មន្រ្ដីជាន់ខ្ពស់សាលាក្ដីខ្មែរក្រហមមួយរូបគ្រោងនឹងចាកចេញពីការងារ ខណៈ ពេលដែលការរៀបចំសម្រាប់ការកាត់ទោសនៅក្នុងសំណុំរឿងលេខ០០២កំពុងដំណើរការ។ ការចាកចេញនេះ ទំនងជាដោយសារមូលហេតុសម្រាប់បញ្ហាគ្រួសារ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
ប្រធានអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហម លោកស្រី ហេឡែន ចាវិស បាន ឲ្យដឹងនៅថ្ងៃច័ន្ទនេះថា លោកស្រីនឹងលាឈប់ពីការងាររបស់ខ្លួន នៅចុងខែមិថុនាខាងមុខនេះ ដែលអ្នកស្រីហៅថា គឺជាការចូលនិវត្តិន៍ពីការងារ ដោយសារតែអ្នកស្រីមានវ័យកាន់តែចាស់ទៅហើយ។
“ខ្ញុំចូលនិវត្តន៍ អានេះជារឿងធម្មតាក្នុងជីវិតមនុស្ស។ ខ្ញុំអាយុ៦៤ឆ្នាំហើយ។ ខ្ញុំចង់រស់ជាមួយគ្រួសារ និងកូនចៅ"។
លោកស្រី ហេឡែនបានដាក់ពាក្យសុំឈប់ពីការងារទៅកាន់ផ្នែករដ្ឋបាលរបស់សាលាក្ដីខ្មែរក្រហម កាលពីដើមខែឧសភានេះ។ លោកស្រី ហេឡែន ចាវីស ធ្លាប់ធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាលសម្រាប់ក្រុមការងារសំណុំរឿងខ្មែរក្រហម ក្នុងការចរចាជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម។ លោកស្រីបានចាប់ផ្ដើមធ្វើការក្នុងសាលាក្ដីពិសេសនេះ ខណៈដែលសាលាក្ដីបានចាប់ផ្ដើមដំណើរការដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០០៦។
លោកស្រី ហេឡែន ចាវីស ត្រូវបានតែងតាំងជាប្រធានអង្គភាពគាំពារជនរងគ្រោះ កាលពីមេសា ឆ្នាំ២០០៩ ជំនួសលោកស្រី គាត បូផល ដែលបានសុំលាលែងពីការងារ។ ខណៈដែលចាប់ផ្ដើមការងារថ្មីនេះ លោកស្រី ហេឡែន ចាវីសត្រូវបានចោទប្រកាន់ដោយក្រុមមេធាវីការពារជនជាប់ចោទ ចំពោះការប្រើប្រាស់ឥទ្ធិពលនយោបាយក្នុងសាលាក្ដីខ្មែរក្រហម។
ក៏ប៉ុន្ដែ នៅថ្ងៃនេះ លោកស្រីនៅតែមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ។
អង្គភាពគាំពារជនរងគ្រោះទទួលបានពាក្យបណ្ដឹងចំនួន៤០០៤ ពីជនរងគ្រោះដោយរបបខ្មែរក្រហម ដើម្បីសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី សម្រាប់សំណុំរឿងលេខ០០២ ដែលមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី ប្រពន្ធរបស់គាត់ គឺអៀង ធីរិទ្ធ និងអាចមាន ឌុច អតីតប្រធានគុកទួលស្លែងដែលកំពុងរង់ចាំការប្រកាសសាលក្រមផងដែរ។ ជនជាប់ចោទទាំងនេះត្រូវគេរំពឹងថា អាចនឹងត្រូវនាំខ្លួនមកកាត់ទោស ក្នុងអំឡុងដើមឆ្នាំក្រោយ។
លោក ឡុង បញ្ញាវុធ មន្រ្តីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិក មានប្រសាសន៍ថា ការចាកចេញពីការងាររបស់ លោកស្រី ហេឡែន ចាវីស គឺចំពេលដែលសាលាក្ដីខ្មែរក្រហមកំពុងតែមានការងារត្រូវធ្វើយ៉ាងច្រើន។
“ការចាកចេញរបស់គាត់នេះចំពេលដែលសាលាក្ដីកំពុងរវល់ ជាពិសេសទាក់ទងទៅនឹងការចូលរួមរបស់ដើមបណ្ដឹងរដ្ឋប្បវេណី។ ហើយយើងអំពាវនាវសុំឲ្យមានការរៀបចំជាបន្ទាន់នៅក្នុងការជ្រើសរើសផ្នែកអង្គភាពហ្នឹង ដើម្បីជួយជនរងគ្រោះឲ្យមានការចូលរួមឲ្យបានពេញលេញ និងប្រយោជន៍របស់ជនរងគ្រោះ"។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក អធិប្បាយដូចគ្នានេះដែរ ហើយលោកបានសម្ដែងការសោកស្ដាយចំពោះការចាកចេញរបស់លោកស្រីហេឡែន ចាវីសនេះ។
គេនៅមិនទាន់ដឹងថា តើមន្ដ្រីណាម្នាក់នឹងត្រូវតែងតាំងជំនួសលោកស្រី ហេឡែន ចាវីស នៅឡើយទេ។ លោក រាជ សម្បត្តិ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា រដ្ឋបាលរបស់សាលាក្ដីនេះកំពុងធ្វើកិច្ចការនេះ៕
ខ្ញុំ គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ៕