មន្ត្រីរាជការស៊ីវិលខ្មោចរាប់ពាន់នាក់ត្រូវបានរកឃើញនៅតាមក្រសួងរបស់រដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោក ង៉ោ ហុងលី អគ្គលេខាធិការក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានរកឃើញមន្ត្រីរាជការស៊ីវិលខ្មោចប្រមាណ ២០០០នាក់ក្នុងយុទ្ធនាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនៅតាមក្រសួងចំនួន២៦ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រងប្រសិទ្ធិភាព និងគុណភាពការងារសាធារណៈ។
ជំរឿននេះបានធ្វើឡើងចាប់តាំងពីខែមេសា ជាលើកទី៣ បន្ទាប់ពីការធ្វើជំរឿននៅក្នុងឆ្នាំ ១៩៩៥ បានរកឃើញមន្ត្រីរាជការស៊ីវិលខ្មោចប្រមាណ១៨០០០នាក់ និងប្រមាណ៩០០០នាក់ នៅឆ្នាំ២០០១។
មន្ត្រីរាជការខ្មោចមានន័យថា មន្ត្រីរាជការស៊ីវិលដែលមានតែឈ្មោះក្នុងបញ្ជីបើកប្រាក់ខែ តែគ្មានមនុស្សមកធ្វើការ។
លោក ង៉ោ ហុងលី បានបញ្ជាក់ថា ជំរឿនមន្ត្រីរាជការនេះសំដៅពង្រឹងការគ្រប់គ្រងមុខងារសាធារណៈ និងពង្រឹងប្រសិទ្ធិភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អឡើង ដល់ប្រជាពលរដ្ឋ ដូចជាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព សំបុត្រអនុញ្ញាតរដ្ឋបាលផ្សេងៗ ឯកសារពាក់ព័ន្ធនិងយុត្តិធម៌ ឯកសារពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងវិនិយោគ។
"យើងរៀបចំនីតិវិធីកាត់ចំនួនបុគ្គលិកខ្មោចនេះចេញពីក្របខ័ណ្ឌ និងបញ្ជីបើកប្រាក់ខែ។វាបានផ្តល់ផលចំណេញច្រើនខាងថវិកា ការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ ចិត្តសាស្ត្រមន្ត្រីរាជការដែលខិតខំធ្វើការ និងការពង្រឹងប្រសិទ្ធិភាពការងាររបស់យើង"។
លោកតំណាងរាស្ត្រ យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា មន្ត្រីរាជការខ្មោចនេះ បានធ្វើឱ្យបាត់បង់ថវិកាជាតិរាប់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។
"យើងអបអរសាទរចំពោះការរកឃើញមន្ត្រីរាជការស៊ីវិលខ្មោចនេះ ប៉ុន្តែចំនួននេះនៅតែមានតិចនៅឡើយ។ យើងត្រូវតែខិតខំប្រឹងប្រែងស្រាវជ្រាវបន្តទៀត។ បើតាមខ្ញុំដឹង មិនមែន២០០០នាក់ទេ មានរាប់ម៉ឺននាក់ដែលកំពុងតែ បើកប្រាក់ខែរដ្ឋ ឬអ្នកដែលទទួលខុសត្រូវនៅតាមស្ថាប័ននិមួយៗ បើកប្រាក់ខែយកជំនួស និងអនុញ្ញាតឱ្យមន្ត្រីរាជការទាំងនោះ ទៅធ្វើការនៅខាងក្រៅប្រព័ន្ធរដ្ឋាភិបាល "។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា រដ្ឋាភិបាលគួរតែជំរុញការងារស្រាវជ្រាវរកមន្ត្រីរាជការស៊ីវិលខ្មោចឱ្យខ្លាំងក្លាថែមទៀត ដើម្បីជៀសវាងការបាត់បង់ថវិកាជាតិ និងបង្កើនតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ។
"ខ្ញុំគិតថា ជាបឋមការទទួលបានលទ្ធផលនេះ គឺជាការល្អ ប៉ុន្តែគួរតែមានបន្តទៅទៀត។ ជាធម្មតា អ្វីៗមិនល្អឥតខ្ចោះទេ ប៉ុន្តែការសំខាន់ត្រូវធ្វើឱ្យបានជាប្រចំា"។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានថ្លែងថា លទ្ធផលជំរឿនមន្ត្រីរាជការនេះបានបង្ហាញពីភាពជឿនលឿន និងជោគជ័យនៃការអនុវត្តនៃគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល។
"យើងអាចរកប្រភពចំណូលបញ្ចូលថវិកាជាតិដែលចេញពីការជំរឿននេះ។ ឥឡូវនេះ យើងបានរកឃើញ២០០០នាក់។ បើយើងគិតថា ម្នាក់ទទួលបានប្រាក់១០០០០០រៀលក្នុង១ខែ វាមានចំនួនច្រើនរាប់លានរៀលសម្រាប់ចូលថវិកាជាតិ"។
លោក ង៉ោ ហុងលី បានបញ្ជាក់ថា យើងនឹងចាប់ផ្តើមធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនៅតាមរាជធានី-ខេត្តទូទាំងប្រទេសនៅចុងខែមិថុនា បន្ទាប់ពីបញ្ចប់ការធ្វើជំរឿននៅតាមក្រសួង។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