នៅពីមុខទេសចររាប់ពាន់នាក់ក្នុងមួយថ្ងៃៗដែលបានចូលមកទស្សនាសារមន្ទីរ Freer នឹងSackler នាកណ្តាលទីក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ពិព័រណ៍“អាទិទេពក្រុងអង្គរ” ដែលមានរូបចម្លាក់សំរិទ្ធចំនួន៣៦ដុំយកមកពីសារមន្ទីរជាតិកម្ពុជាបានបង្ហាញនូវភាពដ៏អស្ចារ្យនៃស្នាដៃជាងចម្លាក់សំរិទ្ធនឹងភាពសម្បូរណ៌បែបនៃសិល្បៈវប្បធម៌ខ្មែរ។
នេះជាលើកដំបូងក្នុងប្រវត្តិសារៈមន្ទីរនៅទីក្រុងវ៉ាស៊ីនតោន នឹងក៏អាចថាជាលើកដំបូងក្នុងប្រវត្តិនៃសារៈមន្ទីរក្នុងសហរដ្ឋអាមេរិកហើយដែលមានការដាក់តាំងពិព័រណ៍រូបចម្លាក់សំរិទ្ធខ្មែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Louise Cort មន្រ្តីរៀបចំការតាំងពិព័រណ៍ នឹងជាអ្នកអភិរក្សខាងផ្នែកសេរ៉ាមិក របស់សារមន្ទីរ Freer នឹង Sackler នៃស្ថាប័ន Smithsonian របស់សហរដ្ឋអាមេរិក។
“នេះគឺជាលើកដំបូងហើយ ដែលមានពិព័រណ៍ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយផ្តោតទាំងស្រុងលើសំរិទ្ធរបស់ប្រទេសកម្ពុជា ហើយយើងគិតថានេះគឺជាលើកដំបូង ដែលមានពិព័រណ៍ដូចនេះនៅ ក្នុងសហរដ្ឋអាមេរិក"។
រូបចម្លាក់ទាំងនេះបានដាក់តាំងឱ្យភ្ញៀវទេសចរបានចូលមកទស្សនាដោយមិនគិតថ្លៃនៅសារមន្ទីរ Sackler តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១០ ហើយនឹងបន្តរហូតដល់ខែមករាឆ្នាំ២០១១ មុននឹងយកទៅដាក់តាំងនៅសារមន្ទីរ Paul Getty ក្នុងរដ្ឋ California បន្តទៀត។
រូបចម្លាក់ទាំង៣៦ដុំនេះមានខ្លះមានអាយុកាលតាំងពីសម័យមុនអង្គរ នឹងខ្លះទៀតសម័យអង្គរ។ វាជាការជ្រើសរើសសម្រាំងចេញមកពីរូបចម្លាក់ដែលមានប្រមាណ ៧០០០ដុំរបស់សារមន្ទីរជាតិកម្ពុជា។
លោកស្រី Louise Cort បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសមួយថាចំនួនដែលយកមកដាក់តាំងនេះមិនមែនជាកត្តាចម្បងទេ សំខាន់គឺស្នាដៃសំរិទ្ធទាំងនេះតំណាងឱ្យស្នាដៃល្អឯករបស់ជាងសំរិទ្ធខ្មែរ។
“យើងចង់រៀបពិព័រណ៍តូចដូចនេះ ពីព្រោះយើងមិនចង់ឱ្យអ្នកចូលមកទស្សនាផ្តោតតែលើចំនួនវត្ថុយកមកដាក់តាំងទេ យើងចង់ឱ្យពួកគេអាចដើរចូលមកមើលដោយយកចិត្តទុកដាក់លើរូបចម្លាក់មួយម្តងៗដើម្បីរករូបចម្លាក់ណាដែលពួកគេចូលចិត្តបំផុតដោយមើលយឺតៗនឹងយកចិត្តទុកដាក់”។
