ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដក​តំណែង​មន្ត្រី​ពុក​រលួយ​មិន​មាន​ប្រសិទ្ធិ​ភាព


ការ​ដក​តំណែង​មន្ត្រី​ពុក​រលួយ​មិន​មាន​ប្រសិទ្ធិ​ភាព
ការ​ដក​តំណែង​មន្ត្រី​ពុក​រលួយ​មិន​មាន​ប្រសិទ្ធិ​ភាព

ក្រុម​មន្រ្តី​ខ័ណ្ឌ​ចំការ​មន​បាន​និយាយ​ថា​ លោក​ឡូ ​យុយ ​អភិ​បាល​ខណ្ឌ​ចំការ​មន ​នៅ​តែ​កាន់​ តួនាទី​ដ៏​រឹង​មាំ​ជា​អភិ​បាល​ខណ្ឌ​ដដែល​ បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​លោក​កែប ​ជុតិមា​ ថា​ នឹង​ដក​ហូត​មុខ​តំណែង​លោក​ជា​អភិ​បាល​ខេត្ត​ក៏​ដោយ។

កាល​ពី​ថ្ងៃ​អង្គារ៍​ ដើម​សប្តាហ៍​នេះ ​លោក​កែប ​ជុតិមា​ អភិ​បាល​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​ការ​ព្រមាន​ ចំៗ​ថា​ នឹង​ដក​ហូត​មុខ​តំណែង​លោក​ឡូ ​យុយ ​ជា​អភិ​បាល​ខណ្ឌ​ចំការ​មន​ ដោយ​សារ​តែ​លោក​បាន​ទទួល​សំណូក​ពី​ក្លឹប​កំសាន្ត​ការ៉ាអូខេ​ខុស​ច្បាប់​ នៅ​ក្នុង​ការ​ឆ្មក់​ចូល​បង្ក្រាប​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ជា​ភាសា​អង់​គ្លេស​មួយ​ ដែល​មាន​ឈ្មោះ​ថា ​The​ Phnom​ Penh​ Post។

លោក​កែប ​ជុតិមា​ អភិ​បាល​ក្រុង​ភ្នំពេញ ​និង​លោក​ឡុ ​យុយ ​អភិ​បាល​ខណ្ឌ​ចំការ​មន ​នៅ​ថ្ងៃ​ សុក្រ​នេះ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។​ ដោយ​លោក​ទាំង​ពីរ​បាន​អះ​អាង​ថា​ កំពុង​ជាប់​រវល់​ប្រជុំ។

លោក ​យឹម​ សុវណ្ណ​ អ្នក​តំណាង​រាស្រ្ត​ និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​ បាន​និយាយ​ចំអក​ ចំៗ ​ចំពោះ​លោក​កែប​ ជុតិមា​ថា​ លោក​គ្មាន​ជំនឿ​ថា ​នឹង​មាន​ការ​ដោះ​ដូរ​មុខ​តំណែង​នេះ​ទេ។

លោក​យឹម​ សុវណ្ណ ​បាន​លើក​ឡើង​ទៀត​ថា ​ការ​លើក​ឡើង​នេះ ​គ្រាន់​តែ​ជា​ការ​ល្អ​មើល​ទេ​ ក៏​ប៉ុន្តែ​ការ​អនុញាត​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​តែ​មាន​ស្ទើរ​តែ​គ្រប់​ស្ថាប័ន​នៅ​ទូទាំង​ប្រទេស ​ដោយ​ពុំ​មាន​ចាត់​វិធាន​ការ​ ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ។

"ខ្ញុំ​ចាំ​មើល​ថា ​បើ​សិន​ឃើញ​ថា ​ប្រព្រឹត្ត​បទ​ល្មើស​ប៉ុណ្ណឹង​ហើយ ​ខុស​ប៉ុណ្ណឹង​ហើយ​មិន​មានការ​ដោះ​ដូរ​ទៀត​ អា​ហ្នឹង​វា​ជា​រឿង​មួយ​ជា​វប្ប​ធម៌​អាក្រក់​បំផុត។​ ហើយ​ខ្ញុំ​ជូន​ពរ​ថា ​ធ្វើ​ម៉េច​ឲ្យ​វា​ មាន​ការ​ដោះ​ដូរ​ពិត​ប្រាកដ​ទៅ ​ដើម្បី​ឲ្យ​វា​មាន​ការ​ប្រែ​ប្រួល បើ​មិន​ដូច្នោះ​ទេ​ គឺ​វា​ជា​គម្រូ​អាក្រក់​សម្រាប់​មន្រ្តី ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក្រោយៗ​ទៀត"។

