ការជួញដូរមនុស្ស ជាធម្មតា ត្រូវបានពិភាក្សាដោយសំដៅទៅលើគ្រោះថ្នាក់ចំពោះស្រ្តី និងកុមារ។ ក៏ប៉ុន្តែនៅប្រទេសកម្ពុជា បុរសវ័យក្មេងក៏មានគ្រោះថ្នាក់ដោយត្រូវបានជួញដូរទៅប្រទេសថៃនិងម៉ាឡេស៊ីផងដែរ តាមរយៈកប៉ាល់នេសាទត្រី។ ទីបំផុត អ្នកខ្លះត្រូវធ្វើការក្នុងស្ថានភាព ដូចជាទាសករ។
Robert Carmichael រាយការណ៍រឿងនេះពីទីក្រុងភ្នំពេញ។ នាងលី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួលអត្ថបទនេះ។
នៅប្រទេសកម្ពុជា បុរសមួយចំនួនបានរៀបរាប់រឿងរ៉ាវនៃទាសភាពសម័យទំនើប នៅលើកប៉ាល់នេសាទថៃ និងម៉ាឡេស៊ី។ លោក Manfred Hornung ជាទីប្រឹក្សាផ្នែកច្បាប់នៃអង្គការសិទ្ធិមនុស្សកម្ពុជាលីកាដូ។
លោកនិយាយថា ថ្វីបើចំនួនមានកម្រិតក៏ដោយ ក៏បុរសខ្មែររាប់ពាន់នាក់អាចត្រូវជួញដូរទៅឲ្យធ្វើការលើកប៉ាល់នេសាទត្រីក្នុងតំបន់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
អង្គការលីកាដូបានសម្ភាសបុរសជាង៦០នាក់ ដែលត្រូវបានជួញដូរទៅឲ្យធ្វើការលើកប៉ាល់នេសាទត្រីថៃចាប់តាំងពីឆ្នាំ២០០៧មក។ រឿងរ៉ាវរបស់ពួកគេបានចាប់ផ្តើមឡើងដោយភាពប្រហាក់ប្រហែលគ្នា។
“ជាធម្មតា បុរសវ័យក្មេងទាំងនេះត្រូវបានពួកឈ្មួញកណ្តាលមកទាក់ទង ដែលធ្វើការតាមរយៈខ្សែរយៈនៅក្នុងឃុំ ឬភូមិណាមួយ ហើយសំដៅទៅរកបុរសវ័យក្មេងៗដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យទៅប្រទេសថៃ។ ដូច្នេះ នៅក្នុងករណីភាគច្រើន ឈ្មួញកណ្តាលនេះមិនប្រាប់បុរសក្មេងៗទាំងនេះថា ពួកគេត្រូវធ្វើការនៅលើកប៉ាល់នេសាទនោះទេ”។
ជាជំនួសវិញ ពួកឈ្មួញកណ្តាលទាំងនោះបានសន្យាថា មានការងារសំណង់ ឬនៅចម្ការ ក្រោយមកនាំអ្នកទាំងនោះចូលក្នុងប្រទេសថៃដោយខុសច្បាប់។
លោក Manfred Hornung និយាយថា នៅពេលដែលពួកគេទៅដល់ប្រទេសថៃហើយ បុរសខ្លះត្រូវបាននាំទៅផែនេសាទត្រី ដែលនៅទីនោះពួកគេត្រូវបានគេចាក់សោរនៅក្នុងបន្ទប់ផ្ទះសំណាក់ ហើយមួយរយៈក្រោយមកត្រូវគេលក់ទៅឲ្យអ្នកបើកកប៉ាល់នេសាទ។
លោក Hornungនិយាយថា ស្ថានភាពអាក្រក់បំផុតដែលកើតមាននៅលើកប៉ាល់នេសាទនោះ ប្រៀបបានទៅនឹងទាសភាព។ ហើយបុរសទាំងនោះមានមធ្យោបាយតិចតួចណាស់ក្នុងការរត់គេច ដោយសារតែនាវិក និងអ្នកបើកកប៉ាល់នេសាទទាំងនោះប្រដាប់ទៅដោយអាវុធ។
ជនរងគ្រោះទាំងនោះនិយាយថា ជាទូទៅពួកគេបានដេកតែ៣ឬ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយត្រូវបានគេវាយធ្វើបាប និងដាក់ថ្នាំញៀនដើម្បីឲ្យពួកគេបន្តធ្វើការ។
លោក Hornung បានឮសេចក្តីរាយការណ៍ថា បុរសដែលធ្លាក់ខ្លួនឈឺត្រូវបានគេបោះចូលទៅក្នុងសមុទ្រ។
ការធ្លាក់ចុះចំនួនត្រីនៅជិតមាត់សមុទ្រមានន័យថា កប៉ាល់ជាច្រើនបានចំណាយពេល រាប់ខែនៅឯសមុទ្រ ហើយទៅជិតកប៉ាល់ៗធំៗ ដើម្បីទម្លាក់ត្រីដែលនេសាទបាន។ នេះជាមូលហេតុដែលធ្វើឲ្យជនរងគ្រោះទាំងនោះមិនអាចរត់គេចបានឡើយ។
