ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ប្រឈម​មុខ​នឹង​ការ​រុះរើ​ផ្ទះ​សម្បែង


ប្រជា​ពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ការ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃបន្ទាប់​ពី​មាន​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​សាលា​ខណ្ឌ​ប្ញស្សីកែវ ​កាល​ពី​ថ្ងៃ​ទី​១២​ ខែឧសភា។​ ក៏​ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជា​មួយ ​VOA ​បាន​និយាយ​ថា​ ​ ពួក​គេ​និង​មិន​រុះរើ​ផ្ទះ​ទាំង​នោះ​ទេ​ ព្រម​ទាំង​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ដី​មាន​ទំនាស់​នេះ។

លោក ​ហេង រស្មី ​រាយ​ការណ៍​ជូន​ដូ​ចត​ទៅ៖

នៅ​ខាង​ក្នុង​ផ្ទះ​ឈើ​ដ៏​តូច​មួយ ​ដែល​មាន​ដំបូល​ប្រក់​សង្កសី​ បាន​សាងសង់​ឡើង​នៅ​លើ​បឹងឈូក​ តាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នៅ​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ជាយ​ក្រុង​ភ្នំពេញ​ ប្រជា​ពលរដ្ឋ​ ទាំង​ក្មេង ​ចាស់ ​ប្រុស​ ស្រី​ ប្រមាណ​ជាង​១០​នាក់​បាន​អង្គុយ​ជជែក​គ្នា​អំពី​សេចក្តី​ជូន​ដំណឹង​របស់​ សាលា​ខ័ណ្ឌ​ឫស្សីកែវ។

សាលា​ខ័ណ្ឌ​ឫស្សីកែវ​ ដោយ​មាន​ចុះ​ហត្ថលេខា​ ដោយ​លោក​ឃ្លាំង ​ហួត ​អភិបាល​ខ័ណ្ឌ​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​ឧសភា ​កន្លង​ទៅ​នេះ​ បាន​កំណត់​រយៈ​ពេល​ចំនួន​១៤​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​គេ​ ចេញ​ពី​ដី​របស់​លោក​ឡៅ​ តុងងី​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​កំពុង​រស់​នៅ​លើ​ដី​ដែល​មាន​ម្ចាស់​កម្ម​សិទ្ធិ​រួច​ទៅ​ហើយ។

ការ​ដាក់​ឱសាន​វាទ​របស់​សាលា​ខ័ណ្ឌ​ឫស្សីកែវ​នេះ ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី២៦​កន្លង​ទៅ​នេះ​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ពុំ​ទាន់​មាន​វិធាន​ការ​ណា​មួយ​បង្ខំ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​នៅ​ឡើយ​ទេ។

បើ​តាម​ឯកសារ​មួយ​ច្បាប់​ដែល​ប្រជា​ពលរដ្ឋ​បាន​ប្រគល់​ឲ្យ ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ បាន​ឲ្យ​ ដឹង​ថា ​លោក​ជា សុផារ៉ា ​អតីត​អភិបាល​ក្រុង​ភ្នំពេញ​ បាន​ចុះ​ហត្ថលេខា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០០២​ ដោយ​បាន​សម្រេច​ផ្តល់​ដី​ឡូត៍​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ ដើម្បី​កាន់​កាប់​នៅ​លើ​ដី​ចំនួន​៦៦​ឡូត៍​ ដែល​មាន​ទីតាំង​នៅ​ឃុំ​បឹងឈូក​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ​ខ័ណ្ឌ​ឫស្សីកែវ​ ក្រុង​ភ្នំពេញ។

លោក​ស្រី​ យិន យ៉ាន ​អាយុ​៧៧​ឆ្នាំ ​បាន​និយាយ​ថា ​ឥឡូវ​នេះ​លោក​ឃ្លាំង​ ហួត ​អភិបាល​ខ័ណ្ឌ​ ឫស្សីកែវ ​បាន​បង្ខំ​ឲ្យ​ពួក​គេ​ទាំង​៣៨​គ្រួសារ​នេះ​ ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​ ​បើ​ពុំ​ដូច្នេះ​ទេ​ ​ ពួក​គេ​ នឹង​ប្រើ​កម្លាំង​សមត្ថកិច្ច​មក​កម្ទេច។

"ពួក​ខ្ញុំ​ប្រជាជន​ នៅ​ស្រប​ច្បាប់​យូរ​មក​ហើយ​ មាន​ដាក់​ទឹក​ ដាក់​ភ្លើង​អី​សព្វគ្រប់​អស់​ហើយ​ ​ ហើយ​មក​ដេញ​ប្រជាជន​ ធ្វើ​ដូច​សត្វ​ ដូចធាតុ​អញ្ចឹង​ ខ្ញុំ​មិន​ដែល​ឃើញ​ទេ។ ​សង្គម​ណា​ក៏​មិន​ដែល​មាន​ មាន​តែ​សង្គម​ប៉ុល​ ពត​ ដែល​សម្លាប់​មនុស្ស​ បាញ់​មនុស្ស​ ​ ដេញ​បាញ់​ប្រជាជន​ មហា​ជន​អញ្ចឹង។​ខ្ញុំ​ខ្លាច​ណាស់។ ​ខ្ញុំ​ខ្លាច​តែ​អាពត​ទី​២​ទេ"។

