ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នៅ​តែ​មិន​ទាន់​​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​​ធនធាន​រ៉ែ


ប្រទេស​កម្ពុជា ​នៅ​តែ​មិន​ទាន់​បាន​បង្ហាញ​ពី​តម្លាភាព​ នៅ​ក្នុង​ការ​គ្រប់គ្រង​ និង​ចាត់​ចែង​មូល​និធិ​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​លើ​ធនធាន​រ៉ែ​នៅ​ឡើយ។ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​វិនិយោគ​រ៉ែ ដ៏​ធំ​មួយ​របស់​ប្រទេស​អូស្ដ្រាលី​ត្រូវ​ជាប់​សង្ស័យ​ថា ​បាន​ផ្ដល់​សំណូក​ដល់​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​ការ​រុករក​រ៉ែមាស។

នាង ​រស់ សុធា ​ជូន​សេចក្តី​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូ​ចត​ទៅ៖

១ឆ្នាំ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​អូស្ត្រាលី ​BHP ​Billiton​ បាន​ដក​ទុន​វិនិយោគ​ពី​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​នេះ​ត្រូវ​ជាប់​សង្ស័យ​ថា​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ។​ នាពេល​បច្ចុប្បន្ន​ គណៈ​កម្មាការ​មូល​ប័ត្រ​របស់​សហ​រដ្ឋ​អាមេរិក​កំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ ​ដោយ​សារ​ក្រុមហ៊ុន​ BHP​ត្រូវ​សង្ស័យ​ថា ​បាន​ផ្តល់​សំណូក​ពុក​រលួយ​ ក្នុងគម្រោង​អាជីវ​កម្ម​នានា​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ ការ​សង្ស័យ​ពី​ការ​ផ្ដល់​ប្រាក់​សំណូក​ ចំនួន​ ២​លាន​៥​សែន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ផង​ដែរ។

ក្រុម​ហ៊ុន​ដ៏​សម្បូរ​ទ្រព្យ​ BHP ​Billiton​ ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​មាស​លើ​ផ្ទៃ​ដី​១​ម៉ឺន​ហិចតា​នៅ​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ឆ្នាំ​២០០៦។ ​ប៉ុន្តែ​ក្រុមហ៊ុន​យក្ខ​មួយ​នេះ​ បាន​បោះបង់ចោល​គម្រោង​វិនិយោគ​របស់​ខ្លួន​ទៅ​វិញ​នៅ​២០០៩ ​ដោយ​អះអាង​ថា ​ពុំ​មាន​រ៉ែ​គ្រប់​ចំនួន​ដែល​អាច​ធ្វើ​អាជីវ​កម្ម​បាន។

ទំាង​ក្រុម​ហ៊ុន ​BHP ​និង​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​យ៉ាង​ច្របូក​ច្របល់​ ចំពោះ​ការ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ។

ក្រុមហ៊ុន​ BHP ​Billiton ​បាន​ប្រាប់​អង្គការ​ការពារ​បរិដ្ឋាន​Global​ Witness​ របស់​ប្រទេស​អង់គ្លេស​ថា​ ក្នុង​ចំណោម​ប្រាក់​២,៥លាន​ដុល្លារ​នោះ ​មាន​ប្រាក់​១លាន​ដុល្លារ​ជា​ប្រាក់​រង្វាន់​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​កិច្ច​ចុះ​ហត្ថលេខា​ដាក់គម្រោង​វិនិយោគ​ និង​១,៥​លាន​ដុល្លារ​ទៀត​ ជា​ប្រាក់​ជំនួយ​សម្រាប់​មូលនិធិ​អភិវឌ្ឍន៍​សង្គម។

ប៉ុន្តែ​អង្គការ ​Global ​Witness​ បាន​សរសេរ​ក្នុង​របាយ​ការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​ មេសា​ថា ​មិនមាន​សាច់​ប្រាក់​១​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ BHP​ នៅ​ក្នុង​បញ្ជី​គណនីយ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

