ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អ៊ិស្លាម​នៅ​ភូមិ​មួយ​ខេត្ត​កំពត​ពុះ​ខណ្ឌ​វិហារ​របស់​ខ្លួន​ជា​ពីរ


ប្រជាជន​ខ្មែរ​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​កំពត​បាន​ពុះ​ខណ្ឌ​វិហារ​របស់​ខ្លួន​ជា​ពីរ ​ដើម្បី​ថ្វាយ​បង្គំ​ដោយ​ឡែក​ពី​គ្នា​ បន្ទាប់​ពី​មាន​ជម្លោះ​អំពី​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម​ក្នុង​ភូមិ​របស់​ពួក​គេ។ ក្រុម​អ្នក​ភូមិ​នោះ​ព្រួយ​បារម្ភ​ថា​ ជម្លោះ​នោះ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ក្នុង​ពេល​ខាង​មុខ។

លោក ​ពេជ្រ​ សំណាង ​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ពី​ខេត្ត​កំពត​ជូន​ដូច​ត​ទៅ៖

នៅ​ចំ​ពាក់​កណ្តាល​វិហារ​អ៊ិស្លាម​"អាល់យឡាលាស់"​ក្នុង​ភូមិ​ត្រពាំង​ល្ពៅ ​ឃុំ​ព្រែក​ត្នោត​នៃ​ស្រុក​ទឹក​ឈូរ ​ខេត្ត​កំពត​ គឺ​ជា​ស្នាម​គំនូស​ទឹក​ថ្នាំ​ពណ៌​ស​មួយ​ខ្សែ​ដែល​គេ​បាន​បាញ់​អូស​តាម​បណ្តោយ​ផ្លូវ​ចូល​តែ​ម្តង។

ស្នាម​គំនូស​នេះ​គឺ​ជា​ខណ្ឌ​សីមា​ពុះ​ជ្រៀក​វិហារ​ថ្ម​ដែល​មាន​ទទឹង​១៨​ម៉ែត្រ​និង​បណ្តោយ​ជាង​២០​ម៉ែត្រ​នេះ​ជា​ពីរ ​សម្រាប់​ឱ្យ​អ្នក​កាន់​សាសនា​អ៊ិស្លាម​ក្នុង​ភូមិ​នេះ​ ដែល​បាន​បែក​ខ្ញែក​គ្នា​ជា​ពីរ​ក្រុម​ មក​ថ្វាយ​បង្គំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្រោម​ការ​ដឹក​នាំ​របស់​អ៊ីមាំ​ពីរ​នាក់​ផ្សេង​គ្នា។

តាម​ច្បាប់​នៃ​សាសនា​អ៊ិស្លាម​ ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​អ៊ិស្លាម​ត្រូវ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​អ្នក​កាន់​សាសនា​នេះ​ទាំង​អស់​ក្នុង​ភូមិ​ ​ក្រោម​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​សាសនា​តែ​ម្នាក់​គត់​ដែល​គេ​ហៅ​ថា​ ​អ៊ីមាំ​ម៉ាស្សិត។ ប៉ុន្តែ​លោក​ម៉ាត់​ ហាក់​ អាយុ​៨៤​ឆ្នាំ​មាន​ប្រសាសន៍​នៅ​ក្នុង​វិហារ​នេះ​ថា​ ការ​ពុះ​ជ្រៀក​វិហារ​នេះ​ជា​ពីរហើយ​ថ្វាយ​បង្គំ​ដោយ​មាន​អ៊ីមាំ​ពីរ​នាក់​ផ្សេង​គ្នា​នេះ​គឺ​ដោយ​សារ​តែ​ក្រុម​របស់​លោក​អស់​ជំនឿ​ទៅ​លើអ៊ីមាំ ឬ​មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម​ចាស់​ ហើយ​មិន​ចង់​ឱ្យ​ក្រុម​ដែល​គាំទ្រ​អ៊ីមាំ​ចាស់​នោះ​ថ្វាយ​បង្គំ​លាយ​ឡំ​ជា​មួយ​ក្រុម​របស់​លោក​ដែល​បាន​ជ្រើស​រើស​អ៊ីមាំ​ថ្មី​មក​ឱ្យ​ដឹក​នាំ​ជំនួស​វិញ​នោះ។

