នៅថ្ងៃនេះ គណបក្សកំពុងកាន់អំណាចបានដល់ការស្លាប់នៃជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដែលគេហៅពីមុនថា ជាទិវាចងកំហឹង។ ក៏ប៉ុន្ដែគណបក្សជំទាស់អះអាងថា ការប្រារព្ធនេះមិនចាំបាច់ទេ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖
គណបក្សប្រជាជនកម្ពុជាបានរំឭកនៅទូទាំងប្រទេសនូវវិញ្ញាណក្ខន្ធជនរងគ្រោះដោយរបប ខ្មែរក្រហម តាមបែបព្រះពុទ្ធសាសនា នៅថ្ងៃព្រហស្បតិ៍ទី២០ ឧសភានេះ ដែលកាលពីមុន គឺជាថ្ងៃទិវា ចងកំហឹងចំពោះរបបកាប់សម្លាប់របស់ពួកខ្មែរក្រហម ដែលអ្នកសង្កេតការណ៍លើកឡើងថា ការរំឭកវិញ្ញាណក្ខន្ធនេះគឺជាគន្លឹះនយោបាយមួយរបស់គណបក្សកំពុងតែក្ដោបក្ដាប់អំណាចនេះ។
ពួកខ្មែរក្រហម ដែលបានឡើងកាន់អំណាចដោយកម្លាំងយោធា ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ហើយបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតអស់យ៉ាងតិចចំនួន១,៧លាននាក់។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើក ឡើងថា ការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយរបបខ្មែរក្រហម ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅ ចំថ្ងៃទី២០ ខែឧសភានេះ គឺជាមធ្យោបាយមួយសម្រាប់ទប់ស្កាត់របបព្រៃផ្សៃ ដូច្នេះកើតឡើងសារ ជាថ្មីទៀត។
“យើងគ្រាន់តែរំឭកធ្វើម៉េចកុំឲ្យអតីតកាលត្រឡប់មកវិញ។ ទីមួយជាការស្វែងរកការបង្រួបបង្រួម ជាតិ ប៉ុន្ដែទីពីរក៏ត្រូវតែឲ្យប្រជាជនយើងរំឭកអំពីទំព័រឈឺចាប់របស់យើង"។
លោក កឹម សុខា តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសិទ្ធិមនុស្ស គិតថា ប្រជា ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដែលបានឆ្លងកាត់របបខ្មែរក្រហម មានការឈឺចាប់ដូចៗគ្នា។ ក៏ ប៉ុន្ដែមធ្យោបាយដ៏ល្អនោះ គឺការដោះស្រាយតាមតុលាការ គឺសាលាក្ដីខ្មែរក្រហមដែលកំពុង ដំណើរការនេះ។
“ការឈឺចាប់នេះគឺយើងត្រូវធ្វើតាមរយៈតុលាការអន្ដរជាតិ។ យើងធ្វើម៉េចឲ្យតុលាការអន្ដរជាតិនេះ ធ្វើឲ្យបានត្រឹមត្រូវ រកយុត្តិធម៌ពិតប្រាកដជូនប្រជារាស្ដ្រខ្មែរទៅ។ អាហ្នឹងជាការដោះស្រាយ ហើយបើសិនយើងឃើញថា របបប៉ុលពតហ្នឹងប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សហើយ យើងអ្នកដឹកនាំសម័យនេះ កុំធ្វើអ្វីដែលប៉ុល ពតធ្វើតទៅទៀតទៅ"។
លោក អាន់ឌ្រូ ខេលី សហព្រះរាជអាជ្ញាសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ការប្រារព្ធនេះមិន មែនជាផ្នែកមួយនៃការស៊ើបអង្កេតនោះទេ ក៏ប៉ុន្ដែការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនេះមានសារ សំខាន់ផងដែរសម្រាប់ការចងចាំ។
ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ ថ្ងៃទី២០ ខែឧសភា គឺជាទិវាចងកំហឹង នឹងពួកខ្មែរក្រហមដែលបាន ប្រព្រឹត្តការកាប់សម្លាប់មកលើប្រជាពលរដ្ឋកម្ពុជា ក៏ប៉ុន្ដែទិវានេះត្រូវបានគណបក្សប្រជាជនកម្ពុជា ប្ដូរទៅជាការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយរបបខ្មែរក្រហមវិញ ក្រោយពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ខែតុលា ឆ្នាំ១៩៩១។
ទោះជាយ៉ាងណា គេសង្កេតឃើញថា ការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយរបបខ្មែរក្រហមរបស់ គណបក្សប្រជាជនកម្ពុជា នៅឆ្នាំនេះ ត្រូវដឹកនាំដោយសារនយោបាយ។ ខណៈដែលប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១២ និងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៣។
នៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ នៅសារមន្ទីរបឹងជើងឯកជាយទីក្រុងភ្នំពេញ កាលពីព្រឹក មិញ គណបក្សប្រជាជនក្រុង បានដង្ហែទង់គណបក្ស ដែលមិនធ្លាប់មានការបង្ហាញដូច្នេះពីមុនមក រួមទាំងការផ្សព្វផ្សាយពីសារនយោបាយដែលលើកតម្កើងគុណសម្បត្តិគណបក្សកាន់អំណាច។
លោក ខៀវ កាញារិទ្ធ មានប្រសាសន៍ថា នេះគឺជាការរៀបចំរបស់តំណាងគណបក្សប្រជាជន នៅ តាមទីកន្លែងនិមួយៗតែប៉ុណ្ណោះ។
លោក ធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា ពិធីរំឭក វិញ្ញាណក្ខន្ធ ជនរងគ្រោះដោយរបបខ្មែរក្រហម របស់គណបក្សប្រជាជនកម្ពុជា មានគោលដៅចង់ បង្ហាញអំពីសារៈខាន់នៃគណបក្សកាន់អំណាច ដែលបានផ្ដួលរំលំខ្មែរក្រហមផង និងដើម្បីទាក់ ទាញការគាំទ្រផ្នែកនយោបាយផង។ ប៉ុន្ដែលោក ធន់ សារ៉ាយ មានប្រសាសន៍ថា វិធីសាស្ដ្រនេះ មិនសូវមានឥទ្ធិពលផ្នែកនយោបាយនោះទេ។
“ប៉ុន្ដែបើថា ឲ្យវាជាប្រយោជន៍នយោបាយធំដុំ ខ្ញុំគិតថា ដូចជាមិនសូវមានឥទ្ធិពលដូចមុនប៉ុន្មានទេ "។
ប្រទេសកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម ទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះនេះ គឺជាឈ្នាន់មួយដែលអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាយកមកធ្វើការឃោសនា សម្រាប់ស្វែងរកសំឡេងឆ្នោតក្នុងអំឡុងពេលបោះឆ្នោតផងដែរ។
ពីទីក្រុង ភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ វីអូអេ សំឡេង សរអ៕