ដោយ​ឡែក​ លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​ នៅ​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ជាមួយ​ផ្នែក​ឯកជន​កាល​ពីខែ​មេសា​កន្លង​ទៅ ​បាន​ប្រកាស​ថា​ ​ ប្រាក់​២,៥​លាន​ដុល្លារ​របស់​BHP​សុទ្ធតែ​ជា​ប្រាក់​សម្រាប់​អភិវឌ្ឍន៍​សង្គម​ដែល​លោក​បាន​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​វារីអគ្គិសនី​នៅ​ខេត្ត​ពោធិសាត់។

ក៏ប៉ុន្តែ ​លោក ​ខូយ សុខា​ អភិបាល​ខេត្ត​ពោធិសាត់ ​បាន​ប្រាប់ ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ កាល​ពី ខែមេសា​ថា​ លោក​មិន​បាន​ដឹង​ថា ​រដ្ឋាភិបាល​បាន​ដាក់​ទុន​កសាង​វារី​អគ្គិសនី​នៅ​ពោធិសាត់​នោះ​ទេ​ ប៉ុន្តែ​ខេត្ត​របស់​លោក​មាន​តែ​គម្រោង​វារីអគ្គិសនី​ស្ទឹងអាតៃ​តែមួយ​ ប៉ុណ្ណោះ​ដែល​កំពុង​សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន​ដែល​មាន​ដើម​ទុន​វិនិយោគ​រហូត​ដល់​ទៅ​ជាង​៣០០​លាន​ដុល្លារ។

«ខេត្ត​ពោធិសាត់​នេះ​មាន​ស្ថានីយ៍​វារីអគ្គិសនី​មួយ​របស់​ក្រុមហ៊ុន​ចិន​ ដែល​ចាប់​បើក​ការដ្ឋាន​នៅ​ខែ​១២​ឆ្នាំ​២០០៩ ។ ​កន្លែង​ហ្នឹង​គេ​ហៅ​អាតៃ​ មាន​តែ​វារី​អគ្គិសនី​មួយ​ហ្នឹង​ទេ»។

ក្រុមហ៊ុន ​BHP ​Billiton ​មិន​ឆ្លើយ​តប​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថវិកា​មូល​និធិ​សង្គម​នេះ​ទេ។​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្សាយ​ព័ត៌មាន​លើ​គេហ​ទំព័រ​របស់​ខ្លួន​ថា ខ្លួន​បាន​ផ្តល់​ថវិកា​មូល​និធិ​សង្គម​ឲ្យ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា​ ដោយ​មិន​បញ្ជាក់​ពី​ចំនួន​សាច់​ប្រាក់​សរុប​ឡើយ។

VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ បាន​រក​ឃើញ​អង្គការ​ចំនួន​៤​ដែល​ទទួល​បាន​ថវិកា​មូល​និធី​សង្គម​ពី​ក្រុមហ៊ុន​ BHP ​Billiton ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សង្គម​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០​ ដែល​មាន​ទឹកប្រាក់​សរុប​ត្រឹមតែ៦១​ម៉ឺន​៥ពាន់​ដុល្លារ​ប៉ុណ្ណោះ​ គឺ​ផ្ទុយ​គ្នា​ នឹង​ការ​អះអាង​របស់​ក្រុមហ៊ុន​BHP ​ដែល​ថា​ ខ្លួន​បាន​ចំណាយ​ប្រាក់​សម្រាប់​មូលនិធី​សង្គម​ចំនួន​១,៥​លាន​ដុល្លារ​នោះ។

ក្នុង​ចំណោម​អង្គការ​ដែល​ទទួល​បាន​មូល​និធិ​ពី​ក្រុមហ៊ុន​ BHP​ នោះ​ មាន​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ ដែល​ទទួល​បាន​ថវិកា​សរុប​ជាង​៣០​ម៉ឺន​៨​ពាន់​ដុល្លារ ​អង្គការ​កាកបាទ​ក្រហម​ដាណឺម៉ាក​ ទទូល​បាន​ថវិកា​ជាង១២​ម៉ឺន​៧​ពាន់​ដុល្លារ​ អង្គការ​Health ​Net ​International ​ទទួល​បាន​៨​ម៉ឺន​ដុល្លារ​ និង​អង្គការ ​Village ​Focus ​International ​ទទួល​បាន​១០​ម៉ឺន​ដុល្លារ។