លោក ​ម៉ាត់​ ហាក់​លែង​គោរព​តាម​ហាកឹម​ចាស់​នោះ​ដោយ​សារ​លោក​ពន្យល់​ថា​ ហាកឹម​នោះ​បាន​ប្រកាស​លា​ឈប់​ធ្វើ​ជា​ហាកឹម​រួច​ទៅ​ហើយ​ ហើយ​បែរ​ជា​វិល​ត្រឡប់​មក​កាន់​តំណែង​នេះ​វិញ​ដោយ​មិន​បាន​ប្រាប់​ ឬ​សួរ​យោបល់​ពី​តុៗ​ឬ​ចាស់​ទុំ​ក្នុង​ភូមិ​ជា​មុន​ឡើយ។

“អ៊ិស្លាម​ កាល​ណា​លែង​ប្រការ​ណា​មួយ​ ឧទាហរណ៍​ថា ​លែង​ប្រពន្ធ​ គេ​ឮ​ដឹង​អស់​ ហើយ​ថ្ងៃ​ចំអាត់​ស្រែក​តាម​មេក្រូ​ទៀត ​ហើយ​មក​វិញ”។

ជម្លោះ​រវាង​អ្នក​កាន់​សាសនា​អ៊ិស្លាម​ ដូច​គ្នា​ក្នុង​ភូមិ​តែ​មួយ​នេះ​ បាន​កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ខែ​មីនា​ ឆ្នាំ​២០០៩​ នៅ​ពេល​ដែល​ប្រជាជន​ខ្មែរ​អ៊ិស្លាម​ចំនួន​១៣៤​គ្រួសារ​ក្នុង​ចំណោម​ប្រជាជន​ដែល​កាន់​ សាសនា​អ៊ិស្លាម​ចំនួន​៣០៧​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ​ បាន​ដាក់​ពាក្យ​ប្តឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ ស្នើ​សុំ​ផ្លាស់​ប្តូរ​ហាកឹម​ចាស់​របស់​ពួក​គេ​ឈ្មោះ ​អាន់ យូណុះ​ ក្រោម​បទ​ចោទ​ថា​ មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម​ដែល​បាន​ដឹក​នាំ​ពួក​គេ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​នេះ​និយម​បក្ខ​ពួក​និង​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ដល់​សហ​គមន៍​អ៊ិស្លាម​ក្នុង​ភូមិ​នោះ​ទេ​ ហើយ​ថែម​ទាំង​បាន​ប្រកាស​លា​ឈប់​ពី​ តំណែង​ជា​ហាកឹម​ទៅ​ហើយ​ ​នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ​ចុះ​ថ្ងៃ​ទី​២១​ខែ​មីនា​ឆ្នាំ​២០០៩។

លោក ​អាន់ យូណុះ ​ជា​ហាកឹម​ ឬ​មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម​ក្នុង​ភូមិ​ដែល​រង​ការ​ចោទ​ប្រកាន់​មាន​ប្រសាសន៍​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​របស់​លោក​ថា​ លោក​ពុំ​បាន​ប្រកាស​លាលែង​តំណែង​ជា​ហាកឹម​នោះ​ ទេ​ ​ ប៉ុន្តែ​គឺ​កូន​ប្រុស​របស់​លោក​ទេ​ដែល​បាន​ប្រកាស​នោះ ​ដោយ​សារ​កូនរបស់​លោក​មិន​ចង់​ឱ្យ​លោក​ធ្វើ​ជា​ហាកឹម​ត​ទៅ​ទៀត។

“ខ្ញុំ​អត់​មាន​ប្រកាស​ទេ ​ហើយ​ប្រសិន​បើ​ខ្ញុំ​លាលែង​ពី​ហាកឹម​ តើ​មាន​លិខិត​ ឬ​ក៏​មាន​ឯកសារ​អី​សម្អាង​ទេ​ អត់​មាន​ទេ​ ​ហើយ​ខ្ញុំ​នៅ​ថ្នាក់​លើ​គេ​នៅ​ទទួល​ស្គាល់​ ​ហើយ​ប្រជាជន​ក៏​នៅ​ទទួល​ ស្គាល់​មួយ​ចំនួន​ដែរ”។

លោក ​អាន់ ​យូណុះ ​មាន​ប្រសាសន៍​បន្ថែម​ថា ​ក្រុម​អ្នក​ភូមិ​ខ្មែរ​អ៊ិស្លាម​ជាង​១០០​គ្រួសារ​ដែល​ចង់​ ផ្លាស់​ប្តូរ​ហាកឹម​ថ្មី​នោះ​គឺ​ដោយ​សារ​តែ​ពួក​គេ​ខឹង​សម្បារ​នឹង​រូប​លោក​ចំពោះ​ការ​ហាមប្រាមពួក​គេមិន​ឱ្យ​ប្រើ​ធុង​ប៉ាស​និង​ការ​រាំ​រែក​ក្នុង​ពិធី​រៀប​មង្គល​ការ​កូន​ចៅ​របស់​ពួក​គេ។​ ការ​រាំ​រែក​និង​ការ​ចាក់​ចម្រៀង​តាម​ធុង​ប៉ាស​ ត្រូវ​បាន​លោក​ពន្យល់​ថា​ ​ជា​ការ​ដែល​សាសនា​អ៊ិស្លាម​បាន​ហាម​ឃាត់។