រូបចម្លាក់ទាំងនេះតំណាងឱ្យព្រះពុទ្ធសាសនានឹងព្រហ្មញ្ញសាសនាហើយត្រូវបានរៀបចំដាក់ក្នុងសាលបីជាប់ៗគ្នា ។ សាលទីមួយមានដាក់រូបកោដិមានរូបលម្អយ៉ាងស្រស់ស្អាតនឹងជួងធំមួយ។ រូបចម្លាក់ទាំងពីរនេះជាឧទាហរណ៍នៃវត្ថុដ៏មានតម្លៃខ្ពស់នឹងកម្ររកបានដែលត្រូវបានធ្វើពាណិជ្ជកម្មទៅប្រទេសឆ្ងាយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសាលនេះក៏មានរូបចម្លាក់បីទៀតដែលឆ្លាក់ក្នុងសម័យអង្គរ ក្នុងនោះ មានព្រះពុទ្ធរូបទ្រង់ម្កុដ រូបព្រះគនេស នឹងស្រ្តីខ្មែរលុតជង្គង់។
នៅក្នុងសាលទីពីរ មានដាក់រូបចម្លាក់ដែលតំណាងឱ្យការវិវត្តនៃរចនាបទសិល្បៈក្នុងវប្បធម៌ខ្មែរ។ រូបចម្លាក់ដាក់តាំងមានរូបព្រះពុទ្ធបដិមាតាំងពីសម័យមុនអង្គរ គឺពីសតវត្សរ៍ទី៦ដល់ទី៨ ដែលជាការបង្ហាញនូវការសម្របទៅតាមរចនាបទរបស់ប្រទេសឥណ្ឌា។ ក្នុងសាលនេះក៏មានរូបចម្លាក់សំរិទ្ធ៧ដុំ ដែលទើបជីកបានក្នុងឆ្នាំ២០០៦។ រូបទាំងនេះបង្ហាញនូវទំនាក់ទំនងយ៉ាងសកម្មនៃរូបចម្លាក់សំរិទ្ធដែលគេយកមកប្រើក្នុងពិធីសាសនា។
ចំណែកឯសាលចុងក្រោយ មានរូបចម្លាក់សំរិទ្ធមកពីសតវត្សរ៍ទី១១រហូតដល់ទី១៤ ដែលតំណាងយ៉ាងច្បាស់ឱ្យរចនាបទសម័យអង្គរ។ រូបចម្លាក់ក្នុងសាលនេះមានព្រះពុទ្ធរូបប្រក់នាគ រូបតំណាងឱ្យព្រហ្មញ្ញសាសនានិងគ្រឿងសម្រាប់ពិធីសាសនា មានដូចជាកញ្ចក់ កណ្តឹង នឹងផ្កាឈូកក្រពុំ ជាដើម។
លោក Drew Hoster សិក្ខាកាមខាងផ្នែកភាសាខ្មែរដែលត្រូវទៅបំពេញបេសកកម្មនៅប្រទេសកម្ពុជាបានមកទស្សនាការដាក់តាំងពិព័រណ៍នេះហើយបានប្រាប់វីអូអេថា៖
“រូបចម្លាក់ទាំងអស់ស្អាតៗណាស់។ ខ្ញុំសប្បាយចិត្តដែលប្រជាជនអាមេរិកាំង មានលទ្ធភាពបានមើលរូបចម្លាក់ទាំងអស់នេះដែរ”។
ចំណែកឯកញ្ញា មីសែល បែណិត បានសម្តែងការស្ងើចសរសើរចំពោះវប្បធម៌របស់ខ្មែរ។
“ខ្ញុំចាប់អារម្មណ៍ណាស់នឹងវប្បធម៌កម្ពុជា។ ខ្ញុំចង់ទៅកម្ពុជា។ ពេលខ្ញុំទៅ ខ្ញុំយកគ្រួសារខ្ញុំទៅមើលអង្គរវត្ត”។
ស្រដៀងគ្នានេះដែរ កញ្ញា លីសា កាឡាក់ជៀន ដែលត្រូវទៅបំពេញបេសកម្មការងារនៅប្រទេសកម្ពុជាហើយបានមកទស្សនាពិព័រណ៍នេះបានសម្តែងក្តីរំភើបរបស់នាងថា៖
“ខ្ញុំសប្បាយដែលឃើញរូបចម្លាក់មកពីស្រុកខ្មែរ។ ពេលខ្ញុំទៅស្រុកខ្មែរខ្ញុំសប្បាយនឹងទៅលេងអង្គរវត្តនឹងមើលអង្គរវត្ត។ ខ្ញុំយកគ្រួសារខ្ញុំទៅមើលអង្គរវត្តដែរ”។