ដូច្នេះ​គេ​មិន​ដឹង​ថា​ តើ​ប្រាក់​សម្រាប់​អភិវឌ្ឍន៍​សង្គម​ចំនួន​ទៀត​ត្រូវ​បាន​ប្រើប្រាស់​ដោយ​របៀប​ណា​នោះ​ទេ ​ខណៈ​ដែល​ ប្រាក់​រង្វាន់​ចុះ​ហត្ថលេខា​ចំនួន​១​លាន​ដុល្លារ​ផ្សេង​ទៀត​ក៏​មិន​មាន​ក្នុង​កំណត់ត្រា​ចំណូល​របស់​រដ្ឋាភិបាល​នោះ។

បញ្ហា​ដូច​បាន​កើត​ឡើង​ខាង​លើ​នេះ ​បាន​ក្លាយ​ជា​ក្តី​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ម្ចាស់​ជំនួយ​មួយ​ចំនួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ​ពួក​គេ​ព្រួយ​ថា ​ការ​ប្រើប្រាស់​ចំណូល​ដោយ​ គ្មាន​តម្លាភាព​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​បណ្តា​សារ​ធនធាន​ ដែល​បាត់​បង់​ទំាង​ថវិកា​ ហើយ​ខូចខាត​ទំាង​បរិស្ថាន។

មាន​ក្រុមហ៊ុន​ចំនួន​៣៣​ហើយ​ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ចំនួន​១៣​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​រាវ ​ឬ​រ៉ែ​ប្រេងកាត​នៅ​ដែន​សមុទ្រ ​និង​បឹង​ទន្លេសាប​ និង​ក្រុម​ហ៊ុន​២០​ទៀត​ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​រឹង​ឬ​រ៉ែលោហៈ​នៅ​ក្រោម​ដី​ដែនគោក។​ ដើម្បី​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​ទំាង​នេះ​ គ្រប់​ក្រុម​ហ៊ុន​ទាំងអស់​ចាំបាច់​ត្រូវ​បង់​ប្រាក់​រង្វាន់​ពេល​ចុះ​ហត្ថ​លេខា​ដល់​រដ្ឋាភិបាល​ដោយ​ផ្អែក​ទៅ​តាម​សក្តានុ​ពល​ធនធាន​នៅ​តំបន់​ដែល​ខ្លួន​ចង់​វិនិយោគ។​ ក្រុមហ៊ុន​ខ្លះ​ទៀត​ផ្តល់​ប្រាក់​ជំនួយ​ផ្នែក​មូល​និធិ​សង្គម​បន្ថែម​ពី​លើ​ប្រាក់​រង្វាន់​ចុះ​ហត្ថលេខា​នោះ​ទៀត​ ដោយ​ផ្អែក​តាម​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល។ ​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​តើ​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ប៉ុន្មាន​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​នោះ​ទេ​ ហើយ​ការ​ប្រើប្រាស់​ប្រាក់​ទំាង​នោះ​ក៏​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ដែរ។

លោក ​ម៉ម ​សម្បតិ្ត ​ប្រធាន​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ និយាយ​ថា​ ​ អង្គការ​របស់​លោក​មិន​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ការ​ចំណាយ​ក្រៅ​ផ្លូវការ​របស់​ក្រុមហ៊ុន​ BHP​នោះ​ទេ​ ត្បិត​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ការ​លាត​ត្រដាង​ព័ត៌មាន​ទាំង​នោះ។

