វិទ្យាស្ថាន ទឹកអន្តរជាតិក្រុងស្តុកហូម របស់ប្រទេសស៊ុយអែត បានសម្រេចប្រគល់រង្វាន់ឧស្សាហកម្មទឹកក្រុងស្តុកហូមសម្រាប់ឆ្នាំ ២០១០ដល់រដ្ឋាករទឹកកម្ពុជាដើម្បីជាការទទួលស្គាល់ចំពោះ ការផ្គត់ផ្គង់ទឹកនិងការដំណើរការគ្រប់គ្រងដោយខ្លួនឯងបាន។
រង្វាន់ នេះនឹងប្រគល់ជូនជាផ្លូវការនៅទីក្រុងស្តុកហូម ប្រទេសស៊ុយអែត ក្នុងឱកាសប្រារព្ធសប្តាហ៍ទឹកពិភពលោកដែលនឹងរៀបចំពីថ្ងៃ ទី៥ដល់១១ ខែកញ្ញា ឆ្នាំ២០១០ខាងមុខនេះ។
នៅ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី០២ខែមិថុនា វិទ្យាស្ថានអន្តរជាតិក្រុងស្តុកហូម បានលើកសរសើរដល់របៀបគ្រប់គ្រងល្អនិងការទទួលខុសត្រូវខាងផ្នែក បរិស្ថានរបស់រដ្ឋាករទឹកកម្ពុជា។
លោក ឯក ស៊ុនចាន់ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានមានប្រសាសន៍ថា៖
“ក្រុមរបស់ខ្ញុំទទួលបានការលើកទឹកចិត្តដោយសារទទួលបាន រង្វាន់នេះដើម្បីឱ្យយើងអាចបន្តអនុវត្តបេសកកម្មរបស់យើងក្នុងការ បង្កើនប្រសិទ្ធិភាពរូមគ្នា ធ្វើឱ្យប្រសើររឡើងនូវនិយ័តកម្មទឹក និងផ្គត់ផ្គង់ទឹកដែលប្រជាពលរដ្ឋក្រីក្រអាចប្រើប្រាស់បាន។ យើងនឹងបន្តធ្វើការផ្គត់ផ្គង់ទឹកដោយមិនឈប់ឈរក្នុងតម្លៃមួយដែល សង្គមយើងទាំងមូលអាចបង់ថ្លៃប្រើប្រាស់បានតាមរយៈការគ្រប់គ្រងល្អ និងការអនុវត្តប្រមូលថ្លៃផលិតមកវិញ បើទោះបីជាតម្លៃអគ្គិសនីនិងថ្លៃផលិតផ្សេងៗទៀតមានការកើនឡើងក៏ដោយ"។
រដ្ឋាករ ទឹកបានធ្វើការរៀបចំដាក់បំពង់ប្រព័ន្ធទឹកថ្មីទាំងស្រុងដាក់ឱ្យ មានវិធីប្រមូលប្រាក់ថ្លៃប្រើប្រាស់ទឹកនិងចេញវិក្ក័យប័ត្រដែល មានលក្ខណៈប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការគ្រប់គ្រងដែលមានកម្រិតពិភពលោកក្នុងការផ្តល់ទឹក ទៅឱ្យស្ទើរតែគ្រប់ប្រជាពលរដ្ឋទាំងអស់ក្នុងទីក្រុង ហើយបានចាប់ផ្តើមផ្តល់ទឹកស្អាតដល់អ្នកទីក្រុងភ្នំពេញប្រើប្រាស់ នៅឆ្នាំ១៩៩៨។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់តាមសេចក្តីបញ្ជាក់របស់ក្រុមគណៈកម្មការវាយតម្លៃថា "រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញមានការប្តេជ្ញាខ្ពស់ដើម្បីធានាឱ្យបានការ ទទួលខុសត្រូវខាងផ្នែកសង្គមកិច្ចនិងបរិស្ថាន។ រដ្ឋាករទឹកនេះបានបង្ហាញបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងមូលថា ទីក្រុងធំៗអាចរំពឹងថា នឹងទទួលបានទឹកស្អាតជាប្រចាំ ហើយឈរជាគម្រូសម្រាប់ដល់បណ្តាស្ថាប័នផ្សេងៗធ្វើឱ្យប្រសើរឡើងនូវ ការធ្វើជំនួញនិងបង្កើនកម្រិតសេវាកម្មដល់អតិថិជន”។
បរិមាណ ទឹកបាត់បង់ដោយសារការបែកធ្លាយបំពង់បង្ហូរ និងម៉ាស៊ីនបូមទឹកមានចំនួន៧២ភាគរយក្នុងឆ្នាំ១៩៩៣ ប៉ុន្តែចំនួននេះបានថយមកនៅត្រឹម៦ភាគរយវិញនៅក្នុងឆ្នាំ២០០៨ ដែលជាចំនួនមួយទាបខ្លាំងណាស់ បើប្រៀបធៀបនឹងកម្រិតអន្តរជាតិ។ ខណៈពេលជាមួយគ្នានេះដែរ សមាមាត្រនៃការប្រមូលវិក្ក័យប័ត្របានលើសពីចំនួន៩៨ភាគរយដែលជា ការជួយឱ្យរដ្ឋាករទឹកប្រមូលថ្លៃផលិតមកវិញបាន។
លោក ឯក ស៊ុនចាន់ បានប្តេជ្ញាថា នឹងកាត់បន្ថយចំនួនទឹកដែលបាត់បង់ដោយសារការបែកធ្លាយឱ្យធ្លាក់ មកនៅកម្រិត៤ភាគរយនៅឆ្នាំ២០២០ ហើយបន្តធ្វើឱ្យប្រសិទ្ធិភាពនៃការបម្រើសេវាកាន់តែប្រសើរជាងមុន ហើយហ្នឹងផ្គត់ផ្គង់ទឹកក្នុងតម្លៃថោកជាងពេលបច្ចុប្បន្ន។
ពានរង្វាន់ ឧស្សាហកម្មទឹកក្រុងស្តុកហូមទទួលស្គាល់ការចូលរួមចំណែករបស់វិស័យ ជំនួញដល់ការគ្រប់គ្រងទឹកប្រកបដោយចិរភាព ដោយការបន្ថយការប្រើប្រាស់បរិមាណទឹកនិងផលប៉ះពាល់ដល់បរិស្ថាន។ រង្វាន់នេះបង្កើតឡើងក្នុងឆ្នាំ២០០០៕