ចំណែក​លោក​ ​រ៉ុង ​ឈុន ​ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​សមាគមន៍​គ្រូ​បង្រៀន​ ឯក​រាជ្យ​កម្ពុជា​ បាន​បញ្ជាក់​ថា ​លោក​អត់​មាន​ជំនឿ​ទៅ​លើ​ការ​ព្រមាន​នេះ​ទេ​ ហើយ​ការ​ព្រមាន​នេះ​ គ្រាន់​តែ​ជា​ការ​ល្អ​មើល​មួយ​តែ​ប៉ុណ្ណោះ​ ពុំ​មាន​ប្រសិទ្ធិ​ភាព​អ្វី​ទេ។

"គ្រាន់​តែ​ជា​ការ​លម្អ​ដល់​សាធារណ​ជន​ ហើយ​ឲ្យ​សាធារណ​ជន​កោត​សរ​សើរ​ថា​ ខ្លួន​មាន​ទឹក​ ចិត្ត​ចង់​ធ្វើ​ការ​កែ​លម្អ​ ប៉ុន្តែ​តាម​ការណ៍​ពិត​ទៅ​គ្មាន​ចង់​ឲ្យ​កែ​លម្អ​គ្មាន​អី​ទេ ​ហើយ​យើង​គិត​ថា ​អា​រឿង​នេះ​ វា​មិន​មែន​ជា​រឿង​ថ្មី​ទេ ​ហើយ​គ្រាន់​តែ​ចេះ​តែ​ស្រែកៗ​ឲ្យ​ល្អ​មើល"។

ប៉ុន្មាន​ខែ ​ដើម​ឆ្នាំ​២០១០​នេះ ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​របស់​ប្រទេស​កម្ពុជា​ បាន​ចាប់ ផ្តើម​ចុះ​បង្រ្កាប​ទីតាំង​លេង​ល្បែង​ខុស​ច្បាប់​ កន្លែង​ជួញ​ដូរ​ថ្នាំ​ញៀន​ស្រវឹង​ និង​ កន្លែង​ជួញ​ដូរ​ផ្លូវ​ភេទ ​ជា​ដើម។

លោក​វីរៈ​សេនីយ៍​ឯក​ខេន ​សុវណ្ណ ​មេ​បញ្ជា​ការ​រង ​និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​យុត្តិ​ធម៌​នៃ​កង​ រាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ ​បាន​និយាយ​ថា ​ចាប់​តាំង​ពី​បើក​យុទ្ធនាការ​បង្រ្កាប​ កាល​ពី​ដើម​ខែ​ មិនា​មន្លង​ទៅនេះ​ យើង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២៧​នាក់​ និង​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ចំនួន​២០​នាក់ ​ និង​៧​នាក់​ផ្សេង​ទៀត​កំពុង​ស៊ើប​សួរ​នៅ​ក្នុង​តុលាការ​នៅ​ឡើយ។

លោក​ខេន ​សុវណ្ណ ​បាន​បញ្ជាក់​ថា ​យើង​នឹង​បន្ត​យុទ្ធនាការ​បង្រ្កាប​នេះ​ត​ទៅ​ទៀត។

"ធ្វើ​បន្ត​ ធ្វើ​ម៉េច​២០១០​ធ្វើ​តែ​ម្តង។​ ឥឡូវ​ហ្នឹង ​ខ្ញុំ​កំពុង​តែ​ចុះ​ប្រើ​បណ្តាញ​ភ្នាក់​ងារ​ខ្ញុំ​ កម្លាំង​ខ្ញុំ​ធ្វើ​ ស្លៀក​ពាក់​ជា​ស៊ីវិល​ទៅ​គ្រប់​ទីតាំង​អស់​ហើយ ​ទាំង​៨ខណ្ឌ​ ៧៦​សង្កាត់"។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​បាន​យក​ឆ្នាំ​២០១០​ ជា​ឆ្នាំ​នៃ​យុទ្ធនា​ការ​បង្រ្កាប​ការ​ជួញ​ដូរ​ មនុស្ស ​បន​ល្បែង​ស៊ី​សង​ និង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​គ្រប់​ប្រភេទ។

XS
SM
MD
LG