លោក ​សេន ​រ៉េត ​អនុប្រធាន​ភូមិ​ត្រពាំង​ល្ពៅ​ មាន​ប្រសាសន៍​ថា ​ស្ថាន​ភាព​នៃ​ជម្លោះ​រវាង​អ្នក​ភូមិ​ខ្មែរ​ អ៊ិស្លាម​នេះ​កាន់​តែ​មាន​ភាព​តាន​តឹង​ឡើងៗ​ហើយ ​ ដោយ​សារ​ពួក​គេ​តែង​ឌឺដង​ដាក់​គ្នា​នៅ​រាល់​ពេល​ចូល​ថ្វាយ​បង្គំ​រួម​គ្នា​ក្នុង​វិហារ​នោះ។

លោក​ សេន​ រ៉េត​ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ភូមិ​របស់​លោក​ពុំ​មាន​លទ្ធភាព​ដោះ​ស្រាយ​ជម្លោះ​នេះ​ ទេ​ ដោយ​សារ​ភាគី​ម្ខាងៗ​ ទាម​ទារ​ឱ្យ​ខាង​តែ​បាន​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ ពោល​គឺ​ខាង​ក្រុម​ ហាកឹម​ចាស់​ចង់​ឱ្យ​ស្ថាន​ភាព​វិល​ទៅ​រក​ភាព​ដើមវិញ​ដោយ​ឱ្យ​ហាកឹម​ចាស់​ធ្វើ​ជា​ហាកឹម​ដដែល​ ​ខណៈ​ដែល​ក្រុម​ម្ខាង​ទៀត​ចង់​បាន​ហាកឹម​ថ្មី​ឡើង​ដឹក​នាំ​ជំនួស​វិញ។

“ខ្ញុំ​មិន​អាច​ធ្វើ​ការ​សម្រុះ​សម្រួល​និង​គ្មាន​លទ្ធភាព​ដោះ​ទេ​ ដោយ​សារ​ដំបូង​គេ​ដាក់​ពាក្យ​ប៉ឹប(ប្តឹង​ភ្លាមៗ)​ទៅ​សាលា​ឃុំ។ ​ក្រោយ​ពី​ធ្វើ​ការ​សម្រុះ​សម្រួល​ខាង​សាលា​ឃុំ​មិន​បាន​ដាច់​ស្រេច​ទេ​ក៏​ស្ទុះ​ទៅ​គណៈ​អ៊ីមាំ​ខេត្ត​ក៏​បាន​ចូល​រួម​ដែរ​ ​ប៉ុន្តែ​ដោះ​មិន​ចេញ”។

លោក​ លី ​សារី​ អ៊ីមាំ​ ខេត្ត​កំពត ​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ណា​មួយ​បាន​ទេ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​ស៊ឹម​ សាឡៃមែន​ អ៊ីមាំ​ស្រុក​ទឹក​ឈូ ​បាន​មាន​ប្រសាសន៍​ថា​ រូប​លោក​ និង​អ៊ីមាំ​ខេត្ត​បាន​ចុះ​មក​ធ្វើ​ការ​សម្រុះ​សម្រួល​ជា​មួយ​ភាគី​ទាំង​ពីរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ​ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​ ​ដោយ​សារ​តែ​គូរ​បក្ខដិបក្ខ​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​ដាច់​ខាត​រៀង​ខ្លួន។

លោក ​ស៊ឹម​ សាឡៃមែន​ មាន​ប្រសាសន៍​ថា​ ​ដូច្នេះ​មាន​តែ​ទុក​បញ្ហា​នេះ​ឱ្យ​ចាង​ហ្វាង​នៃ​គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​ជា​អ្នក​សម្រេច​វិញ។

