាកចេញ​ពី​តំបន់​បឹងកក់​ជា​ដាច់ខាត​ បើគ្មាន​សំណង​សមរម្យ ​បើ​រាជរដ្ឋាភិបាល​ ជា​ពិសេស សាលារាជធានី​ភ្នំពេញ​មិនដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅតំបន់​បឹងកក់​ទេ​ ពួកខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅក្នុង​ផ្ទះ»។

លោកប៉ា​ សុជាតិវង្ស ​អភិបាល​រង​សាលា​រាជធានីភ្នំពេញ​មិនធ្វើ​អត្ថាធិប្បាយ​លើ​ជម្លោះ​ដី​បឹង​កក់​នេះ​ទេ។

ដោយ​ឡែក​ លោក កើត ឆែ ​នាយរង​ខុទ្ទកាល័យ​សាលារាជធានី​ភ្នំពេញ​មិនអាច​បំភ្លឺ​ថាតើ​សាលា​រាជធានី​ នឹង​ធ្វើការ​ចរចា​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ឬយ៉ាងណា​ទេ។

«ខ្ញុំមិនអាច​ឆ្លើយ​បានទេ​ ខ្ញុំ​មិនមែន​ជា​អ្នក​ទទួលខុស​ត្រូវ​រឿងនេះ»។

តំបន់​បឹងកក់​មាន​ភូមិ​ចំនួនប្រាំពីរ​ប្រជាពលរដ្ឋ​ប្រមាណ​ជា២.០០០គ្រួសារ​នៅក្នុង​ចំណោម​ជាង​៤.០០០គ្រួសារ ​បាន​យល់ព្រម​ចាកចេញ​ថ្វីបើ​ពួកគេ​អះអាង​ថា​សំណង​សម្រាប់​ពួកគេ​មិនបាន​ត្រឹម​ត្រូវគឺពួកគេ​ទទួល​បាន​ផ្ទះល្វែង​ទំហំ​បួនគុណ​នឹង​ដប់ពីរម៉ែត្រ​ឬក៏​ទទួល​បាន​ជាប្រាក់​សំណង​ចំនួន​៨.០០០ដុល្លារនិង​២.០០០.០០០រៀល។

ក្រុម​អ្នកភូមិ​បឹងកក់​បាន​លើកឡើង​ថា​ ពួកគេ​ចង់​បន្ត​រស់នៅ​ទីនេះ​ដោយសារ​តែ​ទីតាំង​ថ្មី​របស់​ពួកគេ​មាន​ចម្ងាយ​រហូត​ទៅដល់​២០​គីឡូម៉ែត្រ​ពី​ទីតាំង​សព្វថ្ងៃ។

អ្នកភូមិ​លើកឡើង​ថាទីតាំង​ថ្មី​ពុំមាន​សាលារៀន ​គ្មាន​មន្ទីរពេទ្យ ​និង​ធ្វើឲ្យ​ពួកគេ​ពិបាក​និង​ស្វែងរក​មុខរបរ​សម្រាប់​ចិញ្ចឹមជីវិត។

ក្រៅពី​ស្វែងរក​ជំនួយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក្រុមអ្នកភូមិ​បឹងកក់​ដែល​កំពុងតែ​តវ៉ា​បាន​អំពាវនាវរក​ជំនួយ​ពី​អតីត​ព្រះមហាក្សត្រ​នរោត្តម​ សីហនុ ​និង​មេដឹកនាំ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ​សហរដ្ឋ​អាមេរិក ​ជប៉ុន ​វៀតណាម​ ចិន​ និង​ប្រទេស​មួយ​ចំនួនទៀត​ដើម្បី​ជួយ​ដល់​ពួកគេ ​តាមរយៈ​ការលើក​ត្រដាង​ទង់ជាតិ​នៃ​ប្រទេស​ទាំងនោះ។

លោក​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យ​ទី​ស្ដីការ​គណរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ប្រជា​ពលរដ្ឋ​បឹងកក់​អាច​ប្ដឹង​ទៅកាន់​តុលាការ​បាន​ប្រសិន​បើគ្មាន​ដំណោះស្រាយ​ណាមួយនោះ។

«ការនិយាយពីប្តឹងប្តល់ មានតែស្ថាប័នតុលាការទេ អ្នកទទួលពាក្យបណ្តឹង និងផ្តល់យុត្តិធម៌ឲ្យ »។

ក៏ប៉ុន្ដែ​លោក​ យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជាអ្នកនាំ​ពាក្យ​គណបក្ស​ជំទាស់​សម រង្ស៊ី ​មាន​ប្រសាសន៍​ថា សំណុំរឿង​បឹងកក់​ដ៏រ៉ាំ​រ៉ៃ​នេះ​គឺជា​ការទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះ​ស្រាយ។

«គឺ ​រដ្ឋាភិបាល​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ត្រូវតែ​ទទួលខុស​ត្រូវ ​និង​បញ្ហានេះ​ដោយ​ផ្ទាល់​តែ​ម្តង​»។

មន្ដ្រី​ឃ្លាំមើល​ការរំលោភ​ដីធ្លី​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ​អាដហុក ​លោក អ៊ូច ឡេង ​យល់​ឃើញថា ការតស៊ូ​ក្នុងការ​ធ្វើការ​តវ៉ា​នៅលើ​សួន​ប្រជាធិបតេយ្យ​របស់​អ្នកភូមិ​បឹងកក់​ទំនង​ជាមិន​ទទួល​បាន​ជោគជ័យ​នោះទេ ​ខណៈ​ដែល​ពួកគាត់​មិនមាន​ការសាមគ្គី​រួបរួម​កម្លាំង​គ្នា​បាន​ច្រើន​នោះ៕

XS
SM
MD
LG