នៅ​ពេល​ដែល​ផ្តល់​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ ប្រជា​ពល រដ្ឋ​ទាំង​នោះ​បាន​និយាយ​ដូចៗ​គ្នា​ថា ​ ​ពួក​គេ​មក​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៩​២ ខ្លះ​ឆ្នាំ​១៩៩៦​ ខ្លះ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹម​ត្រូវ។​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​ចោទ​សំណួរ​ថា​ ហេតុ​អ្វី​បាន​ជា​លោក​ឃ្លាំង ​ហួត ​អភិបាល​ខ័ណ្ឌ​ឫស្សីកែវ​ បាន​និយាយ​ថា​ ​ដី​ទាំងនេះ​ជា​កម្ម​សិទ្ធិ​របស់​លោក​ឡៅ ​តុងងី ​ទៅ​វិញ?

លោក​អ៊ិត ចំរើន​ អាយុ​៦១​ឆ្នាំ ​ជា​មេ​៥០​ខ្នង​ តាំង​ពី​ឆ្នាំ​១៩៩២​មក​ បាន​លើក​ឡើង​ថា​ ​ ពល​រដ្ឋ​ដែល​ រស់​នៅ​ទីនេះ​ ធ្វើ​ឡើង​ស្រប​ច្បាប់​ ក៏​ប៉ុន្តែ​អាជ្ញាធរ​ក្នុង​តំបន់​មិន​បាន​ចេញ​ប្លង់​កាន់​កាប់​កម្ម​សិទ្ធិ​ស្របច្បាប់​ដល់​ពួក​គេ​ទេ។​ ​ លោក​បាន​មាន​ប្រសាសន៍​ថា​ ​ ការ​ចោទ​ប្រកាន់​ថា​ ​ ប្រជា​ពលរដ្ឋ​បាន​រស់​នៅ​លើ​ទឹក​ដី​របស់​លោក​ឡៅ តុងងី ​នោះ​មិន​ត្រឹម​ត្រូវ​ទេ។

"តិច​ពី​ឆ្នាំ​១៩៩២​ អី​មក​ដែរ។​ វា​មិន​ដែល​ឮ​មាន​ពី​ណា​មក​ជ្រៀត​ជ្រែក​រឿង​ថា​ ដី​អ្នក​នេះ​ ដី​អ្នក​នោះ​ អញ្ចឹង​ទេ​ណា៎។ ទើប​តែ​បច្ចុប្បន្ន​នេះ​ឮ​ថា​ ​នៅ​លើ​ដី​ឡៅ តុងងី​ទៅ​វិញ។​ ហើយ​អញ្ចឹង​ពួក​យើង​ខ្ញុំ​ ក្នុង​នាម​ខ្ញុំ​ជា​មេ៥០​ខ្នង​ ក៏​ខ្ញុំ​មិន​ដែល​ស្គាល់​ឡៅ តុងងី​ហ្នឹង​ដែរ"។

លោក​ឃ្លាំង​ ហូត ​អភិបាល​ខ័ណ្ឌ​ឫស្សីកែវ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ។​ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ខ័ណ្ឌ​ឫស្សីកែវ ​បាន​ឲ្យ​ដឹង​ថា​ ​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​អាណាធិប​តេយ្យ​លើ​ដី​កម្ម​សិទ្ធិ​របស់​ឯកជន។

លោក​អ៊ូច ឡេង​ មន្រ្តី​ទទួល​បន្ទុក​ដី​ធ្លី​របស់​សមាគម​សិទ្ធិ​មនុស្ស​ADHOC​បាន​និយាយ​ថា​ ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ខ័ណ្ឌ​ឫស្សីកែវ​នេះ​ មិន​ត្រឹម​ត្រូវ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​អាជ្ញាធរ​គួរតែ​ផ្តល់​សំណង​សមរម្យ​ទៅ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ រងគ្រោះ ​ប្រសិន​ណា​បើ​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ។

យោង​តាម​របាយ​ការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​ADHOC​ឆ្នាំ​២០០៩​បាន​ឲ្យ​ដឹង​ថា​ ការ​បណ្តេញ​ ចេញ​ដោយ​បង្ខំ​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់។

សមាគម​នេះ​បាន​រក​ឃើញ​ថា ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​មាន​ចំនួន​២៩​ករណី ​ដែល​ប៉ះពាល់​ ដល់​ជនរង​គ្រោះ​ប្រមាណ​៥៤៩៧​គ្រួសារ ​និង​ទំហំ​ដី​សរុប​ប្រមាណ​២៣៣០៥​ហិកតា។

ពីទី​ក្រុង​ភ្នំពេញ​ ខ្ញុំ ​ហេង ​រស្មី ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG