ក្រុមហ៊ុនម៉ាឡេស៊ីបានទទួលសិទ៉្ធិលើការសាងសង់ស្ថានីយ៍បញ្ជូនថាមពលអគ្គិសនីពីទីក្រុងភ្នំពេញ ទៅខេត្តកំពង់ចាម។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
រដ្ឋសភាកម្ពុជាបានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ១០៧,៦លានដុល្លារអាមេរិកនៅថ្ងៃ ព្រហស្បតិ៍នេះដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនម៉ាឡេស៊ីសាងសង់ស្ថានីយ៍បញ្ជូនថាមពលអគ្គិសនីពីទីក្រុងភ្នំពេញទៅកាន់ទីរួមខេត្តកំពង់ចាមជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការផ្តល់អគ្គីស នីប្រើប្រាស់ដល់គ្រប់តំបន់នៅទូទាំងប្រទេសនៅឆ្នាំ២០២០។
រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនCambodian Transmission Limited របស់ប្រទេសម៉ាឡេស៊ី ក្នុងការកសាងស្ថានីយ៍បញ្ជូនថាមពលអគ្គិសនីតង់ស្យុង២៣០ គីឡូវ៉ុលប្រវែង១១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅកាន់ទីរួមខេត្តកំពង់ចាម។ ក្រុមហ៊ុនម៉ាឡេស៊ីនេះ នឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ Electricite du Cambodge (EDC)។
កិច្ចព្រមព្រៀងនេះបានតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់នូវការធានាលើការទូទាត់ថ្លៃប្រើប្រាស់ខ្សែ បញ្ជូនអគ្គិសនី និងការទូទាត់ថ្លៃទិញមធ្យោបាយគម្រោង ក្នុងករណីដែលក្រុមហ៊ុនមិនអាចអនុវត្ត គម្រោងបាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ប្រធានសក្តិផ្នែកនយោបាយ។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអគ្គិសនីរដ្ឋEDCនឹងបង់ឱ្យក្រុមហ៊ុនម៉ាឡេស៊ីចំនួន២០,៥លាន ដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ថ្លៃបញ្ជូនថាមពលអគ្គិសនីទៅកាន់ខេត្តកំពង់ចាមពីទីក្រុងភ្នំពេញ និងមានរយៈពេលសម្បទាន២៨ឆ្នាំ រួមមានការសាងសង់រយៈពេល៣ឆ្នាំនិងធ្វើអាជីវកម្ម២៥ឆ្នាំ។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គ្រប់ភូមិទាំងអស់នៅ កម្ពុជានិងមានអគ្គិសនីប្រើប្រាស់នៅក្នុងឆ្នាំ២០២០។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាបានថ្លែងថា កិច្ចព្រម ព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធ៣,៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ។
"រាជរដ្ឋាភិបាលកម្ពុជាខិតខំទាក់ទាញរកអ្នកវិនិយោគទុនបរទេសឱ្យមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យថាមពលអគ្គិសនីនេះឱ្យបានច្រើនតាមរយៈការលើកទឹកចិត្ត និងផ្តល់ទំនុកចិត្ត ដល់អ្នកវិនិយោគទុន ដោយមានការធានាលើកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនវិនិយោគដែលទាមទារឱ្យមានការអនុម័តយល់ព្រមពីអង្គនីតិប្បញ្ញត្តិ"។
លោកស្រី លី ស្រីវីណា តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា យើងគាំទ្រកិច្ចព្រមព្រៀងធានាទូទាត់នេះ ដើម្បីលើកទឹកចិត្តនិងទាក់ទាញអ្នកវិនិយោគ ប៉ុន្តែការដេញថ្លៃមិនមានតម្លាភាព។
"ពួកយើងគាំទ្រឱ្យមានគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យថាមពលអគ្គិសនីនេះ ដើម្បីឱ្យប្រជាពលរដ្ឋ មានអគ្គិសនីប្រើប្រាស់ប្រកបដោយគុណភាពនិងតម្លៃថោក។ ប៉ុន្តែពួកយើងមិនអាចគាំទ្រទៅលើ គម្រោងនេះទេ ពីព្រោះក្រុមហ៊ុនចំណេញច្រើនពេក"។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានថ្លែងថា ការដេញថ្លៃបានធ្វើឡើង ជាសាធារណៈ ហើយក្រុមហ៊ុនចំណេញបានប្រមាណ១៣៦លានដុល្លារអាមេរិកក្នុងរយៈពេល២៥ឆ្នាំ។
"វារីអគ្គិសនីមានច្រើនមែនដែលរដ្ឋសភាបានអនុម័ត កំពុងតែដំណើរការសាងសង់។ តម្លៃអគ្គិសនី មិនអាចថោកបាន បើវារីអគ្គិសនីទាំងនោះមិនទាន់បានផលិតអគ្គិសនីផង"។
រដ្ឋសភាកម្ពុជាធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះសម្រាប់ក្រុមហ៊ុនសាងសង់វារីអគ្គិសនី និងគគ្រោងខ្សែបញ្ជូនថាមពលអគ្គិសនីមួយចំនួនមកពីប្រទេសចិន។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.។