ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការធ្វើ​កសិកម្ម​នឹង​ឥន្ធនៈ​ហ្វូស៊ីល​តិច​ជា​មុន


ប្រែ​សម្រួល​លី​ សុខឃាង

ការ​ធ្វើ​កសិកម្ម​សម្រាប់​ពាណិជ្ជ​កម្ម​ទំនើប​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​យ៉ាង​ច្រើន។​ ប្រេង​សាំងផ្តល់​ថាមពល​ដល់​ឧបករណ៍​កសិកម្ម។ ​ឧស្ម័ន​ធម្មជាតិ ​ជា​គ្រឿង​ផ្សំ​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីរ​កំប៉ុស​ ដែល​បន្ថែម​ជីវជាតិ​ដល់​ដី។ ​ហើយ​សារជាតិ​គីមី​សម្លាប់​សត្វ​ល្អិត​ ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ ផ្សំ​ឡើង​ដោយ​ប្រេង​ឥន្ធនៈ។

បច្ចេក​ទេស​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ទិន្នផល​នៃ​ការ​ផលិត​ និង​ប្រមូល​ផល​ដ៏គួរឲ្យ​កត់​សម្គាល់។ ​ប៉ុន្តែ​តម្លៃ​ប្រេង​កើន​ឡើង​រាល់​ទសវត្ស​ ហើយ​អ្នក​ជំនាញ​ព្យាករណ៍​ទុកថា​ តម្លៃ​ប្រេង​នឹង​បន្ត​ឡើង​ទៀត។ ​លោក​Matt Liebman​នៃ​សកល​វិទ្យាល័យ​រដ្ឋ​អាយអូវ៉ា​ (Iowa ​State​ University)​ មាន​ប្រសាសន៍​ថា ​ប្រការ​នោះ​នឹងគំរាម​កំហែង​ដល់​ប្រព័ន្ធ​កសិកម្ម​ដ៏ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​នេះ។​ លោក​ Liebman ​បន្ត​ថា៖

“ខ្ញុំ​គិត​ថា ​កសិករ​ជា​ច្រើន​ទទួល​ស្គាល់​ថា​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នា​ពេល​ឥឡូវ​នេះ​ ត្រូវ​ប្រើ​ប្រាស់ថាមពល​មាន​តម្លៃ​ថោក​មួយ​ចំណែក​ធំ។ ​ប្រសិន​បើ​ប្រព័ន្ធ​នោះ​ផ្លាស់​ប្តូរ​ យើង​ត្រូវ​វាយ​តម្លៃ​ឡើង​វិញ​ចំពោះ​អ្វី​ដែល​ជា​ប្រព័ន្ធ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ដី ​និង​អាកាស​ធាតុ​របស់​យើង”។

ដូច្នេះ​លោក​ Liebman ​និង​សហការី​របស់​គាត់​ បាន​ពិសោធ​លើ​ជម្រើស​ផ្សេងៗ។​ កសិកម្ម​ពាណិជ្ជ​កម្ម​តាម​ទម្លាប់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ​បាន​ឆ្លាស់​គ្នា​ដោយ​ដាំ​ពោត​មួយ​ឆ្នាំ​ ហើយ​ដាំ​សណ្តែក​សៀង​ក្នុង​ឆ្នាំ​បន្ទាប់។​ ក្រុម​របស់​លោក ​Liebman ​បាន​ដាំ​ដំណាំ​មាន​តម្លៃ​ខាង​ពាណិជ្ជ​កម្ម​ពីរ​មុខ​ទៀត​ ដូច​ជា​ស្រូវ​អូក​ និង​រុក្ខជាតិ​បន្លែ​ alfalfa។​ ការ​ដាំ​ដំណាំ​ទាំង​ពីរ​មុខ​នេះ ​ជួយ​កាត់​បន្ថយ​ស្មៅ​ និង​ផ្តល់​ជីវជាតិ​ដល់​ដី​ទៀត​ផង។ ​ក្រុម​របស់​លោក ​Liebman ក៏​បាន​ប្រើ​លាមក​សត្វ​ដើម្បី​ធ្វើ​ជីរ​ជា​ជាង​ជីរ​កំប៉ុស។ ​លោក​ Liebman​ ថ្លែង​ថា៖

“យើង​អាច​មាន​លទ្ធភាព​កាត់​បន្ថយ​ការ​ប្រើ​ជីរ​ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​ឥន្ធនៈ​ហ្វូស៊ីល​ យ៉ាង​ច្រើន​ ដោយ​មិន​ធ្វើ​ថយ​ចុះ​ដល់​ផលិត​ផល​ដំណាំ​ឡើយៗ"។

