រដ្ឋម៉ារីលែនដ៍ (Maryland) សហរដ្ឋអាមេរិកបានផ្តល់មូលនិធិ Maryland Tradition Grant ដល់កិច្ចការកត់ត្រាប្រវត្តិអ្នកសិល្បៈខ្មែរ៧រូប ដែលបានរស់មានជីវិតពីសម័យខ្មែរក្រហម និងតស៊ូដើម្បីអភិរក្ស និងបន្តផ្តល់ចំណេះដឹងដ៏កម្ររបស់ខ្លួនដល់ក្មេងជំនាន់ក្រោយ តាមរយៈកម្មវិធីវប្បធម៌នៃពុទ្ធិកៈសមាគមខ្មែរ នៅវត្តពុទ្ធិការ៉ាម ក្រុងស៊ីលវ័រស្រ្ព៊ីង (Silver Spring) រដ្ឋម៉ារីលែនដ៍។
លោកស្រីស៊ីនថ្យា វ៉េ (Cynthia Way) អ្នកស្ម័គ្រចិត្តសម្របសម្រួលមូលនិធិឪពុកម្តាយនៃពុទ្ធិកៈសមាគមខ្មែរ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា នៅឯវត្តពុទ្ធិការាម ជាទីដែលសិល្បៈករសិល្បៈការីកំពុងហ្វឹកហាត់សម្តែងប្រចាំសប្តាហ៍ថា មូលនិធិសំខាន់ណាស់សម្រាប់ការជួយអភិរក្សសិល្បៈវប្បធម៌ខ្មែរ ចងក្រងជាឯកសារនូវស្នាដៃនិងប្រវត្តិរបស់គ្រូរបាំ និងតន្ត្រីបូរាណនៅពេលពួកគេនៅមានជីវិត។ លោកស្រីស៊ីនថ្យាថ្លែងថា៖
“គោលបំណងធំរបស់មូលនិធិនេះគឺការចងក្រងឯកសារអភិរក្ស និងពង្រឹងវប្បធម៌ និងប្រពៃណីកម្ពុជា។ ដូច្នេះយើងចង់ចងក្រងជាឯកសារនូវប្រវត្តិសាស្រ្តដ៏សម្បូរបែប និងការតស៊ូដ៏គួរឲ្យកោតសរសើររបស់ពួកគេ ដោយសារតែភាគច្រើននៃអ្នកទាំងនោះជាជនភៀសខ្លួន ដែលគេចចេញពីអំពើប្រល័យពូជសាសន៍ ប៉ុល ពត។ ហើយចង់ផ្តល់កិត្តិយសដល់គេនិងស្នាដៃដ៏គួរឲ្យកោតសរសើរក្នុង ការកសាងសហគមន៍នេះ”។
អ្នកសិល្បៈទាំង៧រូប រួមមានអ្នកស្រីជូវែល នី អ្នកស្រីមានី ម៉ាសាឌី លោកជុំ ងិក លោកអ៊ឹង សុជាតា លោកហង្ស វិភាស លោកសេក ពុទ្ធារិទ្ធ អ្នកស្រីនូ កន្យា ដែលបានចំណាយកម្លាំងកាយចិត្តបង្ហាត់បង្រៀនកូនខ្មែរជំនាន់ក្រោយដែលកំពុងរស់នៅសហរដ្ឋអាមេរិកនូវរបាំបូរាណ របាំប្រជាប្រិយ និងភ្លេងបូរាណ។ ស្នាដៃចុងក្រោយនិងគួរឲ្យកោតសរសើររបស់ក្រុមអ្នកសិល្បៈនោះ គឺអគង្គមាសូរ។
លោកស្រីសយ រ៉ាស៊ី ប្រធានគណៈកម្មាធិការវប្បធម៌នៃពុទ្ធិកៈសមាគមខ្មែរ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃមូលនិធិ ដែលបានជួយចងក្រងស្នាដៃសិល្បៈរបស់អ្នកសិល្បៈខ្មែរទាំង៧រូបនោះថា៖
“ខ្ញុំយល់ថា Grant នេះសំខាន់សម្រាប់កម្មវិធីរបស់យើងខ្ញុំនេះ ពីព្រោះវាជាផ្នែកនៃការថែរក្សាឯកសារមួយដែលពួកយើងម៉ោជាយូរមកហើយ ចេះតែនាំគ្នាធ្វើការងារហ្នឹងដើម្បីធ្វើឲ្យវប្បធម៌របស់ជាតិយើងគង់វង្សនៅប្រទេសហ្នឹង។ ប៉ុន្តែមិនដែលបានចាប់ភ្លឹកថា យើងត្រូវតែរៀបចំឯកសារអីទេ។ ឯកសារអស់ហ្នឹងវានៅតែក្នុងខ្លួនរបស់ក្មេងៗដែលយើងបានបង្ហាត់បង្រៀនហ្នឹង”។
លោកស្រីស៊ីនថ្យា វ៉េ (Cynthia Way) មានប្រសាសន៍ថា នេះគឺជាសហគមន៍ខ្មែរដែលរឹងមាំនិងរស់រវើកខាងផ្នែកវប្បធម៌ ហើយមនុស្សជាច្រើនមិនបានដឹងអំពីការចាប់ផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសកម្មរបស់សហគមន៍នេះទេ។ ដូច្នេះជាការប្រសើរបំផុតដែលមានមូលនិធិ Maryland Tradition Grant ដែលផ្តល់ឲ្យដោយក្រុមប្រឹក្សាសិល្បៈរដ្ឋម៉ារីលែនដ៍ (Maryland State Arts Council) ដើម្បីគាំទ្រការចងក្រងជាឯកសារផ្សព្វផ្សាយ និងអភិរក្សការចងចាំ ដំណើរ និងភាពជោគជ័យរបស់គ្រូរបាំ និងតន្តី្រករបូរាណទាំង៧រូបនោះ។ លោកស្រីស៊ីនថ្យា បន្តទៀតថា៖
“ខ្ញុំយល់ថា បើគ្មានមូលនិធិនេះទេ ឌីវីឌីមិនអាចមាននោះទេ ហើយបើគ្មានឌីវីឌីទេ ខ្ញុំយល់ថាគ្មានអ្នកណាដឹងរឿងនេះទេ។មនុស្សដូចលោកស្រីរ៉ាស៊ី ជាផ្នែកនៃសាច់រឿងនេះ ដឹងអំពីរឿងនេះ ប៉ុន្តែមនុស្សដូចខ្ញុំគឺជាអ្នកថ្មី ហើយកូនស្រ្តីចិញ្ចឹមរបស់ខ្ញុំមកពីប្រទេសកម្ពុជា ហើយមានអ្នកផ្សេងៗទៀតដែលជាឪពុកម្តាយចិញ្ចឹមដែរនោះ ហើយនឹងក្មេងៗជំនាន់ក្រោយមិនដឹងរឿងនេះទេ។ គេមិនដឹងថាតើស្នាដៃទាំងនេះកើតឡើងយ៉ាងដូចម្តេចទេ។ គេមិនដឹងអំពីការប្រឈមមុខការធ្វើដំណើរ និងឧបសគ្គដែលគ្រូរបស់គេបានឆ្លងកាត់ និងការប្តេជ្ញាចិត្តក្នុងការរក្សាសិល្បៈឲ្យនៅគង់វង្ស។
លោកស្រី រ៉ាស៊ី សយ ក៏បានឲ្យដឹងទៀតថា តាមរយៈកម្មវិធីវប្បធម៌នៃពុទ្ធិកៈសមាគមខ្មែរ កូនខ្មែរជំនាន់ក្រោយដែលបានចូលរួមក្នុងកម្មវិធីនេះ មានមោទនភាពចំពោះមត៌កវប្បធម៌របស់ខ្លួន។ លោកស្រីរ៉ាស៊ីថ្លែងថា៖
“ពួកគេមានមោទនភាពចំពោះកិច្ចការនេះ ដែលយើងចាប់ផ្តើមដោយការលំបាក។ យើងដាស់គេពីព្រលឹមមកហាត់នៅវត្ត។ ពេលនេះគេធំឡើង គេក្រឡេកទៅមើលអតីតកាល គេអាចនិយាយខ្មែរបានយ៉ាងស្ទាត់ជំនាញ គេអាចរាំ។ គេធ្វើបានដូច្នេះក៏ដោយសារតែកម្មវិធីនេះ។ បើសិនជាគ្មានកម្មវិធីនេះទេ គេមិនអាចសូម្បីតែនិយាយភាសាខ្មែរ។ ដូច្នេះ២០ឆ្នាំក្រោយមកគេចាប់ផ្តើមឲ្យតម្លៃ។ អ្នកដឹងទេ ឪពុកម្តាយគេចាប់ផ្តើមដឹងថា វាជាការសំខាន់ដែលការចំណាយពេលជាមួយកូនរបស់គេនៅទីនេះ គឺមិនអត់ប្រយោជន៍នោះទេ។ វាផ្លាស់ប្តូរកូនរបស់អ្នកពីអាមេរិកាំងសុទ្ធ មកមានមោទនភាពចំពោះមត៌ករបស់អ្នក”។
មូលនិធិ Maryland Tradition Grant គឺជាលទ្ធភាពមួយសម្រាប់លោកស្តេហ្វាន ចានិន (Stephane Janin) អ្នកថតរូបចងក្រងឯកសារអំពីជីវប្រវត្តិរបស់គ្រូរបាំ និងតន្ត្រីករបូរាណទាំង៧រូប ជារូបថត អមដោយការធ្វើអត្ថាធិប្បាយ និងភ្លេងបូរាណ។ លោកស្តេហ្វាន ចានិនឲ្យដឹងថា លោកបានចំណាយពេលជាច្រើន ជាពិសេស៦ខែចុងក្រោយនេះ ធ្វើការសម្ភាស និងប្រមូលរូបថត ដើម្បីចងក្រងជាឯកសារអំពីសកម្មភាពរបស់អ្នកសិល្បៈខ្មែរទាំង៧រូបនេះ។ លោកស្តេហ្វាន បន្តថា៖
“ខ្ញុំទៅជួបអ្នកសិល្បៈ។ ខ្ញុំសម្ភាសពួកគេ។ ខ្ញុំទៅជួបពួកគេនៅកន្លែងធ្វើការ ថតរូបនៅកន្លែងធ្វើការរបស់គេ។ ខ្ញុំពិនិត្យមើលឯកសារចាស់ៗរបស់គេ។ ខ្ញុំមកទីនេះជាច្រើនដង ដប់ប្រាំ ម្ភៃដង ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ ខ្ញុំបញ្ចូលសំឡេង និងកែសម្រួល។ ប្រសិនបើអ្នកមើលរយៈពេលនៃការចំណាយពេលរបស់ខ្ញុំទៅលើកិច្ចការនេះ ខ្ញុំគិតថា ប្រហែលជា១៧៥ម៉ោង”។
ពេលនេះស្នាដៃ និងប្រវត្តិរបស់អ្នកសិល្បៈខ្មែរទាំង៧រូបត្រូវបានចងក្រងទុកជាឯកសារក្នុងឌីវីឌី សម្រាប់ផ្សាយជាសាធារណៈ និងអាចរកបានតាមគេហទំព័រ cambodian-buddhist.org៕