សង្កាត់ថាមពលនៃប្រទេសឥណ្ឌូណេស៊ីកំពុងឋិតនៅកន្លែងផ្លូវត្រទ្បែងកែង។ ផលិតកម្មប្រេងកំពុងចុះថយ។ គេត្រូវការការរុករកថ្មីៗដើម្បីអភិវឌ្ឍអណ្តូងប្រេងថ្មីៗ។ ប្រទេសនេះមានស្តុកឧស្ម័នធម្មជាតិយ៉ាងច្រើន ក៏ប៉ុន្តែវានឹងតម្រូវឱ្យមានការខួងអណ្តូង ការដាក់បំពង់និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឯទៀតៗដើម្បីអភិវឌ្ឍស្តុកឧស្ម័នធម្មជាតិទាំងនេះ។ ពួកមន្ត្រីផ្នែកឧស្សាហកម្មថាមពលនិយាយថា ប្រទេសឥណ្ឌូណេស៊ីត្រូវការវិនិយោគបរទេសដើម្បីបង្កើនការផលិតថាមពល ក៏ប៉ុន្តែថា បទបញ្ញត្តិដែលនាំឱ្យមានការច្របូកច្របល់និងអំពើពុករលួយបាននាំឱ្យពួកក្រុមហ៊ុនសាកសួរថា តើការបណ្តាក់ទុនក្នុងប្រទេសឥណ្ឌូណេស៊ីជាការប្រថុយប្រថានឬទេ។
លោក Brian Padden នៃវីអូអេរាយការណ៍ពីក្រុងហ្សាកាតា ហើយលោកឈឹម សុមេធ ប្រែសម្រួលដូចតទៅ៖
ប្រទេសឥណ្ឌូណេស៊ីផលិតប្រេងជាងមួយលានធុងក្នុងមួយថ្ងៃនៅពេលដែលប្រទេសនេះប្រើប្រាស់ប្រង១លាន៥សែនធុង ហើយការណ៍នេះបានធ្វើឱ្យប្រទេសនេះជាប្រទេសមួយដែលដឹកជញ្ជូនប្រេងពីប្រទេសក្រៅ។ ហើយកាលពីពីរបីឆ្នាំមុននេះ ផលិតកម្មប្រេងបានចុះថយ។ ភាគច្រើននៃអណ្តូងប្រេងដែលមាននៅពេលនេះជាអណ្តូងគ្រប់រយៈពេល ដែលមានន័យថា ភាគច្រើនបំផុតនៃប្រេងនៅក្នុងអណ្តូងទាំងនោះបានត្រូវបូមយកទៅប្រើប្រាស់រួចហើយ។
ស្តុកប្រេងច្រើនក្រាស់ក្រែលនៅមានក្នុងតំបន់នានាឋិតនៅជាង២០០ម៉ែត្រក្រោមបាតសមុទ្រ។ ការខួងយកប្រេងនៅកន្លែងជ្រៅៗបែបនេះអស់សោហ៊ុយច្រើនណាស់។ លោក William Deertz ជាអ្នកធ្វើវិភាគខាងថាមពល។ កាលពីពេលថ្មីៗនេះ លោកបានស្ទង់មតិពួកអ្នកផលិតថាមពលមួយចំនួនអំពីការបណ្តាក់ទុននិងបរិយាកាសនៃការដាក់បទបញ្ញត្តិក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកនិយាយថា រដ្ឋាភិបាលបានធ្វើឱ្យមានការពិបាកជាងមុនដល់ក្រុមហ៊ុនឯកជនក្នុងការធ្វើវិនិយោគដើម្បីអភិវឌ្ឍវាលប្រេងថ្មីៗទាំងនេះ។
លោក Deertz ថ្លែងថា ក្រុមហ៊ុនប្រេងនៅតែឃើញសក្តានុពលធំធេងក្នុងស្តុកប្រេងនៃប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែបទបញ្ញត្តិរបស់រដ្ឋាភិបាលដែលនាំឱ្យមានការច្រទ្បំបល់ការត្រួតពិនិត្យប្រទាំងប្រទាស់គ្នាពីអាជ្ញាធរជាតិ អាជ្ញាធរតំបន់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអំពើពុករលួយបានធ្វើឱ្យពួកគេងឿងឆ្ងល់ថា តើការបណ្តាក់ទុនក្នុងវិស័យនេះមានការប្រថុយប្រថានឬទេ។