“នៅក្នុងករណីថ្មីមួយ យើងមានបុរសម្នាក់ដែលជាប់នៅលើកប៉ាល់បីឆ្នាំ ដោយមិនបានឃើញដីឡើយ។ គាត់ត្រូវបានគេលក់នៅលើសមុទ្រ ពីកប៉ាល់មួយទៅកប៉ាល់មួយ រយៈពេលបីឆ្នាំ។ ហើយ ករណីបែបនេះកើតឡើងជាញឹកញាប់។ ដូច្នេះ រយៈពេលដែលជនរងគ្រោះជាប់នៅលើកប៉ាល់ដូចជាទាសករនោះ គឺចាប់ពី៣ខែ រហូតដល់ជាច្រើនឆ្នាំ”។
លោក Hornung និយាយថា ក្នុងចំណោមបុរស៦០នាក់ ដែលអង្គការលីកាដូបានសម្ភាសនោះ គ្មាននរណាម្នាក់បានទទួលប្រាក់ឈ្នួលថ្លៃការងាររបស់ពួកគេទេ។
អ្នកជំនាញទទួលបន្ទុកលើបញ្ហាជួញដូរនិយាយថា ភាពក្រីក្ររបស់ប្រទេសកម្ពុជា ជាបុព្វហេតុដែលនាំឲ្យមានការជួញដូរច្រើនបំផុតនៅប្រទេសនេះ។
អ្នកស្រី Louis Rose ជាមន្រ្តីទទួលបន្ទុកកិច្ចការពារជនរងគ្រោះ សម្រាប់អង្គការមូលនិធិអាស៊ី និយាយថា ការធ្វើស្ថិតិមួយទៅលើបុរសខ្មែរចំនួន២៥៨នាក់ ដែលភាគច្រើនបានធ្វើការលើកប៉ាល់នេសាទបរទេសនោះ ឃើញថា ពាក់កណ្តាលនៃចំនួនបុរសទាំងនោះ បានចេញទៅស្វែងរកការងារនៅក្រៅប្រទេសគឺដោយសារការជំពាក់បំណុល។
ក៏ប៉ុន្តែ មានកត្តាសំខាន់២ទៀតផងដែរ។
“ការខ្វះខាតម្ហូបអាហារ ជាមូលហេតុដ៏សំខាន់មួយ។ ៧៥ភាគរយនៃបុរសទាំងនោះ បានរាយការណ៍ថា ការខ្វះខាតម្ហូបអាហារ ជាមូលហេតុនាំឲ្យមានការចំណាកស្រុកទៅរកការងារធ្វើ។ មូលហេតុមួយទៀត ដែលកាន់តែសំខាន់ជាងនេះទៀតនោះគឺ គ្មានប្រភពប្រាក់ចំណូល ដែលមានប្រមាណជា៧៨ភាគរយ”។
បុរសម្នាក់ក្នុងចំណោម៥នាក់នៅក្នុងការធ្វើស្ថិតិរបស់អង្គការមូលនិធិអាស៊ី បាននិយាយថា ពួកគេបានធ្វើការនៅក្នុងស្ថានភាពដូចជាទាសករ នៅលើកប៉ាល់នេសាទថៃ និងម៉ាឡេស៊ី។ ឧស្សាហកម្មនេសាទត្រីរបស់ថៃដែលមានតម្លៃរាប់ពាន់លានដុល្លារនោះ ត្រូវការការផ្គត់ផ្គង់ គឺកម្លាំងពលកម្មមានតម្លៃឈ្នួលថោក។
រឿងរ៉ាវរបស់បុរសខ្មែរខ្លះបង្ហាញថា ភ្នាក់ងារទុច្ចរិត និងម្ចាស់កប៉ាល់ទាំងនោះ ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើគ្រប់វិធីទាំងអស់ដើម្បីបំពេញទៅតាមតម្រូវការកម្លាំងពលកម្មនេះ។
អង្គការប្រឆាំងនឹងការជួញដូរមនុស្សឲ្យដឹងថា ដំណោះស្រាយសម្រាប់រដ្ឋាភិបាលក្នុងតំបន់ គឺត្រូវធ្វើការឲ្យខ្លាំងជាងមុន ដើម្បីការពារជនចំណាកស្រុកទៅរកការងារធ្វើ និងផ្តន្ទាទោសចំពោះជនដែលបានបំពានច្បាប់ទាំងនោះ។
ក៏ប៉ុន្តែ ពួកគេនិយាយថា កិច្ចការនោះនឹងមិនកើតឡើងទេ។ ក្រុមសកម្មជននៅប្រទេសកម្ពុជានិយាយថា ច្បាប់ប្រឆាំងនឹងការជួញដូរមានភាពទន់ខ្សោយ ហើយទាល់តែច្បាប់ និងការអនុវត្តន៍ច្បាប់ត្រូវបានពង្រឹងឡើង បើមិនដូច្នេះទេ បុរសវ័យក្មេងនៅប្រទេសនេះ នឹងនៅតែប្រឈមមុខនឹងការបង្ខំទៅឲ្យធ្វើការនៅឯក្រៅប្រទេស៕