នៅ​ក្នុង​ការ​សិក្សា​មួយ​របស់​ព្រឹត្តប័ត្រ​ក្សេត្រ​វិទ្យា​ (Agronomy ​Journal)​ ក្រុម​របស់​លោក ​Liebman​ ផលិត​ពោត ​និង​សណ្តែក​សៀង​បាន​ច្រើន​ ឬ​លើស​ពី​ចម្ការធម្មតា​ ប៉ុន្តែ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ពី​មួយ​ភាគ​បួន​ទៅ​កន្លះ​ដង។​ បន្ថែម​ពី​នេះ​ទៀត ​កសិករ​ដែល​អនុវត្ត​តាម​ប្រព័ន្ធ​នេះ​នឹង​អាច​រក​ប្រាក់​បាន​ច្រើន​ដូច​កសិករ​ផ្សេង​ទៀត​ដែរ។

លោក ​Orvin​ Bontrager ​ជា​ទីប្រឹក្សា​កសិកម្ម​ជើង​ចាស់នៃ​ក្រុម​ហ៊ុន ​Servi-Tech។​ គាត់​បញ្ចេញ​ទស្សនៈ​ចម្រុះ​ចំពោះ​ការ​សិក្សា​នេះ។​ លោក​Bontrager ​មាន​ប្រសាសន៍​ថា៖

“ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​សង្ស័យ​លើ​ភាព​សន្សំ​សំចៃ​ ដែល​គាត់​បាន​ឃើញ​នៅ​ទីនេះ​ខាង​ផ្នែក​ថាមពល។​ សំណួរ​របស់​ខ្ញុំ​ប្រហែល​ជា​មាន​សំណួរ​ជា​ច្រើន​ទៀត​នឹង​ផុស​ចេញ​ពី​ខាង​ភាគី​ពលករ”។

លោក​Bontrager ​និយាយ​ថា ​ប្រសិន​បើ​កសិដ្ឋាន​ភាគ​ច្រើន​ផ្លាស់​មក​ប្រើ​ប្រាស់​ប្រព័ន្ធ​របស់​លោក​ Liebman ​ប្រការ​នោះ​នឹង​មិន​អាច​មាន​ពលករ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ដាំដុះដំណាំ​បន្ថែមនោះ​ទេ។​ លើស​ពី​នេះ​ទៀត ​កសិករ​ត្រូវ​ទិញ​ឧបករណ៍​ថ្មី​ដើម្បី​ប្រមូល​ផល។ ​វា​មិន​អាចមាន​ទីផ្សារ​សម្រាប់​កំណើន​យ៉ាង​ខ្លាំង​នៃ​រុក្ខជាតិ​បន្លែ​នោះ​ទេ។

ប៉ុន្តែ​លោក​ Bontrager ​និយាយ​ថា ​ប្រការ​នោះ​មិន​មាន​ន័យ​ថា​ កសិករ​នឹង​មិន​ផ្លាស់​ប្តូរ​របៀប​របប​របស់​ពួក​គេ​ទេ។​ លោក​Bontrager ​មាន​ប្រសាសន៍​ថា៖

“វា​អាស្រ័យ​លើ​សេដ្ឋ​កិច្ច។​ ប្រសិន​បើ​តម្លៃ​ប្រេង​ពិត​ជា​ឡើង​ថ្លៃ​ដល់​កម្រិត​នោះ​មែន​ អញ្ជឹង​ជីរ និង​សារ​ជាតិ​គីមី​ពិត​ជា​ឡើង​ថ្លៃ​ខ្ពស់។​ ហើយ​ប្រសិន​បើ​តម្លៃ​កសិផល​មិន​ឡើង​តាម​ទេ ​អញ្ជឹងយើង​នឹង​ធ្វើ​បែប​នេះ​ ព្រោះ​ធ្វើ​បែប​នេះ​អាច​យល់​បាន ​បើ​គិត​ពី​សេដ្ឋកិច្ច»។

ប៉ុន្តែ​លោក​ Bontrager​ និយាយ​បន្ថែម​ថា​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​ឆ្នាំ​២០០៨​ ហើយ​តម្លៃ​ជីរ​បាន​ឡើង​តាម​ហ្នឹង​ដែរ ​លាមក​សត្វ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។​ គាត់​និយាយ​ថា​ ការណ៍​នោះ​បង្ហាញ​ថា​ កសិករ​មាន​បំណង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ ប្រសិន​បើ​មាន​តម្លៃ​ត្រឹម​ត្រូវ៕

XS
SM
MD
LG