ជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ឧសភា ពលរដ្ឋខ្មែររាប់រយនាក់ធ្វើដំណើរទៅវាលពិឃាតជើងឯក នៅជាយក្រុងភំ្នពេញ។ នៅទីនោះគេរៀបចំពិធីឆាកសម្តែងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដោយសារខ្មែរក្រហម។
លោក Robert Carmichael សូមជូនព័ត៌មាននេះពីទីក្រុងភ្នំពេញ ហើយលោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីប្រែសម្រួល។
នៅប្រទេសកម្ពុជា ថ្ងៃទី២០ ខែឧសភាគឺជាទិវាចងកំហឹង។ វាជាថ្ងៃរំឭកដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានស្លាប់ក្នុងរបបប៉ុល ពត ដែលកាន់កាប់ប្រទេសកម្ពុជាពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
មានប្រជាជនជាង១ពាន់នាក់បានជួបជុំគ្នានៅឆ្នាំនេះ នៅវិមានអនុស្សាវរីយ៍វាលពិឃាតជើងឯក នៅជាយក្រុងភ្នំពេញ។ មានព្រះសង្ឃរាប់រយអង្គ ឥស្សរជន និងពលរដ្ឋខ្មែរចាស់ៗរាប់ពាន់នាក់ចូលរួម។
កម្មវិធីសំខាន់មួយក្នុងពិធីនេះគឺការសម្តែងគួរឱ្យក្រៀមក្រំ ដោយក្រុមនិស្សិត។ មានតួអង្គជាង១០នាក់ស្លៀកពាក់ខ្មៅសម្តែងជាទាហានខ្មែរក្រហម និងជាង៣០នាក់ទៀតសម្តែងជាជនរងគ្រោះ។
តួអង្គជាខ្មែរក្រហម និងជនរងគ្រោះបានសម្តែង ដោយមានសម្រែកបញ្ជា ស្នូរបាញ់កាំភ្លើង សម្រែកឈឺចាប់ និងទឹកភ្នែក អំពីឃាតកម្មនៅប្រទេសកម្ពុជា។ ឆាកសម្តែងនេះនៅចម្ងាយប៉ុន្មានម៉ែត្រប៉ុណ្ណោះពីរណ្តៅសាកសពរួម នៅវាលពិឃាតដ៏មានឈ្មោះសោចន៍ ទីដែលគេសម្លាប់មនុស្សរាប់ពាន់នាក់។
លោកប៉ា សុជាតិវង្ស ជា អភិបាលរងរាជធានីភ្នំពេញ។ លោកនិយាយថា ថ្ងៃ២០ ខែឧសភាត្រូវបានជ្រើសរើសជាថ្ងៃចងកំហឹង ពីព្រោះវាជាថ្ងៃដែលខ្មែរក្រហមអនុវត្តនយោបាយសម្លាប់ប្រជាជនកាលពីឆ្នាំ១៩៧៦។
«ប្រជាពលរដ្ឋខ្មែរគោរពអ្នកដែលត្រូវគេសម្លាប់ក្នុងរបបប៉ុល ពត។ ប៉ុល ពតបានក្បត់ប្រទេសកម្ពុជា ដោយយកឈាមប្រជាជនធ្វើជាទុន ដូច្នេះពលរដ្ឋខ្មែរមានកំហឹងខ្លាំងណាស់ជាមួយរបបប៉ុល ពត»។
ការសម្តែងដោយនិស្សិតនេះគួរឱ្យព្រឺក្បាល រំជួលចិត្តនិងជាក់ស្តែងខ្លាំងណាស់។ អ្នកទស្សនាជាច្រើនក្នុងចំណោមនោះបានយកដៃជូតទឹកភ្នែក អំឡុងពេលទស្សនាការសម្តែងរយៈពេល១៥នាទីនេះ។
នៅចុងបញ្ចប់សាច់រឿងនេះ មានតួសម្តែងជាទាហានសម្រុកចូលដោយមានកាន់កាំភ្លើង និងមានកាន់ទង់ជាតិខ្មែរ ហើយបានបណ្តេញពួកខ្មែរក្រហមចេញ។
ឆាកចុងក្រោយនេះសម្តែងយោងដល់ពេលដែលកងទ័ពវៀតណាម ឈ្លានពានប្រទេសកម្ពុជានាចុងឆ្នាំ១៩៧៨ ហើយពលរដ្ឋកម្ពុជាឃើញថា វាជាពេលចុងបញ្ចប់នៃការគ្រប់គ្រងរបស់ខ្មែរក្រហមនៅប្រទេសនេះ។
បុរស ដែលបញ្ជូនជនរងគ្រោះជាច្រើនមកសម្លាប់នៅវាលពិឃាតជើងឯកនេះ ត្រូវបានកាត់ទោសកាលពីចុងឆ្នាំទៅ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋសង្គ្រាម។ ខ្មែរក្រហមម្នាក់នោះគឺសមមិត្តឌុច។ គាត់បានសារភាពថា បានគ្រប់គ្រងមន្ទីរ ស ២១ គុកទួលស្លែងដែលជាមជ្ឈមណ្ឌលធ្វើទារុណកម្មនិងប្រហារជីវិត នៅក្នុងទីក្រុងភ្នំពេញ។ សាលក្រមក្នុងការកាត់ទោសរឿងក្តីរបស់ឌុចទំនងជានឹងចេញនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
បើឌុចមានទោសកំហុស ដូចគេរំពឹទុកមែននោះ នោះគាត់នឹងជាអតីតកម្មាភិបាលខ្មែរក្រហមត្រូវកាត់ទោសដំបូងគេពីបទឧក្រិដ្ឋ ជាច្រើននាសម័យនោះ។ នេះជាការកាត់ទោសជាប្រវត្តិសាស្ត្រ។
គ្មានអ្នកណាម្នាក់ដឹងច្បាស់ថា តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ស្លាប់អំឡុងពេលខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជាទេ ប៉ុន្តែគេប៉ាន់ស្មានថា មានរវាងពី១លានកន្លះទៅបីលាននាក់៕