“គេនៅតែចាត់ទុកថា សង្កាត់ប្រេងមានការទាក់ទាញចិត្ត ក៏ប៉ុន្តែខ្ញុំយល់ថា ពន្លឺខ្លះបានរលាយបាត់ទៅហើយ។ មានមនុស្សជាច្រើននាក់បានចាប់ផ្តើមសួរសំណួរអំពីវិស័យនេះ។ ហើយយើងបានសួរក្នុងការស្ទង់មតិថាតើក្រុមហ៊ុនលោកអ្នកធ្លាប់ពិចារណាអំពីការចាកចេញពីប្រទេសឥណ្ឌូណេស៊ីដោយសារហេតុផលនានាឬឧបសគ្គឬទេ? ហើយមានអ្នកចូលរួមក្នុងការស្ទង់មតិនេះជិតមួយភាគបីបាននិយាយថា ‘បាទ យើងបានពិចារណាអំពីការចាកចេញពីប្រទេសឥណ្ឌូណេស៊ី’”។
ក្រុមហ៊ុនថាមពលមានកង្វល់ច្រើនជាងមុនអំពីការរុករកនិងការអភិវឌ្ឍឧស្ម័នធម្មជាតិ។ ប្រទេសឥណ្ឌូណេស៊ីមានស្តុកឧស្ម័នធម្មជាតិធំបំផុតទី១២ក្នុងពិភពលោក។ ហើយមានតែចំនួនមួយភាគបីនៃស្តុកឧស្ម័នធម្មជាតិជាង៦០ដែលត្រូវរកឃើញបានត្រូវបូមយកឧស្ម័ន។ លោក Ron Aston ជាប្រធាននៃសមាគមប្រេងឥណ្ឌូណេស៊ី។ លោកបាននិយាយថា ក្រុមហ៊ុនថាមពលបានបណ្តាក់ទុនជាងមួយពាន់លានដុល្លាររួចស្រេចហើយក្នុងការរុករកឧស្ម័នធម្មជាតិ។ ក៏ប៉ុន្តែ លោកថ្លែងថា ឧស្ម័នតម្រូវឱ្យមានបំពង់ធំៗ និងរោងចក្រដើម្បីធ្វើឧស្ម័នធម្មជាតិឱ្យទៅជាឧស្ម័នធម្មជាតិរាវដែលហៅកាត់ថា LNG ដើម្បីដឹកជញ្ជូនទៅលក់ឯប្រទេសក្រៅ។
“ឧស្ម័នជារឿងប្លែកមួយ។ វាជាល្បែងប្លែកមួយ។ លោកអ្នកត្រូវតែយកឧស្ម័នទៅកាន់ទីផ្សារ។ ប្រសិនបើលោកអ្នករកឃើញប្រេង លោកអ្នកអាចយកទ្បានcamion មួយគ្រឿងមក ឬយកទ្បានដឹកសាំងមក ហើយបូមប្រេងយកចេញទៅ។ ប្រសិនបើលោកអ្នករកឃើញឧស្ម័ន លោកអ្នកត្រូវកសាងរោងចក្រដើម្បីធ្វើពាណិជ្ជកម្មឧស្ម័ន។ នេះជាបំពង់សម្រាប់រោងចក្រធ្វើឧស្ម័នធម្មជាតិឱ្យទៅជាឧស្ម័នរាវ។ លោកអ្នកត្រូវបណ្តាក់ទុនជាច្រើនដើម្បីសម្រេចកិច្ចការនេះ។ ហើយជាមួយការណ៍នេះ លោកអ្នកត្រូវការប្រាក់កម្រៃក្នុងរយៈពេលយូរ។ លោកអ្នកត្រូវតែធ្វើឱ្យមានកុងត្រាសម្រាប់រយៈពេល២០ឆ្នាំឬច្រើនជាងនេះដើម្បីឱ្យបានកម្រៃពីឧស្ម័ននោះ”។
នៅពេលដែលលោក Aston និយាយថា ពួកអ្នកបណ្តាក់ទុនឃើញថា បរិយាកាសនយោបាយនិងបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ីមានស្ថិរភាព
ឧស្សាហកម្មថាមពលចង់ឃើញឱ្យមានភាពច្បាស់លាស់ជាងមុនក្នុងបទបញ្ញត្តិរបស់រដ្ឋាភិបាលនិងការធានារ៉ាប់រងជាថ្មីថា រដ្ឋាភិបាលគោរពតាមកុងត្រារបស់ពួកគេ៕