«យើង​មិន​បាន​ដឹង​ច្បាស់​ពី​វិធី​សាស្ត្រ​នៃ​ការ​ផ្តល់​សម្បទាន​ ឬ​អាជ្ញា ​បណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទំាងអស់​នោះ​ នៅ​ឡើយ​ទេ។​ អ្វី​ដែល​យើង​ប្រឈម​បច្ចុប្បន្ន​នេះ​គឺ​ការ​លាត​ត្រដាង​នៃ​ព័ត៌មាន​ ព័ត៌មាន​ដែល​ទាក់ទង​នឹង​រឿង​នេះ​ មិន​មាន​ការ ​លាត​ត្រដាង​ជា​សាធារណៈ​នោះ​ទេ​ ​ហេតុ​ដូច្នេះ​ការ​ស្រាវជ្រាវ​របស់​ យើង​មាន​កម្រិត​ផង​ដែរ»។

លោក ​ម៉ម សម្បត្តិ ​បន្ត​ថា ​ការ​លេច​ធ្លាយ​នូវ​ព័ត៌មាន​អំពី​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ BHP​ នៅ​កម្ពុជា​លើក​នេះ​ អាច​ប៉ះ​ពាល់​ដល់​ការ​ទាក់ទាញ​វិនិយោគគិន​ក្នុង​វិស័យ​រ៉ែ ​ដែល​មាន​សក្តានុ​ពល​ ចូល​មក​ប្រទេស​កម្ពុជា។

នៅ​ពេល​នេះ​ ក្រៅពី​ក្រុមហ៊ុន​រុករក​រ៉ែមាស​ BHP ​Billiton​ មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ប្រេងកាត​២​ផ្សេង​ទៀត​ដែល​ត្រូវ​គេ ​ដឹង​ជា​សាធារណៈ​ថា​ បាន​ផ្តល់​ប្រាក់​ទឹកតែ​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែរ។​ នៅ​ឆ្នាំ ២០០៦​ ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​MedcoEnergi ​បាន​ផ្តល់​ ប្រាក់​មូល​និធិ​សង្គម​ចំនួន​៤,៥លាន​ដុល្លារ​អាមេរិក ​ដល់​រដ្ឋាភិបាល​ កម្ពុជា​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ទទួល​ បាន​សិទ្ធិ​រុករក​ប្រេង​នៅ​ប្លុក E​ នៃ​ដែន​សមុទ្រ​ខេត្ត​កោះកុង ​និង​ប្លុក​១២​នៅ​បឹង​ទន្លេសាប។​ ប៉ុន្តែ​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​មួយ​ នេះ​បាន​ដក​គម្រោង​វិនិយោគ​ពី​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ដើមខែ​ឧសភា​ ឆ្នាំ២០១០​នេះ។​ ហើយ​កាល​ពី​ពេល ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Total​របស់​បារំាង​ដែល​ទទួល​បាន​សិទ្ធិ​រុករក​ប្រេង​ នៅ​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ ​បាន​ផ្តល់​ប្រាក់​រង្វាន់​ចុះ​ហត្ថលេខា​ចំនួន​២០​លាន​ដុល្លារ​ និង​ប្រាក់​មូលនិធិ​សង្គម​ ៨​លាន​ដុល្លារ​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា ​មុន​នឹង​ក្រុមហ៊ុន​នេះ​ ចាប់​ដំណើរ​ការ​ស្រាវជ្រាវ​រុករក​ប្រេង។

អ្នក​នាំពាក្យ​ក្រុមហ៊ុន​Total ​បាន​ប្រាប់​VOA ​ពី​ប្រទេស​បារំាង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រហូត​មក​ដល់​ពេល​នេះ​ ខ្លួន​បាន​ប្រគល់​ប្រាក់​ចំនួន​៦​លាន​ដុល្លារ​ហើយ​ទៅ​ដល់​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ​ហើយ​ប្រាក់​ទំាង​នោះ​ត្រូវ​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​ថែទំា​សុខភាព​ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​គណៈ​កម្មការ​មួយ​ដែល​មាន​សមាសភាព​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ និង​ក្រុមហ៊ុន​តូតាល់។​ ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នោះ​មិន​បកស្រាយ​លើ​ប្រសិទ្ធិ​ភាព​ នៃ​ការ​ប្រើប្រាស់​មូលនិធិ​សង្គម​នេះ​ទេ។

