មេដឹកនាំវិនិយោគចិនពីខេត្តនឹងស្វែងរកឱកាសធ្វើវិនិយោគ នៅកម្ពុជាដើម្បីជំរុញកំណើន សេដ្ឋកិច្ច។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
គណៈប្រតិភូវិនិយោគចិនពីខេត្ត Sichuan នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទី១ នៅសប្តាហ៍ក្រោយនេះក្នុងការស្វះស្វែងរកជម្រើសវិនិយោគនៅកម្ពុជា ដែលស្ថិតនៅលើការ សម្រុះសម្រួលចំណងទាក់ទងយ៉ាងស៊ីជម្រៅរវាងប្រទេសទាំង២។
គណៈប្រតិភូវិនិយោគខេត្ត Sichuan ដែលបានដឹកនាំដោយលោក Sun Yun នឹងជួបពិភាក្សា ការងារជាមួយលោកហេង សំរិន ប្រធានរដ្ឋសភា ក្រុមអ្នកតាក់តែងច្បាប់និងក្រុមមន្ត្រីពាណិជ្ជកម្មកម្ពុជា អំពីលទ្ធភាព និងសមត្ថភាពលើសក្តានុពលវិនិយោគ និងពាណិជ្ជកម្ម។
ទស្សនកិច្ចរយៈពេល៥ថ្ងៃគឺជាបេសកកម្មស្វែងរកការណ៍ពិតសម្រាប់ក្រុមមេដឹកនាំជំនួញរបស់ខេត្ត Sichuan ដែលសង្ឃឹមថា នឹងបង្កើតចំណងទាក់ទង ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មទំនិញ។
លោកគាំម កុសល ប្រធានខុទ្ទកាល័យរបស់លោកហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា គណៈប្រតិភូវិនិយោគមកកាន់ប្រទេសកម្ពុជានេះសំដៅស្វែងយល់ និងពិនិត្យមើល ឱកាសវិនិយោគនៅកម្ពុជា សម្រាប់ត្រួសត្រាយផ្លូវឱ្យអ្នកវិនិយោគខេត្ត Sichuanមកវិនិយោគនៅកម្ពុជា តាមលទ្ធភាព និងសមត្ថភាព។
លោកងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមិន មានក្រុមហ៊ុនវិនិយោគពីខេត្ត Sichuanទេ។ ទោះបីជាយ៉ាងនេះក្តី ក៏លោកសង្ឃឹមថា នឹងបញ្ចុះ បញ្ចូលក្រុមអ្នកវិនិយោគទុនដែលមកទស្សនកិច្ចនេះ ដើម្បីបង្កើតការវិនិយោគលើវិស័យកសិកម្ម ពង្រីកវិស័យទេសចរណ៍ និងនាំយកក្រុមហ៊ុនសំណង់ និងរ៉ែ។
លោកបានបន្ថែមថា បើយើងទទួលបានការវិនិយោគពីខេត្ត Sichuanបន្ថែមទៀត វានឹងជួយ ជំរុញកំណើនសេដ្ឋកិច្ចរបស់យើងតាមរយៈការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម។
លោកងួន ម៉េងតិចបានបញ្ជាក់ថា យើងត្រៀមធ្វើបទបង្ហាញដល់គណៈប្រតិភូនេះអំពីសក្តា នុពលវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ សំណង់ ឧស្សាហកម្ម រ៉ែ និងការផ្លាស់ប្តូរពាណិជ្ជកម្ម។
ដំណើរទស្សនកិច្ចនេះបានកើតមានឡើងបន្ទាប់ពីការប្រកាសកាលពីសប្តាហ៍មុនថា ប្រទេស កម្ពុជានឹងពង្រីកសេវាកម្មស្ថានកុងស៊ុលចំនួន៦នៅក្នុងប្រទេសចិននិងទឹកប្រាក់ចំនួន១២០០លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍបានសន្យាពីទីក្រុងប៉េកាំងនៅក្នុងខែធ្នូ ឆ្នាំ២០០៩។
នៅក្នុងខែតុលា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដឹកនាំអ្នកជំនួញកម្ពុជាជាង១០០ក្រុមហ៊ុន ទៅកាន់ខេត្ត Sichuan ក្នុងកិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគ។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថា ប្រធានរដ្ឋសភានឹងពន្យល់គណៈប្រតិភូវិនិយោគ អំពី ច្បាប់វិនិយោគសម្រាប់បង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន គ្រឿងលើកទឹកចិត្តដែល រួមមានដីសម្បទានសេដ្ឋកិច្ច ផលិតផលសម្រាប់នាំចេញមួយចំនួនដោយគ្មានពន្ធ ការនាំចូលគ្រឿងសំណង់សម្រាប់ការសាងសង់ដោយគ្មានបង់ពន្ធ និងការអនុគ្រោះពន្ធ រហូតដល់៣ឆ្នាំ សម្រាប់រោងចក្រកាត់ដេរ។
លោក ជាម យៀបបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយទៅជាជំហានដ៏សំខាន់ឆ្ពោះ ទៅរកការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។
"គណៈប្រតិភូខេត្ត Sichuan អាចមកមើលលទ្ធភាពរបស់ខ្លួនដើម្បីវិនិយោគ ឬធ្វើទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង"។
លោកកង ចាន់ដាតារ័ត្ន អ្នកសេដ្ឋកិច្ច បានថ្លែងថា ដំណើរទស្សនកិច្ចបានកំណត់នូវជំហាន ថ្មីមួយនៅក្នុងការធ្វើវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសចិន ហើយប្រទេសកម្ពុជានឹងអាចពង្រឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួន បើខេត្តSichuan មកវិនិយោគនៅកម្ពុជា។
"វាជាចំណុចមួយវិជ្ជមានរួចទៅហើយ នៅពេលមានចំណាប់អារម្មណ៍ពីអ្នកវិនិយោគមកពីខាងក្រៅ និងមានសក្តានុពលច្រើន ដូចជាប្រទេសចិនជាដៃគូក្នុងការអភិវឌ្ឍ"។
នៅក្នុងឆ្នាំ២០០៩ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានតម្លៃទឹកប្រាក់សរុប៤៥០០ លានដុល្លារអាមេរិក។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា វីអូអេ សំឡេងសរអ៕