ក្រុមមន្ដ្រីរដ្ឋាភិបាលមកពីប្រទេសចំនួន១៦បានជួបប្រជុំគ្នានៅថ្ងៃនេះ ក្នុងទីក្រុងភ្នំពេញ ដើម្បីពិភាក្សាគ្នាអំពីការគ្រប់គ្រងធនធានព្រៃឈើ និងការធ្វើពាណិជ្ជកម្មផលិតផលព្រៃឈើ។
កិច្ចប្រជុំធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងបង្ហាញ ពីឆន្ទៈរបស់ខ្លួនក្នុងការទប់ស្កាត់បទល្មើសព្រៃឈើផងដែរ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុង ភ្នំពេញដូចទៅ៖
ក្រុមមន្រ្តីមកពីប្រទេសអាស៊ី និងអឺរ៉ុប រួមមានប្រទេសកម្ពុជា ចិន វៀតណាម ឡាវ ថៃ ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ជប៉ុន អ៊ីតាលី អាល្លឺម៉ង់ ហ្វាំងឡង់ ហូឡង់ ប្រទេសអង់គ្លេស រួមទាំងមន្រ្តីមកពីសហរដ្ឋអាមេរិកផងដែរ បានជួបប្រជុំគ្នា នៅថ្ងៃអង្គារនេះ សម្រាប់រយៈពេល២ថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើនការគ្រប់គ្រងព្រៃឈើឲ្យមានប្រសិទ្ធិភាព និងដើម្បីជំរុញការធ្វើអាជីវកម្មព្រៃឈើ។
លោកTimo Makela នាយកផ្នែកអភិវឌ្ឍន៍ ដោយចីរភាព និងសមាហរណកម្មរបស់គណៈកម្មការអឺរ៉ុប មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនេះថា ការធ្វើពាណិជ្ជកម្មផលិតផលព្រៃឈើ គឺជាកត្តាជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចរវាងប្រទេសអាស៊ី និងអឺរ៉ុប។
"ផលិតផលព្រៃឈើចូលរួមវិភាគទានយ៉ាងសំខាន់ និងធំធេងរវាងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសអាស៊ី និងបណ្ដាប្រទេសនៃអឺរ៉ុប។ ផលិតផលព្រៃឈើ មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់យើង"។
បើយោងទៅតាមរបាយការណ៍នៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា FAO នៅឆ្នាំ២០០១ បានបង្ហាញថា ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មព្រៃឈើ ដែលទាក់ទងទៅនឹងទីផ្សារនៃបណ្តាប្រទេសអាស៊ី អាមេរិកខាងជើង និងសហភាពអឺរ៉ុប មានប្រមាណជា១៤០.០០០លានដុល្លាររកាលពីឆ្នាំ១៩៩៩ ក៏ប៉ុន្តែរបាយការណ៍ស្តីអំពីការប្រយុទ្ឋប្រឆំាងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់របស់ធនាគារពិភពលោក កាលពីឆ្នាំ២០០៦ បង្ហាញថា ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅក្នុងពិភពលោកបានធ្វើឲ្យមានការបាត់បង់នូវទឹកប្រាក់ប្រមាណជា១០.០០០លានដុល្លារនៅក្នុង១ឆ្នាំៗ។
លោកច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅក្នុងការបើកកិច្ចប្រជុំថា មន្រ្តីដែលចូលរួមទាំងអស់ អាចនឹងរួមគ្នាបង្កើននូវផែនការ ដើម្បីពង្រឹងការគ្រប់គ្រងព្រៃឈើ និងពង្រឹងផ្នែកច្បាប់។
“យើងទាំងអស់គ្នានឹងអាចបង្កើតផែនការការងារមួយ ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការគ្រប់គ្រង ព្រៃឈើ និងពង្រឹងមូលដ្ឋានច្បាប់ រួមទាំងកាត់បន្ថយនូវការជួញដូរផលិតផលព្រៃឈើខុសច្បាប់"។
ប្រទេសកម្ពុជាធ្លាប់នាំផលិតផលព្រៃឈើ ទៅលក់សម្រាប់ផ្គត់ផ្គង់បណ្តាប្រទេសនៃអតីសហភាពសូវៀត ក៏ប៉ុន្តែកម្ពុជា បានដាក់បម្រាមសម្រាប់ការនាំឈើលក់ចេញទៅក្រៅប្រទេសវិញ ចាប់តាំងពីឆ្នាំ២០០១មកម្ល៉េះ។
ទោះជាយ៉ាងណា ប្រទេសកម្ពុជានៅតែទទួលរងការកាប់បំផ្លាញព្រៃឈើយ៉ាងហិនហោច សម្រាប់ទីផ្សារនៅក្នុងស្រុកនិងសម្រាប់ការផ្គត់ផ្គង់ការលក់ចេញទៅក្រៅប្រទេសដោយខុសច្បាប់ មានជាអាទិ៍ ឆ្លងកាត់ទៅប្រទេសវៀតណាម និងបង្ហូសទៅកាន់ប្រទេសចិនជាដើម នេះបើយោងទៅតាមក្រុមមន្រ្តីកម្ពុជា ដែលបានអះអាងកាលពីពេលថ្មីៗនេះ។
លោក Timo Makela មានប្រសាសន៍ថា ការគ្រប់គ្រងធនធានព្រៃឈើបានល្អ នឹងជួយទប់ស្គាត់ និងបញ្ឈប់នូវការកាប់បំផ្លាញព្រៃឈើសម្រាប់ប្រទេសនីមួយៗ៕