“ហាកឹម​ចាស់​នេះ​ គាត់​មាន​លិខិត​តែង​តែង​ពី​ឧកញ៉ា​ សុះ​ កំរ៉ី ​ត្រឹម​ត្រូវ​ ដូច្នេះ​យើង​អត់​ហ៊ាន​ទេ​ ព្រោះ​មាន​លិខិត​តែង​តាំង​គ្រប់​គ្រាន់​ហើយ។​ ​ប៉ុន្តែ​ចំពោះ​អ្នក​បែក​ថ្មី​នេះ​គេ​មិន​ព្រម​ទទួល​ស្គាល់​ក្រោយ​ ពី​មាន​រឿង​ជា​មួយ​គ្នា​រួច។​ អញ្ចឹងការ​ផ្សះ​ផ្សា​ក្រោយ​មក​ក៏​មិន​មាន​ផល​ប្រយោជន៍​ស្អី​ទេ​ដោយ​សារ​គាត់​មិន​ព្រម”។

លោក​ឧកញ៉ា ​សុះ ​កំរ៉ី ​ចាង​ហ្វាង​នៃ​គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា​ពុំ​បាន​ផ្តល់​ អត្ថាធិប្បាយ​អ្វី​ឡើយ​ជុំវិញ​បញ្ហា​ជម្លោះ​រវាង​អ៊ិស្លាម​សាសនិក​គ្នា​ឯង​នៅ​ក្នុង​ភូមិ​នេះ​ទេ ​ដោយ​លោក​មានប្រសាសន៍​យ៉ាង​ខ្លី​ថា​ លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ ឬ​របាយ​ការណ៍​អំពី​ជម្លោះ​នោះ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ​សាសនា​អ៊ិស្លាម​ក៏​ដូច​ជា​សាសនា​ដទៃ​ទៀត​ដែរ​ តែង​កើត​មាន​ជម្លោះ​ផ្ទៃ​ក្នុង​មួយ​ចំនួន​ ដោយ​សារ​តែ​ការ​ខ្វែង​គំនិត​គ្នា​ខាង​ជំនឿ ​និង​ទំនៀម​ទម្លាប់​នៃ​ការ​ប្រតិបត្តិ​សាសនា​ក្នុង​ចំណោម​សាសនិក​ដូច​គ្នា​នេះ។​ ​តួ​យ៉ាង​ជម្លោះ​រវាង​និកាយ​ផ្សេង​គ្នា​និង​រវាង​ការ​ប្រតិបត្តិ​សាសនា​តាម​បែប​ប្រពៃណី​និង​បែប​ទំនើប​បាន​កើត​ឡើង​ក្នុង​ចំណោម​អ៊ិស្លាម​សាសនិក​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​ជា​គ្មាន​ការ​កើត​ឡើង​នូវ​អំពើ​ហិង្សា​រវាង​គ្នា​និង​គ្នា​ក៏​ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក ​សេន​ រ៉េត ​អនុប្រធាន​ភូមិ​ត្រពាំង​ល្ពៅ​ មាន​ប្រសាសន៍​ថា ​អ្វី​ដែល​លោក​ អាច​ធ្វើ​បាន​ដើម្បី​កាត់​បន្ថយ​ស្ថាន​ភាព​តាន​តឹង​នៃ​ជម្លោះ​រវាង​គូរ​បក្ខដិបក្ខ​ខ្មែរ​អ៊ិស្លាម​ទាំង​ពីរ​ក្រុម​ក្នុង​ភូមិ​របស់​លោក​នេះ​គឺ​មាន​តែ​ការ​បំបែក​ក្រុម​ទាំង​ពីរ​ឱ្យ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​ក្នុង​ពេល​ខុស​គ្នា​ប៉ុណ្ណោះ​ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាយថា​ហេតុណា​មួយ។

ប៉ុន្តែ​លោក ​សេន ​រ៉េត ​មាន​ប្រសាសន៍​បន្ថែម​ថា​ វិធី​សាស្រ្ត​នេះ​បាន​ត្រឹម​តែ​ជួយ​បញ្ជៀស​ការ​ប៉ះ​ទង្គិច​ គ្នា​ម្តង​ម្តាល​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ភាគី​ទាំង​ពីរ​នៅ​តែ​ត្រូវ​មក​ថ្វាយ​បង្គំ​ជុំ​គ្នា​ក្នុង​វិហារ​តែ​មួយ​ដដែល​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ​ដែល​ជា​ការ​តម្រូវ​របស់​សាសនា។​ ដូច្នេះ​លោក​មាន​ប្រសាសន៍​ថា​ ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​រវាង​គូ​ទំនាស់​ទាំង​ពីរ​នឹង​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន​ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប​និង​ទាន់​ពេល​វេលា​ទេ​នោះ។

ពី​ខេត្ត​កំពត​ ខ្ញុំ​ ​ពេជ្រ​ សំណាង​ VOA​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG