បណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅថា អាស៊ាន) កំពុងសម្លឹងមើលមកសហរដ្ឋអាមេរិកដើម្បីទាក់ទាញអ្នកវិនិយោគទុនបន្ថែមឱ្យបង្កើនការវិនិយោគនៅក្នុងតំបន់មួយនេះដែលកំពុងមានសក្តានុពលសេដ្ឋកិច្ចឈានឡើង។
ក្រុមរដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ានបានមកធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចដែលតំបន់នេះកំពុងមាន។
ក្រុមប្រតិភូបានជួបជាមួយសមាជិកសភានិងព្រឹទ្ធសភា អ្នកជំនួញ ក្រុមអ្នកតាក់តែងគោលនយោបាយ និងក្រុមអ្នកស្រាវជ្រាវនានា នៅទីក្រុង Seattle និងក្រុងវ៉ាស៊ីនតោន។
លោក សុរិន្ទ ពិតសុវណ្ណ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយពីដំណើរទស្សនកិច្ចនោះថា សក្តានុពលដែលសហរដ្ឋអាមេរិកអាចទៅវិនិយោគនៅបណ្តាប្រទេសនៅអាស៊ាន បានមានច្រើនមុខ ក្នុងនោះមាន ដូចជាការផលិតរថយន្ត វិស័យអបរំសិក្សាធិការ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោក សុរិន្ទ ពិតសុវណ្ណ បានបញ្ជាក់ថា៖ “យើងចង់បញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យមើលមកបណ្តាប្រទេសអាស៊ានថា ជាប្រទេសដែលមានធនធានផ្ទាល់ខ្លួន មានសក្កានុពលផ្ទាល់ខ្លួន ប៉ុន្តែក៏អាចស្រូបយកផលប្រយោជន៍ពីផ្នែកដទៃទៀតនៃពិភពលោកផងដែរ។ យើងទាំងអស់គ្នាជាផ្នែកមួយនៃប្រជាជាតិអាស៊ីអាគ្នេយ៍ដែលកំពុងត្រូវគេរំពឹងថា ជាក្បាលរថភ្លើងមួយសម្រាប់អូសទាញសេដ្ឋកិច្ចពិភពលោក ហើយខ្ញុំគិតថា ក្នុងពេលកន្លងមក យើងមិនដែលធ្វើឱ្យគេខកចិត្តទេ ហើយយើងចង់ធ្វើការងារបន្ថែមទៀត”។
យោងតាមតួលេខរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចអាមេរិក និងអាស៊ាន បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទីប្រាំរបស់អាមេរិក ហើយក៏ជាទីផ្សារដ៏ធំទី៤សម្រាប់នាំទំនិញអាមេរិកចេញផងដែរ។
បណ្តាប្រទេសសមាជិកសមាគមអាស៊ានមានប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបូរី ថៃ វៀតណាម និងកម្ពុជា។
ប្រទេសកម្ពុជាទើបតែបានចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយនៅមានការខ្វះខាតខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស បើប្រៀបធៀបជាមួយហ្នឹងបណ្តាប្រទេសសមាជិកចាស់ៗដទៃទៀត ប៉ុន្តែលោកប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះដែរ យល់ថា នោះមិនមែនជាឧបសគ្គទេ ដោយសារអាស៊ានមានក្របខ័ណ្ឌសម្រាប់ជួយដល់សមាជិកថ្មី ហើយមិនប្រកួតប្រជែងគ្នាផ្ទៃក្នុងទេក្នុងការធ្វើការជាមួយដៃគូពីខាងក្រៅ។
លោក ប៉ាន សូរស័ក្តិ បានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍ពិសេសមួយក្រោយពីបញ្ចប់ទស្សនកិច្ចនោះថា ប្រទេសកម្ពុជាមានសក្តានុពលល្អសម្រាប់អ្នកវិនិយោគអាមេរិកយកទៅពិចារណា។
“ចំពោះសក្តានុពលប្រទេសកម្ពុជាយើងក្នុងប្រទេសអាស៊ាន យើងជាប្រទេសក្មេងដែលមានប្រជាជនជាង៥០ភាគរយអាយុក្រោម២០ឆ្នាំ ដែលនេះជាសក្តានុពលមួយដែលយើងអាចទាញនូវវិនិយោគិនមួយចំនួនក្នុងផ្នែកព័ត៌មានវិទ្យា ហើយទីពីរជំរុញក្នុងរឿងធ្វើឱ្យទំនើបកម្ម ការផលិតអង្ករដែលជាកិច្ចការមួយដែលសហរដ្ឋអាមេរិកអាចធ្វើវិនិយោគទុនលើការផលិតដើម្បីឱ្យយើងបានតាមទាន់ស្តង់ដារអន្តរជាតិ ដោយសារអង្ករយើងអាចផលិតបានជាង២លានតោនក្នុងមួយឆ្នាំ លើសតម្រូវការដែលយើងអាចនាំយកចេញបាន ហើយមានកិច្ចការមួយចំនួនទៀតដែលយើងសហការជាមួយសហរដ្ឋអាមេរិកបាន គឺកិច្ចការជំរុញនូវសេវាកម្ម ទេសចរណ៍ដែលយើងអាចជំរុញនូវអាកាសចរណ៍ទៅវិញទៅមកបាន”។
ពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅមិនទាន់មានតុល្យភាពគ្នានៅឡើយទេ។ តាមតួលេខថ្មីៗនេះឱ្យដឹងថា សហរដ្ឋអាមេរិកនាំទៅប្រទេសកម្ពុជាមានតែចំនួនជាង ១៥៤លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំៗ ខណៈពេលដែលកម្ពុជាវិញបាននាំចូលទីផ្សារសហរដ្ឋអាមេរិករហូតដល់ទៅជាង២,៤១លានដុល្លារ ដែលភាគច្រើនគឺវិស័យកាត់ដេរសម្លៀកបំពាក់៕