អស់រយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីមិនមានការឆ្លើយតបពីរដ្ឋាភិបាល លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា សហព័ន្ឋសហជីពសមាគម និងសហភាព សរុបទាំងអស់ចំនួន១៣ បានកំណត់យកថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ ដើម្បីដឹកនាំធ្វើ មហាបាតុកម្មដ៏ធំមួយក្នុងគោលបំណង ដើម្បីដំឡើងប្រាក់ថ្លៃឈ្នួលដល់ក្រុមកម្មករ។ លោកថ្លែងដូច្នេះថា៖
«ដោយសារតែក្រោយពីការសម្រេចរបស់ក្រុមប្រឹក្សាការងារនៅថ្ងៃទី៨នេះ គឺថាជាចំនួនតិចដែល ចំនួននេះ គឺថាប្រាំដុល្លារ ដែលដំឡើងឲ្យកម្មករហ្នឹង មិនអាចធានារការរស់នៅសមរម្យបានទេ។ ហើយ តាមអ្នកសេដ្ឋកិច្ចបានបង្ហាញថា យ៉ាងហោចណាស់ក៏ប្រាក់ឈ្នួលនៅចន្លោះពី៧៥ដុល្លារឡើងទៅដែរ ទើបអាចចាយរស់»។
កាលពីចុងខែកក្កដា កន្លងទៅនេះ សហព័ន្ឋសហជីព និងសមាគមកាត់ដេរនៅកម្ពុជាចំនួន១៣ បានដាក់លិខិតចំនួនពីរដាច់ដោយឡែកៗពីគ្នាទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
លិខិតនោះបានទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បរមាពី៧៥ដុល្លារ រហូតដល់៩៣ដុល្លារ ក្នុងមួយខែដល់ក្រុមកម្មករ ប្រាក់អតីតភាពការងារពីរដុល្លារ ជារៀងរាល់ឆ្នាំ ប្រាក់ថ្លៃបាយនៅក្នុងមួយម៉ោងពី១.០០០រៀល រហូតដល់ ៣.០០០រៀល និងប្រាក់រង្វាន់ទៀងទាត់ដប់ដុល្លារនៅក្នុងមួយខែ។
លោកអាត ធន់ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ស្នាមមេដៃរបស់ក្រុមកម្មករចំនួន៦០.០០០នាក់ត្រូវបានប្រមូល ហើយនៅថ្ងៃពុធស្អែកនេះ ក្រុមលោកនឹងប្រកាសជាផ្លូវការនូវគម្រោងធ្វើបាតុកម្ម។
លោកអ៊ំ មាន រដ្ឋលេខាធិការក្រសួងការងារ ពុំបានធ្វើអត្ថាធិប្បាយទេជុំវិញគម្រោងធ្វើបាតុកម្ម។ ចំណែកលោកកុយ ទេពតារាវុធ ប្រធាននាយកដ្ឋានវិវាទការងារបាននិយាយថា ការដឹកនាំធ្វើបាតុកម្មនេះ អត់មានអ្វីទាក់ទៅនឹងលោកទេ។ លោកថ្លែងដោយខ្លីថា៖
«គាត់ធ្វើបាតុកម្ម អត់ទាក់ទងខ្ញុំផង ខ្ញុំអត់មានយោបល់ទេ» ។
លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមកាត់ដេររោងចក្រកម្ពុជា បានមានប្រសាសន៍ថា សមាគមរបស់លោកមិនមែនជាអ្នកដោះស្រាយក្នុងការដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករទេ គឺក្រុមប្រឹក្សាការងារទេជាអ្នកសម្រេច។ លោកបានមានប្រសាសន៍ថា ការធ្វើបាតុកម្ម និងប៉ះពាល់ដល់ស្ថេរភាពខ្សែរចង្វាក់ផលិតកម្មនៃ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកបន្តថា៖
«គាត់យកយន្តការកូដកម្ម បាតុកម្មមកគំរាមកំហែង ខ្ញុំគិតថា វាអត់ល្អទេ ហាក់ដូចជារុញច្រាន វិស័យកាត់ដេរហ្នឹង ឲ្យធ្លាក់ក្នុងលក្ខណៈមួយធ្ងន់ធ្ងរថែមទៀត អាហ្នឹងចំពោះខ្ញុំ»។
លោកប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការដឹកនាំធ្វើបាតុកម្មមិនមែនជាដំណោះស្រាយទេ ហើយប្រសិនណាបើមានការធ្វើបាតុកម្មណាមួយដោយអត់ច្បាប់អាជ្ញាធរ នឹងចាត់វិធានការដើម្បីបង្រ្កាប។ លោកមានប្រសាសន៍ថា៖
«មានបងប្អូន នៅតាមសហជីពខ្លះ ចេះតែបង្កើតការញុះញុងបន្តបន្ទាប់ បានប៉ុណ្ណេះហើយ ចង់បានប៉ុណ្ណោះទៀត។ អារឿងចង់នេះ ជំហររបស់យើងៗឯកភាព ប៉ុន្តែយើងធ្វើទៅតាមលទ្ឋភាពដែលយើងអាចធ្វើទៅបាន»។
កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ ក្រុមប្រឹក្សាការងារដែលមានតំណាងរដ្ឋាភិបាល តំណាង សមាគមរោងចក្រកាត់ដេរ ព្រមទាំងតំណាង សហភាព និងសហជីពរោងចក្រកាត់ដេរ បានឯកភាពគ្នា ដំឡើងប្រាក់ឈ្នួលដល់ក្រុមកម្មករបន្ថែមចំនួនប្រាំដុល្លារ និងប្រាក់ទ្រងទ្រង់ជីវភាពចំនួនប្រាំមួយដុល្លារ ដោយទុករហូតដល់ឆ្នាំ២០១៤។