ដើម្បីអបអរដល់ការដាក់តាំងពិព័រណ៍នេះ សារមន្ទីរ Sackler ក៏មានរៀបចំជាការប្រគុំតន្រ្តីក្លាស៊ិករបស់អ្នកនិពន្ធបទភ្លេងដ៏ល្បីគឺលោក អ៊ឹង ជិនណារី កាលពីសប្តាហ៍ទីមួយហើយក៏នឹងមានការសម្តែងសិល្បៈបុរាណខ្មែរផងដែរនៅខែសីហាខាងមុខ។ ទន្ទឹមគ្នានេះដែរមានការពិភាក្សាពីអ្នកជំនាញល្បីៗដែលមានដូចជាលោក John Guy អ្នកឯកទេសខាងវត្ថុសិល្បៈនៃតំបន់អាស៊ីអាគ្នេយ៍នឹងអាស៊ីខាងត្បូង។
លោក John Guy បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្រោយពី បញ្ចប់ការធ្វើបទបង្ហាញកាលពីថ្ងៃសៅរ៍កន្លងមកនេះថា រូបចម្លាក់សំរិទ្ធភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ពិធីសាសនាផ្សេងៗនឹងក្នុងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីជាន់ខ្ពស់ក្នុងរាជការខ្មែរដើម្បីតំណាងឱ្យភាពសម្បូរសប្បាយនឹងអំណាចរបស់គេ។
ការដាក់តាំងពិព័រណ៍នេះកើតឡើងដោយសារកិច្ចសហការរវាងសារមន្ទីរ Freer នឹង Sacklerក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងសារៈមន្ទីរជាតិកម្ពុជា។ សារមន្ទី Freer នឹង Sackler ជាសារមន្ទីរក្នុងទីក្រុងវ៉ាស៊ីនតោនដែលមានដាក់តាំងស្នាដៃសិល្បៈមកពីបណ្តាប្រទេសនៅអាស៊ីដទៃទៀតជាច្រើន។
លោកស្រី Louise Cort បានបញ្ជាក់ពីមូលហេតុដែលស្នាដៃសិល្បៈមកពីប្រទេសអាស៊ី ដូចជាប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដល់ការងាររបស់សារមន្ទីរនេះថា៖
“យើងចង់ឱ្យអ្នកមកទស្សនាអាចមកទីនេះនឹងមានអារម្មណ៍ផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងវប្បធម៌របស់អាស៊ី បើទោះបីជាគេចង់មករកអ្វីដែលល្អស្អាតឬពួកគេមករកចំណេះដឹងនឹងព័ត៌មានអំពីវប្បធម៌ទាំងនោះ ហើយបើទោះបីជាពួកគេមិនបានដឹងឬដឹងរួចហើយក៏ដោយ ឬក៏មកទីនេះជាលើកដំបូង គឺយើងចង់ណែនាំឱ្យស្គាល់វប្បធម៌ដែលមាននៅឯបណ្តាប្រទេសពាក់កណ្តាលទៀតនៃពិភពលោក”។
សារមន្ទីរ Freer នឹង Sackler ក៏មានបោះពុម្ភជាសៀវភៅកាតាឡុកមួយកម្រាស់១៦០ទំព័រដែលរៀបរាប់លម្អិតពីរូបចម្លាក់ទាំងអស់មានលម្អទៅដោយរូបថតជាច្រើន។ សៀវភៅនេះកែសម្រួលដោយលោកស្រី Louise Cort នឹងសហការីម្នាក់របស់លោកស្រីគឺលោក Paul Jett ៕