ក្រុមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់ ចាប់ផ្ដើមឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅលើដី មានទំនាស់នៃឃុំអមលាំង ខេត្តកំពង់ស្ពឺ។ ការឈូសឆាយនេះស្របពេលក្រុមហ៊ុនបានដាក់ពង្រាយកម្លាំងយោធាបន្ថែមទៀតដើម្បីការពារដី។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
ក្រុមមន្រ្តីសិទ្ធិមនុស្សបាននិយាយនៅថ្ងៃច័ន្ទនេះថា យ៉ាងតិចមានផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ត្រូវបានក្រុមហ៊ុនភ្នំពេញSUGARរបស់លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាខាងគណបក្សគ្រប់គ្រងអំណាចដ៏មានឥទ្ធិពលមួយរូប បានឈូសបំផ្លាញខ្ទេចខ្ទីអស់នៅក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅក្នុងឃុំអមលំាង ខេត្តកំពង់ស្អឺ។
លោកអំ សំអាត មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សLICADHO ដែលបានចុះទៅដល់កន្លែងកើតហេតុ ក្រោយពីក្រុមហ៊ុនបានឈូសឆាយផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង កាលពីថ្ងៃសៅរ៍នោះ បានលើកឡើងថា ខាងក្រុមហ៊ុននិងបន្តឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋចំនួន២០គ្រួសារបន្ថែមទៀ។
លោកអំ សំអាត បានមានប្រសាសន៍ទៀតថា ការឈូសឆាយនេះគឺជាការខុសច្បាប់ ប្រសិនណាប្រជាពលរដ្ឋមានប្លង់កាន់កាប់កម្មសិទ្ធិត្រឹមត្រូវនោះ។
"ការប្រើប្រាស់កម្លាំងដោយគ្មានបញ្ជាពីតុលាការ គឺជារឿងខុសច្បាប់ទាំងស្រុង ហើយអ្នក ដែលប្រព្រឹត្តត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់"។
លោកស្រីនុត សារី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរពន្លៅ ឃុំអមលាំង ស្រុងថ្ពង ខេត្តកំពង់ស្ពឺ ដែលផ្ទះរបស់លោកស្រីត្រូវបានក្រុមហ៊ុនភ្នំពេញSUGAR របស់លោកឧកញ៉ាលី យ៉ុងផាត់ បានឈូសឆាយបំផ្លេចបំផ្លាញនោះ បាននិយាយថា លោកស្រីបានទិញដីនេះ តាំងពីឆ្នាំ២០០០ ដោយមានប្លង់កាន់កាប់កម្មសិទ្ធិត្រឹមត្រូវស្របច្បាប់។
លោកស្រីបានលើកឡើងទៀតថា ការឈូសឆាយនេះគឺជាការបំពានសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទាំងបំពានច្បាប់។
"ឃោរឃៅ វាហួស ឃោរឃៅ។ លោកពូ ព្រោះអីចាត់ទុកដូចថា គាត់មកបំពានសិទ្ធិលើកម្មសិទ្ធិប្រជារាស្រ្តពេក"។
ចំណែកលោកឡោ ម៉េង អាយុ៥៤ឆ្នាំ អ្នកស្រុករស់នៅភូមិអូរពន្លៅ ដូចគ្នានោះ បាននិយាយថា ផ្ទះរបស់លោកនៅក្នុងបញ្ជីឈូសឆាយនាពេលខាងមុខនេះទៀត។
លោកបានមានប្រសាសន៍ថា លោកនិងសុខចិត្តស្លាប់ប្រសិនណាបើក្រុមហ៊ុននេះ នៅបន្តឈូសឆាយដល់ផ្ទះរបស់លោកនោះ។
"មានតែស៊ូងាប់ ព្រោះខ្ញុំវាងាប់អស់៧លើកហើយ។ ជម្លោះលើកចុងក្រោយឲ្យកូនមកដុតសាកសពនៅកន្លែងដីហ្នឹងតែម្តង"។
លោកស្រីឈាង គឹមស៊ុន អ្នកតំណាងក្រុមហ៊ុនភ្នំពេញ SUGAR របស់លោកឧកញ៉ា លី យ៉ុង ផាត់ បាននិយាយថា ក្រុមហ៊ុនឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋណាដែលរំលោភបំពានសិទ្ធិកម្មសិទ្ធិរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
"គាត់អត់មានអីជាសំអាង អត់មានភស្តុតាងអីទាំងអស់ ហើយម្ចាស់គេ គេមកកាន់កម្មសិទ្ធិគេ។ គេឈូសឆាយ ហើយការឈូសឆាយនេះគឺម្ចាស់គេបានផ្ទេរមកឲ្យក្រុមហ៊ុនខ្ញុំ។ អញ្ចឹងខ្ញុំត្រូវតែធ្វើទៅតាមសំណូមពររបស់ម្ចាស់ប្លង់រឹង"។
លោកស្រី ហាប់ ដាំ ប្រធានក្រុមប្រឹក្សាឃុំអមលាំងវិញ បាននិយាយថា លោកស្រីពុំទាន់ទទួលបានដំណឹងអំពីការឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅឡើយទេ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកស្រី និងធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ។
"ខ្ញុំដូចជាមិនបានឮថា ឈូសប៉ះពាល់ផ្ទះប្រជាពលរដ្ឋថា បើដីមកថ្នល់នេះ មកជាប់មាត់ថ្នល់ខ្ញុំទទួលបានព័ត៌មាន ព្រោះអីជាន់ប្លង់គ្នាអញ្ចឹងឈូសឆាយលើដីដែលប្លង់ដែលគេលក់ឲ្យក្រុមហ៊ុនណា៎"។
ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាង៨០០០ហិកតា សម្រាប់ធ្វើការដាំដើមអំពៅ នៅស្រុងថ្ពង ខេត្តកំពង់ស្ពឺនោះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានធ្វើឲ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ពួកគេចំនួន១១ភូមិ និងជាង៣០០គ្រួសារ។
បន្ទាប់ពីមានទំនាស់ដីធ្លីរវាងក្រុមហ៊ុនភ្នំពេញSUGAR និងប្រជាពលរដ្ឋនៅស្រុងអមលាំង ខេត្ត កំពង់ស្ពឺមក យ៉ាងតិចក៏មានប្រជាពលរដ្ឋចំនួន២រូបត្រូវបានចាប់ឃុំឃាំង ហើយក្រោយមកត្រូវបានដោះលែងមកវិញ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបន្តដាក់ពង្រាយកម្លាំងយោធាជាច្រើនរាប់សិបនាក់ដើម្បីការពារដី ដែលមានទំនាស់នេះ។
ពីទីក្រុងភ្នំពេញ ខ្ញុំហេង រស្មី VOA សំឡេងសហរដ្ឋអាមេរិក៕