លោក​ George ​Boden ​សកម្មជន​នៃ​អង្គការ​ Global ​Witness​ បាន​ចាត់​ទុក​ភាព​ស្មុគ​ស្មាញ​នៃ​ការ​ គ្រប់គ្រង​ និង​ប្រើប្រាស់​ចំណូល​ពី​ធនធាន​រ៉ែ​នេះ​ជា​ការ​ខ្វះ​តម្លាភាព​ ដែល​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ប្រាក់ ​ជាច្រើន​ក្នុង​អំឡុង​ពេល​នេះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​កម្ពុជា​នៅ​ពេល​ដែល​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​ប្រេង​ និង​រ៉ែ​លោហៈ​ត្រូវ​ចាប់ផ្តើម​ក្នុង​ពេល​ពី២​ឆ្នាំ​ទៅ​៥​ឆ្នាំ​ខាង​មុខ។

លោក ​Michael ​McWalter​ ទីប្រឹក្សា​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ និយាយ​ថា ស្ថាប័ន​នានា​មិន​គួរ​ព្រួយ​បារម្ភ​ខ្លំាង​ពេក​ ចំពោះ​បញ្ហា​ប្រាក់​ចំណូល​ពី​ធនធាន​រ៉ែ​នេះ​ទេ​ ព្រោះ​ថា​ ប្រាក់​ចំណូល​ពី​ប្រាក់​រង្វាន់​ចុះ​ហត្ថលេខា​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​ប្រេងកាត​ត្រូវ​រក្សា​ទុក​នៅ​ក្នុង

«ខ្ញុំ​បញ្ជាក់​បាន​ថា​ នៅ​ក្រោម​ការ​អង្កេត​របស់​ខ្ញុំ​ ការងារ​ទំាង​ឡាយ​គឺ​ដំណើរ​ការ​ទៅ​ធម្មតា។​ ប្រាក់​រង្វាន់​ចុះ​ហត្ថលេខា​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​គណនេយ្យ​របស់​រដ្ឋាភិបាល​នៅ​ឯ​ធនាគារ​ជាតិ​ ជា​ទី​ដែល​រដ្ឋាភិបាល​រក្សា​សាច់​ប្រាក់​ ហើយ​វា​ក្លាយ​ជា​ប្រាក់​ចំណូល​មួយ​ផ្នែក​របស់​រដ្ឋាភិបាល។​ ភ្នាក់ងារ​រដ្ឋាភិបាល ​ដូច​ជា​អាជ្ញាធរ​ប្រេងកាត​ជាតិ​កំពុង​ខំ​ប្រឹង​គ្រប់​គ្រង​វិស័យ​នេះ​ឲ្យ​បាន​ល្អ​ដើម្បី​ធានាថា​ កិច្ចការ​គ្រប់គ្រង​មាន​គណនីយ​ភាព។ ​ដូច្នេះ​អ្វី​ដែល​អ្នក​រាល់​គ្នា​ ត្រូវតែ​ធ្វើ​នោះ​គឺ​ជឿជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ចាត់ចែង​ការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។

ទោះ​យ៉ាង​ណា ​លោក ​Michael ​មិន​ដឹង​ថា ​រដ្ឋាភិបាល​ប្រើប្រាស់​ប្រាក់​នោះ​ដោយ​របៀប​ណា​ទេ​ ហើយ​លោក​ក៏​គ្មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​រក្សា​ទុក​ប្រាក់​សម្រាប់​អភិវឌ្ឍន៍​សង្គម​ដែរ។ ​ប៉ុន្តែ​ លោក​អះអាង​ថា​ គ្រប់​ការ​ចំណាយ​ថវិកា​ អភិវឌ្ឍន៍​សង្គម​ទំាងអស់​សុទ្ធតែ​មាន​ការ​ឃ្លំាមើល​ពី​ក្រុមហ៊ុន​ជា​ម្ចាស់​ថវិកា​នេះ៕

XS
SM
MD
LG