ភ្នំពេញ៖ ប្រជាពលរដ្ឋថៃនៅក្នុងទីក្រុងបាងកកបានធ្វើបាតុកម្មនៅថ្ងៃសុក្រប្រឆាំងនឹងការឃុំឃាំងជនជាតិថៃប្រាំពីរនាក់ដែលបានឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់។ ក្រុមអ្នកតវ៉ាថៃបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជនជាតិថៃទាំងនោះជាបន្ទាន់។ ប៉ុន្តែប្រទេសកម្ពុជាបានច្រានចោលការទាមទាររបស់ពួកគេ។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍ថាសមាជិកនៃបណ្តាញចលនានយោបាយ អ្នកស្នេហាជាតិថៃច្រើនរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងភ្នំពេញដោះលែងជនជាតិថៃប្រាំពីរនាក់ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស។
ពួកអ្នកតវ៉ាថៃទាំងនេះដែលបានដឹកនាំដោយលោកស៊ុមប៊ូន ថោងបុរាណ (Somboon Thongburan) មេដឹកនាំបណ្តាញចលនានយោបាយអ្នកស្នេហាជាតិថៃបានដុតរូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយពួកគេបានសន្យាបន្តការប្រមូលផ្តុំរបស់ពួកគេនៅមុខអាគាររដ្ឋាភិបាលរហូតដល់ជនជាតិថៃទាំងប្រាំពីរនាក់ត្រូវបានដោះលែង។ ប៉ូលីសប្រមាណ៥០នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញស្ថានទូតនៅក្នុងអំឡុងពេលធ្វើការតវ៉ា។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថាប្រទេសកម្ពុជាមិនអាចទទួលយកការទាមទាររបស់បណ្តាញចលនានយោបាយអ្នកសេ្នហាជាតិថៃនេះបានទេ។
«ខ្ញុំបានទទួលព័ត៌មានដែលថាមានក្រុមអាវលឿងប្រហែល៤០នាក់ទៅធ្វើបាតុកម្មនៅមុខស្ថានទូតយើងនៅព្រឹកម៉ិញពីម៉ោង១០និង៣០នាទីដល់ម៉ោង១១និង១៥នាទី ពួកអ្នកតវ៉ាបានចាកចេញទៅវិញទៅ។ វាជាទម្លាប់របស់ក្រុមអាវលឿងចេះតែទាមទារទាំងទទឹងទិសនិងលើកឡើងទាំងផ្តេសផ្តាសនោះ ហើយយើងមិនអាចទទួលយកអ្វីដែលពួកគេលើកឡើងនោះបានទេ»។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់សមាជិកសភាថៃរបស់គណបក្សគ្រប់គ្រងអំណាចគឺលោកប៉ានីច វីគិតស្រេត (Panich Vikitsreth) និងសកម្មជនចលនានយោបាយអាវលឿងថៃចំនួនប្រាំមួយនាក់កាលពីថ្ងៃព្រហស្បតិ៍ពីបទឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់និងចូលទីលានយោធាដោយទុច្ចរិតនៅក្នុងខេត្តបន្ទាយមានជ័យ។
លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងថាករណីរបស់ជនជាតិថៃទាំងប្រាំពីរនាក់ នេះបានស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការហើយជនជាតិថៃទាំងប្រាំពីរនាក់នេះមិនអាច ដោះលែងបានទេ។
លោក កាសិត ភីរម្យ (Kasit Pirumya) រដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់ថាលោកគោរពតាមដំណើរការយុត្តិធម៌របស់កម្ពុជា និងសំណូមពរឱ្យដំណើរការនេះធ្វើឱ្យបានឆាប់រហ័សបំផុត៕